អ.ស.ប​ផ្នែក​សិទ្ធិ​មនុស្ស​​ស្នើ​ឲ្យ​អាជ្ញាធរ​រក​ឃាតក​​​សម្លាប់​លោក កែម ឡី ពិត​ប្រាកដ

ដោយ ទីន ហ្សាការីយ៉ា និង សាន សែល
2016-07-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​សព​លោក កែម ឡី នៅ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ នៅ​សង្កាត់​ជ្រោយចង្វារ កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៦។
ពលរដ្ឋ​ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​សព​លោក កែម ឡី នៅ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ នៅ​សង្កាត់​ជ្រោយចង្វារ កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៦។
RFA

ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី និង​គណបក្ស​ប្រឆាំង​ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​មួយ​ដែល​មាន​ការ​ចូលរួម​ពី​សហគមន៍​អន្តរជាតិ ក្នុង​ការ​ស៊ើបអង្កេត​ដោយ​យុត្តិធម៌​មួយ​ស្វែង​រក​ឃាតក​ពិត និង​អ្នក​នៅ​ក្រោយ​ខ្នង​បញ្ជា​ឲ្យ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​១០ កក្កដា នោះ។

ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស ប្រចាំ​នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) ថ្កោលទោស​ចំពោះ​ការ​សម្លាប់​លោក​បណ្ឌិត កែម ឡី ហើយ​ស្នើ​ឲ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​រក​ឃាតក​ពិតប្រាកដ​មក​ផ្ដន្ទាទោស​តាម​ច្បាប់។

អ្នកនាំពាក្យ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស អ្នកស្រី សេស៊ីល ពួយលី (Cecile Pouilly) ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិក​ថា អង្គការ​សហប្រជាជាតិ​ស្វាគមន៍​ចំពោះ​ការ​អំពាវនាវ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ប្រកាស​បើក​ការ​ស៊ើប​អង្កេត និង​ការ​ចាប់​ខ្លួន​ជនសង្ស័យ។

ជាមួយ​គ្នា​នេះ​ដែរ អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស ជំរុញ​ឲ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​នេះ​ឲ្យ​បាន​ជាក់លាក់ ច្បាស់លាស់ និង​ត្រូវ​ធានា​ថា អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី ត្រូវ​ចាប់​យក​មក​កាត់ទោស និង​ដាក់ទោស​ត្រឹមត្រូវ​តាម​ច្បាប់។

ស្រប​គ្នា​នេះ​ដែរ ក្មួយ​ប្រុស​លោក​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា លោក ធួវី ហ្សាន់ឌី ក៏​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ស៊ើបអង្កេត​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី ដោយ​តម្លាភាព និង​សុំ​ឲ្យ​ស្វែង​រក​អ្នក​នៅ​ពី​ក្រោយខ្នង​នៃ​ឃាតកម្ម​នេះ៖ «សូម​សំណូមពរ​អាជ្ញាធរ និង​តុលាការ​ជួយ​រក​អ្នក​ឃុបឃិត​នៅ​ពី​ក្រោយ​ខ្នង និង​ឃាតក​ពិត តែ​ការ​សម្រេច​យ៉ាង​ណា​របស់​តុលាការ គឺ​ជា​សិទ្ធិ​របស់​តុលាការ តែ​ខាង​ក្រុម​គ្រួសារ​ខ្ញុំ​គ្រាន់តែ​ចង់​រក​យុត្តិធម៌​ជូន​គាត់»

​ទាក់ទង​នឹង​បញ្ហា​នេះ ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​១៣ កក្កដា ស្នើ​ឲ្យ​មាន​អ្នក​ឯកទេស​ដែល​មាន​ជំនាញ​ត្រឹមត្រូវ និង​ឯករាជ្យ ក្នុង​ការ​ស៊ើបអង្កេត​លើ​ករណី​បាញ់​សម្លាប់​យ៉ាង​ព្រៃផ្សៃ​លើ​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា នោះ។

ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ កត់សម្គាល់​ឃើញ​ថា កន្លងទៅ​មាន​អំពើ​ឃាតកម្ម​មាន​លក្ខណៈ​នយោបាយ​មួយ​ចំនួន ដូចជា​ករណី លោក ជា វិជ្ជា និង​លោក ឈុត វុទ្ធី ជាដើម ដែល​អាជ្ញាធរ​របស់​រដ្ឋាភិបាល​ពុំ​ដែល​រក​ឃើញ​ឃាតក​ពិតប្រាកដ ឬ​អ្នក​នៅ​ក្រោយ​ឃាតកម្ម​ទាំង​នោះ​ឡើយ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា គណបក្ស​ប្រឆាំង​ចង់​ឲ្យ​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​លើ​ករណី​ឃាតកម្ម​នេះ​ដែល​ឯករាជ្យ និង​មាន​អង្គការ​សហប្រជាជាតិ​ចូលរួម​ជាដើម៖ «ហើយ​នៅ​ស្តារម៉ាត កាល់តិច នេះ មាន​កាមេរ៉ា​ទាំង​ក្នុង​ទាំង​ក្រៅ នៅ​ការ៉ាសសាំង ក៏​មាន នៅ​ស្ដុប​កាល់តិច ក៏​មាន គឺ​ក្រុម​ឃាតក​គ្មាន​ញញើត​ទាល់​តែ​សោះ»

​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ដើម្បី​សុំ​ការ​ឆ្លើយ​តប​ទាក់ទង​នឹង​ការ​ស្នើ​សុំ​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា។

ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​ដដែល ក៏​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចាត់​វិធានការ​ជា​បន្ទាន់ និង​មាន​ប្រសិទ្ធភាព​ដើម្បី​ការពារ​សកម្មជន​ការពារ​សិទ្ធិមនុស្ស អ្នក​នយោបាយ និង​សមាជិក​អង្គការ​សង្គម​ស៊ីវិល។

​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស​កត់សម្គាល់​ថា ខណៈ​ស្ថានការណ៍​នយោបាយ​កម្ពុជា កំពុង​តានតឹង​នា​រយៈពេល​ចុង​ក្រោយ វា​មាន​សារសំខាន់​ណាស់​ដែល​អាជ្ញាធរ​ត្រូវ​ធានា​ថា ប្រជាពលរដ្ឋ​គ្រប់​រូប​មាន​សុវត្ថិភាព​ពេញលេញ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច និង​រង​ហិង្សា​លើ​រាងកាយ​ក្នុង​ការ​បញ្ចេញ​មតិ​ជា​សាធារណៈ ពិសេស​ក្នុង​ពេល​វេលា​មុន​ការ​បោះឆ្នោត​ឃុំ សង្កាត់ និង​បោះឆ្នោត​ជាតិ ដែល​នឹង​មក​ដល់​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ខាង​មុខ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (10)
Share

NEM MEX

ពី នេម មេច) (Paris, France

បើសិន ជា អ.ស.ប. មិនបញ្ជូនអ្នកឯកទេសមកសើុបអង្គេត
ឃាដកម្ម លោក កែម ឡី នោះ ជាដាច់ខាត គេមិនអាចរក
ឃើញឃាដករពិតប្រាកដឡើយ ។ ហើយបើចេះតែជឿចំ
លើយដោះសារ របស់ក្រុមលោក ហ៊ុន​សែននោះ អ.ស.ប.នឹងឡប់សតិ ជ្រុះអស់សក់ (ដោយមិនចាំបាច់កោរ) ជាមិនខាន
ឡើយ !! ៕​​
អតិត ឧត្តមសេនិយទោ គិម ហាក់ (ការិយាល័យ ទី២)
សូមពឹងអោយជួយចុះ ។ អរគុណ​ ។

Jul 15, 2016 03:57 PM

អ្នក​អាន​អនាមិក

>. ម៉េចបានជាខ្មែរ ខ្លះ នៅតែ បញ្ចេញមតិ បំរើ នយោបាយអោយ វៀតណាម ?

Jul 14, 2016 01:53 AM

អ្នកវិភាគឯករាជ្យ

ល្បែងនយោបាយរបស់បក្សប្រឆាំងបានដើរដល់ផ្លូវបញ្ចប់ដោយស្ថាបពរហើយ ហេតុអ្វី? ចម្លើយ ÷
1-មុនចូលសភាបាតុកម្មទាមទារអំណាចក្នុងសភា ធ្វើអោយមនុស្សស្លាប់
អស់ជាច្រើននាក់
2-បង្កើតវប្បធម៌សន្ទនាដើម្បីលួងចិត្ត ក្រោយមកវាយប្រហារលោកហ៊ុន
សែន ធ្វើអោយបែកបាក់គ្នាវិញ
3-មានបញ្ហារងបណ្តឹងចោទប្រកាន់បញ្ហាព្រហ្មទណ្ឌ ស្រីញី ដោះស្រាយ
មិនចេញ
4-រត់ទៅពឹងបរទេសដោយមើលរំលងព្រះមហាក្សត្រខ្មែរ
5-បង្កើតសកម្មភាពញុះញង់អោយខ្មែរស្អប់ខ្មែរ ខ្មែរសម្លាប់ខ្មែរ
6-បរទេសបានគំរាមផ្តាច់ជំនួយតែលោក ហ៊ុន សែន មិនខ្លាច
7-ហ៊ុន សែន មិនគាំទ្រយួនលើបញ្ហាសមុទ្រចិនខាងត្បូង យួនបានពឹង
អាមេរិកអោយគំរាមទៀតតែ ហ៊ុន សែន នៅតែគាំទ្រចិនដដែល
8-ចង់ចរចារជាមួយបក្សកាន់អំណាច ប៉ុន្តែត្រូវគេបដិសេដជាច្រើនដង
9-បានប្រើប្រាស់គ្រប់មធ្យោបាយដើម្បីអោយសហគមន៍អឺរ៉ុប អាមេរិក
ផ្តាច់ជំនួយក៍មិនបាន
10-យួនបានឃើញស្រុកខ្មែរកំពុងតែមានបញ្ហាដូច្នេះ ក៍បានបញ្ជាអោយ
សម្លាប់ លោក កែម ឡី ដើម្បីទម្លាក់កំហុសអោយលោក ហ៊ុន
សែន ហើយប្រើ លោក សម រង្សី និងក្រុមបក្សប្រឆាំងវាយប្រ
ហារបក្សកាន់អំណាច ហើយបន្ទាប់មកអោយបក្ស សង្រ្គោះជាតិ
ទាមទា គំរាមបក្សកាន់អំណាចដើម្បីចរចារនយោបាយ(បក្សប្រឆាំ
ងបានស្នើរសុំកាលពីថ្ងៃទី 12 ខែ កក្កដា ឆ្នាំ2016 ថ្មីៗនេះ)
មូលហេតុទាំង10ខាងលើនេះហើយទើបបណ្តាលអោយ លោក កែម
ឡី ត្រូវស្លាប់ ដើម្បីបានចំណេញមកបក្សសង្រ្គោះជាតិ។

Jul 13, 2016 09:54 PM

អ្នក​អាន​អនាមិក

នេះមេចដឹងច្បាស់ម៉េះទាន ជាធម្មតាអ្នកកីឡាគេមិនដែលឈប់វ៉ៃនៅ មុនពេលដល់ទឹកឫស្នូជួងទេទាន និងម្យាងទៀតមិនទាន់អស់៥ទឹកមិន​ប្រាកដថាចាញ់ឈ្នះបានទេបាទ មើលៗង៉ៃមុនវង់ណយ ទាត់កីឡាករថៃ​សឹងលុតជង្គង់ទៅហើយ តែទឹកចុងក្រោយអ្នកសន្លាប់គឺវង់ណយទេតើ អញ្ចឹងកុំទាន់ទាយទុកអីទានណា។

Jul 14, 2016 02:41 AM

អ្នក​អាន​អនាមិក

ពី ភ្នំពេញ

មូលហេតុដែលលោក កែម ឡី ត្រូវបានសម្លាប់គឺ មកពីលោក ហ៊ុន សែន មិនគាំទ្រយួនស្តីពីបញ្ហាសមុទ្រចិនខាងត្បូងទើប យួនបញ្ជាអោយ លោក សម រង្សី (ម្តាយគាត់ជាយួន) អោយសម្លាប់ លោក កែម ឡី ដើម្បីអោយស្រុកខ្មែរបែកបាក់ ចោទគ្នាទៅវិញទៅមក។

Jul 13, 2016 09:33 PM

អ្នក​អាន​អនាមិក

ច្បាស់អីក៏ច្បាស់យ៉ាងនេះ ច្បាស់ដូចអ្នកនិព្វនរឿងហ្នឹងអញ្ចឹង នឺងហើយ​និព្វន​អីក៏និព្វនទៅ បើច្បាស់ងញ្ចឹងដកកពីខ្លួនឬថាចាកចេញពីស្នូក យក​មកនូវផស្តុតាង មកអោយតុលាការ ចាប់ពួកវាញាក់គុកទៅ បានឡិច​ស៊ីស​​ជិះបាត់ហើយ មិនថាអញ្ចឹង?

Jul 14, 2016 02:46 AM

អ្នក​អាន​អនាមិក

ពី កំពង់ចាម

មិនបាច់ដើររកឯណានោះទេ គឺមេបក្សសង្រ្គោះជាតិជាឃាតករពិតប្រាកដ

Jul 13, 2016 09:29 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល