អាជ្ញាធរកម្ពុជាជួយសង្គ្រោះពលរដ្ឋចំនួន ៧៨នាក់ ដែលចាញ់បោកមេខ្យល់នាំទៅធ្វើការនៅប្រទេសអារ៉ាប់ប៊ី សាអូឌីត (Saudi Arabia)។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហោះសារនៅលើហ្វេសប៊ុកកាលពីយប់ថ្ងៃទី១៨ ខែមេសាថា ក្រសួងនេះ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប់ប៊ី សាអូឌីត បានសហការរកឃើញទីតាំងអ្នកដែលចាញ់បោកមេខ្យល់ទាំង ៧៨នាក់ នៅក្រុងចំនួន ៣ផ្សេងគ្នា។ ក្នុងនោះមានចំនួន ៥១នាក់ កំពុងស្ថិតនៅទីក្រុងជេដាស (Jeddah) ចំនួន ១៥នាក់ នៅរាជធានីរីយ៉ាដ (Riyadh) និង ១២នាក់ នៅទីក្រុង ដាម៉ាម (Dammam) នៃប្រទេសអារ៉ាប់ប៊ី សាអូឌីត។
ប្រភពដដែលឱ្យដឹងទៀតថា អាជ្ញាធរពាក់ព័ន្ធកំពុងរៀបចំសំបុត្រយន្តហោះឱ្យពួកគេ ដែលនឹងអាចត្រឡប់មកកម្ពុជាវិញ ជាបន្តបន្ទាប់ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមេសានេះ។
ការជួយសង្គ្រោះនេះធ្វើឡើងបន្ទាប់ពីក្រុមស្ត្រីមួយក្រុមបានថតវីដេអូខ្លីអំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធជួយសង្គ្រោះពួកគេពីទីក្រុង ជេដាស នៃប្រទេសអារ៉ាប់ប៊ី សាអូឌីត ដោយបញ្ជាក់ថា ពួកគេត្រូវគេធ្វើបាប បង្ខាំងទុក បង្អត់អាហារ និងដកហូតទូរស័ព្ទ។ ប្រភពដដែលឱ្យដឹងថា ពួកគេត្រូវនាំទៅ ដើម្បីធ្វើការជាអ្នកសម្អាត តាមរយៈក្រុមហ៊ុនឈ្មោះ ហ្វាទីម៉ា មេនផៅវើ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។