ក្រុម​កូដករ​ណាហ្គាវើលដ៍​ដាក់​ពាក្យ​ពន្យារ​ចូល​បំភ្លឺ​នៅ​តុលាការ​តាម​បណ្ដឹង​ក្រុមហ៊ុន

ដោយ សុជីវី
2022.10.17
Share on WhatsApp
Share on WhatsApp
ក្រុម​កូដករ​ណាហ្គាវើលដ៍​ដាក់​ពាក្យ​ពន្យារ​ចូល​បំភ្លឺ​នៅ​តុលាការ​តាម​បណ្ដឹង​ក្រុមហ៊ុន ​កូដករ​ក្រុមហ៊ុន​បន​ល្បែង​កាស៊ីណូ​ ណាហ្គាវើលដ៍ (NAGAWORLD) ៤រូប ទៅ​ដាក់​ពាក្យ​សុំ​ពន្យារ​ពេល​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១៧ ខែតុលា ឆ្នាំ២០២២ តាម​បណ្ដឹង​របស់​ក្រុមហ៊ុន ដែល​ប្ដឹង​ពួក​គាត់​ថា បាន​រំលោភ​លំនៅឋាន និង​បង្ខាំង​ដោយ​ខុស​ច្បាប់។
រូបភាពពីពលរដ្ឋ

ក្រុម​កូដករ​ក្រុមហ៊ុន​បន​ល្បែង​កាស៊ីណូ​ណាហ្គាវើលដ៍ (NAGAWORLD) នៅ​ថ្ងៃ​ទី១៧ តុលា ដាក់​ពាក្យ​សុំ​ពន្យារ​ពេល​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​បណ្ដឹង​របស់​ក្រុមហ៊ុន ដែល​បាន​ប្ដឹង​ពួក​គាត់​ថា បាន​រំលោភ​លំនៅឋាន និង​បង្ខាំង​ដោយ​ខុស​ច្បាប់។

កូដករ​ម្នាក់​ក្នុង​ចំណោម ៤នាក់ ដែល​ក្រុមហ៊ុន​ប្ដឹង គឺ​កញ្ញា សុខ ថាវុធ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា មូលហេតុ​ដែល​ក្រុម​កូដករ​ដាក់​ពាក្យ​ពន្យារ​ពេល​ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ​នេះ ដោយសារ​តែ​ព្រះរាជ​អាជ្ញា​រង ចេញ​ដីកា​កោះហៅ​ពួក​គាត់​ទាំង​តក់ក្រហល់ ដែល​ធ្វើ​ឱ្យ​ក្រុម​កូដករ​មិន​ទាន់​បាន​ត្រៀមខ្លួន និង​ស្វែងរក​មេធាវី ដើម្បី​ការពារ​តាម​ផ្លូវច្បាប់​បាន​នៅ​ឡើយ។ ទោះ​យ៉ាង​ណា​ក្ដី កញ្ញា​បញ្ជាក់​ថា កញ្ញា និង​កូដករ ៣នាក់​ផ្សេង​ទៀត នឹង​ចូល​បំភ្លឺ​នៅ​តុលាការ​ក្នុង​ពេល​ឆាប់ៗ នេះ។

Four_NagaWorld_Strikers_at_PNP_Court_Treetop_101722_003a.jpeg
​កូដករ​ក្រុមហ៊ុន​បន​ល្បែង​កាស៊ីណូ​ ណាហ្គាវើលដ៍ (NAGAWORLD) ៤រូប ពេល​ដាក់​ពាក្យ​សុំ​ពន្យារ​ពេល​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១៧ ខែតុលា ឆ្នាំ២០២២។ រូបពីពលរដ្ឋ

កញ្ញា សុខ ថាវុធ ហួស​ចិត្ត​នឹង​ការ​ចោទ​ប្រកាន់​របស់​ក្រុមហ៊ុន ព្រោះ​ពួក​កញ្ញា​មិន​បាន​រំលោភ​លំនៅឋាន ឬ​បំពាន​ច្បាប់​ណា​មួយ​ដូច​ជា​ការ​ចោទ​ប្រកាន់​របស់​ក្រុមហ៊ុន​ឡើយ៖ «តាម​ខ្ញុំ​គិត​មើល​ប្រហែល​ជា​គេ​ចង់​បំបាក់​ស្មារតី​កូដករ​អត់​ចង់​ឱ្យ​ទៅ [ធ្វើ​កូដកម្ម] ទេ។ គេ​យក​ប្រព័ន្ធ​តុលាការ​យក​មក​ចោទ​យើង ទាំង​យើង​មាន​ច្បាប់​ធ្វើ​កូដកម្ម ហើយ​ច្បាប់​ធ្វើ​កូដកម្ម បើ​មាន​វិវាទ​ជាមួយ​ថៅកែ យើង​ត្រូវ​ទៅ​មុខ​ក្រុមហ៊ុន។ វា​មិន​ដែល​មាន​វិវាទ​ជាមួយ​ក្រុមហ៊ុន ណាហ្គាវើលដ៍ ទៅ​ធ្វើ​កូដកម្ម​នៅ​កន្លែង​ផ្សេង ហើយ​មក​ចោទ​ពី​បទ​អ៊ីចឹង វា​អត់​ត្រូវ។ ខ្ញុំ​សង្ឃឹម​ថា ខាង​តុលាការ​នឹង​ស្រាវជ្រាវ​ឱ្យ​ច្បាស់​ថា តើ​វិវាទ​ហ្នឹង​ជា​វិវាទ​យ៉ាង​ម៉េច ខ្ញុំ​សង្ឃឹម​ថា គាត់​នឹង​ឯករាជ្យ»

ដីកា​កោះហៅ​របស់​ព្រះរាជ​អាជ្ញា​រង លោក ឆាយ ហុង កាល​ពី​ថ្ងៃ​ទី១៦ កញ្ញា ឱ្យ​ដឹង​ថា ក្រុមហ៊ុន​បន​ល្បែង​កាស៊ីណូ​ណាហ្គាវើលដ៍​បាន​ដាក់​ពាក្យ​ប្ដឹង​កូដករ​ចំនួន ៤នាក់ ក្នុង​នោះ​រួម​មាន កញ្ញា សៀក បញ្ញា កញ្ញា ជួប សោភណ្ឌ កញ្ញា សុខ ថាវុធ និង​លោកស្រី នេត ចរិយា ពី​បទ​រំលោភ​លើ​លំនៅឋាន និង​ចាប់​ឃុំ​ឃាំង និង​បង្ខាំង​មនុស្ស​ដោយ​ខុស​ច្បាប់។ ការ​ប្ដឹង​របស់​ក្រុមហ៊ុន​បន​ល្បែង​មួយ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ក្រុម​កូដករ​បាន​បន្ត​ធ្វើ​កូដកម្ម​ដោយ​មាន​ការ​បោះ​តង់ ធ្វើ​ម្ហូប​អាហារ និង​សម្ដែង​មតិ​នៅ​ខាង​មុខ​អគារ​ក្រុមហ៊ុន ដើម្បី​ដាក់​សម្ពាធ​ឱ្យ​ថៅកែ​ចេញ​មុខ​ដោះ​ស្រាយ​វិវាទ​ការងារ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់។

មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ការ​ប្ដឹង​របស់​ក្រុមហ៊ុន​មក​លើ​ក្រុម​កូដករ​នេះ គឺ​ជា​ការ​គំរាម​កំហែង​បំបាក់​ស្មារតី ដើម្បី​កុំ​ឱ្យ​ពួក​គេ​បន្ត​ប្រមូលផ្ដុំ​គ្នា​ធ្វើ​កូដកម្ម​ត​ទៅ​ទៀត។ សង្គម​ស៊ីវិល និង​សហជីព ជំរុញ​ភាគី​ពាក់ព័ន្ធ ឱ្យ​ដោះ​ស្រាយ​វិវាទ​ការងារ​នេះ​ដោយ​សន្តិវិធី​ដោយ​ផ្អែក​តាម​ច្បាប់​ស្ដីពី​ការងារ ជា​ជាង​យក​ប្រព័ន្ធ​តុលាការ ដើម្បី​គំរាម​កំហែង និង​ដាក់​សម្ពាធ​លើ​ក្រុម​កូដករ​បន្ថែម៕

Four_NagaWorld_Strikers_at_PNP_Court_Treetop_101722_002a.jpeg
​កូដករ​ក្រុមហ៊ុន​បន​ល្បែង​កាស៊ីណូ​ ណាហ្គាវើលដ៍ (NAGAWORLD) ៤រូប និង​អ្នក​គាំទ្រ ទៅ​ដាក់​ពាក្យ​សុំ​ពន្យារ​ពេល​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១៧ ខែតុលា ឆ្នាំ២០២២។ រូបពីពលរដ្ឋ



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។