សង្គមស៊ីវិលប្រតិកម្មចំពោះការបង្ហោះខ្សែអាត់សំឡេងសន្ទនាស្នេហាតាមទូរស័ព្ទ ដែលគេសង្ស័យថាជាសំឡេងរបស់លោក ប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ត្រីក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា។ ពួកគេយល់ថា ការលួចថតសំឡេងសន្ទនាតាមទូរស័ព្ទដោយគ្មានការអនុញ្ញាត គឺជាអំពើខុសច្បាប់ និងអសីលធម៌ ពិសេសនៅពេលលោក ប៉ែន សុវណ្ណ បានទទួលមរណភាពទៅហើយនោះ។ រីឯមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចូលរួមសោកស្ដាយ តែមិនទាន់សម្រេចចាត់ការយ៉ាងណានៅឡើយ។
ថ្វីត្បិតតែអតីតនាយករដ្ឋមន្ត្រីក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា លោក ប៉ែន សុវណ្ណ បានទទួលមរណភាពទៅហើយក្តី តែទំព័រហ្វេសប៊ុកឈ្មោះ "រឿងពិត CNRP" បានទម្លាយរឿងអាស្រូវស្នេហារបស់លោក ប៉ែន សុវណ្ណ កាលពីលោកនៅមានជីវិតជាបន្តបន្ទាប់ ដូចគ្នានឹងករណីរឿងអាស្រូវស្នេហារបស់ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែរ។
ប្រធានអង្គការវេទិកាអនាគត និងជាអ្នកឃ្លាំមើលស្ថានការណ៍នយោបាយកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា លោក ប៉ែន សុវណ្ណ បានស្លាប់ទៅហើយ មិនគួរណាគេនៅតែបន្តលាបពណ៌ និងទម្លាយរឿងអាស្រូវរបស់គាត់ទៀតនោះទេ។ ម្យ៉ាងវិញទៀត ថាការលួចថតសំឡេងសន្ទនាតាមទូរស័ព្ទបែបនេះ គឺជារឿងខុសច្បាប់ និងអសីលធម៌៖ «ទី១ ការថតសំឡេងបែបនេះគឺខុសច្បាប់ ទី២ សារ ឬសម្ដីរបស់គាត់គឺអត់មានអីដែលត្រូវស្ដាប់ទេ ជាសិទ្ធិរបស់ពួកគាត់។ ទី៣ សោកស្ដាយមែនទែន ព្រោះពេលដែលមនុស្សស្លាប់គេមិនយករឿងអ៊ីចឹងមកបញ្ចេញទេ ព្រោះវាជារឿងមួយមិនថ្លៃថ្នូរ»។
ទំព័រហ្វេសប៊ុក "រឿងពិត CNRP" ត្រូវបានគេស្គាល់ជាសាធារណៈនៅអំឡុងដើមខែមីនា ឆ្នាំ២០១៦ នេះ ដែលគេបង្កើតសម្រាប់ផ្សាយជាពិសេសផ្ដោតលើរឿងអាស្រូវរបស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។ ផេកហ្វេសប៊ុកនេះគេមិនទាន់ដឹងច្បាស់ថាជារបស់អ្នកនរណាពិតប្រាកដ ហើយក៏មិនទាន់ឃើញសមត្ថកិច្ចរបស់រដ្ឋាភិបាល ប្រតិកម្មយ៉ាងណាចំពោះទំព័រហ្វេសប៊ុកនេះឡើយ។
លោក អ៊ូ វីរៈ ចាត់ទុកថា ករណីលួចថតសំឡេងសន្ទនាគ្នា ហើយរង់ចាំផ្សព្វផ្សាយជាសាធារណៈនេះជាទម្លាប់អាក្រក់មួយ ហើយអាជ្ញាធរហាក់ដូចជាមិនព្រមស៊ើបអង្កេតរកអ្នកនៅពីក្រោយខ្នងទំព័រហ្វេសប៊ុក "រឿងពិត CNRP" នេះឡើយ៖ «បើយើងពិនិត្យមើលទៅ គឺរដ្ឋាភិបាលមានកាតព្វកិច្ចស៊ើបអង្កេតតាំងពីរឿងថតសំឡេងរបស់លោក កឹម សុខា ហើយឥឡូវបញ្ចេញសំឡេងនេះទៀត រដ្ឋាភិបាលគួរតែស៊ើបអង្កេត ហើយបើរដ្ឋាភិបាលអត់ស៊ើបអង្កេតគេចោទរដ្ឋាភិបាលថា នៅពីក្រោយខ្នង អាហ្នឹងគឺជាការចោទមួយដែលសមហេតុផលគ្រាន់បើដែរ។ អ៊ីចឹងរដ្ឋាភិបាលទទួលបានផលប្រយោជន៍ពីការស៊ើបអង្កេតជាជាងទទួលការចោទប្រកាន់»។
ក្នុងទំព័រហ្វេសប៊ុក "រឿងពិត CNRP" បានបង្ហោះឃ្លីប (clip) សំឡេងសន្ទនារបស់លោក ប៉ែន សុវណ្ណ ជាមួយនារីបម្រើការនៅផ្ទះ និងស្រីម៉ាស្សា ដែលថតចេញពីទូរស័ព្ទ ដោយនិយាយរៀបរាប់ពីទំនាក់ទំនងស្នេហា ការនឹករឭក និងនិយាយអំពីការរួមមេត្រីជាមួយគ្នា ជាដើម។
នៅខាងក្រោមឃ្លីបសំឡេងនេះ គឺមានអ្នកលេងហ្វេសប៊ុកជាច្រើននាក់ បានចូលទៅបញ្ចេញមតិ ឬខមមិន (Comment) ដោយអ្នកខ្លះរិះគន់លើម្ចាស់ទំព័រហ្វេសប៊ុកនេះ ព្រមទាំងសំណូមពរឲ្យអាជ្ញាធរស៊ើបអង្កេតរកម្ចាស់ទំព័រហ្វេសប៊ុកនេះ និងអ្នកនៅពីក្រោយ។ រីឯអ្នកខ្លះទៀត សម្ដែងការព្រួយបារម្ភអំពីហានិភ័យសម្រាប់សិទ្ធិឯកជនរបស់ពួកគេ និងអ្នកខ្លះទៀត បានចំអកឡកឡឺយឲ្យអ្នកនយោបាយ ទាំងអ្នកនយោបាយបក្សប្រឆាំង និងអ្នកនយោបាយបក្សកាន់អំណាច ដែលមិនគិតអំពីប្រយោជន៍ជាតិ និងប្រជាជន។
អ្នកលេងហ្វេសប៊ុកម្នាក់ឈ្មោះ Sang Ke ចូលទៅបញ្ចេញយោបល់ថា "រឿងជីវិតឯកជន ត្រូវបានគេយកមកហែកបង្ហាញឲ្យមនុស្សមើលជាលក្ខណៈលេងសើចយ៉ាងគឃ្លើន។ នេះ! មិនជាការរំលោភច្បាប់ រំលោភសិទ្ធិបុគ្គល និងអសីលធម៌ក្នុងលក្ខណៈធ្ងន់ធ្ងរទេឬ? ជាការបង្ហាញដោយឥតលាក់លៀមថា ក្នុងសង្គមយើងគ្មានអ្វីដែលត្រូវការពារដោយច្បាប់ ដែលត្រូវគេខ្លាចញញើតមិនហ៊ានរំលោភបំពានឡើយ។ ខ្មែរអើយ បន្ទាប់ពីបានឃើញ ឬស្តាប់ឮហើយ តើចិត្តអ្នកមានប្រតិកម្មឬទេ ហើយប្រតិកម្មរបៀបម៉េច ធម្មតាៗ ឬមួយឮហើយមានអារម្មណ៍សប្បាយ របៀបស្តាប់រឿងកំប្លែង ឬក៏គ្មានប្រតិកម្មអ្វីទាំងអស់ ព្រោះវាមិនមែនជាអញ គួរឲ្យសង្វេគណាស់ជាតិសាសន៍មួយនេះ"។
ចំណែកម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Srey Pheap បានសរសេរថា "ក្នុងនាមជាតំណាងរាស្ត្រនាំគ្នាប្រព្រឹត្តតែរឿងអាស្រូវផ្លូវភេទ តើអាចដឹកនាំប្រទេសជាតិបានទៅ និងឲ្យយុវជនយកជាគំរូម៉េចបានទៅ"។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា លោក ប៉ែន សុវណ្ណ បានស្លាប់ទៅហើយ ដូច្នេះមិនគួរបើកកកាយរឿងអាស្រូវរបស់គាត់ទៀតទេ។ ថ្វីត្បិតតែលោកសម្ដែងក្តីសោកស្ដាយ ប៉ុន្តែលោកបញ្ជាក់ថា អាជ្ញាធរមិនទាន់សម្រេចចាត់វិធានការយ៉ាងណានៅឡើយទេ៖ «បើសិនជាមានពាក្យបណ្ដឹង អាហ្នឹងក៏យើងជួយដែរ។ បុគ្គលស្លាប់ទៅហើយមិនគួរអ៊ីចឹង យ៉ាងណាមិញប្រពៃណី និងវប្បធម៌របស់យើងវាដូចជាធ្លាក់ចុះខ្សោយណាស់ វាមិនត្រឹមតែ ប៉ែន សុវណ្ណ សូម្បីតែថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនដែលលោកមរណភាពទៅហើយ ក៏លើកបើកកកាយថា អ៊ីចេះ ថាអ៊ីចុះ ដូច្នេះបានន័យថា អ្នកទាំងអស់នេះគ្មានសីលធម៌ទេ»។
មាត្រា៣០១ នៃក្រមព្រហ្មទណ្ឌចែងថា អំពើស្ដាប់ ឬថតសម្ដីដែលនិយាយជាឯកជន ឬជាការសម្ងាត់ដោយគ្មានការយល់ព្រមពីបុគ្គលដែលមានការពាក់ព័ន្ធ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ខែទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី ១សែនរៀលទៅ ២លានរៀល លើកលែងតែករណីដែលច្បាប់អនុញ្ញាត។ បញ្ហានេះ អាចសន្មតជាការព្រមព្រៀងទៅបាន លុះត្រាបុគ្គលដែលពាក់ព័ន្ធបានទទួលដំណឹងអំពីការស្ដាប់ ឬថតហើយ ហើយបុគ្គលនោះមិនជំទាស់។
អតីតនាយករដ្ឋមន្ត្រីសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ក្រោមការត្រួតត្រារបស់កងទ័ពវៀតណាម ក្នុងឆ្នាំ១៩៨១ និងជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលកំពង់ស្ពឺ លោក ប៉ែន សុវណ្ណ បានទទួលមរណភាពកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ ដោយរោគាពាធ ក្នុងជន្មាយុ ៨០ឆ្នាំ នៅគេហដ្ឋានរបស់លោកនាខេត្តតាកែវ។ សពលោក ប៉ែន សុវណ្ណ នឹងដង្ហែទៅរាជធានីភ្នំពេញនៅថ្ងៃទី២ ខែវិច្ឆិកា ហើយគ្រោងនឹងធ្វើពិធីបូជានៅថ្ងៃទី៦ ខែវិច្ឆិកា ខាងមុខ៕