តំណាង​រដ្ឋាភិបាល​ចោទ​ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស អ.ស.ប ថា កំពុង «បង្អាក់» បេសកកម្ម​សង្គ្រោះ​ជីវិត និង​ការទប់ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩

តំណាង​រដ្ឋាភិបាល​ចោទ​ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស អ.ស.ប ថា កំពុង «បង្អាក់» បេសកកម្ម​សង្គ្រោះ​ជីវិត និង​ការទប់ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) ចោទ​ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​ អង្គការ​សហប្រជាជាតិ​ថា កំពុង «បង្អាក់» ដល់​បេសកកម្ម​សង្គ្រោះ​ជីវិត និង​ទប់ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺកូវីដ១៩។ ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​ក្រោយ​ក្រុម ​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ ចំនួន ៤រូប ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​មើល​ឡើង​វិញ​នូវ​វិធានការ​ឆ្លើយ​តប​នឹង​ជំងឺកូវីដ១៩ ដោយសារ​តែ​ពួក​គេ​យល់​ឃើញ​ថា វិធានការ​ដែល​រដ្ឋាភិបាល​បាន​ដាក់​ចេញ​ជា​បន្ត​បន្ទាប់​នា​រយៈ​ពេល​ចុង​ក្រោយ​នេះ មាន​លក្ខណៈ​តឹងរ៉ឹង​ជ្រុល​ហួស​ហេតុ​ពេក មិន​មាន​សមាមាត្រ និង​មិន​ចាំបាច់។

តំណាង​រដ្ឋាភិបាល​ហៅ​ការ​ជំរុញ​របស់​ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ទាំង​នោះ​ថា ជា «គំនិត​សាកល្បង» ហើយ​ក្នុង​ករណី​ថ្លោះធ្លោយ ពួកគេ​ទាំងនោះ​ពុំ​មាន​ការ​ទទួល​ខុស​ត្រូវ​អ្វី​ឡើយ តែ​រដ្ឋាភិបាល​ទៅ​វិញ​ទេ គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ។

ទោះ​ជា​យ៉ាង​ណា​ក្ដី ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ទាំង ៤រូប កាល​ពី​ថ្ងៃ​ទី១២ មេសា បាន​សម្ដែង​កង្វល់​ជា​ខ្លាំង ចំពោះ​ការ​ដាក់​ចេញ​វិធានការ​របស់​រដ្ឋាភិបាល ​ទាំង​វិធានការ​ច្បាប់ និង​វិធានការ​រដ្ឋបាល​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​រាលដាល​នៃ​ជំងឺ​កូវីដ១៩។ លើស​ពី​នេះ​ទៀត ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​ទាំង​នោះ​គូស​បញ្ជាក់​ថា ទិន្នន័យ​សុខភាព​អ្នក​កើត​ជំងឺ​កូវីដ១៩ គួរតែ​ស្ថិត​ក្នុង​ការ​ការពារ​យ៉ាង​តឹងរ៉ឹង​នូវ​សិទ្ធិ​ឯកជន ព្រោះ​ថា ការ​លាតត្រដាង​ទិន្នន័យ​បុគ្គល​ទាំង​នេះ គឺ​ជា​ការបំពាន​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​ឯកជន ដែល​អាច​នាំ​ឱ្យ​មានការ​រើសអើង និង​ការ​មាក់​ងាយ។ ក៏​ប៉ុន្តែ តំណាង​រដ្ឋាភិបាល​បកស្រាយ​វិញ​ថា ការ​បង្ហាញ​អត្តសញ្ញាណ​ដូច្នេះ គឺ​ជា​ការ​លើក​ទឹក​ចិត្ត និង​ជំរុញ​ឲ្យ​មាន​ការ​តាម​រុករក ការ​ធ្វើ​តេស្ត និង​ធ្វើ​ចត្តាឡីស័ក បាន​លឿន និង​ទាន់​ពេល​វេលា​ សំដៅ​រួមចំណែក​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ក្នុង​សហគមន៍៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។