មន្ត្រី​អាដហុក​អះអាង​ពី​ការ​ផ្តល់​ទស្សនៈ​របស់​ខ្លួន​ក្រោយ​លោក ហ៊ុន សែន គំរាម​ប្តឹង

មន្ត្រី​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា អះអាង​ថា បេសកកម្ម សកម្មភាព និង​ការ​ផ្តល់​បទសម្ភាសន៍​របស់​លោក​ទៅកាន់​សារព័ត៌មាន ក្នុង​បំណង​ពង្រឹង​ការ​គោរព​សិទ្ធិមនុស្ស ច្បាប់ យុត្តិធម៌​សង្គម និង​ប្រជាធិបតេយ្យ ដោយ​មិន​បម្រើ​បក្ស​នយោបាយ​ណាមួយ​នោះ​ទេ។

លោក ស៊ឹង សែនករុណា សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​នៅ​ថ្ងៃទី៥ កុម្ភៈ ថា រាល់​ការ​សម្រង់​សម្ដី​របស់​លោក ទៅ​បន្ថែម​បន្ថយ​បញ្ចេញ​បញ្ចូល​វាយប្រហារ​ចំៗ​លើ​ឈ្មោះ​បក្សនយោបាយ​ណាមួយ នោះ​វា​មិនមែន​ជា​ចេតនា និង​គោលបំណង​របស់​លោក​នោះ​ទេ ដូច្នេះ​លោក​មិន​ទទួលស្គាល់​ឡើយ។

លោក​បញ្ជាក់​ថា បេសកកម្ម សកម្មភាព និង​ការ​ផ្តល់​បទសម្ភាសន៍​របស់​លោក ក្នុង​បំណង​ពង្រឹង​ការ​គោរព​សិទ្ធិមនុស្ស ច្បាប់ យុត្តិធម៌​សង្គម និង​ប្រជាធិបតេយ្យ ដោយ​មិន​បម្រើ​បក្សនយោបាយ​ណាមួយ​នោះ​ទេ ហើយក៏​គ្មាន​ចេតនា​ណាមួយ វាយ​ប្រហារ​បក្ស​នយោបាយ​ណាមួយ​ឡើយ។

លោក ស៊ឹង សែនករុណា៖ «សូម​អរគុណ​ច្រើន​នូវ​ទឹកចិត្ត​ផ្ញើ​សារ​សួរសុខទុក្ខ និង​ព្រួយ បារម្ភ​ពី​ខាង​គ្រួសារ បងប្អូន មិត្តភក្ដិ បងប្អូន​ខាង​សារព័ត៌មាន បងប្អូន​ខាង​អង្គការ​សង្គម​ស៊ីវិល ជា​ដៃគូ​ជាតិ​អន្តរជាតិ បងប្អូន​មិត្តភក្ដិ​ទូត​បរទេស​មួយ​ចំនួន ចំពោះ​សុវត្ថិភាព​របស់ខ្ញុំ​។ ខ្ញុំបាទ​មិន​អី​នោះ​ទេ»។

កាលពី​ថ្ងៃទី៤ កុម្ភៈ អតីត​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​មេធាវី​គណបក្ស​សិក្សា​ផ្លូវច្បាប់ ប្ដឹង​មន្ត្រី​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ចំពោះ​ការ​អត្ថាធិប្បាយ លើ​សំណុំរឿង​បក្ស​កាន់អំណាច​ប្ដឹង​អតីត​អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក សុន ឆ័យ។

ទោះជា​យ៉ាងណាក៏ដោយ លោក ហ៊ុន សែន មិន​បាន​បង្ហាញ​ទេ​ថា តើ​លោក​ចង់​ប្ដឹង លោក ស៊ឹង សែនករុណា នោះ ដោយ​សំអាង​លើ​ការ​អត្ថាធិប្បាយ​របស់​មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ នៅ​ស្ថាប័ន​សារព័ត៌មាន​មួយ​ណា ឬ​នៅ​ទី​ណា និង​មាន​ខ្លឹមសារ​យ៉ាង​ដូចម្ដេច​នោះ​ឡើយ?

ជុំវិញ​រឿង​នេះ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី៤ កុម្ភៈ​ ដោយ​កត់សម្គាល់​ថា លោក ស៊ឹង សែនករុណា ដែល​មាន​បទពិសោធន៍​ជាង ២០​ឆ្នាំ ខាង​វិស័យ​សិទ្ធិ​មនុស្ស តែង​តែ​ផ្ដល់​យោបល់​ចង់​ឃើញ​ប្រទេស​កម្ពុជា មាន​នីតិរដ្ឋ​ ដែល​ទទួល​ស្គាល់​ដោយ​សហគមន៍​អន្តរជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។