អតីត​អ្នក​​យក​​ព័ត៌មា​ន​​អាស៊ីសេរី​ខក​​ចិត្ត ​​ដែល​​តុលាការ​​​មិន​ប្រកាស​សាលក្រម​​លើ​​អង្គសេចក្តី

0:00 / 0:00

អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ខក​​ចិត្ត​​ចំពោះ​សាលា​ដំបូង​រាជធានី​​ភ្នំពេញ​​ដែល​សម្រេច​ស៊ើប​អង្កេត​សំណុំ​​រឿង​របស់​ពួក​​គេ​បន្ត​ទៅ​ទៀត។ មន្រ្តី​សិទ្ធិមនុស្ស​ពិនិត្យ​ឃើញ​ថា សវនាការ​នា​ពេល​​កន្លង​មក​​មិន​​មាន​​ភាព​ខ្វះ​ចន្លោះ​ត្រង់​ណា​ទេ ដូច្នេះ​​តុលាការ​មិន​គួរ​បើក​​ការ​ស៊ើប​អង្កេត​ឡើង​វិញ​បែប​នេះ​ឡើយ។ ចំណែក​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​វិញ​មើល​ឃើញ​ថា របប​លោក ហ៊ុន សែន នៅ​តែ​តាំង​ចិត្ត​វាយ​បង្រ្កាប​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ទើប​មិន​ព្រម​ទម្លាក់​ចោល​ករណី​នេះ។

ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​​តុលាការ​ក្រុង​ភ្នំពេញ​មិន​បាន​ចេញ​សាលក្រម​អង្គ​សេចក្តី​លើ​​​​​សំណុំ​​រឿង​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៣ តុលា ដូច​ការ​គ្រោង​ទុក​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ តុលាការ​បែរ​ជា​បាន​​ចេញ​សាលក្រម "ចាត់​របៀប" ដោយ​បន្ត​ការ​​ស៊ើប​អង្កេត និង​ពិនិត្យ​អង្គ​ហេតុ​មួយ​ចំនួន​​ទៀត។

មេធាវី​​ការពារ​ក្តី​​ឱ្យ​អតីត​អ្នក​យក​ព័ត៌មាន​​អាស៊ី​សេរី លោក សំ ចំរើន ឱ្យ​​ដឹង​ថា ក្រុម​​ប្រឹក្សា​ជំនុំ​​ជម្រះ​បាន​បញ្ជា​ឱ្យ​ចៅក្រម​ស៊ើបសួរ​ ស៊ើប​អង្កេត​បន្ថែម​ទៀត​លើ​ចំណុច​មួយ​ចំនួន​ ដូច​ជា ព័ត៌មាន​នៅ​ក្នុង​ឧបករណ៍​ផ្ទុក (Hard Drive) ដែល​លោក​​ អ៊ួន ឈិន បាន​ប្រគល់​ឱ្យ​​​មន្ត្រី​ទូត​អាមេរិក​នៅ​​ពេល​អាស៊ី​សេរី​បិទ​ការិយាល័យ​នៅ​ភ្នំពេញ ​និង​គោល​ដៅ​នៃ​ការ​ប្រើប្រាស់​ឧបករណ៍​​ទាំង​ឡាយ​របស់​លោក អ៊ួន ឈិន ដែល​​បម្រើ​​ឱ្យ​វិជ្ជាជីវៈ​សារព័ត៌មាន។ លោក​​បញ្ជាក់​ថា ក្រុម​​ប្រឹក្សា​ជំនុំ​ជម្រះ​​មិន​បាន​​កំណត់​ពេល​វេលា​ក្នុង​ការ​ស៊ើប​អង្កេត​​បន្ថែម​​នោះ​ទេ ដែល​ជា​ហេតុ​ធ្វើ​​ឱ្យ​សំណុំ​រឿង​នេះ​ត្រូវ​អូសបន្លាយ​តទៅមុខ​ទៀត ប៉ះពាល់​ដល​​សិទ្ធិកូន​ក្តី​របស់​លោក៖ «ពេល​វេលា​នៃការ​ស៊ើបសួរ​កន្លងមក​ ក៏​វា​មាន​រយៈពេល​​សម​ល្មម​​ ហើយ​រយៈពេល​ក្នុង​​ការ​សួរ​ដេញ​ដោល​កន្លងមក​ ក៏​វា​មាន​ភាព​លម្អិត និង​ពេញ​លេញ។ ​ផ្អែក​លើគោល​ការណ៍​ច្បាប់ និង​គោល​ការណ៍​សន្មតទុក​ជា​មុន​ថាគ្មាន​ទោស បើ​ការ​ដេញ​ដោល​ផ្សេងៗ​មិន​មាន​ភស្តុតាង​បង្ហាញ គឺ​ជន​ជាប់​ត្រូវ​ទទួល​បាន​សេចក្តី​សម្រេច​ឱ្យ​រួច​ផុត​ពី​បទ​ចោទ។ នេះ​ជា​ការ​វាស់​វែង​មួយ​នៅក្នុង​រឿង​ក្តី​ព្រហ្មទណ្ឌ»

នេះ​ជាលើក​​ទីពីរ​ហើយ​ដែល​តុលាការ​ខក​​ខាន​​មិន​បាន​ប្រកាស​សាលក្រម​អង្គ​សេចក្តី​លើ​សំណុំ​រឿង​អតីតបុគ្គលិក​អាស៊ី​សេរី តាម​កាល​កំណត់​របស់​ខ្លួន។ តុលាការ​បាន​គ្រោង​​ប្រកាស​សាលក្រម​រឿង​នេះ​កាល​ពី​ថ្ងៃ​ទី៣០ សីហា ម្ត​ងរួច​​ទៅហើយ ប៉ុន្តែ​ពេល​ថ្ងៃ​នោះ​មក​ដល់ តុលាការ​ក៏​ស្រាប់​តែ​លើក​​ពេល​ប្រកាស​សាលក្រម​វិញ ក្រោម​ហេតុ​ផល​ថា ចៅក្រម​ជាប់​រវល់​មាន​ភារកិច្ច​ប្រជុំ​នៅ​ក្រសួង​យុត្តិធម៌។

អតី​​ត​អ្នក​រាយការណ៍​​ព័ត៌មាន​អាស៊ីសេរី លោក យាង សុធារិន្ទ ខក​ចិត្ត​ជា​ខ្លាំង​ចំពោះ​ទង្វើ​របស់​តុលាការ​ក្រុង​ភ្នំពេញ។ លោក​យល់​ថា តុលាការហាក់​​​មាន​​ចេតនា​​ធ្វើ​បាប​រូបលោក និង​លោក​ អ៊ួន​ ឈិន ក្នុង​​រូប​ភាព​​ជាការ​សងសឹក ដោយ​​សារ​ពួក​លោក​​មានសវតារ​ជាអតីត​អ្នក​រាយការណ៍​ព័ត៌មាន​ឱ្យ​វិទ្យុ​អាស៊ីសេរី ដែល​ជា​ស្ថាប័ន​ឯករាជ្យ​ ហ៊ាន​ផ្សព្វផ្សាយព័ត៌មាន​​​រិះគន់​រដ្ឋាភិបាល​កម្ពុជា។ លោកបន្ថែម​ថា ការ​សម្រេច​របស់​តុលាការ​នៅពេល​នេះ ​បន្ថែម​ការ​ឈឺចាប់​ថ្មីមួយ​ទៀតលើ​ពួក​លោក ហើយ​និង​ធ្វើ​ឱ្យ​សាធារណជន​កាន់​តែ​បាត់​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌៖ «ខ្ញុំ​ខក​ចិត្ត​ត្រង់​ថា រយៈ​ពេល​នៃ​ការ​ស៊ើប​អង្កេត​ហ្នឹង​ដូច​ជាវា​ច្រើន​ហើយ រយៈ​ពេល​ ២ឆ្នាំ​ជាង ហើយ​តាំង​ពី​ដើម​ទី​មក​ យើង​បាន​សហការ​គ្រប់​សព្វ​បែប​យ៉ាង​ជាមួយ​តុលាការ ហើយ​សូម្បី​តែ​ឯកសារ លេខកូដ​សម្ងាត់​ទូរស័ព្ទ ក៏​យើង​ផ្តល់​ឱ្យ​តុលាការ​ សូម្បី​តែ​សម្ភារៈ​ផ្សេងៗ ​របស់​លោក អ៊ួន ឈិន ហ្នឹង ចាប់​យក​ទៅ​សព្វគ្រប់​បែប​យ៉ាង។ ទី​បំផុត តុលាការ​ថា នៅ​បន្ត​ការ​ស៊ើប​អង្កេត​ចំណុច​ចន្លោះ​ប្រហោង​ផ្សេង​ទៀត។ សម្រាប់​ខ្ញុំ ខ្ញុំ​យល់​ថា ដូច​ជា​វា​បង្ហាញ​ពី​អសមត្ថភាព​របស់​តុលាការ និង​ចៅក្រម»

តុលាការ​ក្រុង​ភ្នំពេញ បាន​ចោទ​ប្រកាន់​​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ពី​បទ "ផ្តល់​ឱ្យ​រដ្ឋ​បរទេសនូវ​ព័ត៌មាន​​ជាអាទិ៍​​ដែល​នាំឱ្យ​អន្តរាយ​ការ​ការពារ​ជាតិ" និងបទ "ផលិត​​វីដេអូ​អាសអាភាស"។ តុលាការ​បាន​ឃុំ​ខ្លួន​អ្នក​​ទាំង​ពីរ​ជាង ៩ខែ ទើប​អនុញ្ញាតឱ្យ​​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ប៉ុន្តែ​ នៅ​រក្សា​ទុក​វត្ថុ​ចាប់​យក និង​​លិខិត​ឆ្លង​ដែន​របស់​អ្នក​​ទាំង​ពីរ​ដដែល។ តុលាការ​ធ្លាប់​បាន​បញ្ជាក់​ប្រាប់​មេធាវី​ថា រាល់​វត្ថុចាប់​យក​ និង​លិខិត​ឆ្លង​ដែន​របស់​អ្នក​ទាំង​ពីរ នឹង​ត្រូវ​សម្រេច​រួម​គ្នា​នៅ​ពេល​​ចេញ​សាលក្រម ក៏​​ប៉ុន្តែ​ដោយសារ​មិន​ទាន់​ចេញ​សាលក្រម​អង្គ​សេចក្តី តុលាការ​ទំនង​ជា​បន្ត​រក្សា​ទុក​របស់​របរ​​ទាំង​នោះ​​ទៀត។

លោក​​ យាង សុធារិន្ទ ថ្លែង​ទៀត​ថា ពួក​លោក​លែង​ស្ថិត​ក្រោម​នីតិវិធី​ត្រួត​ពិនិត្យ​ជា​ហូរ​មក​ហើយ ដូច្នេះ​តុលាការ​គួរ​តែ​ផ្តល់​សម្ភារៈ និង​លិខិត​ឆ្លង​ដែន​ឱ្យ​ពួក​លោក​វិញ ដើម្បី​ឱ្យ​ពួក​លោក​មាន​សេរីភាព​ដើរ​ហើរ​ពេញលេញ​ដូច​ពល​​រដ្ឋ​ទូទៅ​ដែរ។

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក និង​អន្តរជាតិ រួម​មាន អង្គការ​សិទ្ធិមនុស្ស លីកាដូ (LICADHO) និង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ជា​ដើម ​បាន​បញ្ចេញ​​ប្រតិកម្ម​ភ្លាមៗ ថា ការ​ស៊ើប​អង្កេត​ជាថ្មី​ទៀត​នេះ ធ្វើ​ឱ្យ​អតី​ត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ទាំង​ពីរ​រូប​ត្រូវ​បន្ត​ជាប់​ចោទ ដោយ​តុលាការ​​​​គ្មាន​ភស្តុតាង​ដាក់​បន្ទុក​​ជាក់​លាក់។ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ទាំង​នេះ​ទទូច​ដល់​របប​លោក ហ៊ុន សែន ឱ្យ​ទម្លាក់​ចោទ​បទ​ចោទ​ប្រកាន់​ទាំង​ឡាយ​ប្រឆាំង​នឹង​អតីត​អ្នក​សារព័ត៌មាន​ទាំង​ពីរ​រូប។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​​សិទ្ធិមនុស្ស​នៃ​អង្គការ​ លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា សំណុំ​រឿង​នេះ​មាន​រយៈ​ពេល​ជាង ២ឆ្នាំ​មក​ហើយ ហើយ​តុលាការ​ក៏​​បាន​​បើក​​សវនាការ​ជំនុំ​ជម្រះ​ចំនួន​ពីរ​ដង​រួច​មក​ហើយ​ដែរ ដូច្នេះ​​លោក​មិន​ជឿ​ថា រឿង​នេះ​មាន​​ចន្លោះ​ខ្វះ​ខាត​ ដែល​ត្រូវ​ស៊ើបសួរ​បន្ត​ទៀត​នោះ​ឡើយ។ ម្យ៉ាង​វិញ​ទៀត លោក​​ពិនិត្យ​ឃើញ​ថា នៅ​ក្នុង​​សវនាការ​សួរ​ដេញដោល តុលាការ​គ្មាន​មូលដ្ឋាន និង​ភស្តុតាង​គ្រប់​គ្រាន់ ដើម្បី​​ដាក់​បន្ទុក​​លើ​អ្នក​ទាំង​ពីរ​នោះ​ឡើយ។ លោក​​អំពាវនាវ​ឱ្យ​តុលាការ​ពន្លឿន​វិធី​ស៊ើប​អង្កេត​ឡើង​វិញ ដើម្បី​បើក​ការ​ជំនុំ​ជម្រះ​ជា​ថ្មី ដើម្បី​ឈាន​ដល់​ការ​លើក​លែង​​បទ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​អ្នក​ទាំង​ពីរ៖ «អ្វី​​ដែល​យើង​ឃើញ​សមត្ថកិច្ច​លើក ឬ​ក៏​តំណាង​អយ្យការ ឬ​ក៏​ប្រភព​ផ្សេងៗ លើក​មក​ វា​អត់​មាន​ចំណុច​ណា​ដែល​បញ្ជាក់​ថា ជា​ការ​ផ្តល់​ព័ត៌មាន​ទៅ​រដ្ឋ​បរទេស​ជា​អាទិ៍​​ ហើយ​រដ្ឋ​ណា​ដែល​ទទួល វា​អត់​មាន​អ្វី​ទាំង​អស់។ អ៊ីចឹង​បើ​យើង​មើល​ទៅ​ វា​មិន​មែន​ចន្លោះ​ប្រហោង​ទេ គឺ​វា​អត់​មាន​ភស្តុតាង​ដែល​បញ្ជាក់​តែ​ម្តង​ថា អ្នក​ទាំង​ពីរ​ហ្នឹង​ប្រព្រឹត្ត​បទល្មើស​តាម​ការ​ចោទ​ប្រកាន់​ហ្នឹង​ទេ»

ចំណែក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) វិញ ​បាន​ចាត់​ទុក​ការ​សម្រេច​របស់​តុលាការ​កម្ពុជា​នេះ​ថា ជា​រឿង​មិន​ទំនង និង​ជា​ការ​ដាក់​ទណ្ឌកម្ម។

នាយក​រង​ទទួល​បន្ទុក​​កិច្ច​​ការ​តំបន់​អាស៊ី​នៃ​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ​​ លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ថ្លែង​ថា តាំង​ពី​ដើម​មក​ តុលាការ​គ្មាន​ភស្តុតាង​ពិត​ប្រាកដ​ណា​មួយ ​ដែល​បង្ហាញ​ថា អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ទាំង​ពីរ​រូប​បាន​ប្រព្រឹត្ត​បទ​ល្មើស​ចារកម្ម​នោះ​ឡើយ។ លោក​ថា ការ​បន្ត​សំណុំ​​រឿង​នេះ​មាន​ន័យ​ស្មើ​នឹង​ការ​ធ្វើ​​ទុក្ខ​បុក​ម្នេញ​លើ​អ្នក​សារព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា និង​ជា​ការ​ដាក់​ទណ្ឌកម្ម​លើ​​វិទ្យុ​អាស៊ី​សេរី​ ដែល​រាយការណ៍​ព័ត៌មាន​ឯករាជ្យ​អំពី​អ្វី​ ដែល​កំពុង​តែ​កើត​ឡើង​នៅ​កម្ពុជា​ក្រោម​របប​ដឹក​នាំ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។ លោក​បន្ត​ថា ការ​មិន​ព្រម​បញ្ចប់​រឿង​ក្តី ដែល​មាន​លក្ខណៈ​ជាន់​ឈ្លី​ប្រព័ន្ធ​យុត្តិធម៌​នេះ ធ្វើ​ឱ្យ​ការ​បង្រ្កាប​លើ​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រព្រឹត្ត​ដោយ​របប​ក្រុង​ភ្នំពេញ នឹង​បន្ត​​ស្ថិត​ក្នុង​បញ្ជី​នៃ​កង្វល់​ផ្នែក​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ដែល​មន្ត្រី​សហភាព​អឺរ៉ុប​ត្រូវ​ពិចារណា នៅ​ពេល​សម្រេច​ចិត្ត​ដក​ការ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា។ អ្នក​ជំនាញ​ផ្នែក​សិទ្ធិ​មនុស្ស​អន្តរជាតិ​រូប​នេះ អំពាវ​នាវ​ដល់​មន្ត្រី​ការ​ទូត និង​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា​ ត្រូវ​តែ​ហ៊ាន​លើក​រឿង​នេះ​ប្រាប់​របប​ក្រុង​ភ្នំពេញ និង​ជំរុញ​ឱ្យ​របប​នេះ​ ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​អ្នក​សារព័ត៌មាន​ ដែល​រង​ការ​ឈឺ​ចាប់​ទាំង​ពីរ​នាក់​នេះ​ជា​បន្ទាន់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។