អតីត​​ព្រះសង្ឃ​ខ្មែរ​​ក្រោម ​ប៉ាង ​សុដា ​ត្រូវ​​បាន​​សមត្ថកិច្ច​បញ្ជូន​​ទៅ​​ឃុំ​ខ្លួន​​នៅ​​ពន្ធនាគារ​​ព្រៃ​ស​​

0:00 / 0:00

អតីត​​ព្រះសង្ឃ​ខ្មែរ​​ក្រោម ​ប៉ាង ​សុដា ​ត្រូវ​​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​​ព្រៃ​ស​​​ក្រោយ​​​អាជ្ញាធរ​ចាប់​ផ្សឹក​​ និង​បាត់​ដំណឹង​​ជិត​ពីរ​សប្ដាហ៍​។​ សមាគម​​ខ្មែរ​ក្រោម​​ដែល​តាម​ដាន​ដំណើរ​រឿង​នេះ​ឲ្យ​ដឹង​ថា​ ការ​ចាប់​ឃុំ​​​អតីតសង្ឃ​រូប​នេះ​ពាក់ព័ន្ធ​ការចោទ​ប្រកាន់​ថា ​រារាំង​វិធាន​បង្ការ​ជំងឺ​កូវីដ-១៩ និង​មិន​បាន​​អនុត្តតាម​សន្យា​ជា​មួយ​សមត្ថកិច្ច។​

សមាគម​​ខ្មែរ​ក្រោម​ចាត់​ទុក​​ករណី​ឃុំខ្លួន​អតីត​សង្ឃ​ខ្មែរ​ក្រោមអន្ទឹត ​​ប៉ាង​ សុដា​ ​​​ជា​ករណី​​​គំរាម​​កំហែង​ជាជាង​ការ​អនុវត្ត​ផ្លូវ​​ច្បាប់​។​ ​សមាគម​ក៏​​​​ត្រៀម​ផ្តល់​​មេធាវី​​​​ដើម្បី​ជួយ​​ការពារ​ក្ដី​ដល់​អតីត​​​ព្រះ​ចៅ​​អធិការ​​វត្ត វង្សគត​បុរី​សេរី​​ភ្នំពេញ ខេត្ត​កំពង់ចាមអន្ទឹត ប៉ាង​ សុដា​​ ​បើ​សាមី​ខ្លួន​ឬ​គ្រួសារ​​​ស្នើ​សុំ។

លេខាធិការដ្ឋានអង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​​លោក​ ប៊ុន​ មុនី​ ​ឲ្យ​ដឹងនៅថ្ងៃទី១៥ ខែកញ្ញាថា​ ​ការ​ចាប់​ខ្លួន​​អតីត​សង្ឃ​ខ្មែរ​ក្រោម​រូប​នេះ​ជាប់​ព័ន្ធ​នឹង​ករណី​សង្ស័យ​ពីរ​​ ​​គឺ​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​ចោទប្រកាន់ថា លោក​ ប៉ាង​ សុដា​ មិន​បាន​​​ធ្វើ​តាម​ការ​សន្យា​ជាមួយ​សមត្ថកិច្ច​​។​​ លោក​បន្តថា​ ករណី​មួយ​ទៀតសមត្ថកិច្ច​ចោទប្រកាន់​លោក​ ប៉ាង សុដា ថា បាន​រារាំង​វិធាន​បង្ការ​ការពារ​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩ របស់​សមត្ថកិច្ច។​​​​​ លោកឲ្យ​ដឹង​ទៀតថា ការចាប់​ខ្លួន​អតីត​សង្ឃ ប៉ាង សុដា ​កើតឡើង​ក្នុង​ទឹកដី​រាជធានី ភ្នំពេញ កាលពី​ថ្ងៃទី១៤ ខែកញ្ញា៖ «គេ​ផ្ដាំ​ថា ​​កុំ​ឲ្យ​បិទ​ទូរស័ព្ទ​​ហ្នឹង​ឲ្យ​សោះ​ ទុក​ទំនាក់ទំនង​គ្នា​ ប៉ុន្តែ​ ​​គាត់​ ( លោក​ ប៉ាង​ សុដា )​ ក៏​បិទ​ទូរស័ព្ទ​ហ្នឹង​ទៅ​​ហើយ​ចឹង​ធ្វើ​ឲ្យ​កើត​ឡើង​ក្រោយ​​​​ ដូច្នេះ​គេ​លែង​ហើយ​ ប៉ុន្តែ​មិន​អនុវត្ត​ទៅតាម​ការ​ស្នើ​របស់​គេ​ ដល់​ចឹង​កាល​​ពី​ថ្ងៃ​ម្សិល​មិញ ​បាន​គេ​សាកសួរ​រឿង​រ៉ាវ​ គេ​បញ្ជូន​ទៅ​ព្រៃស»។

​លោក​ ប៊ុន​ មុនី​ ​​​​ប្រាប់​វិទ្យុ​អាស៊ីសេរី​ទៀតថា​ សមាគមន៍​ខ្មែរ​ក្រោម​បាន​ទាក់ទង​ទៅ​សាច់ញាតិ​លោក​ ប៉ាង​ សុដា​ ពី​ការ​ផ្ដល់​មេធាវីជួយការពារក្ដី​​ ប៉ុន្តែ​សាច់​ញាតិ​អតីត​​សង្ឃ​រូប​នេះ​នៅ​​ស្ទាក់ស្ទើរ​មិន​ទាន់​​​ឆ្លើយ​​បែបណានៅឡើយទេ​​ ដោយ​ប្រាប់​ថា ​ពេលនេះ​ពួក​គេ​កំពុង​​ពឹងពាក់​​ថ្នាក់​លើ​ម្នាក់​​​ឲ្យ​ជួយ​​សម្រួលរឿង​នេះ​​​៖ «ពួក​ខ្ញុំ​បាន​ត្រៀម​លក្ខណៈ​​ហើយ​អស់​ថា​ នឹង​ជួយ​គាត់​​​យើង​មាន​មេធាវី​ខ្មែរ​ក្រោម​ស្រាប់​​​ហ្នឹង​ ប៉ុន្តែ​ គ្រួសារ​គាត់​ឆ្លើយ​ចឹង​មក​​យើង​មាន​ការ​ខកចិត្ត​​ប៉ុន្តែ​មិន​ខក​ចិត្ត​អី​ខ្លាំង​ក្លា​ទេ​​ ​​គ្រាន់​តែ​ថា​ យើង​ត្រៀម​អស់​ហើយ ​ប៉ុន្តែ​ដល់​ចំលើយ​មក​ពី​គ្រួសារ​គាត់​​ថា​ ​បាន​ទំនាក់ទំនង​​​​​​ជាមួយ​ថ្នាក់​លើ​ណាមួយ​ជួយ​សម្រួល​ការងារ​លោក​គ្រូ​​ហ្នឹង​ហើយ​»។

វិទ្យុ​អាស៊ីសេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​ប្អូន​ប្រុស​លោក​ ប៉ាង សុដា​ ប៉ុន្តែ​មិន​ទទួល​បាន​ការ​ឆ្លើយ​តប​​ទេ​។​ រីឯ​មេធាវី​ខ្មែរ​ក្រោម​លោក​ ស៊ឺន​ ជុំជួន​ ​ប្រាប់ថា​​​ ក្នុង​នាមលោក​ជា​ខ្មែរ​ក្រោម​ដូច​គ្នា​លោក​ត្រៀម​ខ្លួន​ជា​និច្ច​ក្នុងការជួយ​ការ​ពារ​ក្ដី​ដល់អន្ទឹត ប៉ាង​ សុដា​ ​​ប៉ុន្តែ​​​គិត​មក​ដល់​ថ្ងៃ​ទី​១៥​ ខែ​កញ្ញា​ ​លោក​មិន​ទាន់​ទទួល​បាន​សំណើ​​ពីជន​​​ជាប់​ឃុំ​និង​សាច់​ញាតិ​នៅឡើយ​ទេ​។

​ទាក់ទង​ករណី​ឃុំ​ខ្លួន​នេះ​ដែរ​ ​អ្នក​នាំពាក្យ​​នគរបាល​រាជធានី​ ភ្នំពេញ​លោក សាន​ សុខសីហា​ និយាយ​ថា​ ​​​គ្មាន​ករណី​ឃុំ​ខ្លួន​​នេះ​ទេ​៖ «ខ្ញុំ​អត់​ដឹង​ទេ តែ​ខ្ញុំ​ដឹង​ថា អត់​មាន​ បើសិន​ជា​មាន​ខ្ញុំ​ទទួល​បាន​ព័ត៌មាន»។

ទោះមាន​ការ​អះអាង​បែបនេះ​ពី​លោក សាន សុខសីហា ក្តី ប៉ុន្តែក្រុម​ការងារ​សហគមន៍​ខ្មែរ​ក្រោម​សុទ្ធតែ​លើក​ឡើង​ដូចៗ​គ្នាថា​ អន្ទឹត ប៉ាង សុដា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​និង​យក​ទៅ​ឃុំនៅ​ពន្ធនាគារ​ព្រៃស​ហើយ។

វិទ្យុ​អាស៊ីសេរី​​មិន​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​អ្នក​នាំពាក្យ​ពន្ធនាគារ​លោក​ នុត​ សវនា​ បាន​ទេ​នៅ​ថ្ងៃទី​១៥​ ខែ​កញ្ញា​។​

​​លោក​ ប៉ាង សុដា ត្រូវ​បាន​មន្ត្រី​សង្ឃ​ខេត្ត​កំពង់​ចាម​ចាប់​ផ្សឹក ​និង​បញ្ជូន​មក​សាកសួរ​បន្ត​នៅ​ភ្នំពេញ​​​ក្នុង​ក្រសួង​មហាផ្ទៃ​​​កាល​ពី​ថ្ងៃទី២​ ខែ​កញ្ញា​។​ ដំបូង​ឡើយ​អាជ្ញាធរ​​ចោទ​ប្រកាន់​ថា ​លោក​បាន​ល្មើស​វិធាន​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​-១៩​ ប៉ុន្តែ​ចុង​ក្រោយ​លោក​ ប៉ាង សុដា ប្រាប់​​ប្រព័ន្ធ​ឃោសនា​របស់​លោក ហ៊ុន សែន ​ថា លោក​បានប្រព្រឹត្ត​អសីលធម៌​​ប៉ះពាល់​​ដល់​​ព្រះពុទ្ធសាសនា​ទៅវិញ។ ​​ទោះបីជាយ៉ាង​នេះក្តី សង្គម​ស៊ីវិល​ថា ការ​សារភាព​នេះ ហាក់បី​ធ្វើឡើង​ដោយ​ការ​បង្ខំ​និង​​ជា​​ការ​​រៀបចំទុក​​ជា​មុន។

អតីត​សង្ឃ​ខ្មែរក្រោមលោក ប៉ាង សុដា ជា​ព្រះ​ចៅ​អធិការ​វត្ត វង្ស​គត​បូរីសេរី​ភ្នំពេញ​ថ្មី ខេត្ត​កំពង់​ចាម​ តាំង​ពីឆ្នាំ១៩៩៥ ​​​រហូត​ដល់​ថ្ងៃ​ចាប់​ផ្សឹក​។ ក្រៅ​ពីជា​ចៅ​អធិការ​វត្ត​ព្រះ​អង្គក៏ជា​ទីប្រឹក្សា​និង​ធម្ម​ទូត​សម្តេច​ព្រះសង្ឃ​រាជ នន្ទ ង៉ែត ​ទៀត​ផង។​ ​ក្រៅពី​ការងារ​សាសនា​​ព្រះអង្គ​ក៏​សកម្ម​នឹង​ការងារ​សង្គម​​​ដោយ​​ឧបត្ថម្ភ​ថវិកា ស្បៀង​អាហារ និង​សម្ភារៈ​ដល់​ពលរដ្ឋ​ក្រីក្រ​ជាដើម​។

ប្រធាន​សាខា​សហព័ន្ធ​​ខ្មែរ​កម្ពុជា​ក្រោម​​ប្រចាំ​កម្ពុជាលោក តាំង សារៈ ​ប្រាប់​ថា​ ពេល​នេះ​សហព័ន្ធ​​របស់​លោក​រង់​ចាំ​មើល​ចំណាត់ការ​របស់​តុលាការ​សិន​​​។​ លោក​ថា​ បើសិន​​តុលាការ​មិន​ផ្ដល់​យុត្តិធម៌​​លើរឿង​​នេះ​ខាង​​សហព័ន្ធ​​​នឹង​ធ្វើ​អន្តរាគមន៍​​​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។