របាយការណ៍ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ហៅកាត់ថា UNHCR រកឃើញថា គិតត្រឹមដំណាច់ឆ្នាំ២០១៩ កម្ពុជា មានជនភៀសខ្លួនច្រើនជាងគេទី៣ នៅក្នុងតំបន់ បន្ទាប់ពីប្រទេសមីយ៉ាន់ម៉ា (Myanmar) ឬភូមា និងវៀតណាម។ មន្ត្រីរដ្ឋាភិបាលប្រតិកម្មថា ចំនួនច្រើននៃជនភៀសខ្លួនមកពីកម្ពុជានេះ គឺដោយសារតែគណបក្សប្រឆាំងយកបញ្ហាសុំសិទ្ធិជ្រកកោន ដើម្បីបានទៅរស់នៅប្រទេសទីបី ធ្វើជាជំនួញនយោបាយ។ ក៏ប៉ុន្តែ មន្ត្រីសិទ្ធិមនុស្សយល់ថា បញ្ហានេះគឺជារឿងរ៉ាវគួរឲ្យ ព្រួយបារម្ភ ដោយសារតែមានការកើនឡើងករណីនៃការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ឥតស្រាកស្រាន្តនៅក្នុងប្រទេសកម្ពុជាពីសំណាក់អាជ្ញាធររបបលោក ហ៊ុន សែន។
មនុស្សចំនួនជិត ១ម៉ឺន២ពាន់នាក់ (១១.៩៣១) មកពីកម្ពុជាទទួលបានឋានៈការពារ និងសិទ្ធិជាជនភៀសខ្លួនដោយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ហៅកាត់ថា UNHCR គិតត្រឹមដំណាច់ឆ្នាំ២០១៩។ នេះបើយោងតាមរបាយការណ៍ចុងក្រោយ ស្តីពីនិន្នាការជាសកលនៃការផ្លាស់ទីកន្លែងដោយបង្ខំក្នុងឆ្នាំ២០១៩ (Global Trends, Forced Displacement in 2019) ទើបនឹងចេញផ្សាយកាលពីថ្ងៃទី១៨ មិថុនា ដោយអង្គការ UNHCR នៅពីរថ្ងៃមុនពិភពលោកប្រារព្វទិវាជនភៀសខ្លួនពិភពលោក ថ្ងៃទី២០ មិថុនា។
របាយការណ៍ដដែលឲ្យដឹងដែរថាបច្ចុប្បន្ន មានសំណុំរឿងសុំសិទ្ធិជ្រកកោនពីសំណាក់ ពលរដ្ឋមកពីប្រទេសកម្ពុជាសរុបចំនួនជិត៨៥០ករណី ដែលអង្គការ UNHCR កំពុងពិចារណាថាតើគួរត្រូវផ្តល់សិទ្ធិជាជនភៀសខ្លួនដល់ពួកគេ ឬយ៉ាងណា។ ជារួម តួលេខនេះ ធ្វើឲ្យកម្ពុជាឈរនៅលំដាប់ទី៣ ក្លាយជាប្រទេសដែលមានជនភៀសខ្លួនច្រើនជាងគេបង្អស់ ក្នុងតំបន់ បន្ទាប់ពីប្រទេសមីយ៉ាន់ម៉ា ឬភូមា និងវៀតណាម។
1% of the entire world's population had fled their homes by the end of 2019.<br/> <br/>This is not ok.<br/> <br/>More on UNHCR's Global Trends report:
អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក ជិន ម៉ាលីន សុំមិនធ្វើ អត្ថាធិប្បាយពីតួលេខនេះទេ តែលោកចោទថា គណបក្សប្រឆាំងបានយកបញ្ហា សុំសិទ្ធិជ្រកកោននេះធ្វើជាជំនួញនយោបាយ ដើម្បីឲ្យអ្នកគាំទ្រខ្លួន បានទៅរស់នៅប្រទេសទីបី៖ «ខ្ញុំមិនទាន់អាចធ្វើការអត្ថាធិប្បាយបានទេ ពីព្រោះអីត្រូវការ ដើម្បីសិក្សាមើលពីយន្តការនៃការវាយតម្លៃរបស់គេ។ គេគិតតាំងពីឆ្នាំណាម៉ោ ? ហើយយន្តការហ្នុង គេផ្អែកទៅលើមូលដ្ឋានស្អីខ្លះ ? ក៏ប៉ុន្តែ គ្រាន់តែទាញការចាប់អារម្មណ៍ពាក់ព័ន្ធនឹងអ្នកសុំសិទ្ធិជ្រកកោនហ្នុង»។
ផ្ទុយពីការអះអាងរបស់លោក ជិន ម៉ាលីន នេះ សម្រាប់នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល សិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មើលឃើញថា ចំនួនច្រើននៃ ជនភៀសខ្លួនមកពីកម្ពុជានេះ គឺដោយសារតែមានការកើនឡើងករណីធ្វើទុក្ខបុកម្នេញ ឥតស្រាកស្រានផ្នែកនយោបាយពីសំណាក់អាជ្ញាធររបបលោក ហ៊ុន សែន។ លោកថា បញ្ហានេះគឺជារឿងរ៉ាវគួរឲ្យព្រួយបារម្ភ ព្រោះគ្មានពលរដ្ឋណាម្នាក់ ចង់ទៅរស់នៅប្រទេសទីបី ប្រសិនបើគ្មានការគំរាមកំហែងណាមួយនៅក្នុងស្រុកនោះទេ៖ «ចំនួនទាំងអស់នេះ ប្រហែលជាកើតឡើងច្រើនក្រោយឆ្នាំ២០១៧ ក្រោយពីមានការរម្លាយនៃអតីតៈគណបក្សប្រឆាំង។ យើងឃើញថាសហគមន៍អន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិ ក៏មានការលើកឡើងអំពីការឲ្យបញ្ឈប់ការចាប់ខ្លួន ឬក៏ការធ្វើទុក្ខបុកម្នេញនៃអតីតៈសកម្មជននៃគណបក្សប្រឆាំងអីជាដើម។ ដោយសារតែបញ្ហាទាំងអស់នេះហើយដែលយើងឃើញថា អ្នកនយោបាយ សកម្មជននយោបាយគណបក្សប្រឆាំងជាច្រើនបានសុំសិទ្ធិជ្រកកោននៅក្រៅ»។
លោក អំ សំអាត ស្នើឲ្យអ្នកនយោបាយខ្មែរទាំងអស់គួរតែគិតគូរពិចារណាឡើងវិញ ដើម្បីកុំឲ្យពលរដ្ឋខ្មែរ ជួបផលលំបាក ឬប៉ះពាល់ទៅដល់សិទ្ធិជាពលរដ្ឋរបស់ពួកគេ ជាពិសេសចំពោះអ្នកដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាល។ លោកថា កម្ពុជានៅមិនទាន់អនុវត្តបានពេញលេញស្របតាមបទប្បញ្ញត្តិដូចមានចែងក្នុងអនុសញ្ញា អន្តរជាតិឆ្នាំ១៩៥១ ស្តីពីឋានៈជនភៀសខ្លួន នៅឡើយទេ។

របបលោក ហ៊ុន សែន រងការរិះគន់ និងថ្កោលទោសថាបានរំលោភបំពានអនុសញ្ញាអន្តរជាតិ ឆ្នាំ១៩៥១ ស្តីពីឋានៈជនភៀសខ្លួន ក្រោយពីមានករណីចាប់បញ្ជូនជនជាតិភាគតិច ម៉ុងតាញ៉ាកាន់សាសនាគ្រិស្តទៅឲ្យអាជ្ញាធរវៀតណាម ករណីចាប់ខ្លួនសកម្មជនបក្ស ប្រឆាំងអ្នកស្រី សំ សុខា និងសកម្មជនសិទ្ធិការងារ លោក រ៉ាត់ រ័ត្នមុន្នី ពីប្រទេសថៃឲ្យ មកទទួលទោសនៅកម្ពុជា បើទោះបីជាអ្នកទាំងនោះទទួលបានសិទ្ធិគាំពារជាជនភៀសខ្លួន ពីអង្គការ UNHCR ហើយក៏ដោយ។
ចាប់តាំងពីក្រោយការរម្លាយគណបក្សសង្គ្រោះជាតិកាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៧ រហូតមកទល់បច្ចុប្បន្ន របបលោក ហ៊ុន សែន បានបង្កើនយុទ្ធនាការកម្ចាត់ និងគាស់រម្លើង ប្រជាធិបតេយ្យនៅកម្ពុជា ដោយបន្តធ្វើទុក្ខបុកម្នេញ តាមចាប់ខ្លួនសកម្មជន និងក្រុមអ្នកគាំទ្រគណបក្សប្រឆាំង ជាច្រើននាក់ ដាក់ពន្ធនាគារឥតស្រាកស្រាន។ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស គណៈកម្មាការអឺរ៉ុប សហរដ្ឋអាមេរិក និងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ សុទ្ធតែរកឃើញ និងថ្កោលទោសរបបលោក ហ៊ុន សែន ថាបានរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជាធ្ងន់ធ្ងរ ជាពិសេសពាក់ព័ន្ធនឹងសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋ។
បើតាមអង្គការ UNHCR នៅក្នុងតំបន់ ក្រៅតែពីមីយ៉ាន់ម៉ា វៀតណាម និងកម្ពុជាដែលរបប លោក ហ៊ុន សែន អួតអាងថាមានសន្តិភាពពេញលេញ តែមានជនភៀសខ្លួនច្រើនជាងគេនោះ ប្រទេសថៃ សិង្ហបុរី និងប្រ៊ុយណេ ជាប្រទេសដែលមានពលរដ្ឋភៀសខ្លួនតិចជាងគេ។ នៅទូទាំងពិភពលោក អង្គការ UNHCR ថា មនុស្សជិត ៨០លាននាក់ទទួលរងការផ្លាស់ទីលំនៅដោយបង្ខំគិតត្រឹមដំណាច់ឆ្នាំ២០១៩ ដោយសារតែ ការធ្វើទុក្ខបុកម្នេញ ជម្លោះប្រដាប់អាវុធ អំពើហិង្សា និងអំពើរំលោភសិទ្ធិមនុស្ស ក្នុងនោះមនុស្សជាង ២០លាននាក់ទទួលបានសិទ្ធិជាជនភៀសខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។