ពលរដ្ឋជនជាតិដើមភាគតិចជងតំបន់អារ៉ែងចំនួន ១០ នាក់ តំណាងឱ្យពលរដ្ឋជនជាតិដើមភាគតិចជងជាង ១ រយគ្រួសារ នៅភូមិប្រឡាយ ឃុំប្រឡាយ និងភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង នៅថ្ងៃទី ០៤ មេសា នេះ នាំគ្នាយកញត្តិទៅដាក់នៅស្ថាប័នពាក់ព័ន្ធមួយចំនួន ដើម្បីស្នើសុំអន្តរាគមន៍ពន្លឿនសំណើសុំធ្វើស្វ័យអត្តសញ្ញាណដល់ពួកគាត់។ ញត្តិនោះត្រូវបានក្រសួងជំនាញទទួលយក និងសន្យាជួយពួកគាត់តាមសំណូមពរ។
ប្រធានសហគមន៍ជនជាតិដើមភាគតិចជងភូមិជំនាប់តំបន់អារ៉ែង លោក ហ៊ឹង ពៅ ឱ្យអាស៊ីសេរីដឹងថា ពួកលោកបានយកញត្តិទៅដាក់នៅស្ថាប័នចំនួន ៣ គឺក្រសួងអភិវឌ្ឍន៍ជនបទ ខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។ លោកបន្តថា ស្ថាប័នទាំង ៣ នេះ បានទទួលយកញត្តិរបស់ពលរដ្ឋ ហើយខាងក្រសួងអភិវឌ្ឍន៍ជនបទដែលទទួលខុសត្រូវលើការទទួលស្គាល់ស្វ័យអត្តសញ្ញាណជនជាតិដើមភាគតិច បានសន្យាជាមួយក្រុមពលរដ្ឋថា នឹងជួយពន្លឿនករណីនេះ៖ «សំខាន់បំផុត គឺចង់ឱ្យគាត់ជំរុញការធ្វើស្វ័យអត្តសញ្ញាណជនជាតិដើមភាគតិចរបស់យើងឱ្យបានឆាប់ ហើយមួយទៀតខ្ញុំសំណូមពរទៅដល់រដ្ឋាភិបាល ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កុំឱ្យចោទប្រកាន់តំណាងសហគមន៍នីមួយៗ ធ្វើជាសត្រូវនោះ។ ពួកគាត់អត់មានចង់ប្រឆាំង ឬចង់បង្កើតនេះ បង្កើតនោះ គឺអត់ទេបាទ។ ពួកគាត់ធ្វើនេះគឺចង់ឱ្យគេទទួលស្គាល់ពូជសាសន៍ និងអម្បូររបស់ពួកគាត់ពីបរមបុរាណ ដែលមានជំនឿលើអារក្សអ្នកតាព្រៃភ្នំ។ ពួកគាត់មិនមែនចង់ផ្ដាច់ពីខាងណាមួយ ឬចូលខាងណាមួយនោះទេ»។
លោកបន្តថា អស់រយៈពេលជាង ១ ឆ្នាំទៅហើយ ដែលពលរដ្ឋជនជាតិដើមភាគតិចជងនៅភូមិជំនាប់ និងភូមិប្រឡាយ បានដាក់សំណើសុំធ្វើស្វ័យអត្តសញ្ញាណទៅខាងអាជ្ញាធរ ក៏ប៉ុន្តែសំណើរបស់អ្នកភូមិជំនាប់នៅជាប់គាំងថ្នាក់ខេត្ត ចំណែកឯសំណើរបស់អ្នកភូមិប្រឡាយវិញ គឺនៅជាប់ទ្រឹងត្រឹមថ្នាក់ឃុំនៅឡើយ។ លោកអះអាងទៀតថា ពលរដ្ឋចង់ឱ្យអាជ្ញាធរជំនាញជួយពន្លឿននីតិវិធីនេះឱ្យបានឆាប់រហ័ស ដើម្បីពួកគាត់អាចបំពេញនីតិវិធីដទៃទៀត ឈានទៅដល់ការចុះបញ្ជីជានីតិបុគ្គល ដើម្បីមានសិទ្ធិសម្រេចជោគវាសនារបស់សហគមន៍ដោយខ្លួនឯង៖ «វាមានផលប្រយោជន៍ច្រើន។ ពេលចុះបញ្ជីជនជាតិដើមភាគតិចហើយនោះ យើងអាចរួមចំណែកអភិរក្សធនធានធម្មជាតិ ព្រោះយើងរស់នៅតំបន់ភ្នំនេះស្រាប់ តែប្រសិនបើអត់បានចុះបញ្ជីទេ វាអាចនឹងបាត់បង់ព្រៃឈើ បាត់បង់ពូជសាសន៍ជនជាតិដើមភាគតិចមួយចំនួនទៀត»។
ពលរដ្ឋជនជាតិដើមភាគតិចជងនៅភូមិជំនាប់ និងភូមិប្រឡាយ អះអាងថា ពួកគាត់ព្រួយបារម្ភអំពីអនាគតទាក់ទងនឹងការបាត់បង់វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដើម ព្រោះសព្វថ្ងៃនេះ មានអ្នកចំណូលថ្មីជាច្រើនបានទៅដល់តំបន់អារ៉ែង ដែលជាតំបន់អេកូទេសចរណ៍ដ៏ទាក់ទាញ និងមានអ្នកខ្លះបានទិញដីតំបន់នោះជាកម្មសិទ្ធិផ្ទាល់ខ្លួនអស់ជាច្រើនកន្លែងទៀតផង។ ពួកគាត់បន្ថែមថា ពួកគាត់មិនប្រឆាំងនឹងការអភិវឌ្ឍន៍នៅក្នុងតំបន់អារ៉ែងនោះទេ ប៉ុន្តែគ្រាន់តែចង់បានកិច្ចការពារផ្លូវច្បាប់ទៅលើដីធ្លី ព្រៃឈើ និងធនធានធម្មជាតិក្នុងតំបន់របស់ពួកគាត់តែប៉ុណ្ណោះ ដូច្នេះទើបពួកគាត់ប្រឹងប្រែងដើម្បីឱ្យមានការទទួលស្គាល់សហគមន៍របស់ពួកគាត់ជាផ្លូវការបែបនេះ។
សកម្មជនបរិស្ថាន អ្នកនាង លីម គីមស័រ ថ្លែងថា ពលរដ្ឋជនជាតិដើមភាគតិចជងនៅតំបន់អារ៉ែងមានក្តីកង្វល់ធំបំផុតរឿងបាត់បង់ដីធ្លី និងធនធានធម្មជាតិ ដូច្នេះការទទួលស្គាល់ស្វ័យអត្តសញ្ញាណដែលបើកផ្លូវឱ្យពួកគាត់អាចចុះបញ្ជីដីកម្មសិទ្ធិសមូហភាពបាននោះ គឺជារឿងដ៏ចាំបាច់ ដើម្បីធានាថា ពួកគាត់មានសិទ្ធិស្របច្បាប់ដើម្បីការពារធនធានទាំងឡាយនៅក្នុងសហគមន៍របស់ពួកគាត់៖ «សព្វថ្ងៃនេះដោយសារគាត់មានសិទ្ធិមិនពេញលេញ ដូច្នេះពួកគាត់ពិបាកក្នុងការធ្វើស្រែចម្ការ អញ្ចឹងបើគាត់ទទួលបានសិទ្ធិពេញលេញដោយទទួលបានស្វ័យអត្តសញ្ញាណនេះ ខ្ញុំគិតថា ការប្រកបមុខរបរ ឬការរស់នៅរបស់ពួកគាត់នឹងល្អប្រសើរជាងនេះ។ គាត់ក៏នឹងមានសិទ្ធិក្នុងការការពារធនធានធម្មជាតិនៅក្នុងតំបន់របស់ពួកគាត់ដែរ ហើយសព្វថ្ងៃនេះ ពួកគាត់កំពុងព្រួយបារម្ភខ្លាំងមែនទែនរឿងដីធ្លី ព្រោះយើងដឹងស្រាប់ហើយថា នៅតំបន់ណាក៏មានបញ្ហាហ្នឹងកើតឡើងដែរ»។
ការចុះបញ្ជីសហគមន៍ជនជាតិដើមភាគតិចមានដំណាក់កាលច្រើន និងត្រូវបំពេញឯកសារជាច្រើន។ សហគមន៍ជនជាតិដើមភាគតិចតម្រូវឱ្យធ្វើស្វ័យអត្តសញ្ញាណខ្លួនឯងថា ជាក្រុមជនជាតិដើមភាគតិចណាមួយ មុននឹងបំពេញនីតិវិធីជាបន្តបន្ទាប់ទៀត ដើម្បីក្លាយជានីតិបុគ្គលអាចចុះបញ្ជីដីសហគមន៍ជាកម្មសិទ្ធិសមូហភាពបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។