គ្រួសារនិងមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សព្រួយបារម្ភពីសុវត្ថិភាពរបស់លោក ថុល សំណាង ដែលត្រូវអាជ្ញាធរថៃចាប់ខ្លួន។ ពួកគេថា យុវជនគណបក្សភ្លើងទៀនរូបនេះ អាចប្រឈមបញ្ចូនទៅកម្ពុជាវិញ ដើម្បីដាក់ទោសទណ្ឌតាមសំណើរបស់អាជ្ញាធរកម្ពុជា។ ពួកគេទាមទារឱ្យអាជ្ញាធរថៃត្រូវតែលើកកម្ពស់កិច្ចការការពារជនភៀសខ្លួន។
ជនភៀសខ្លួននយោបាយម្នាក់ដែលត្រូវបានអាជ្ញាធរថៃចាប់ខ្លួននោះ គឺលោក ថុល សំណាង ជាយុវជនរបស់គណបក្សភ្លើងទៀននៅស្រុកស្អាង ខេត្តកណ្តាល។ ការចាប់ខ្លួនយុវជនរូបនេះក្រោយពេលលោកបង្ខំចិត្តរត់ភៀសខ្លួន ដើម្បីគេចចេញពីការតាមធ្វើទុក្ខបុកម្នេញរបស់សមត្ថកិច្ចកម្ពុជា និងការបង្ខំឱ្យចូលរួមជាមួយគណបក្សកាន់អំណាច។
សកម្មជនបក្សភ្លើងទៀនដែលកំពុងភៀសខ្លួននៅប្រទេសថៃលោក ឆាំ ចិត្រ រៀបរាប់ថា កាលពីថ្ងៃទី៤ ខែកក្កដា លោកនិងលោក ថុល សំណាង បានរត់គេច ពីការតាមធ្វើទុក្ខបុកម្នេញនៅកម្ពុជា ដើម្បីស្នើសុំសិទ្ធិជ្រកកោននៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR ) ប្រចាំប្រទេសថៃ។ ប៉ុន្តែលោកថា នៅព្រឹកថ្ងៃទី៧ ខែកក្កដាអាជ្ញាធរថៃពីរនាក់ស្លៀកពាក់ស៊ីវិលពណ៌ខ្មៅបានចាប់គ្រៀកស្មាលោក ថុល សំណាង រុញឡើងលើម៉ូតូដោយដឹកចេញទៅបាត់ ចំណែកលោកវិញបានគេចខ្លួនពីការប៉ុនប៉ងនោះ។ លោកឱ្យដឹងថាហេតុការណ៍នោះកើតឡើងក្រោយពេលពួកលោកដើរចេញពីបន្ទប់ជួលមួយកន្លែងបានប្រមាណ២០ម៉ែត្រ នៅក្បែររង្វង់មូលវិមានអនុស្សាវរីយ៍ (Victory Monument) ក្នុងទីក្រុងបាងកក (Bangkok)។ លោកបន្តថា បច្ចុប្បន្នអង្គការសិទ្ធិមនុស្សប្រចាំប្រទេសថៃកំពុងជួយតាមដាន និងអន្តរាគមន៍ករណីនេះដែរ។ ទោះយ៉ាងលោកថា ជនភៀសខ្លួននយោបាយនៅថៃនៅតែព្រួយបារម្ភអំពីសុវត្ថិភាព។
លោក ឆាំ ចិត្រ៖«ក្រោយពេលគេចាប់គាត់(លោក ថុល សំណាង)ហើ់យនៅពេលនេះខ្ញុំមានអារម្មណ៍ថា ព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនព្រមទាំងក្រុមការងាររបស់ខ្ញុំ ដោយសារខ្ញុំមកទីនេះខុសច្បាប់ ហើយបច្ចុប្បន្ននេះខ្ញុំពុំទាន់មានឯកសារទទួលស្គាល់ពី UNHCR នៅឡើយទេ។ ខ្ញុំសំណូមពរដល់អង្គការ ស្ថាប័នដែលជាប់ពាក់ព័ន្ធសូមមេត្តាជួយពន្លឿនឬជួយជ្រោមជ្រែងផ្នែកច្បាប់ណាមួយ ដើម្បីឱ្យយើងខ្ញុំទាំងអស់គ្នាមានសុវត្ថិភាពផ្ទាល់ខ្លួនបាទ»។
ចំណែកម្តាយរបស់លោក ថុល សំណាង គឺលោកស្រី ចែត ល័ក្ខ ប្រាប់វិទ្យុអាស៊ីសេរីថា មូលហេតុដែលកូនប្រុសលោកស្រីរត់ភៀសខ្លួនទៅប្រទេសថៃ ដោយសារប៉ូលិសជាច្រើននាក់តាមចាប់ខ្លួនកូនលោកស្រីដល់ផ្ទះ កាលពីថ្ងៃទី៣ ខែកក្កដា ហើយអាជ្ញាធរនៅតែបន្តស្វែងរកចាប់ខ្លួន ដោយពុំបង្ហាញដីកា ឬបញ្ជាក់អំពីមូលហេតុនៃការចាប់ខ្លួនអ្វីឡើយ។ លោកស្រីយល់ថារឿងនេះទំនងដោយសារកូនលោកស្រីបង្ហោះសារនៅលើហ្វេសប៊ុករិះគន់គណបក្សប្រជាជនកម្ពុជា។ ស្រ្តីវ័យ៥២ឆ្នាំរូបនេះរៀបរាប់ទាំងទឹកភ្នែកនៅពេលដឹងដំណឹងថា អាជ្ញាធរថៃចាប់កូន ពីព្រោះលោកស្រីខ្លាចអាជ្ញាធរថៃបញ្ជូនកូនឲ្យទៅអាជ្ញាធរកម្ពុជាដើម្បីដាក់ទោសទណ្ឌ ដូច្នេះលោកស្រីស្នើដល់អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិជួយតាមដានករណីនេះ។
លោកស្រី ចែត ល័ក្ខ៖«កូនរបស់ខ្ញុំបើមកកម្ពុជាវិញដឹងតែគេ(សមត្ថកិច្ច)ចាប់ហើយ គេចទៅខេត្តណាក៏គេតាមចាប់ដែរ គេ(សមត្ថកិច្ច)នៅតែចុះមកតាមផ្លូវហ្នឹងដោយស្លៀកពាក់ស៊ីវិល កូនខ្ញុំខុសអ្វីក៏ធ្ងន់ធ្ងរម្លេះ ធ្វើមើលតែគ្នាមានទោសកាប់សម្លាប់គេអ៊ីចឹង គេមកអត់មានសួររកខុសរកត្រូវអ្វីទេ ខ្ញុំសូមសំណូមពរកុំបញ្ជូនកូនរបស់ខ្ញុំមកវិញអី សូមជួយឱ្យវានៅហ្នឹងទៅ ជួយការពារជួយឱ្យនៅថៃហ្នឹង សូមកុំបញ្ជូនមកខ្មែរអីបើបញ្ជូនមកគេនឹងធ្វើបាបហើយ»។
ជុំវិញរឿងនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Right watch) នៅថ្ងៃទី៩ ខែកក្កដាថា សកម្មជនបក្សភ្លើងទៀន គឺលោក ថុល សំណាង ត្រូវបានអាជ្ញាធរថៃឃុំខ្លួននៅមន្ទីរឃុំឃាំនៅកន្លែងអន្តោប្រវេសន៍សួនផ្លូ (Suan Phlu) ទីក្រុងបាងកក។ ប្រភពដដែលថា សកម្មជនរូបនេះអាចនឹងប្រឈមការបញ្ជូនខ្លួនទៅប្រទេសកម្ពុជាវិញ។
Absolutely critical that Immigration does NOT deport Candlelight Party political activist Thol Samnang, who should be considered as asylum seeker & offered protection & immediate access to ! says .
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិលោក ឆាយ គឹមខឿន និងប្រធានអង្គភាព អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ដើម្បីឆ្លើយតបរឿងនេះបានទេនៅថ្ងៃទី៩ ខែកក្កដា។
លោក ថុល សំណាង តែងតែចេញមុខគាំទ្រគណបក្សភ្លើងទៀនយ៉ាងសកម្ម។ មួយរយៈចុងក្រោយនេះ លោកបានបង្ហោះសារនៅលើគណនីសង្គមហ្វេសប៊ុកឈ្មោះ យុវជនស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងគណនីមួយទៀតឈ្មោះចចក ខ្មៅ បានរិះគន់របបដឹកនាំរបស់លោក ហ៊ុន សែន ព្រមទាំងក្រុមឧកញ៉ាកមានលុយមានអំណាចមួយចំនួនគាំទ្រគណបក្សប្រជាជនកម្ពុជា តែលោកថា ពួកគេមានស្នាដៃលុបបឹង បំផ្លាញព្រៃឈើ និងធនធានធម្មជាតិ។ ទន្ទឹងនឹងនេះលោកក៏បានរិះគន់រឿងអយុត្តិធម៌ក្នុងសង្គម ការបំបិទសិទ្ធិសេរីភាពពលរដ្ឋ និងអំពាវនាវដល់ពលរដ្ឋទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ ប៉ុន្តែម្ចាស់ឆ្នោតមានសិទ្ធិគូសខ្វែងនៅលើសន្លឹកឆ្នោតចោលដើម្បីប្រឆាំងនឹង គ.ជ.ប រៀបចំការបោះឆ្នោតមិនឯករាជ្យជាដើម។
ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា ការចាប់បញ្ជូនជនភៀសខ្លួននយោបាយដែលជ្រកកោននៅប្រទេសថៃ ឱ្យអាជ្ញាធរខ្មែរជាច្រើននាក់កន្លងមកគឺបង្ហាញកាន់តែច្បាស់ថាប្រទេសថៃ លែងជាកន្លែងមានសុវត្ថិភាពសម្រាប់ជនភៀសខ្លួនតទៅទៀតហើយ។ លោកចាត់ទុកការការចាប់ខ្លួនលោក ថុល សំណាង ដែលគេចចេញពីការធ្វើទុក្ខបុកម្មេញផ្នែកនយោបាយថា ជាទង្វើរំលោភសិទ្ធិមនុស្ស និងរំលោភយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាស្តីពីសិទ្ធិជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ។ ទោះយ៉ាងណាលោកថា អង្គការសិទ្ធិមនុស្សក្នុងស្រុកកំពុងតាមដានជុំវិញករណីចាប់ខ្លួនលោក ថុល សំណាង យ៉ាងយកចិត្តទុកដាក់។
លោក នី សុខា៖«ជនភៀសខ្លួនម្នាក់ៗនៅពេលពួកគេមានបញ្ហានៅក្នុងប្រទេសសាមីដែលធ្វើទុក្ខបុកម្នេញខាងផ្លូវនយោបាយ និងអ្វីផ្សេងៗនោះ គឺថាជនទាំងហ្នឹងមានសិទ្ធិក្នុងការស្វែងរកប្រទេសដទៃ ដើម្បីសុំសិទ្ធិជ្រកកោននៅក្នុងប្រទេសណាមួយដែលមានការទទួលស្គាល់នូវអនុសញ្ញា ឬជាសមាជិកនៃអនុសញ្ញាស្តីពីជនភៀសខ្លួនហ្នឹង ខ្ញុំគិតថា ការដែលអាជ្ញាធរថៃធ្វើការចាប់ខ្លួន ឬបញ្ជូនជនភៀសខ្លួន ជាពិសេសអ្នកដែលទទួលឋានៈជាជនភៀសខ្លួនពីអង្គការអន្តរជាតិ ខ្ញុំគិតថា នេះគឺជាសកម្មភាព ឬជាទង្វើមិនស្របតាមគោលការណ៍សិទ្ធិមនុស្សទេបាទ»។
ចាប់តាំងពីរដ្ឋាភិបាលក្រុងភ្នំពេញ រំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧ មក មានសកម្មជនគណបក្សនេះជាង ១០០នាក់ បានភៀសខ្លួនទៅប្រទេសថៃ ដើម្បីគេចចេញពីការធ្វើទុក្ខបុកម្នេញ។ ក្នុងនោះមានសកម្មជនមួយចំនួន បានត្រឡប់ទៅកម្ពុជាវិញ ហើយត្រូវបានអាជ្ញាធរចាប់ដាក់ពន្ធនាគារ និងមួយចំនួនទៀតត្រូវបានអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ប្រចាំនៅទីក្រុងបាងកក បានបញ្ជូនទៅជ្រកកោននៅកន្លែងមានសុវត្ថិភាពនៅប្រទេសទី៣។ បច្ចុប្បន្នមានសកម្មជនបក្សប្រឆាំងចំនួន ៣២នាក់ ដែលកំពុងភៀសខ្លួននៅក្នុងប្រទេសនេះ។
កាលពីខែវិច្ឆិកាឆ្នាំ២០២១ កន្លងទៅ អាជ្ញាធរថៃបានចាប់បញ្ចូនសកម្មជនគណបក្សសង្គ្រោះជាតិ ៤នាក់ហើយ ទៅឲ្យអាជ្ញាធរកម្ពុជាដាក់ពន្ធនាគារព្រៃស នៅរាជធានីភ្នំពេញ តាមសំណើរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ការចាប់ខ្លួនសកម្មជនបក្សប្រឆាំង និងព្រះសង្ឃជាបន្តបន្ទាប់នេះ គឺធ្វើឡើងក្រោយពេលលោក ហ៊ុន សែន ប្រកាសថា លោកនឹងតាមកម្ទេចក្រុមប្រឆាំងឲ្យដល់ទីបំផុត។ អ្នកឃ្លាំមើលបញ្ហាសង្គម និងក្រុមអង្គការសិទ្ធិមនុស្ស បានថ្កោលទោសចំពោះរដ្ឋាភិបាលថៃ និងកម្ពុជាថា កំពុងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងមិនអាចទទួលយកបាន។ ពួកគេយល់ថា ទង្វើនេះ គឺជាវប្បធម៌ជួយគ្នាទៅវិញទៅមក ដើម្បីពង្រឹងអំណាចផ្តាច់ការរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។