ពលករ​ខ្មែរ​ម្នាក់​បារម្ភ​ពី​សុវត្ថិភាព បន្ទាប់​ពី​ស្ថានទូត​ខ្មែរ​នៅ​បាងកក​ស្វែង​រក​អត្តសញ្ញាណ

ដោយ ហេង រស្មី
2021.05.13
ពលករ​ខ្មែរ​ម្នាក់​បារម្ភ​ពី​សុវត្ថិភាព បន្ទាប់​ពី​ស្ថានទូត​ខ្មែរ​នៅ​បាងកក​ស្វែង​រក​អត្តសញ្ញាណ ស្ថានទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ថៃ។ រូបថត​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០០៩។
Photo AFP

ពលករ​ខ្មែរ​ម្នាក់​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព ក្រោយពេល​ស្ថានទូត​ខ្មែរ​ប្រចាំ​ទីក្រុង​បាងកក (Bangkok) កំពុង​ស្វែងរក​អត្តសញ្ញាណ​របស់​លោក បន្ទាប់ពី​ពលករ​រូប​នេះ​បង្ហោះ​សារ​រិះគន់​ពី​ភាព​អសកម្ម​របស់​មន្ត្រី​ស្ថានទូត។ មន្ត្រី​សង្គម​ស៊ីវិល មិន​គាំទ្រ​ចំពោះ​ចំណាត់ការ​ស្ថានទូត​នោះ​ទេ ព្រោះ​ការ​លើក​ឡើង​របស់​ពលករ​គឺជា​សិទ្ធិ​បញ្ចេញមតិ​របស់​ពលរដ្ឋ។

ពលករ​ម្នាក់​កំពុង​គេចខ្លួន​រក​កន្លែង​មាន​សុវត្ថិភាព បន្ទាប់ពី​ទទួល​ដំណឹង​ថា មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ទីក្រុង​បាងកក កំពុង​តាម​រក​លោក ករណី​លោក​បង្ហោះ​សារ​រិះគន់​ភាព​សកម្ម​របស់​មន្ត្រី​ទូត​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក។

ពលករ​នៅ​ថៃ គឺ លោក ស៊ឹន សាវរី ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី​១២ ឧសភា ថា ដំបូង​ឡើយ​លោក និង​ពលករ​បី​នាក់​ទៀត បាន​ទៅ​សុំ​លិខិតបញ្ជាក់​ការ​ស្លាប់​ពលករ​ម្នាក់ ពី​ស្ថានទូត​ខ្មែរ​ប្រចាំ​ទីក្រុង​បាងកក តែ​ពួកគាត់​ត្រូវ​ទទួលរង​នូវ​ការ​មាក់ងាយ និង​ប្រើ​ពាក្យ​សម្តី​មិន​សមរម្យ​ពី​មន្ត្រី​ស្ថានទូត​។ លោក​បន្ត​ថា បន្ទាប់មក​លោក​បាន​សរសេរ​សារ​អំពី​ករណីនេះ​នៅ​លើ​គណនី​ហ្វេសប៊ុក​ផ្ទាល់ខ្លួន (Facebook) ឈ្មោះ San Savary ដោយ​សរសេរ​រិះគន់​ពី​ភាព​អសកម្ម និង​ការរើសអើង​របស់​ស្ថានទូត​ខ្មែរ​ប្រចាំ​ទីក្រុង​បាងកក ព្រោះ​លោក​យល់ថា​អំពើ​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​របស់​ពលករ៖ «អាច​ជា​សកម្មភាព​មួយ​បម្រើ​ពលរដ្ឋ​ព្រោះ​វា​ជា​សិទ្ធិ​បញ្ចេញមតិ​ហើយ​ប្រជាពលរដ្ឋ​គាត់​អត់​ត្រូវការ​ទេ​សម្តី​និយាយ​បែប​គំរោះគំរើយ​ដាក់​ពលករ​មិន​ឱ្យ​តម្លៃ​ពលករ និយាយ​ទៅ​ហើយ សួរ​អី​មួយ​ទៅ​និយាយ​ដូច​អត់​ចិត្ត​ពេញចិត្ត​គំរោះគំរើយ​ដាក់​អ៊ីចឹង ខ្ញុំ​គិតថា​ខ្ញុំ​មិន​ពេញចិត្ត ពលករ​មួយ​ចំនួន​ក៏​អត់​ពេញចិត្ត​ដូច​ខ្ញុំ​ដែរ»

លោក ស៊ឹន សាវរី រៀបរាប់​បន្ត​ថា ក្រោយ​ការ​បង្ហោះ​សារ​រិះគន់​នេះ មន្ត្រី​ស្ថានទូត​បាន ស្វែងរក​ព័ត៌មាន​លោក​ពី​សាច់ញាតិ​អ្នក​ស្លាប់ និង​ថៅកែ​ជាដើម ដោយ​ចោទ​ថា លោក​មើលងាយ​ស្ថាប័ន​ខ្មែរ។ បុរស​វ័យ​២៧​ឆ្នាំ​រូប​នេះ​ថា ស្ថានទូត​ប្រាប់​គ្រួសារ​អ្នក​ស្លាប់​ឱ្យ​ហៅ​លោក និង​ពលករ​បី​នាក់​ទៀត​ទៅ​បំភ្លឺ​នៅ​ស្ថានទូត និង​ថត​វីដេអូ​សុំទោស​ជា​សាធារណៈ នៅ​ថ្ងៃទី​១២ ឧសភា តែ​លោក​សម្រេចចិត្ត​មិន​ទៅ​នោះ​ទេ​។ លោក​កំពុង​ព្រួយបារម្ភ​ខ្លាច​មន្ត្រី​ទូត​ខ្មែរ​ស្នើ​ឱ្យ​អាជ្ញាធរ​ថៃ​ចាប់​លោក​បញ្ជូន​ត្រឡប់​ទៅ​ខ្មែរ​វិញ៖ «ពលករ​ដែល​គាត់​បាន​ទៅ​បំភ្លឺ​ហើយ ហើយ​ពួក​អ្នក​នៅក្នុង​កម្មវិធី​បុណ្យសព​ហ្នឹង​បាន​ផ្តល់​ដំណឹង​ថា គេ​តាម​រក​ខ្ញុំ តែ​ឥឡូវ​គេ​បាន​មក​និយាយ​វិញ​ថា​អត់​ធ្វើ​អី​ខ្ញុំ​ទេ គេ​ត្រូវ​ការ​ឱ្យ​ខ្ញុំ​បំភ្លឺ​ក៏​ឡាយ​វីដេអូ សុំទោស​គេ​ជា​សាធារណៈ​អ៊ីចឹង​ទៅ អ្វី​ដែល​គាត់​ចង់​បាន សម្រាប់​ខ្ញុំ​ការ​បញ្ចេញ​មតិ​ជា​សិទ្ធិ​ដែល​ខ្ញុំ​មាន»

អាស៊ីសេរី​មិន​អាច​ទាក់ទង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​លោក កុយ គួង និង​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ទីក្រុង​បាងកក ដើម្បី​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​១២ ឧសភា។

ទោះជា​យ៉ាងណា ពលករ​រូប​នេះ​អះអាង​ថា លោក មិន​ទៅ​បំភ្លឺ​ឡើយ ព្រោះ​លោក​មិន​មាន​កំហុស​ដូច​ការ​ចោទប្រកាន់​នោះ​ទេ​។ លោក​បន្ថែម​ថា សារ​ដែល​លោក​រិះគន់​នៅ​លើ​បណ្តាញ​សង្គម​នោះ គឺ​ដើម្បី​ផ្ញើ​សារ​ទៅ​ភាគី​ពាក់ព័ន្ធ​ដើម្បី​កែ​លម្អ និង​ប្រយោជន៍​ពលករ​រងគ្រោះ។

ជុំវិញ​រឿងនេះ មន្ត្រី​អង្គការ​សង់​ត្រាល់ (Central) ទទួលបន្ទុក​សិទ្ធិ​ការងារ​លោក ឌី ថេហូយ៉ា មាន​ប្រសាសន៍ថា ការ​រិះគន់​របស់​ពលករ​គឺជា​សិទ្ធិ​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ​គ្រប់រូប​។ លោក​ថា កាតព្វកិច្ច​របស់​ស្ថានទូត​គឺ​ផ្តល់​សេវាកម្ម​ល្អ ការពារ​ផលប្រយោជន៍​ជូន​ពលករ មិនមែន​គំរាម​កំហែង ពលរដ្ឋ​ខ្លួន​នោះ​ទេ លោក​យល់​ថា រដ្ឋាភិបាល​គួរ​តាមដាន​ការអនុវត្ត​ការងារ​របស់​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ ព្រោះ​ករណី​បែប​នេះ​មិនមែន​ជា​លើកទីមួយ​នោះ​ទេ៖ «មិនមែន​ករណី​មួយ​ហ្នឹង​ទេ អាច​សួរ​ពលរដ្ឋ ពលករ​ផ្សេងៗ ដែល​គាត់​មានការ​ពឹងពាក់​ទៅ​ស្ថានទូត​ហ្នឹង តើ​យន្តការ​របស់​ស្ថានទូត​មាន​ប្រសិទ្ធភាព​ប៉ុណ្ណា​ខ្ញុំ​មិន​និយាយ​ជំនួស​ទេ ប៉ុន្តែ​សួរ​ពលករ​ស្រុក​ថៃ​វិញ​ទៅ ថា​តើ​ការ​ឆ្លើយតប​របស់​រដ្ឋ​ដែល​មាន​ស្ថានទូត ស្ថាន​កុងស៊ុល និង​អនុព័ន្ធ​ការងារ​តំណាង​ឱ្យ​រដ្ឋ​មួយ​ហ្នឹង​មានបាន​ឆ្លើយតប​ចំពោះ​បញ្ហា​របស់​ប្រជាពលរដ្ឋ​ខ្លួនឯង​នៅ​ប្រទេស​ថៃ​ហើយ​ឬ​នៅ អាហ្នឹង​ត្រូវ​ឆ្លុះបញ្ចាំង​ថា អ៊ីចឹង»

របាយការណ៍​អង្គការ​សង់ត្រាល់​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ពលករ​ខ្មែរ​ធ្វើ​ការងារ​ស្របច្បាប់ និង​មិន​ស្របច្បាប់​ប្រមាណ​ពី ១​លាន ៨​សែន ទៅ ២​លាន​នាក់ កំពុងធ្វើការ​នៅ​ប្រទេស​ថៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។