តំណាងរដ្ឋាភិបាលចេញមុខការពារធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដែលអ្នកជំនាញអ.ស.បស្នើឱ្យផ្អាកអនុវត្ត
2024.09.19
តំណាងរដ្ឋាភិបាលកម្ពុជានៅអង្គការសហប្រជាជាតិចេញមុខការពារធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលដាក់ឱ្យប្រើប្រាស់ដោយក្រសួងព័ត៌មានថា ជាមធ្យោបាយផ្លូវច្បាប់ ដើម្បីការពារអ្នកសារព័ត៌មាន និងកសាងទំនុកចិត្តសាធារណៈលើប្រព័ន្ធផ្សព្វផ្សាយ។
ការចេញមុខការពាររបស់តំណាងរដ្ឋាភិបាលកម្ពុជានេះធ្វើឡើងបន្ទាប់ពីអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានរួមគ្នាចេញសេចក្ដីថ្លែងការណ៍ស្នើឱ្យរដ្ឋាភិបាលកម្ពុជាព្យួរ ឬផ្អាកការអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ក្រោយពិនិត្យឃើញថា ធម្មនុញ្ញសារព័ត៌មាននេះពុំបានឆ្លងកាត់ការប្រឹក្សាយោបល់ឱ្យបានទូលំទូលាយជាងមុន និងមិនបានរាប់បញ្ចូលផលប្រយោជន៍សាធារណៈ និងគោលការណ៍ឧបាស្រ័យសមស្របសម្រាប់សារព័ត៌មាន។
តំណាងរដ្ឋាភិបាលកម្ពុជានៅអង្គការសហប្រជាជាតិចាត់ទុកការអំពាវនាវរបស់អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិឱ្យផ្អាកអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ថាជាការបំភ័ន្ត និងរើសអើង ព្រមទាំងមាក់ងាយទៅដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល។ នេះបើតាមការបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍របស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជានៅទីក្រុងហ្សឺណែវ (Geneva) ដែលផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា។
ប្រតិកម្មរបស់តំណាងរដ្ឋាភិបាលកម្ពុជានេះជាការឆ្លើយតបនឹងអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី១២ ខែកញ្ញា បានរួមគ្នាស្នើឱ្យរដ្ឋាភិបាលព្យួរ ឬផ្អាកអនុវត្តន៍ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ក្រុមអ្នកជំនាញលើកឡើងនូវហេតុផលសំខាន់ៗមួយចំនួន ដែលជាផលប៉ះពាល់កើតចេញធម្មនុញ្ញនេះ ដែលរួមមាន៖ ធម្មនុញ្ញនេះត្រូវក្រសួងប្រកាសឱ្យប្រើដោយគ្មានការប្រឹក្សាយោបល់ក្នុងចំណោមភាគីពាក់ព័ន្ធឱ្យបានទូលំទូលាយនៅពេលដែលគោលដៅនៃការអនុវត្តនឹងគ្របដណ្ដប់ទៅលើពួកគេជាឯកជន ស្ថាប័ន សមាគម និងបណ្ដាញសារព័ត៌មានគ្រប់ប្រភេទ និងមិនបានដាក់បញ្ចូលផលប្រយោជន៍សាធារណៈ និងបង្កើតឱ្យមានគោលការណ៍ «ឧបាស្រ័យ» សម្រាប់សារព័ត៌មាន ដែលអាចកែតម្រូវ និងឆ្លើយតប ប្រសិនបើការផ្សព្វផ្សាយមានកំហុស។ អ្នកជំនាញអង្គការសហប្រជាជាតិ ថែមទាំងអំពាវនាវឱ្យរដ្ឋាភិបាលការពារ និងលើកកម្ពស់ និងលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ សេរីភាព និងពហុនិយម ដែលជាសសរស្ដម្ភដ៏សំខាន់របស់ប្រជាធិបតេយ្យ និងជាកត្តាជំរុញឱ្យមានការអភិវឌ្ឍន៍ប្រកបដោយចិរភាព និងកែទម្រង់ច្បាប់ គោលនយោបាយ និងការអនុវត្ត រួមទាំងធម្មនុញ្ញណាដែលរារាំងសេរីភាពបញ្ចេញមតិ។ លើសពីនេះរាល់បទដ្ឋានច្បាប់ក៏ត្រូវអនុលោមតាមកតិកាសញ្ញា អន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលកម្ពុជាបានផ្ដល់សច្ចាប័ន។
បើទោះជាយ៉ាងណាតំណាងរដ្ឋាភិបាលអះអាងតបវិញដែរថាធម្មនុញ្ញនេះបង្កើតឡើងដោយអ្នកសារព័ត៌មាន និងសម្រាប់អ្នកសារព័ត៌មាន ដើម្បីបម្រើប្រយោជន៍វិជ្ជាជីវៈ និងរក្សាទំនុកចិត្តសាធារណៈ និងថាកម្ពុជាគោរពសេរីភាពសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយស្របតាមច្បាប់។ ប៉ុន្តែសេរីភាពនេះមិនអាចពង្រីកវិសាលភាពដល់សេរីភាពផ្សព្វផ្សាយដំណឹងក្លែងក្លាយ ព័ត៌មានក្លែងបន្លំ ព័ត៌មានបំភ្លៃ និងព័ត៌មានភាន់ច្រឡំនោះឡើយ។ ប្រភពដដែលអះអាងទៀតថា ធម្មនុញ្ញនេះបានឆ្លងកាត់ពិគ្រោះយោបល់ និងវាយតម្លៃយ៉ាងទូលំទូលាយជាមួយភាគី ពាក់ព័ន្ធក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយរួមមាន អ្នកសារព័ត៌មាន សមាគមប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នពាក់ព័ន្ធជាង ៣០០នាក់។
យ៉ាងណាក្ដីនាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា លោក ណុប វី មានប្រសាសន៍ថា ក្រសួងមានការពិគ្រោះយោបល់ដែរ ប៉ុន្តែក្នុងរយៈពេលខ្លីគឺត្រឹមតែ ៣ថ្ងៃ ចំណែកការប្រកាសឱ្យប្រើប្រាស់ក៏បន្ទាន់ៗដែរ។
លោក ណុប វី៖ «គួរតែមានពេលវេលាបន្ថែមទៀត ដើម្បីឱ្យមានការពិគ្រោះយោបល់ ជជែកពិភាក្សារវាងក្រសួងជាមួយហ្នឹងដៃគូពាក់ព័ន្ធឱ្យបានផុលផុស និងប្រកបដោយស្ថាបនាជាងអ្វីដែលបានធ្វើកន្លងមក។ អ្វីដែលអ្នកជំនាញរបស់អង្គការសហប្រជាជាតិគាត់បានមើលឃើញ ប៉ុន្តែជាការពិតជាអ្វីដែលជាឆ្លុះបញ្ចាំងពីការលើកឡើង ពីសំណើរបស់ភាគីពាក់ព័ន្ធជាពិសេសពីខាងអង្គការ និងអ្នកសារព័ត៌មានដែរ»។
ជុំវិញរឿងនេះដែរ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៨ ខែកញ្ញា ថា រដ្ឋាភិបាលគួរពិនិត្យមើលឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានល្អប្រសើរ ស្របតាមបទដ្ឋានអន្តរជាតិ និងលើកកម្ពស់វិស័យសារព័ត៌មានវិជ្ជាជីវៈ និងការពារអ្នកសារព័ត៌មានជាដើម។
លោក អំ សំអាត៖ «ការបដិសេធ ការឆ្លើយតបលឿនពេក អាហ្នឹងក៏វាមិនសូវល្អដែរ។ យើងគួរពិនិត្យថា ប្រសិនបើមានចំណុចខ្វះខាត ហើយចំណុចណាមិនស្របជាមួយ សេរីភាពសារព័ត៌មាន ឬសេរីភាពក្នុងការទទួលបានព័ត៌មាន គួរពិនិត្យឡើងវិញ ធ្វើយ៉ាងម៉េចឱ្យធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកាន់តែល្អប្រសើរជារឿងល្អជាង»។
រដ្ឋមន្ត្រីក្រសួងបានព័ត៌មានប្រកាសដាក់ឱ្យប្រើប្រាស់ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានជាផ្លូវការ កាលពីថ្ងៃទី០៦ ខែ សីហា បន្ទាប់ពីបានចំណាយពេលតាក់តែងចងក្រងជាង៤ខែ។
ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានជាកូនសៀវភៅ ដែលមានកម្រាស់១១ទំព័រ ចែកចេញជា៤ជំពូក ដែលភាគច្រើនរៀបរាប់ពីករណីយកិច្ចការទទួលខុសត្រូវរបស់សារព័ត៌មាន និងបម្រាមនានា ដែលសារព័ត៌មានត្រូវចៀសវៀង។
ទាក់ទងនឹងវិស័យសារព័ត៌មាននេះ របាយការណ៍រដ្ឋាភិបាលឱ្យដឹងថា ក្នុងពេលបច្ចុប្បន្ននេះ នៅកម្ពុជាមានបណ្ដាញសារព័ត៌មានដែលបានចុះបញ្ជីជាង ២.០០០ និងអ្នកសារព័ត៌មានជាង ១០.០០០នាក់។
រីឯអង្គការអ្នករាយការណ៍គ្មានព្រំដែន (Reporters Without Borders) បានដាក់ចំណាត់ថ្នាក់កម្ពុជានៅលេខរៀងទី១៥១ ក្នុងចំណោមប្រទេស១៨០ សម្រាប់ឆ្នាំ២០២៤ គឺសេរីភាពសារព័ត៌មានបន្តធ្លាក់ចុះ ដោយសារតែរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត បន្តដាក់គោលដៅគំរាមកំហែង និងបំបាត់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។