សាលាដំបូងខេត្តកំពង់ស្ពឺ បើកសវនាការជំនុំជម្រះក្ដីលើសំណុំរឿងប្រធានសហជីពកម្ពុជា ប្រចាំក្រុមហ៊ុន វីង ស្ដារ ស៊ូ (Wing Star Shoes) លោក ជា ចាន់។ មន្ត្រីសហជីព ចាត់ទុកការចោទប្រកាន់លើប្រធានសហជីពមូលដ្ឋានរូបនេះថា ជាការធ្វើទុក្ខបុកម្នេញលើថ្នាក់ដឹកនាំសហជីព និងទទូចដល់តុលាការទម្លាក់ការចោទប្រកាន់លើរូបលោក។
សាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៩ ខែឧសភា បើកសវនាការជំនុំជម្រះក្ដីលើសំណុំរឿងប្រធានសហជីពកម្ពុជា ប្រចាំក្រុមហ៊ុន វីង ស្ដារ ស៊ូ (Wing Star Shoes) លោក ជា ចាន់ ពីបទសមគំនិតក្នុងការលួចទ្រព្យសម្បត្តិក្នុងរោងចក្រ កាលពីឆ្នាំ២០២២។
សវនាការជំនុំជម្រះនេះ ធ្វើឡើងជាលើកទី២ ហើយ ក្រោយពីតុលាការខេត្តកំពង់ស្ពឺបានលើកពេលសវនាការជំនុំជម្រះលើកទី១ កាលពីថ្ងៃទី២៩ ខែមេសាកន្លងទៅ ដោយសារសាក្សីដើមចោទអវត្តមានក្នុងសវនាការ។
ប្រធានសហព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ ដែលបានចូលស្ដាប់សវនាការឲ្យដឹងថា សាក្សីដើមបណ្ដឹង បានឆ្លើយបំភ្លឺនៅក្នុងសវនាការថា គាត់មិនបានដឹងពីថ្ងៃ ដែលបទល្មើសកើតឡើងនោះទេ ថែមទាំងបានផ្លាស់ប្ដូរពាក្យសម្ដីមួយចំនួន ក្នុងដំណាក់កាលឆ្លើយបំភ្លឺ នៅមុខនគរបាលយុត្តិធម៌។
អ្នកស្រី យ៉ាង សុភ័ណ្ឌ៖ «កន្លងមកពេល ដែលមេធាវីយើងព្យាយាមក្នុងការសួរបញ្ជាក់ទៅថា តើលោក ឱ សំអុល លោកមានដឹងថា តើរឿងហ្នឹងកើតឡើងតាំងពីពេលណា ឬអត់? ខែណា ថ្ងៃណា ឬឆ្នាំណា?គាត់បានឆ្លើយថា អត់ដឹងថា រឿងហ្នឹងបានកើតឡើងរហូតដល់មានការចាប់លោក ជា ចាន់ ដាក់ពន្ធនាគារមកដល់រាល់ថ្ងៃនេះជាង ៣ខែហ្នឹង គឺគាត់អត់បានដឹងថា រឿងហ្នឹងកើតឡើងតាំងពីថ្ងៃណា ខែណា ឆ្នាំណាទេ ហើយបន្ទាប់មកជនល្មើសហ្នឹង គឺអត់ត្រូវបានចាប់ខ្លួន ហើយបន្ទាប់មកគាត់គ្រាន់តែប្រាប់ គ្រាន់តែបានឃើញថា លោក ដួង សំណាង បានវះយកម៉ូទ័រ អាហ្នឹងជាការលើកឡើងរបស់គាត់។ អ៊ីចឹងត្រឡប់មកវិញ ឧទាហរណ៍បើសិនជាចាប់លោក ជា ចាន់ ដែលជាថ្នាក់ដឹកនាំសហជីពកម្ពុជា ដោយគ្រាន់តែលោក ឱ សំអុល ដែលជាសាក្សីនៅក្នុងការឆ្លើយដាក់អីចឹង យើងគិតមើលថា តើរឿងនេះ វាយុត្តិធម៌សម្រាប់គាត់ទេ?»។
ប្រពន្ធលោក ជា ចាន់ គឺលោកស្រី ឆែ ចាន់រ៉ា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៩ ខែឧសភាថា ប្ដីលោកស្រី បានឆ្លើយនៅក្នុងសវនាការថា គាត់មិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ហើយគាត់បានស្នើដល់តុលាការឲ្យទម្លាក់ការចោទប្រកាន់ និងដោះលែងគាត់ឲ្យមានសេរីភាពឡើងវិញ។
លោកស្រី ឆែ ចាន់រ៉ា៖«សម្រាប់ខ្ញុំផ្ទាល់ជាប្រពន្ធគឺ ខ្ញុំអត់យល់ស្របជាមួយនឹងការចោទប្រកាន់ហ្នឹងទេ អ៊ីចឹងខ្ញុំចង់ស្នើសុំឲ្យតុលាការ លោកច្រានចោលទៅ ឲ្យគាត់បានមកផ្ទះវិញ ព្រោះអីគាត់អត់បានប្រព្រឹត្តិរឿងហ្នឹងទេ គាត់សារភាពខ្លួនគាត់ថា គាត់អត់បានប្រព្រឹត្តិទេ»។
ដោយឡែកនៅខាងមុខសាលាដំបូងខេត្តកំពង់ស្ពឺ មានក្រុមសមាជិកសហជីពកម្ពុជាប្រមាណ ៣០នាក់ បានមកឃ្លាំមើលសវនាការជំនុំជម្រះក្ដី និងបានលើកបដា ស្នើដល់តុលាការឲ្យដោះលែង លោក ជា ចាន់ ដោយឥតលក្ខខណ្ឌ។
តុលាការបានកំណត់យកថ្ងៃទី២០ ខែមិថុនាខាងមុខនេះ ដើម្បីប្រកាសសាលក្រមលើសំណុំរឿងប្រធានសហជីពកម្ពុជាប្រចាំរោងចក្រ វីង ស្ដារ ស៊ូ។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចទាក់ទងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ លោក ទិន សុចិត្រា ដើម្បីសុំសេចក្ដីអត្ថាធិប្បាយជុំវិញបញ្ហានេះបាននៅឡើយទេ នៅថ្ងៃទី២៩ ខែឧសភា។
សមត្ថកិច្ចខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនលោក ជា ចាន់ នៅក្នុងក្រុមហ៊ុន វីង ស្តារ ស៊ូ ដែលជារោងចក្រផលិតស្បែកជើង នៅក្នុងស្រុកគងពិសី កាលពីថ្ងៃទី១៥ ខែកុម្ភៈ ដោយគ្មានបញ្ជាក់ពីមូលហេតុ ឬបង្ហាញដីកាចាប់ខ្លួនឡើយ។ បន្ទាប់មកចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៨ ខែកុម្ភៈ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនប្រធានសហជីពកម្ពុជាប្រចាំក្រុមហ៊ុន វីង ស្តារ ស៊ូ រូបនេះ ដាក់ពន្ធនាគារបណ្ដោះអាសន្ន ពីបទសមគំនិតក្នុងអំពើលួចសម្ភារៈ នៅក្នុងរោងចក្រ កាលពីអំឡុងឆ្នាំ២០២២ តាមបណ្ដឹងរបស់ថៅកែក្រុមហ៊ុន។
គ្រួសារ និងសហជីព ចាត់ទុកការចោទប្រកាន់ និងឃុំខ្លួនប្រធានសហជីពប្រចាំក្រុមហ៊ុន វីង ស្ដារ ស៊ូ ជារឿងអយុត្តិធម៌ និងជាការរើសអើងសហជីព ដោយសារនៅអំឡុងពេលបង្កើតសហជីពនៅក្នុងក្រុមហ៊ុន វីង ស្ដារ ស៊ូ ភាគីក្រុមហ៊ុន បានព្យាយាមទាក់ទងលោក ជា ចាន់ ឲ្យបញ្ឈប់ការចងក្រងសហជីព ថែមទាំងមានជនមិនស្គាល់មុខបានព្យាយាមទាក់ទងប្រធានសហព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ ដោយគំរាមកុំឲ្យអ្នកស្រីបង្កើតសហជីពកម្ពុជា នៅក្នុងក្រុមហ៊ុនមួយនេះ។ អ្នកស្រី យ៉ាង សុភ័ណ្ឌ ឲ្យដឹងថា នៅពេលឃាត់ខ្លួនលោក ជា ចាន់ កាលពីខែកុម្ភៈ គឺអាជ្ញាធរបានឃាត់ខ្លួនលោក ជា ចាន់ ដោយគ្មានដីកា នៅក្នុងម៉ោងការងារ ចំណែកជនល្មើស ដែលក្រុមហ៊ុនចោទថា ជាអ្នកលួចពិតប្រាកដ អាជ្ញាធរមិនបានឃាត់ខ្លួននៅពេលនោះឡើយ។ លើសពីនេះ ភាគីក្រុមហ៊ុន ដែលជាដើមបណ្ដឹង ក៏មិនបានបញ្ជាក់ពីទំហំ នៃការបាត់បង់ក្នុងអំពើលួចនោះនៅក្នុងសវនាការឡើយ។
ការណ៍នេះហើយ ទើបអ្នកស្រី យ៉ាង សុភ័ណ្ឌ និងគ្រួសារ ស្នើយ៉ាងទទូចដល់តុលាការ ឲ្យទម្លាក់ការចោទប្រកាន់ និងដោះលែងប្រធានសហជីពកម្ពុជា ប្រចាំក្រុមហ៊ុន វីង ស្ដារ ស៊ូ លោក ជា ចាន់ ឲ្យមានសេរីភាពឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
