អ្នកច្រៀងរែបរិះគន់បញ្ហាសង្គមយុវជន គា សុគន្ធ ដែលបានជាប់ឃុំជាង ៩ ខែមកហើយនោះ មិនទាន់មានឱកាសរួចផុតពីការឃុំឃាំង ដើម្បីវិលទៅជួបជុំក្រុមគ្រួសារវិញនៅឡើយទេ។ យុវជនរូបនេះត្រូវបន្តជាប់ឃុំជាង ២ ខែទៀត តាមសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍បាត់ដំបង។
តុលាការជាន់ខ្ពស់មួយនេះបានប្រកាសសាលដីកានៅព្រឹកថ្ងៃទី១៦ ខែមិថុនា ដោយសម្រេចច្រានចោលបណ្តឹងឧទ្ធរណ៍របស់យុវជន គា សុគន្ធ ដែលប្តឹងទាស់នឹងសាលក្រមរបស់តុលាការខេត្តសៀមរាបដែលបានផ្តន្ទាទោសរូបគេឱ្យជាប់ពន្ធនាគាររយៈពេល ១៨ ខែ។ ប៉ុន្តែសាលាឧទ្ធរណ៍តំបន់មួយនេះបានបើកផ្លូវឱ្យជនជាប់ចោទ ប្តឹងសាទុក្ខទៅកាន់តុលាការកំពូលបន្តទៀត ស្របតាមនីតិវិធីច្បាប់។
ឪពុករបស់យុវជន គា សុគន្ធ គឺលោក ផល គា សោកស្តាយដែលសាលាឧទ្ធរណ៍បាត់ដំបងសម្រេចបែបនេះ ពីព្រោះកូនរបស់លោកមិនបានប្រព្រឹត្តកំហុសអ្វីឡើយ។ លោកយល់ថា សាលដីការបស់តុលាការជាន់ខ្ពស់នេះ មានភាពអយុត្តិធម៌សម្រាប់កូនប្រុសរបស់លោក៖ « យើងគិតថា សាលាឧទ្ធរណ៍នឹងបន្ធូរបន្ថយ ឬក៏គាត់នឹងទម្លាក់ចោលនូវបទចោទទាំងឡាយ ដោយសារយើងមិនពេញចិត្តនឹងសាលក្រមសាលាដំបូង។ ដូច្នេះដល់ពេលគាត់បើកសវនាការហើយ គាត់នៅរក្សាទុកសាលក្រមដដែល គឺយើងដូចជាខកចិត្តដែរ។ គ្រាន់តែសោកស្តាយ ដោយសារតែរឿងអយុត្តិធម៌ហ្នឹង ដូចជាមិនគួរឱ្យជឿថា គាត់នឹងរក្សាទុកទៀត»។
លោក ផល គា បញ្ជាក់ថា លោកមិនទាន់ប្រាកដនៅឡើយថា តើគួរប្ដឹងសាទុក្ខទៅតុលាការកំពូលបន្តទៀត ឬក៏យ៉ាងណានោះទេ ពីព្រោះគ្រួសារលោកមានជីវភាពក្រីក្រ។ ម្យ៉ាងវិញទៀត លោកហាក់អស់ជំនឿលើតុលាការហើយ ពីព្រោះស្ថាប័ននេះមិនបានជួយរកយុត្តិធម៌ជូនកូនប្រុសរបស់លោកឡើយ។
អាស៊ីសេរីមិនអាចទាក់ទងអគ្គលេខាធិការរដ្ឋបាលសាលាឧទ្ធរណ៍បាត់ដំបងអ្នកស្រី ទៀង សំបូរ ដើម្បីសាកសួរអំពីការសម្រេចរបស់តុលាការជាន់ខ្ពស់មួយនេះបានទេ នៅថ្ងៃទី១៦ ខែមិថុនា ដោយទូរស័ព្ទហៅចូល តែមិនមានអ្នកទទួល។
អាជ្ញាធរបានចាប់ខ្លួនយុវជន គា សុគន្ធ កាលពីដើមខែកញ្ញា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងការនិពន្ធ និងច្រៀងចម្រៀងរែប បង្ហោះតាមបណ្ដាញសង្គមយូធូប (YouTube) និងហ្វេសប៊ុក (Facebook)។ បទចម្រៀងទាំងនោះ រៀបរាប់ពីរឿងរ៉ាវឈឺចាប់នៅក្នុងសង្គមដូចជា អំពើអយុត្តិធម៌ បញ្ហាសេដ្ឋកិច្ចធ្លាក់ចុះ កំណើនពលរដ្ឋធ្វើចំណាកស្រុក និងពលរដ្ឋក្រីក្រដើរសុំទាន បញ្ហាព្រំដែន អំពើពុករលួយ និងការធ្លាក់ចុះគុណធម៌ជាដើម។ វីដេអូចម្រៀងចុងក្រោយរបស់ គា សុគន្ធ ដែលមានចំណងជើងថា «ដីខ្មែរ» មានអ្នកចូលទស្សនារាប់លានដង និងចែករំលែកយ៉ាងច្រើនតាមបណ្ដាញសង្គម។ គា សុគន្ធ បានបង្ហោះចម្រៀងទាំងនោះជាបន្តបន្ទាប់ តាំងពីចុងឆ្នាំ ២០១៨ មកម្ល៉េះ ប៉ុន្តែអាជ្ញាធរមិនមានចំណាត់ការណាមួយនោះទេ។ រហូតទាល់តែមកដល់អំឡុងឆ្នាំ២០២០ ពេលដែលរបបលោក ហ៊ុន សែន ចាត់វិធានការបង្ក្រាបទ្រង់ទ្រាយធំជាថ្មីម្តងទៀតលើសំឡេងប្រឆាំង និងក្រុមអ្នកសម្ដែងមតិរិះគន់របបនេះ ទើបអាជ្ញាធរបានចាប់ខ្លួនយុវជនរូបនេះ។
តុលាការខេត្តសៀមរាបបានសម្រេចផ្តន្ទាទោសយុវជន គា សុគន្ធ ឱ្យជាប់ពន្ធនាគារចំនួន ១៨ខែ ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ប៉ុន្តែអនុវត្តទោសត្រឹម ១ឆ្នាំ ដោយទោស ៦ខែទៀតដែលនៅសល់ត្រូវព្យួរ។ ដូច្នេះមានន័យថា យុវជនរូបនេះអាចនឹងត្រូវបានអាជ្ញាធរដោះលែងចេញពីពន្ធនាគារវិញក្នុងរយៈពេលជាង ២ ខែខាងមុខទៀតនេះ ពោលគឺនៅអំឡុងដើមខែកញ្ញា ឆ្នាំ២០២១នេះ។
ទោះជាយ៉ាងណា នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត សោកស្តាយដែលសាលាឧទ្ធរណ៍បាត់ដំបងសម្រេចតម្កល់សាលក្រមផ្តន្ទាទោសលោក គា សុគន្ធ។ លោកពន្យល់ថា ការតែងនិពន្ធ និងចេញផ្សាយចម្រៀងរែបរបស់យុវជន គា សុគន្ធ អំពីបញ្ហាសង្គមនោះ គឺជាសិទ្ធិសេរីភាពបញ្ចេញមតិ មិនមែនជាបទល្មើសនោះឡើយ៖ «ចម្រៀងដែលគាត់តែងនេះ គឺមិនបានបម្រើផលប្រយោជន៍ ឬក៏ញុះញង់ឱ្យមានភាពវឹកវរអ្វីដល់សង្គមនោះទេ។ អ៊ីចឹងសាលដីកាសម្រេចផ្ដទ្ទាទោស គា សុគន្ធ ពេលនេះ គឺបង្ហាញអំពីសារគំរាមកំហែង និងបំភិតបំភ័យទៅលើយុវជនផ្សេងទៀត ដែលចង់និពន្ធចម្រៀងរែបអ្វីជាដើម តទៅទៀតនោះ »។
លោក អំ សំអាត ឱ្យដឹងថា មេធាវីអង្គការលីកាដូនឹងពិភាក្សាជាមួយយុវជន គា សុគន្ធ និងគ្រួសាររបស់គេបន្ថែមទៀតជុំវិញរឿងបណ្ដឹងសាទុក្ខទៅតុលាការកំពូល។
ទាក់ទងនឹងរឿងនេះដែរ ក្រុមអ្នកច្បាប់មកពី មជ្ឈមណ្ឌលសិទ្ធិមនុស្សនៃគណៈមេធាវីអាមេរិក(ABA) បានចេញផ្សាយរបាយការណ៍នៅពេលថ្មីៗនេះថា សំណុំរឿងរបស់យុវជន គា សុគន្ធ នេះ គឺជាករណីរំលោភសិទ្ធិមនុស្ស និងបំពានទៅលើនីតិវិធីច្បាប់ ទាំងទិដ្ឋភាពច្បាប់ជាតិ និងអន្តរជាតិ។
ក្រុមអ្នកច្បាប់ទាំងនោះពិនិត្យឃើញថា ចម្រៀងរែបរបស់យុវជនរូបនេះអំពីរឿងអយុត្តិធម៌ក្នុងសង្គម និងរឿងព្រំដែននោះ គឺជាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។ ការច្រៀងរែបនោះទៀតសោត គឺជាអាជីពរបស់យុវជន គា សុគន្ធ ដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារដែលមានជីវភាពក្រីក្រ។ ក្រុមអ្នកច្បាប់ដដែលបន្តថា យុវជនរូបនេះ គ្មានចេតនាធ្វើចម្រៀងទាំងនោះ ដើម្បីញុះញង់ឱ្យមានភាពវឹកវរនៅក្នុងសង្គមនោះទេ ហើយក៏គ្មានបទល្មើសណាមួយបានកើតឡើង ក្រោយរូបគេចេញផ្សាយបទចម្រៀងរែបទាំងនោះដែរ។
ក្រុមអ្នកជំនាញដដែលគូសបញ្ជាក់ថា ការដែលតុលាការសម្រេចផ្តន្ទាទោសយុវជន គា សុគន្ធ ឱ្យជាប់ពន្ធនាគារ ១៨ខែ ដោយគ្មានភស្តុតាងរឹងមាំនោះ បង្ហាញថា ទាំងចៅក្រម និងតំណាងអយ្យការដែលកាន់សំណុំរឿងនេះ បានខកខានបំពេញកាតព្វកិច្ចតាមផ្លូវច្បាប់របស់ខ្លួន ក្នុងការស្វែងរកការពិត និងផ្តល់យុត្តិធម៌ជូនពលរដ្ឋ ស្របតាមច្បាប់កម្ពុជា និងកតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។
ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិនៅតែស្នើយ៉ាងទទូចដល់របបលោក ហ៊ុន សែន ឱ្យដោះលែងយុវជន គា សុគន្ធ ព្រមទាំងអ្នកទោសនយោបាយដទៃទៀត ឱ្យមានសេរីភាពវិញ ពីព្រោះការចាប់ខ្លួន និងបន្តឃុំខ្លួនពលរដ្ឋតាមអំពើចិត្តបែបនេះ ជាទង្វើផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់អន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។