សាច់​ញាតិ​កញ្ញា សូ មេត្តា ស្នើ​សុំ​អាជ្ញាធរ​ឲ្យ​ផ្លាស់​បន្ទប់​ឃុំ​បងស្រី ដោយសារ​បន្ទប់​មាន​សភាព​តូច​ចង្អៀត​ខ្លាំង

0:00 / 0:00

សាច់ញាតិ​យុវជន​ខ្មែរ​ថាវរៈ​មួយ​រូប ស្នើសុំ​អាជ្ញាធរ​ឲ្យ​ផ្លាស់​បន្ទប់​ឃុំ​បងស្រី​របស់​ខ្លួន​ដែល​មាន​សភាព​តូច​ចង្អៀត​ខ្លាំង ពោរ​ពេញ​ដោយ​ផ្សែង​បារី និង​ខ្វះ​អនាម័យ ឲ្យ​ទៅ​បន្ទប់​ដែល​មាន​មនុស្ស​តិច និង​មាន​កន្លែង​គេង​សម​រម្យ​​ជាង​នេះ។ មន្ត្រី​សង្គម​ស៊ីវិល​ថា មន្ត្រី​ពន្ធនាគារ​គួរ​តែ​បង្ក​លក្ខណៈ និង​បរិយាកាស​ឲ្យ​អ្នក​ទោស​មនសិការ​ដែល​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​មាន​ផា​សុខភាព មិន​គួរ​ដាក់​ពួកគេ​ក្នុង​បន្ទប់​ចង្អៀត​ណែន​បែប​នេះ​ទេ។

ប្អូន​ស្រី​កញ្ញា សូ មេត្តា គឺ​កញ្ញា អេង​ វ៉ាន់ឌី ដែល​បាន​ទៅ​សួរ​សុខ​ទុក្ខ​បងស្រី​របស់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី២ ខែតុលា រៀប​រាប់​ថា កញ្ញា សូ មេត្តា កំពុង​ជួប​ការ​លំបាក​ក្នុង​ពន្ធនាគារ​ដោយ​សម្រាន្ត​មិន​សូវ​លក់​ដោយ​សារ​តែ​បន្ទប់​ដែល​ឃុំ​ខ្លួន​នោះ គឺជា​បន្ទប់​​តូច​ចង្អៀត​ហើយ​ដាក់​អ្នកទោស​ដល់​ទៅ​ប្រមាណ ១៦០​នាក់។ កញ្ញា​ឱ្យ​ដឹង​ទៀត​ថា បន្ទប់​ឃុំឃាំង​នោះ​ទៀត​សោត គឺ​មាន​លាយ​ឡំ​នឹង​អ្នក​ទោស​កាច​សាហាវ​ដែល​ជា​ឧក្រិដ្ឋ​ជន​ជួញ​ដូរ​គ្រឿង​ញៀន​ឆ្លង​ប្រទេស អ្នកទោស​សម្លាប់​មនុស្ស​ និង​អ្នក​ជួញ​ដូរ​មនុស្ស​ជាដើម ហើយ​អ្នកទោស​ទាំង​នោះ​តែង​ជក់​បារី​បង្ហុយ​ផ្សែង​ពេញ​បន្ទប់ និង​និយាយ​គ្នា​ទាំង​យប់​ទាំង​ថ្ងៃ បង្ក​សំឡេង​រំខាន​ធ្វើ​ឲ្យ​កញ្ញា សូ មេត្តា ពិបាក​គេង។

កញ្ញា​អះអាង​ទៀត​ថា បងស្រី​ប្រាប់​ថា នៅ​ក្នុង​បន្ទប់​នោះ ពុំ​មាន​អនាម័យ​នោះ​ទេ ដោយសារ​បន្ទប់​មាន​អ្នកទោស​ចំនួន​ច្រើន ដែល​ពិបាក​សូម្បី​តែ​អង្គុយ និង​មិន​មាន​អ្នក​ជួយ​សំអាត​បន្ទប់​នោះ​ទេ។ ក្រៅពី​នេះ កញ្ញា សូ មេត្តា កំពុង​ប្រឈម​នឹង​បញ្ហា​នោម​ទាស់​ ដោយ​សារ​ពុំ​មាន​ទឹក​ប្រើ​ប្រាស់​គ្រប់​គ្រាន់​នៅ​ពេល​បន្ទោរ​បង់ និង​សូម្បី​ពេល​ងូត​ទឹក​ជាដើម។ កញ្ញា អេង វ៉ាន់ឌី ថ្លែង​ទៀត​ថា បងស្រី​ត្រូវ​បាន​គេ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​អ្នក​ទោស​មនសិការ​ដទៃ​ទៀត ដូចជា​ស្ត្រី ឈឿន ដារ៉ាវី កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា​ ជាដើម ដោយ​អនុរក្ស​ពន្ធនាគារ​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​បាន​នៅ​ជជែក​គ្នា ឬ​ជុំ​គ្នា​នោះ​ទេ។

កញ្ញា​បញ្ជាក់​ថា កញ្ញា​បារម្ភ​ពី​សុវត្ថិ​ភាព និង​សុខភាព​បងស្រី​របស់​ខ្លួន​ជា​ខ្លាំង និង​ស្នើ​សុំ​អាជ្ញាធរ​ផ្លាស់​បងស្រី​ទៅ​បន្ទប់​ផ្សេង​ដែល​ល្អ​ជាង​នេះ៖ « ពួក​ហ្នឹង​គឺ​ជក់​បារី​រាល់​ថ្ងៃ​បង។ ជក់​បារី​បង្ហុយ​ពេញ​ហ្នឹង​រាល់​ថ្ងៃ។ អ៊ីចឹង​បង​ខ្ញុំ​កើត​ជំងឺ​សើស្បែក​ផង ស្ត្រេស​ផង ក្លិន​ផ្សែង​បារី​ហ្នឹង​ធ្វើ​ឲ្យ​សុខភាព​គាត់​កាន់​តែ​ទ្រុឌទ្រោម​ជាង​ហ្នឹង។ អញ្ចឹង​បាន​ខ្ញុំ​បារម្ភ​ពី​សុខភាព​គាត់​ខ្លាំង​មែន​ទែន។ គាត់​និយាយ​បណ្ដើរ រៀបរាប់​ទាំង​ទឹកភ្នែក​បណ្ដើរ​បង។ ខ្ញុំ​គួរ​ឲ្យ​អាណិត​គាត់ ខ្ញុំ​ស្ទើរ​ទប់​អត់​បាន​ដែរ​បង។ គាត់​រៀបរាប់​រាយ​រ៉ាប់​ពាក្យ​ដែល​គាត់​រស់នៅ​ក្នុង​ហ្នឹង គឺ​ខ្ញុំ​ខ្លោច​ផ្សារ​មែន​ទែន បងស្រី​ខ្ញុំ​ទាំង​មូល​មិន​គួរ​ណា​មាន​បញ្ហា​កើត​លើ​គាត់​បែប​ហ្នឹង »

ឆ្លើយ​តប​រឿង​នេះ អ្នកនាំ​ពាក្យ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ លោក នុត សាវនា ទទួល​ស្គាល់​ថា ពន្ធនាគារ​ពិត​ជា​មាន​សភាព​ចង្អៀត​ណែន​មែន ហើយ​អាជ្ញាធរ​កំពុង​រិះរក​មធ្យោបាយ​ដោះ​ស្រាយ​រឿង​នេះ ដូចជា​ការ​ផ្ទេរ​អ្នក​កាត់​ទោស​រួច​ឲ្យ​ទៅ​ពន្ធនាគារ​ដទៃ​ទៀត​ជាដើម។ ចំពោះ ការ​ជក់​បារី​ក្នុង​បន្ទប់​ឃុំ​ឃាំង លោក​ថា អាជ្ញាធរ​នឹង​ស្រាវ​ជ្រាវ​ករណី​នេះ។ រីឯ បញ្ហា​ខ្វះ​ទឹក​វិញ លោក នុត សវនា បញ្ជាក់​ថា លទ្ធ​ភាព​នៃ​ការ​ផ្គត់​ផ្គង់​ទឹក​គឺ​មាន​កាំម្រឹត​ ដោយ​ខាង​ពន្ធនាគារ​ត្រូវ​បែង​ចែក៖ « នៅ ម២ ហ្នឹង​វា​មាន​ជន​ជាប់​ឃុំ​ហ្នឹង​ច្រើន ទាំង​អនីតិជន ទាំង​ស្ត្រី។ ខ្ញុំ​យល់​ហើយ​ថា តម្រូវ​ការ​ចាំបាច់​គឺ​ច្រើន​អញ្ចឹង។ ប៉ុន្តែ​លទ្ធភាព​ក្នុង​ការ​ផ្គត់​ផ្គង់​ក៏​មាន​កម្រិត​ដែរ​ដោយសារ​យើង​ត្រូវ​បែង​ចែក គិត​គូរ​អំពី​អ្វី​ដែល​មាន​នៅ​ក្នុង​ដៃ ហើយ​នឹង​លទ្ធភាព​ជាក់ស្ដែង​របស់​យើង ហើយ​នៅ​ក្បែរ ម២​ហ្នឹង គឺ ម១ ដែល​មាន​ជន​ជាប់​ឃុំ​រហូត​ដល់​ជិត ៨ពាន់​នាក់។ អញ្ចឹង​បើ​ម្នាក់ៗ​ទាមទារ​ម៉ា​គ្រប់​គ្រាន់​តើ​យើង​ត្រូវ​រក​មួយ​ថ្ងៃ​ហ្នឹង​ផ្គត់ផ្គង់​ទឹក​ប៉ុន្មាន​លីត្រ​ជូន​គាត់ ? ប៉ុន្មាន​ម៉ែត្រ​គីប​ជូន​គាត់ ? សុំ​ថា​បញ្ជាក់​ឲ្យ​ច្បាស់​ថា ខ្វះខាត​យ៉ាង​ម៉េច​ចង់​ប្រើប្រាស់​តម្រូវ​ការ​ហ្នឹង​យ៉ាង​ម៉េច ? ចង់​អង្គុយ​ត្រាំទឹក​ឲ្យ​គ្រប់​កន្លះ​ម៉ោង​អីចឹង​ឬ​យ៉ាង​ម៉េច

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធ​​មនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា ការ​ដាក់​អ្នក​ទោស​លាយ​ឡំ​គ្នា​នេះ អាច​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​សុខភាព​ដល់​អ្នកទោស​មនសិការ ហើយ​បណ្ដាល​ឲ្យ​ខូច​ខាត​នូវ​ធនធាន​មនុស្ស​ដែល​សង្គម​ជាតិ​ត្រូវការ។ លោក​ស្នើ​ឲ្យ​ខាង​មន្ត្រី​ពន្ធនាគារ​គួរ​គិតគូរ​ពី​បញ្ហា​នេះ​ឡើង​វិញ ដោយ​មិន​គួរ​ដាក់​អ្នកទោស​មនសិការ​ឲ្យ​នៅ​លាយឡំ​នឹង​អ្នក​ទោស​ឧក្រិដ្ឋ​នោះ​ទេ៖ « ពួក​គាត់​បាត់​បង់​តែ​សេរីភាព​ទេ មិន​មែន​បាត់​បង់​ទាំង​សិទ្ធិ​សុខុមាលភាព​ទេ។ អញ្ចឹង​គួរ​តែ​មាន​ការ​គិតគូរ ត្រួត​ពិនិត្យ​ឡើង​វិញ និង​កែ​សម្រួល​ឲ្យ​ពួកគេ​ទទួល​បាន​នូវ​ផាសុកភាព និង​បរិយាកាស​ល្អ​នៅ​ក្នុង​ពន្ធនាគារ​ហ្នឹង​ផង »

កញ្ញា សូ មេត្តា ដែល​មាន​ឈ្មោះ​ពិត​ថា អេង ម៉ាឡៃ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី៧ កញ្ញា នៅ​​ខណ្ឌ​ច្បារ​អំពៅ ហើយ​បញ្ជូន​ទៅ​តុលាការ​ ដោយ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ ​ដល់​សន្តិសុខ​សង្គម​។ ការ​ចាប់​ខ្លួន​នេះ ​ក្រោយ​ពេល​កញ្ញា សូ មេត្តា ​និង​យុវជន​ដទៃ​ទៀត ព្យាយាម​ប្រមូល​ផ្ដុំ​គ្នា​​តវ៉ា​សម្ដែង​មតិ នៅ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី នៅ​ខណ្ឌ​ឫស្សីកែវ។ ប៉ុន្តែ​គម្រោង​នេះ​បាន​បរាជ័យ​ ដោយសារ​ការ​រារាំង​ពី​អាជ្ញាធរ។ គិត​ពី​ចុង​ខែ​កក្កដា រហូត​ដល់​ចុង​ខែ​កញ្ញា របប​លោក ហ៊ុន សែន បាន​ចាប់​ខ្លួន​សកម្មជន អ្នក​នយោបាយ និង​យុវជន​ដាក់​ពន្ធនាគារ​ចំនួន ១៩នាក់ ​ហើយ ពាក់​ព័ន្ធ​នឹង​ករណី​ញុះញង់ ចំណែក​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់​នៅ​ខេត្ត​កំពត ត្រូវ​តុលាការ​ខេត្ត​នេះ​​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ ៥ឆ្នាំ និង​ចាប់​ដាក់​ពន្ធនាគារ​ជា​ថ្មី​ទៀត​ ពី​បទ​រួម​គំនិត​ក្បត់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។