វេទិកាអាស៊ីសំរាប់សិទ្ធិមនុស្សនិងអភិវឌ្ឍន៍ស្វាគមន៍កញ្ញា ឈឹម ស៊ីថរ ពីពន្ធនាគារ
2024.09.18
វេទិកាអាស៊ីសំរាប់សិទ្ធិមនុស្សនិងអភិវឌ្ឍន៍ (Forum Asia) ដែលជាបណ្តុំអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល ចំនួន ៨៥ស្ថាប័ន ស្វាគមន៍ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ (NagaWorld) កញ្ញា ឈឹម ស៊ីថរ ដែលទើបបានចេញពីពន្ធនាគារ ក្រោយពីបានជាប់ឃុំដោយអយុត្តិធម៌ ចំនួន ១៨ខែ ពីបទដឹកនាំធ្វើកូដកម្មប្រឆាំងកាស៊ីណូ ណាហ្គាវើលដ៍។
នាយិកាប្រតិបត្តិវេទិកាអាស៊ីសំរាប់សិទ្ធិមនុស្សនិងអភិវឌ្ឍន៍ អ្នកស្រី ម៉ារី អាយលីន បាកាល់សូ (Mary Aileen D. Bacalso) លើកឡើងក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៧ ខែកញ្ញា ថា វេទិកាអាស៊ីអបអរសាទរចំពោះកញ្ញា ឈឹម ស៊ីថរ ដែលទើបបានចេញពីពន្ធនាគារ។ ការបាត់បង់សេរីភាពរបស់កញ្ញាជិត ២ឆ្នាំមកនេះ ដោយសារការផ្ដន្ទាទោសក្នុងហេតុផលនយោបាយ ដែលជាផ្នែកមួយនៃយុទ្ធនាការកំចាត់ និងគាបសង្កត់របស់រដ្ឋាភិបាលកម្ពុជា មកលើថ្នាក់ដឹកនាំសហជីព អ្នកការពារសិទ្ធិមនុស្ស និងអ្នកប្រឆាំង។
នៅទន្ទឹមនេះ វេទិកាអាស៊ីក៏អំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ឲ្យបញ្ឈប់ការគាបសង្កត់ ការបំបិទសិទ្ធិសេរីភាពដល់សកម្មជនសហជីព និងអ្នកការពារសិទ្ធិមនុស្ស ហើយគ្មាននរណាម្នាក់ត្រូវជាប់ពន្ធនាគារ ដោយសារអនុវត្តសិទ្ធិសេរីភាពស្របតាមច្បាប់ ដូចជា ករណីកញ្ញា ឈឹម ស៊ីថរ នោះទេ។
កញ្ញា ឈឹម ស៊ីថរ គឺជាមេដឹកនាំសហជីពដ៏លេចធ្លោមួយរូប ហើយត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដាក់ពន្ធនាគារជាលើកទី២ កាលពីឆ្នាំ២០២២ ដោយចោទពីបទញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម។ អាជ្ញាធរចាប់ខ្លួនកញ្ញាលើកទី២ នៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅពេលកញ្ញាត្រឡប់មកពីចូលរួមកិច្ចប្រជុំសហព័ន្ធសហជីពអន្តរជាតិនៅប្រទេសអូស្ត្រាលី។ កញ្ញា ឈឹម ស៊ីថរ បានដឹកនាំបុគ្គលិកនិងកម្មករតវ៉ានៅមុខក្រុមហ៊ុនបនល្បែងកាស៊ីណូណាហ្គាវើលដ៍ ដើម្បីស្នើឲ្យថៅកែក្រុមហ៊ុននេះ អនុវត្តតាមច្បាប់ការងារកម្ពុជា និងទទួលយកកម្មករចូលធ្វើការវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។