យុទ្ធនាការ​ជិះកង់ថ្ងៃទី៤ របស់​សកម្មជន​សិទ្ធិមនុស្ស​ចូល​ដល់​ជាយ​រាជធានីភ្នំពេញ

ថ្ងៃទី៤ នៃ​យុទ្ធនាការជិះកង់​ប្រវែង​ជាង ៣០០គីឡូម៉ែត្រ​ពី​ខេត្ត​សៀមរាប​ ទៅ​កាន់​រាជធានីភ្នំពេញ របស់​ក្រុម​សកម្មជន​សិទ្ធិមនុស្ស បាន​ធ្វើ​ដំណើរ​ដល់​ ជាយ​រាជធានី​ភ្នំពេញ​ហើយ​នៅ​ល្ងាច ថ្ងៃទី ០៩ ខែ ធ្នូ ក្រោម​ការ​ឃ្លាំមើល​ និង​សួរនាំ​ពី​សមត្ថកិច្ច​តាម​ដង​ផ្លូវ​ជា​ហូរហែ។

ប្រធាន​កម្មវិធី​ផ្នែក​ស្រាវជ្រាវ និង​តស៊ូមតិ​នៃ​សមាគម​បណ្ដាញ​យុវជនកម្ពុជា (CYN) លោក ហេង គឹមហុង ប្រាប់​វិទ្យុអាស៊ីសេរី​ថា មក​ទល់​ពេល​នេះ ក្រុម​យុវជន ៣០នាក់ ហាក់​អស់​កម្លាំង​ទន់ជង្គង់​ជាង​សព្វ​មួយដង ប៉ុន្តែ​ទឹកចិត្តនៅ​រឹងមាំ​នៅ​ឡើយ ​ដើម្បី​តស៊ូ​ជំរុញ​ឱ្យ​មាន​យុត្តិធម៌​សង្គម។

លោកថា បើ​ទោះ​បី​ជា​មាន​សមត្ថកិច្ច​សួរនាំ ថតរូប និង ឃ្លាំមើល​តាម​ដង​ផ្លូវ​ជា​ហូរហែ​ក្តី​ ក៏​ពួកលោក​មិន​ភ័យ​ខ្លាច​ដែរ។ លោក​បន្ថែមថា ពួកលោក​នឹង​សម្រាក ក្នុង​វត្តអារាម​មួយ​ នៅ​ជាយ​ក្រុង​ភ្នំពេញនៅ​យប់​នេះ ហើយ​នឹង​គ្រោង​បន្ត​យុទ្ធនាការ​ ជិះកង់​បោះពួយ​ទៅកាន់​ទីលាន​ប្រជាធិបតេយ្យ​កណ្តាល​រាជធានីភ្នំពេញ នៅព្រឹក​ស្អែក៖

«ពួកគាត់​សប្បាយ​ចិត្ត​នៅ​ពេល​ជិះ​ដល់​ទីលាន​ប្រជាធិបតេយ្យ​គាត់​មាន​អនុសាសន៍ សំខាន់ៗ មួយ​ចំនួន គាត់​ជិត​បាន​យក​អនុសាសន៍​សំខាន់ៗ​ថ្លែង​សាធារណៈ​ចំនួន​មនុស្ស ១ ពាន់ ៥ រយនាក់។ គាត់​រំពឹង​ថា អាជ្ញាធរ​បន្ទាប់​ពី​ឃើញ​ភាព​មោះមុត​របស់​យុវជន​រដ្ឋាភិបាល​នឹង​ព្រម​ទទួល​យក​អនុសាន៍​របស់​ក្រុម​យុវជន​បាន​លើក​ឡើង​កន្លង​មក»។

យុទ្ធនាការ​ជិះកង់​ទាំង​នេះ ក្រុម​យុវជន​សិទ្ធិមនុស្ស ព្យាយាម​តស៊ូ​ជិះកង់​រយះ ៥ ថ្ងៃ ជាប់ៗ​គ្នា ដើម្បី​ទាមទារ​យុត្តិធម៌​សង្គម ក្រោម​អាកាសធាតុក្តៅ​ និង​ជិះបញ្ច្រាស​ខ្យល់​ចាប់​ពី​ចំណុច​ប្រាសាទ​អង្គរវត្ត ខេត្តសៀមរាប ឆ្ពោះ​ទៅ​កាន់​ក្រុងភ្នំពេញ។

ពួកគាត់​ជិះកង់​ពាក់ឯកសណ្ឋាន​អាវ​យឺតពណ៌​ផ្ទៃមេឃ និងពណ៌សរ ភ្ជាប់ពាក្យ​ស្លោក​ថាការ​គោរព​សិទ្ធិមនុស្សនាំ​មក​នូវ​យុត្តិធម៌​សង្គម។ ពួកគាត់​គ្រោង នឹង​ទៅ​ឱ្យ​ដល់​ ទីលាន​ប្រជាធិបតេយ្យ ក្នុង​ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី១០ ខែធ្នូ ប៉ះ​ចំ​ថ្ងៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ១០ ធ្នូ លើក​ទី៧៤ ហើយ​បន្តប្រារព្ធព្រឹត្តិការណ៍ជិះកង់ ចម្ងាយ ៣០គីឡូម៉ែត្រ បន្ថែមទៀតនៅថ្ងៃដដែលនេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។