គ្រួសារ​អ្នក​រិះគន់​បក្ស​កាន់អំណាច​​លើ​ហ្វេសប៊ុក​ទាមទារ​តុលាការ​ខេត្ត​ដោះលែង​ស្វាមី

ដោយ ច័ន្ទ ដារ៉ូ
2023.11.26
គ្រួសារ​អ្នក​រិះគន់​បក្ស​កាន់អំណាច​​លើ​ហ្វេសប៊ុក​ទាមទារ​តុលាការ​ខេត្ត​ដោះលែង​ស្វាមី (ពីស្ដាំ) លោក កង សារ៉ន ភរិយារបស់លោកគឺលោក ហង្ស ត្រឹប ម្ដាយចាស់អាយុ ១០២ឆ្នាំ និង​កូនស្រី នៅផ្ទះរបស់លោក​នៅខេត្ត​បន្ទាយមានជ័យ។
រូប៖ ហ្វេសប៊ុក​ហង្ស ត្រឹប

ប្រពន្ធ​បុរស​ដែល​ប្រើប្រាស់​ហ្វេសប៊ុក (Facebook) រិះគន់​គណបក្ស​កាន់អំណាច ជា​ពិសេស​លំហូរ​ពលរដ្ឋ​វៀតណាម​រស់នៅ​កម្ពុជា​ខុសច្បាប់ ស្នើ​ដល់​អាជ្ញាធរ និង​តុលាការ​ខេត្ត​បន្ទាយមានជ័យ​ដោះលែង​ប្តី​ឱ្យ​វិល​មក​ជួបជុំ​គ្រួសារ​ឡើងវិញ​។ ពួកគេ​យល់ថា ការ​យក​ប្រព័ន្ធ​តុលាការ​បំបិទ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​មិនមែន​ជា​ដំណោះស្រាយ​នោះ​ទេ។

គ្រួសារ​លើកឡើង​ថា ទោះបី​ជីវភាព​រក​ហូប​ព្រឹក​ខ្វះ​ល្ងាច​តែ​លោក កង សារ៉ន គឺជា​មនុស្ស​ល្អ​ដែល​ចេះ​ឈឺឆ្អាល​រឿង​ទឹកដី និង​សង្គម​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​នៅក្នុង​ស្រុកភូមិ​គោរព​ស្រឡាញ់។ ពួកគេ​ស្នើ​ដល់​អាជ្ញាធរ និង​តុលាការ​ទម្លាក់​ចោលការ​ចោទប្រកាន់ និង​ដោះលែង​រូប​គាត់​ឱ្យ​មាន​សេរីភាព​វិញ ពីព្រោះ​គាត់​មិន​បាន​ប្រព្រឹត្ត​ខុសច្បាប់​អ្វី​ឡើយ។

ប្រពន្ធ​របស់​លោក កង សារ៉ន គឺ​លោកស្រី ហង្ស ត្រឹប ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី​២៦ ខែ​វិច្ឆិកា ថា​ប៉ូលិស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​មិន​ឱ្យ​លោកស្រី​ចូល​ជួប​មុខ​ប្តី​នោះ​ទេ ដែល​ធ្វើ​ឱ្យ​គ្រួសារ​បារម្ភ​ពី​សុខទុក្ខ និង​ខ្លាច​អាជ្ញាធរ​វាយ​ធ្វើបាប​ដោយសារ​សកម្មភាព​ប្តី​របស់​លោកស្រី​រិះគន់​នៅ​លើ​បណ្តេញ​សង្គម​នា​ពេល​កន្លង​មក។ ម្យ៉ាងទៀត លោកស្រី​ខកចិត្ត​ជា​ខ្លាំង​ចំពោះ​អាជ្ញាធរ​មិន​ព្រម​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ពលរដ្ឋ​រងគ្រោះ​ជាមួយ​អ្នក​មាន​អំណាច បែរ​ជា​ចោទ​ប្រកាន់​និង​ចាប់​ប្តី​លោកស្រី​គ្រាន់តែ​បញ្ចេញមតិ​រឿង​អយុត្តិធម៌​នៅ​លើ​បណ្តេញ​សង្គម។

លោកស្រី ហង្ស ត្រឹប៖ «ខ្ញុំ​ឈឺចាប់​ណាស់ ខ្ញុំ​អត់​ចង់​រស់នៅ​តទៅ​ទៀត ពីព្រោះ​រស់នៅ​ក៏​គ្មាន​ន័យ តែ​ខ្ញុំ​នឹក​ឃើញ​ដល់​កូន​។ បី​នាក់​កូន និង​ម៉ែ​នៅ​ក្រោម​ផ្ទះ​អត់​បាន​ដេក​ទេ ខ្ញុំ​អត់​បាន​រកស៊ី​អ្វី​ទេ កូន​ក៏​គ ម្តាយ​ក៏​ចាស់ ខ្ញុំ​ដើរ​ដាក់​មង​ជួន​បាន​ត្រី​មួយ​គីឡូ​គ្រាន់​បាន​លុយ​ទិញ​អង្ករ​គីឡូ​ដើម្បី​ហូប ខ្ញុំ​ស្នើ​សូម​ដោះលែង​ប្តី​របស់ខ្ញុំ​មកវិញ»

លោក កង សារ៉ន កាល​នៅ​មាន​សេរីភាព​បាន​ប្ដេជ្ញា​ថា​លោក​ស៊ូស្លាប់​លើទឹក​ដី​ខ្មែរ​មិន​រត់​គេច​ខ្លួន​ឡើយ បើ​ទោះបី​តុលាការ​កាត់ទោស​ឱ្យ​លោក​ជាប់ពន្ធនាគារ​ដោយ​អយុត្តិធម៌​យ៉ាងណាក៏ដោយ ព្រោះ​សកម្មភាព​របស់​លោក​កន្លង​ទៅជា​រឿង​ត្រឹមត្រូវ​សម្រាប់​ផលប្រយោជន៍​ជាតិ។

លោក កង សារ៉ន៖ «វា​ជា​រឿង​អយុត្តិធម៌ វា​ជា​រឿង​មិន​ប្រក្រតី​សម្រាប់​ខ្ញុំ​ជា​ពលរដ្ឋ ខ្ញុំ​មិនមែន​ជា​សមាជិក ឬ​គាំទ្រ​បក្ស​ណាមួយ​ផង ខ្ញុំ​និយាយ​ក្នុងនាម​ខ្ញុំ​ជា​ខ្មែរ ខ្ញុំ​អំពាវនាវ​ស្នើ​ដឹកនាំ​គ្រប់​ជាន់ថ្នាក់​សូម​មេត្តា​គោរព​សិទ្ធិ​សេរីភាព​របស់​ពល​រដ្ឋ​ដើម្បី​រស់នៅ​ប្រកបមុខរបរ​មាន​សិទ្ធិ​សេរីភាព​ពេញលេញ ប្រទេស​មាន​លទ្ធិប្រជាធិបតេយ្យ មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​និយាយ​ស្តី បញ្ចេញ​មតិយោបល់​ឱ្យ​បាន​ពេញលេញ និង​សូម​ឱ្យ​តុលាការ​កាត់ក្តី​អ្វី​សូម​ឱ្យ​មាន​តម្លាភាព​ផង​បាទ»

សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ​បាន​ចាប់​វាយ​ខ្នោះ​លោក កង សារ៉ន ព្រមទាំង​ចូល​រុក​រើ​ផ្ទះ​របស់​លោក​ដោយ​បាន​ដក​ហូត​យក​ទូរស័ព្ទ​ដៃ​បី​គ្រឿង​នៅ​ល្ងាច​ថ្ងៃទី​២៥ វិច្ឆិកា​។ ការ​ចាប់ខ្លួន​ពលរដ្ឋ​រិះគន់​រដ្ឋាភិបាល​នេះ គឺ​ក្រោយពេល​តុលាការ​ផ្ដន្ទាទោស​ឱ្យ​លោក​ជាប់ពន្ធនាគារ ៣​ឆ្នាំ​ពី​បទ «​ជេរប្រមាថ​តាម​ទី​សាធារណៈ និង​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​បទ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ»

ការចោទប្រកាន់​នេះ បន្ទាប់ពី​លោក កង សារ៉ន បាន​ផ្សាយ​ផ្ទាល់​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក (Facebook) និយាយ​រិះគន់​ការដឹកនាំ​ប្រទេស​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងអំឡុងពេល​ឃោសនា​រក​សំឡេងឆ្នោត កាលពី​ថ្ងៃទី​២ ខែ​កក្កដា ឆ្នាំ​២០២៣។

នៅក្នុង​វីដេអូ​ផ្សាយ​ផ្ទាល់​នោះ លោក​បាន​ចោទ​ជា​សំណួរ​ថា តើ​ក្រោយពី​បក្ស​ប្រជាជន​ឈ្នះ​ឆ្នោត នឹង​មាន​វិធានការ​ដេញ​ពលរដ្ឋ​វៀតណាម​ចេញ ឬ​បន្ត​ឱ្យ​ហូរ​ចូល​ដោយ​ខុសច្បាប់​បន្ត​ទៀត​? ហើយ​នៅ​ក្នុង​នោះ លោក​ក៏បាន​រិះគន់​ពី​បញ្ហា​គ្រឿងញៀន អំពើពុករលួយ​និង​បញ្ហា​អសន្តិសុខ​មួយ​ចំនួន​ទៀត។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ និង​ស្នងការ​នគរបាល​ខេត្ត​នេះ​លោក សិទ្ធិ ឡោះ ដើម្បី​បកស្រាយ​ជុំវិញ​រឿង​នេះ​បានទេ​នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា។

ប៉ុន្តែ​រដ្ឋបាល​ស្រុក​ម៉ាឡៃ​បាន​ចេញ​លិខិត​ប​ភ្លឺ​កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា ដោយ​អះអាង​ថា អាជ្ញាធរ​តែងតែ​អប់រំ ហើយ​លោក កង សារ៉ន បានធ្វើ​លិខិត​សុំទោស​ជា​សាធារណៈ​ទាក់ទង​ការ​បង្ហោះ​ហ្វេសប៊ុក និង​បណ្តេញ​សង្គម​ផ្សេងៗ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ថ្នាក់ដឹកនាំ​ប្រទេស ប៉ុន្តែ​លោក កង សារ៉ន នៅតែ​បន្តសកម្មភាព​បង្ហោះ​ព័ត៌មាន​នោះ​ទៀត។

ទោះ​យ៉ាងណា មន្ត្រី​សិទ្ធិមនុស្ស និង​អ្នកឃ្លាំមើល​លើកឡើង​ថា ការ​បញ្ចេញមតិ​មិនមែន​ជា​បទល្មើស​នោះ​ទេ ហើយ​អំពាវនាវ​ឱ្យ​អាជ្ញាធរ និង​តុលាការ​បែងចែក​ឱ្យដាច់​រវាង​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ និង​បទល្មើស​ជាជាង​យក​ប្រព័ន្ធ​តុលាការ​ចោទ​រឿង​ញុះញង់ និង​បរិហារកេរ្តិ៍​ដែល​នាំ​ឱ្យ​រឹតត្បិត​លើ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ។

ជុំវិញ​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត ឱ្យ​ដឹង​ថា មេធាវី​របស់​អង្គការ​លីកាដូ​គ្រោង​ចូល​ជួប​ពិភាក្សា​ផ្លូវច្បាប់​ជាមួយ​កូន​ក្តី និង​ដាក់​បណ្តឹង​ឧទ្ធរណ៍​នៅ​​ពេល​ឆាប់ៗ​ខាងមុខនេះ​។ លោក​រំពឹង​ថា តុលាការ​ជាន់ខ្ពស់​នឹង​ពិចារណា​ប្រកបដោយ​យុត្តិធម៌​ក្នុង​ការ​ដោះលែង​ឱ្យ​លោក កង សារ៉ន បាន​នៅ​ក្រៅ​ឃុំ​ឡើងវិញ ខណៈ​មហាជន​ទូទៅ​មើល​ឃើញ​ថា ការ​ចាប់ខ្លួន​ជា​លើក​ទី​ពីរ​នេះ​ដោយសារតែ​គាត់​បន្ត​ប្រើប្រាស់​សិទ្ធិ​បញ្ចេញមតិ និង​ការស្វែងរក​ដំណោះស្រាយ​រឿង​វិវាទ​ដីធ្លី​កន្លងទៅ។

លោក កង សារ៉ន៖ «ទាក់ទង​នឹង​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​នេះ​ហាក់បីដូចជា​មានការ​បែងចែក​មិន​ដាច់​អ្វី​ជា​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ​ដែល​យើង​ឃើញ​ហើយ​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ មាន​ចែង​ក្នុង​បទដ្ឋាន​អន្តរជាតិ ហើយក៏​មានកំណត់​ពន្យល់​នៅក្នុង​មាត្រា​១៩​អំពី​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​នៃ​កតិកាសញ្ញា​ស្ដីពី​សិទ្ធិ​ពលរដ្ឋ សិទ្ធិ​នយោបាយ​ទៀត ពីព្រោះ​គេ​ខ្លាច​ការ​រឹតត្បិត ឬ​ការកំណត់​ភាព​រឹតត្បិត​នៃ​សិទ្ធិ​ក្នុង​ការ​បញ្ចេញមតិ​នេះ​អាច​តឹងរ៉ឹង​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​បញ្ចេញមតិ»

លើសពីនេះ លោក អំ សំអាត មើលឃើញ​ថា សេរីភាព​បញ្ចេញមតិ និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​បាន​រង​ការ​រឹតត្បិត​កាន់តែ​ខ្លាំង​នៅ​ឡើយ​។ លោក​បន្ត​ថា អ្នក​ដែល​បញ្ចេញមតិ​ជាច្រើន​បាន​រង​ការ​បំភិតបំភ័យ ដោយសារតែ​រដ្ឋាភិបាល​ប្រើប្រាស់​យន្តការ​តុលាការ គំរាមកំហែង​អ្នក​ដែល​ហ៊ាន​បញ្ចេញមតិ​រិះគន់​រដ្ឋាភិបាល។

សិទ្ធិ​សេរីភាព​បញ្ចេញមតិ ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ ហើយ​ជន​គ្រប់រូប​មាន​សិទ្ធិ​សំដែង​កង្វល់ និង​ទស្សនៈ​របស់​ខ្លួន​ដោយ​សេរី​ដោយ​គ្មាន​ការ​ជ្រៀតជ្រែក​ពី​រដ្ឋាភិបាល។ ប៉ុន្តែ​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស​ព្រួយបារម្ភ​ជា​ខ្លាំង​អំពី​ការ​ធ្លាក់ចុះ​កាន់តែ​ធ្ងន់ធ្ងរ​នៃ​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា ដោយសារតែ​អាជ្ញាធរ​បាន​បង្កើន​ការ​បង្ក្រាប​លើ​សេរីភាព​មួយ​នេះ តាមរយៈ​ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ។ ពួកគេ​ស្នើ​យ៉ាង​ទទូច​ដល់​អាជ្ញាធរ​ឱ្យ​បញ្ឈប់​ទង្វើ​រំលោភបំពាន​នេះ​តទៅទៀត និង​ងាក​មក​គោរព​សិទ្ធិ​សេរីភាព​របស់​ពល​រដ្ឋ​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។