សង្គម​ស៊ីវិល​ស្នើ​កែ​ច្បាប់​សមាគម​តាម​សំណើ​របស់​អ្នករាយការណ៍​ពិសេស​ផ្នែក​សិទ្ធិមនុស្ស

0:00 / 0:00

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​រដ្ឋាភិបាល អនុវត្ត​តាម​អនុសាសន៍​របស់​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ដែល​បង្ហាញ​ក្តី​បារម្ភ​ក្នុង​របាយការណ៍ ជា​លើកដំបូង​កាលពីដើម​ខែតុលា ជុំវិញ​ការ​រឹត​ត្បិត​លំហ​សេរីភាព​ការងារ​របស់​អង្គការ​សង្គម​ស៊ីវិល។

កន្លងទៅ​រដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​ច្បាប់​មួយចំនួន​ក្នុង​នោះ​រួម​ទាំង​ច្បាប់​ស្ដីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ផង ដែល​ប៉ះពាល់​ដល់​ការងារ​ផ្នែក​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​អភិបាលកិច្ច​ល្អ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ធំៗ​មួយ​ចំនួន រួម​មាន មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អង្គការ​សិទ្ធិមនុស្ស​លីកាដូ (Licadho) និង​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា យល់ស្រប​ទៅ​នឹង​របាយ​ការណ៍​ជា​លើកដំបូង របស់​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) កាល​ពី​ដើម​ខែ​តុលា ថា ជា​ការ​ឆ្លុះ​បញ្ចាំង​ការពិត​ដែល​កំពុង​កើត​ឡើង​នៅ​កម្ពុជា និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​ឡើងវិញ នូវ​មាត្រា​ច្បាប់​មួយ​ចំនួន ដែល​រឹតត្បិត​សិទ្ធិ​សេរីភាព​និង​សកម្មភាព​ការងារ របស់​អង្គការ​សង្គម​ស៊ីវិល។

នាយករង​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា បញ្ហា​ដែល​សង្គម​ស៊ីវិល​កំពុង​ប្រឈម​បច្ចុប្បន្ន រួមមាន សេរីភាព​នៃ​ការ​បំពេញ​ការងារ និង​ការ​ឃ្លាំមើល​ពី​អាជ្ញាធរ​មូលដ្ឋាន ជាដើម ដែល​ជា​មូលហេតុ​នាំ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច​ក្នុង​ការ​ផ្តល់​ព័ត៌មាន ឬ​សហការ​ជាមួយ​មន្ត្រី​សង្គម​ស៊ីវិល៖ «បញ្ហា​ដែល​អង្គការ​សង្គម​ស៊ីវិល​ប្រឈម ទី​១ លំហ​សេរីភាព​របស់​សង្គម​ស៊ីវិល ត្រូវ​បាន​រឹត​ត្បិត​ដែរ ការ​រឹត​ត្បិត​នេះ​មិនមែន​តែ​ក្នុង​បរិបទ​កូវីដ​១៩​ទេ​។ រឿង​ច្បាប់​ស្ដីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ហ្នឹង ច្បាប់​ស្ដីពី​សហជីព​ជាដើម ដែល​អនុម័ត​ឡើង​ហើយ វា​នាំ​ឲ្យ​ប៉ះពាល់​ដល់​សេរីភាព​ពលរដ្ឋ ហើយក៏​ប៉ះពាល់​ដល់​សង្គម​ស៊ីវិលដែរ ដូច​អ្នករាយការណ៍​ពិសេស​លើកឡើង​ថា គួរ​ពិនិត្យ​ច្បាប់​មួយ​ចំនួន ដែល​មិន​ស្រប​ទៅ​តាម​បទដ្ឋាន​គោលការណ៍​សកល​ស្ដីពី​សិទ្ធិមនុស្ស គួរតែ​មាន​ការ​កែ​លម្អ ដើម្បី​ឲ្យ​មាន​លំហ​សេរីភាព​ទាក់ទង​នឹង​អង្គការ​សង្គម​ស៊ីវិល និង​ធានា​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ»។

ច្បាប់​ស្ដីពី «​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​» មាន​៩​ជំពូក និង​៣៩​មាត្រា ហើយ​ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើ​ប្រាស់​កាល​ពី​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៥។ ក្រុម​អង្គការ​សង្គម​ស៊ីវិល ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ​ធ្វើ​វិសោធនកម្ម​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​នេះ ដើម្បី​បើក​លំហ​ប្រជាធិបតេយ្យ​និង​សេរីភាព​ការងារ​របស់​សង្គម​ស៊ីវិល​ឡើង​វិញ។ ក៏ប៉ុន្តែ​កិច្ច​ពិគ្រោះ​យោបល់​ជាច្រើនលើក​ច្រើនសា​រវាង​ភាគី​ពាក់ព័ន្ធ នៅ​មិន​ទាន់​មាន​ការព្រមព្រៀង​ជាក់លាក់​លើ​ចំណុច​ណាមួយ​នៅ​ឡើយ រហូត​មក​ដល់​ពេល​នេះ។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព បញ្ជាក់​ថា ដោយសារ​ច្បាប់​ស្ដីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ​ហើយ ទើប​សកម្មជន​ការងារ​សង្គម និង​បរិស្ថាន​មួយ​ចំនួន ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន និង​ផ្ដន្ទាទោស ដោយសារ​អាជ្ញាធរ​យក​លេស​ថា មិន​បាន​ចុះឈ្មោះ​ស្របច្បាប់​ជាមួយ​ក្រសួង​មហាផ្ទៃ​ជាដើម​។ បន្ថែម​ពី​នេះ​អ្នកស្រី​សង្កត់ធ្ងន់​ថា មន្ត្រី​សង្គម​ស៊ីវិល​ណា ដែល​លើកឡើង ពី​ស្ថានភាព​ពិត​ជាក់ស្តែង នៃ​ការរំលោភ​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ ក៏​រង​ការ​គំរាមកំហែង​ពី​អាជ្ញាធរ​រដ្ឋាភិបាល​ផង​ដែរ៖ «ក្តី​ព្រួយបារម្ភ​របស់​យើង​រួម មាន​លក្ខខណ្ឌ​នៃ​ការ​តម្រូវ​ឲ្យ​ចុះឈ្មោះ សមាគម ឬ​បណ្ដាញ​ផ្សេងៗ​ដែល​អាច​ធ្វើ​សកម្មភាព ប្រសិន​បើ​គាត់​មិន​បាន​ចុះឈ្មោះ​ទេ ត្រូវ​ចាត់​ទុក​ថា ជា​សកម្មភាព​ខុសច្បាប់ កន្លែង​ហ្នឹង​ជា​ការ​រឹត​បន្តឹង​ទៅ​លើ​សេរីភាព​នៃ​ការ​ចងក្រង​ជា​បណ្ដាញ ដែល​ធានា​ក្នុង​រដ្ឋធម្មនុញ្ញ​។ បន្ថែម​ពី​នេះ​មាន​លក្ខខណ្ឌ​មួយ​ចំនួន​ទៀត តម្រូវ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល ត្រូវ​រក្សា​អព្យាក្រឹត្យ​នយោបាយ ហើយ​យើង​មើលទៅ​នេះ​ជា​លក្ខខណ្ឌ​មួយ ដែល​រដ្ឋាភិបាល​យក​មក​គំរាមកំហែង​ដល់​អង្គការ នៅ​ពេល​យើង​រាយការណ៍​ពី​បញ្ហា​សិទ្ធិមនុស្ស»។

ការ​លើកឡើង​របស់​មន្ត្រី​នៃ​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ ធ្វើឡើង​បន្ទាប់ពី​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) ព្រមាន​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍ កាល​ពី​ថ្ងៃទី៦ ខែ​តុលា នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) ទៅកាន់​សម័យប្រជុំ​លើក​ទី ៤៨ របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ថា កម្ពុជា​កំពុងតែ​ដើរ​ថយក្រោយ ដោយ​ងាក​ចេញ​ពី​ការគោរព​សិទ្ធិមនុស្ស និង​គន្លង​ប្រជាធិបតេយ្យ​។ ក្នុង​របាយការណ៍​នេះ​ដែរ លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការ​បង្កើត​ច្បាប់​នានា និង​លុប​បំបាត់​ការប្រើ​អំណាច ដែល​បំពាន​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ ហើយ​ងាក​មក​រក​កិច្ចពិភាក្សា​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ក្នុង​ការ​ពិនិត្យ​ឡើងវិញ និង​ទទួលយក​អនុសាសន៍​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដើម្បី​កែប្រែ​មាត្រា​ខ្លះ នៃ​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។​

លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) ក៏បាន​បញ្ជាក់​ថា ទោះបីជា​ប្រទេស​កម្ពុជា មាន​អង្គការ​សមាគម ប្រមាណ​ជា ៥​ពាន់ ក៏ដោយ ក៏​អង្គការ​ដែល​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ និង​បរិស្ថាន កំពុង​ជួប​បញ្ហា​លំបាក​ជា​ខ្លាំង ក្នុង​ការ​អនុវត្ត​ការងារ​របស់​ពួកគេ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន។ លោក​បន្ត​ថា រដ្ឋាភិបាល​មិន​អាច​គ្រាន់តែ​លើកយក​បរិមាណ​ឬ​ចំនួន​អង្គការ​សង្គម​ស៊ីវិល ហើយ​និយាយ​ថា កម្ពុជា​មាន​សេរីភាព និង​ប្រជាធិបតេយ្យ​ពេញ​ហូរហៀរ​នោះ​ទេ ប៉ុន្តែ​ត្រូវ​ទទួលស្គាល់​ពី​គុណភាព​ការងារ​ទៅវិញ និង​សហការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ដើម្បី​លើកស្ទួយ​សិទ្ធិមនុស្ស និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម។

ទាក់ទង​បញ្ហា​នេះ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ ក៏​បាន​ទទួលស្គាល់​អំពី​បញ្ហា​លំបាក​របស់​សង្គម​ស៊ីវិល​ដែល​សកម្ម​នឹង​ការងារ​ផ្នែក​សិទ្ធិមនុស្ស បរិស្ថាន និង​អភិបាលកិច្ច​ល្អ​។ លោក​បន្ត​ថា អាជ្ញាធរ​មូលដ្ឋាន​មិន​បាន​សហការ​ជាមួយ​សង្គម​ស៊ីវិល​ទេ ដោយ​រុញ​ការ​ទទួលខុសត្រូវ​ឲ្យ​គ្នា​ទៅវិញ​ទៅ​មក​៖ «អង្គការ​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ យើង​ដឹង​ថា ពួកគេ​ប្រឈម​បញ្ហា​មួយចំនួន នៅ​ថ្នាក់​មូលដ្ឋាន​និង​ឱកាស​បំពេញការងារ​។ ចំណែក​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​អភិបាលកិច្ច​ល្អ ក៏​មាន​ឧបសគ្គ​មួយចំនួន​ដែរ ជាពិសេស​នៅពេល​អនុវត្ត​សកម្មភាព ដូច​ជា​ការ​ណាត់ជួប​ជាមួយ​អាជ្ញាធរ ឧទាហរណ៍ ចង់​ជួប​មេឃុំ មេឃុំ ប្រាប់​ថា ឲ្យ​ទៅ​សុំ​ការ​អនុញ្ញាត​ពី​អភិបាល​ស្រុក ជាដើម ...»។

ចំពោះ​បញ្ហា​ប្រឈម​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល និង​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស ប្រតិកម្ម​តប​ថា ការ​លើក​ឡើង​ទាំង​នេះ មិន​បាន​ឆ្លុះបញ្ចាំង​ការ​ពិត​និង​គ្មាន​មូលដ្ឋាន​ច្បាស់លាស់។

អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល លោក កត្តា អ៊ន មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា រដ្ឋាភិបាល​កម្ពុជា​មាន​ឆន្ទៈ​ខ្ពស់ ក្នុង​ការ​លើកកម្ពស់​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ និង​សង្គម​ស៊ីវិល​។ លោក​អះអាង​ថា អាជ្ញាធរ​អនុវត្ត​វិធានការ​ច្បាប់ ទៅ​លើ​តែ​សកម្មជន​ណា​ដែល​ប្រព្រឹត្ត​ល្មើសច្បាប់ ដើម្បី​រក្សា​សណ្ដាប់ធ្នាប់ និង​សន្តិសុខ​សង្គម​៖ «អ្វី​ដែល​ជា​បញ្ហា​សំខាន់ គឺ​ការ​គោរព​ច្បាប់​។ ចំពោះ​សកម្មជន​សិទ្ធិមនុស្ស និង​បរិស្ថាន​មួយ​ចំនួន គឺ​ពួកគាត់​បាន​ប្រព្រឹត្ត​ខុសច្បាប់ អ៊ីចឹង​យើង​អនុវត្ត​ទៅ​លើ​ជនល្មើស​ច្បាប់ មិនមែន​អនុវត្ត​ទៅ​លើ​សកម្មជន​សិទ្ធិមនុស្ស​នោះ​ទេ ដូច​នេះ មិនមែន​ជា​ការ​បិទ​សិទ្ធិ​សេរីភាព​របស់​សង្គម​ស៊ីវិល ឬ​ការ​បញ្ចេញមតិ​នោះ​ទេ​ ...»។

ទោះជា​យ៉ាងណា អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ រាប់​តាំងតែ​ពី​សន្តិសុខ​មូលដ្ឋាន​រហូតដល់​អ្នក​នាំពាក្យ​​តាម​មន្ទីរ​ក្រសួង​តែងតែ​លើកឡើង​ដូច្នេះ ពោល​គឺ អាជ្ញាធរ​ចាប់​តែ​ជនល្មើស​ច្បាប់ ប៉ុន្តែ​អ្នក​តាម​ឃ្លាំ​មើល​សិទ្ធិមនុស្ស និង​ការ​គោរព​ច្បាប់​ជាតិ និង​អន្តរជាតិ​សង្កេត​ឃើញ​ថា រហូត​មក​ដល់​ពេលនេះ មនុស្ស​ជាច្រើន​ត្រូវបា​ន​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់​ត្រឹមត្រូវ​។

ចំណែក ប្រធាន​ក្រុម​អ្នកនាំពាក្យ​រដ្ឋាភិបាល គឺ​លោក ផៃ ស៊ីផាន ប្រាប់​អាស៊ីសេរី​ថា រដ្ឋាភិបាល​នៅតែ​បន្ត​គាំទ្រ​ដល់​ការងារ​របស់​អង្គការ​សង្គម​ស៊ីវិល ផ្ទុយទៅវិញ លោក​ចោទ​ថា សង្គម​ស៊ីវិល​ទៅវិញ ដែល​មិន​បាន​សហការ​ជាមួយ​អាជ្ញាធរ ប៉ុន្តែ​បែរ​ជា​ប្រឆាំង​រដ្ឋាភិបាល​ទៅវិញ​៖ «យើង​តែង​ច្បាប់ ភាគ​ច្រើន​គឺ​អនុគ្រោះ​ដល់​សង្គម​ស៊ីវិល​នេះឯង។ យើង​និយាយ​គ្នា សហប្រតិបត្តិការ​ជាមួយគ្នា ក៏ប៉ុន្តែ​យើង​ឃើញ​សារ ប្រតិកម្ម គឺ​គ្រាន់តែ​សារ​មួយ ក្នុង​ន័យ​ប្រឆាំង​នឹង​រដ្ឋាភិបាល វា​មិន​មែនមាន​និន្នាការ​ជា​អង្គការក្រៅរដ្ឋាភិបាល ដែល​ជា​អ្នក​នៅ​កណ្តាល​ក្នុង​ការ​សម្របសម្រួល នេះ​ជា​រឿង​គួរ​ឲ្យ​សោកស្តាយ»។

ពាក់ព័ន្ធ​បញ្ហា​លំហ​ប្រជាធិបតេយ្យ និង​ដំណើរការ​កែទម្រង់​ច្បាប់ ស្ដីពី​អង្គការ​សង្គម​ស៊ីវិល​វិញ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ក្នុង​ជំនួប​ជាមួយ​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) កាល​ពី​ពេល​ថ្មីៗ​នេះ បាន​បញ្ជាក់​ថា រដ្ឋាភិបាល​តែងតែ​ចាត់ទុក​អង្គការ​សង្គម​ស៊ីវិល​ជា​ដៃគូ និង​បន្ត​ស្វែងរក​ឱកាស​ដើម្បី​ជជែក​ពិភាក្សា​គ្នា​ឡើងវិញ ជុំវិញ​សំណើ​កែទម្រង់​ច្បាប់​ស្ដីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ​បន្ត​ទៀត។

ទោះជា​យ៉ាងណា អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​នៅ​កម្ពុជា សង្កត់ធ្ងន់​ថា ដោយសារ​បទប្បញ្ញត្តិ​ច្បាប់​នេះ​ហើយ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សិទ្ធិ​និង​សេរីភាព​នៃ​ការបង្កើត​សមាគម​និង​អង្គការ​ក្រៅរដ្ឋាភិបាល ព្រមទាំង​បង្អាក់​សកម្មភាព​ការងារ​របស់​សង្គម​ស៊ីវិល ដើម្បី​លើកស្ទួយ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។