នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព ដែលនឹងឈប់ធ្វើជាថ្នាក់ដឹកនាំស្ថាប័នក្នុងឆ្នាំ២០២៤ ខាងមុខនេះ តែទោះជាបែបនេះក្ដីសាធារណជនសង្កេតឃើញថា អ្នកស្រីគឺជាអ្នកដឹកស្ត្រីវ័យក្មេង ចូលរួមលើកស្ទួយសិទ្ធិមនុស្ស សមភាពយេនឌ័រ និងតែងលើកទឹកចិត្តឱ្យស្ត្រីហ៊ានក្នុងការសម្រេចចិត្ត។
អ្នកស្រី ចក់ សុភាព៖ «សម្រាប់ស្ត្រីផ្សេងទៀតហ្នឹង យើងត្រូវពង្រឹងសមត្ថភាព យើងមានទំនុកចិត្តលើខ្លួនឯង និងហ៊ានក្នុងការចូលរួម បើយើងអត់ហ៊ានខ្លួនឯងទេ ឱ្យទេគេរុញទៅអត់រួចទេ អីចឹងយើងត្រូវចាប់ផ្ដើមពីខ្លួនឯងគឺហ៊ាន»។
នេះជាការលើកឡើងរបស់នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព យល់ឃើញថា ពលរដ្ឋគ្រប់រូបសុទ្ធតែអាចអភិវឌ្ឍន៍ខ្លួនក្លាយជាអ្នកដឹកនាំក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សង្គម ចំណែកស្ត្រីក្រៅពីអភិវឌ្ឍន៍ ភាពក្លាហានក្នុងការចូលរួម និងហ៊ានសម្រេចចិត្ត។
អ្នកស្រី ចក់ សុភាព គឺជាមនុស្សម្នាក់ក្នុងចំណោមស្ត្រីវ័យក្មេងដឹកនាំស្ថាប័នលើកកម្ពស់សិទ្ធិមនុស្សអស់រយៈពេលជិត ១០ឆ្នាំដោយគិតត្រឹមឆ្នាំ២០១៤ មកទល់បច្ចុប្បន្ន និងទទួលបានពានរង្វាន់ពីស្ថាប័នអន្តរជាតិជាច្រើនរួមទាំងពានរង្វាន់ ពីអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ប៉ារ៉ាក់ អូប៉ាម៉ា (Barack Obama) ផងដែរជុំវិញការខិតខំប្រឹងប្រែងលើកស្ទួយសិទ្ធិមនុស្ស និងសមភាពយេនឌ័រនៅប្រទេសកម្ពុជា។
អ្នកស្រី ចក់ សុភាព មានស្រុកកំណើតនៅឃុំពង្រ ស្រុកកោះសុទិន ខេត្តកំពង់ចាម។ អំឡុងឆ្នាំ១៩៨៩ ក្រុមគ្រួសារអ្នកស្រីបានផ្លាស់មកនៅទីក្រុងភ្នំពេញនៅ និងបញ្ចប់ការសិក្សានៅវិទ្យាល័យមួយនៅក្នុងរាជធានីភ្នំពេញក្នុងឆ្នាំ២០០១ និងបានប្រឡងជាប់មុខវិជ្ជាពេទ្យដែលជាក្ដីស្រមៃកាលនៅកុមារភាព ដើម្បីព្យាបាលដល់អ្នកជំងឺក្រីក្រ។
ប៉ុន្តែអ្នកស្រីបានផ្អាកបន្តការសិក្សាមុខវិជ្ជាពេទ្យនេះ ដោយសារតែក្រុមគ្រួសាររបស់អ្នកស្រីមិនមានលទ្ធភាពគ្រប់គ្រាន់ និងពិបាកក្នុងការធ្វើដំណើរផង អ្នកស្រីបានសម្រេចចិត្តហាត់ការនៅអង្គការក្នុងវិទ្យាស្ថានសម្រាប់សហប្រតិបត្តិការ និងសន្តិភាព(CICP) ក្នុងឆ្នាំ ២០០២ និងមួយខែក្រោយមក ដោយសារតែការខិតខំប្រឹងប្រែង និងដោយភាពពូកែអ្នកស្រីក៏បានជាប់ជាបុគ្គលិកនៅទីនោះ ទន្ទឹមនឹងនេះអ្នកស្រីក៏អាចយល់ដឹងអំពីសង្គម និងសិទ្ធិមនុស្ស។
ក្រោយពីក្លាយជាមន្ត្រីនៃអង្គការសង្គមស៊ីវិល អ្នកស្រី ចក់ សុភាព មានលទ្ធភាពបង់ថ្លៃលើមុខជំនាញសេដ្ឋកិច្ចនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រផងដែរ។ នៅឆ្នាំ២០០៥ អ្នកស្រី ចក់ សុភាព បានក្លាយជាមន្ត្រីតស៊ូមតិ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហើយអ្នកស្រីយល់ពីបញ្ហាសិទ្ធិមនុស្សកាន់តែច្បាស់ នៅពេលដែលអាជ្ញាធរចាប់នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក កឹម សុខា តាមពាក្យប្ដឹងរបស់លោក ហ៊ុន សែន ពីបទបរិហារកេរ្តិ៍។
អ្នកស្រីថា៖ «មើលឃើញព្រឹត្តិការណ៍ហ្នឹង ឃើញគេចាប់ខ្លួនគាត់ គេចុះមកអត់មានដីកា យើងសួរអីចឹងទៅគេចាក់សោឱ្យចាំក្នុងការិយាល័យ ចាំគេយកដីកាមក។ ប៉ុន្តែទន្ទឹមនេះក៏ជាឱកាសមួយល្អធ្វើឱ្យយើងឃើញ ឱ្យយើងយល់ពីស្ថានភាពសិទ្ធមនុស្សជាក់ស្ដែង ពីមុនយើងមិនសូវយល់យើងថ្មី ប៉ុន្តែយើងបានរៀនសូត្រព្រឹត្តិការណ៍ហ្នឹង ហើយជាស្ថានភាពមួយដែលជំរុញចិត្តខ្ញុំថា ត្រូវតែនៅបន្តដើម្បីស្វែងរកយុត្តិធម៌ដល់សង្គម»។
ទោះបីស្ថាប័នជួបវិបត្តិហិរញ្ញវត្ថុ និងមានការចាប់ខ្លួនថ្នាក់ដឹកនាំក្ដី អ្នកស្រី ចក់ សុភាព នៅតែមានកម្លាំងចិត្តបន្តការងារជួយស្ថាប័ន និងបន្តធ្វើយុទ្ធនាការតស៊ូមតិជាដើម រហូតនៅពេលដែលស្ថាប័នមានភាពរឹងមាំអ្នកស្រី ចក់ សុភាព ក៏បានជាប់អាហារូបករណ៍ថ្នាក់អនុបណ្ឌិតផ្នែកការសិក្សាសន្តិភាពអន្តរជាតិនៅសាកលវិទ្យាល័យអន្តរជាតិជប៉ុន (IUJ)។
ក្រោយត្រឡប់មកពីប្រទេសជប៉ុនវិញ អ្នកស្រី ចក់ សុភាព ត្រូវបានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ស្នើឱ្យត្រឡប់ធ្វើការវិញ ជាមួយគ្នានេះដែរ អ្នកស្រីដាក់ការងារនៅតុលាការខ្មែរក្រហមនិងមានភាពស្ទាក់ស្ទើរក្នុងការជ្រើសរើស។ ប៉ុន្តែក្នុងពេលសម្ភាសន៍នៅតុលាការខ្មែរក្រហមបានតម្រូវឱ្យអ្នកស្រីបញ្ឈប់សរសេរអត្ថបទលើប្រព័ន្ធផ្សព្វផ្សាយដែលរិះគន់លើតុលាការខ្មែរតទៅទៀត អ្នកស្រីបានបដិសេធទទួលយកការងារនេះ ដោយអ្នកស្រីថា មិនអាចប្ដូររវាងសេរីភាព និងការងារនោះទេ។
អ្នកស្រី ចក់ សុភាព៖ «មានអត្ថបទមួយចំនួនខ្ញុំបានរិះគន់តុលាការខ្មែរក្រហម គាត់ក៏ផ្ដល់ជាមតិថា ទោះបីជាយ៉ាងណាគាត់ពេញចិត្តនឹងសមត្ថភាពរបស់ខ្ញុំ គាត់ទទួលយើង តែមានលក្ខខណ្ឌមួយឱ្យយើង ឈប់សរសេរ ឈប់រិះគន់។ អីចឹងខ្ញុំក៏ប្រាប់គាត់ភ្លាមៗថា ខ្ញុំសូមអធ្យាស្រ័យហើយ ខ្ញុំអត់ទទួលទេ ការងារហ្នឹង ប្រសិនបើមានលក្ខខណ្ឌអ៊ីចឹង»។
បន្ទាប់ពីជ្រើសធ្វើការនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ក្នុងឆ្នាំ២០១០ និងបានបម្រើការងារអស់រយៈពេល៤ឆ្នាំ ក្រុមប្រឹក្សាភិបាលបានស្នើតែងតាំងអ្នកស្រីជានាយកប្រតិបត្តិក្នុងវ័យ២៩ឆ្នាំ។ មុននឹងសម្រេចចិត្តទទួលយកតំណែងជានាយិកាប្រតិបត្តិអ្នកស្រីធ្លាប់មានការព្រួយបារម្ភថា អ្នកស្រីជាស្ត្រីវ័យក្មេងដែលមនុស្សជាច្រើនមិនជឿជាក់លើសមត្ថភាព និងបារម្ភប៉ះពាល់ដល់ស្ថាប័ន តែខណៈនោះអ្នកស្រីគិតថា ខ្លួនជាអ្នកដែលលើកស្ទួយស្ត្រីឱ្យក្លាយជាអ្នកដឹកនាំ ឬអ្នកនយោបាយ ហេតុនេះទើបចុងក្រោយអ្នកស្រីសម្រេចទទួលយកដឹកនាំមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាមកដល់បច្ចុប្បន្ន។
អ្នកស្រី ចក់ សុភាព៖ «បើយើងធ្វើទៅអត់បានល្អមតិជាច្រើននឹងដាក់សម្ពាធថាក្មេងធ្វើមិនបានទេការងារអីចឹងៗ ជាពិសេសស្ត្រី ពិសេសវ័យក្មេង កុំឱ្យសោះ អីចឹងខ្ញុំបារម្ភថា ខ្ញុំក្លាយជាបន្ទុកមួយដែលបន្សល់កេរដំណែលអត់ល្អ ដល់យុវជនជំនាន់ក្រោយ។ ទន្ទឹមនឹងយើងបើយើងមិនចាប់ផ្ដើមពេលហ្នឹង តើពេលណា ដែលយើងអាចត្រួសត្រាយផ្លូវសម្រាប់មនុស្សជំនាន់ក្រោយដែរ ដែលយើងអាចបង្ហាញគំរូភាពថា ស្ត្រីវ័យក្មេងអាចធ្វើបាន»។
ក្រោយពីក្លាយជានាយកប្រតិបត្តិ អ្នកស្រីក៏រងការរិះគន់ពីមន្ត្រីរដ្ឋាភិបាល ក្នុងនោះក៏មានមន្ត្រីអង្គការសង្គមស៊ីវិលផងដែរ ដោយរិះគន់ថា អ្នកស្រីមិនអាចធ្វើជាថ្នាក់ដឹកនាំបាននោះទេ។ តែយ៉ាងណា អ្នកស្រីបានយកចិត្តទុកដាក់ចំពោះការរិះគន់ទាំងនេះ។ តែអ្នកស្រី ទទួលបានការគាំទ្រពីសហការី ដៃគូជាតិ និងអន្តរជាតិ ព្រមទាំងបានបង្ហាញសមិទ្ធផលតស៊ូមតិចំពោះបញ្ហាសិទ្ធិមនុស្សជិត១០ឆ្នាំមកនេះ។
ក្នងនាមជាអ្នកដឹកអ្នកស្រី ចក់ សុភាព បានបង្កើតកម្មវិធីផ្សេងៗ សិក្ខាសាលា យុទ្ធនាការ ដោយផ្ដោតលើការលើកស្ទួយសិទ្ធិស្ត្រី បំបាត់ការរើសអើងលើយេនឌ័រ និងអំពើហិង្សាលើគ្រួសារ។ អ្នកស្រីចុះសង្កេតការណ៍រាល់ពេលពលរដ្ឋធ្វើបាតុកម្ម ឬកូដកម្ម ស្វែងរកយុត្តិធម៌។
តំណាងសហគមន៍ឡពាង អ្នកស្រី អ៊ុំ សុភី យល់ឃើញថា អ្នកស្រី ចក់ សុភាព គឺជាស្ត្រីដឹកនាំល្អម្នាក់ ហើយសម្រាប់សហគមន៍ឡពាងផ្ទាល់ មណ្ឌលមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) តែងតែបង្រៀនដល់សហគមន៍ឱ្យយល់ដឹងពីសិទ្ធិ។
អ្នកស្រី អ៊ុំ សុភី៖ «សម្រាប់សហគមន៍ខ្ញុំ គាត់ជួយច្រើន ទាំងពីការតស៊ូមតិ ទាំងពីការឱ្យចូលវគ្គបណ្ដុះបណ្ដាលផ្សេងៗ ទាំងពីការតស៊ូមតិ ទាំងពីវគ្គស្រលាញ់ភេទដូចគ្នា ស្ត្រីក្នុងភាពជាអ្នកដឹកនាំ និយាយទៅគាត់ជួយច្រើន»។
ចំណែកមន្ត្រីកម្មវិធីស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គឹមហុង លើកឡើងថា អ្នកស្រី ចក់ សុភាព គឺជាមនុស្សរួសរាយចំពោះមនុស្សជុំវិញខ្លួន ម៉ឺងម៉ាត់ចំពោះការងារ និងមានភាពគំរូភាពជាស្ត្រីដឹកនាំផងដែរ។
លោក ហេង គឹមហុង៖ «លោកស្រី ចក់ សុភាព គឺជាគំរូដែលមានភាពជាអ្នកដឹកនាំ និងជាបុគ្គលដែលរស់នៅ និងផ្សាភ្ជាប់ជាមួយហ្នឹងបញ្ហាសង្គម ហើយជាពិសេសបុគ្គលដែលបាននៅជិតដិតជាមួយបញ្ហា ហើយនាំយកបញ្ហាមកតស៊ូមតិដើម្បីឱ្យមានការគោរពសិទ្ធិមនុស្ស និងយុត្តិធម៌សង្គមនៅកម្ពុជា»។
អ្នកស្រី ចក់ សុភាព ថា នៅពេលនេះស្ថាប័នកំពុងជ្រើសរើសនាយកប្រតិបត្តិថ្មី ហើយបើទោះបីជាអ្នកស្រីមិនទាន់គិតពីតួនាទីអនាគតក្ដី តែអ្នកស្រីនឹងបន្តចូលរួមលើស្ទួយសិទ្ធិមនុស្សដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។