រដ្ឋាភិបាល​គំរាម​ប្ដឹង​វិទ្យុ​អាស៊ីសេរី

ដោយ សុខ សេរី
2013-03-28
Share
ផៃ ស៊ីផាន ៣០៥ រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល ថ្លែង​ក្នុង​សន្និសីទ​កាសែត​ស្ដីពី​ការ​ផ្សាយ​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី២៨ ខែ​មីនា ឆ្នាំ​២០១៣។
Photo: RFA

រូបភាព វីដេអូ និង​ព័ត៌មាន​ផ្សេងៗ​ទៀត ទាក់ទង​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ

រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន និង​ជា​អ្នក​នាំ​ពាក្យ នៅ​ថ្ងៃ​ទី២៨ ខែ​មីនា បាន​ប្រកាស​គំរាម​ប្ដឹង​វិទ្យុ​អាស៊ីសេរី ទៅ​តុលាការ​យោធា ក្រោម​បទ​បង្ក​អសន្តិសុខ​ជាតិ ពាក់ព័ន្ធ​នឹង​សេចក្តី​រាយការណ៍​ព័ត៌មាន​ជុំវិញ​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ។

ការ​គំរាម​ប្ដឹង​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ឯ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដោយ​មាន​ការ​ចូលរួម​ពី​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការពារ​ជាតិ មន្ត្រី​កិច្ច​ការងារ​ព្រំដែន និង​មន្ត្រី​នគរបាល​ព្រំដែន​ជាដើម។

មន្ត្រី​រដ្ឋាភិបាល​បាន​ចាត់​ទុក​ការ​ផ្សាយ​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី ស្ដីពី​ការ​រិះគន់​របស់​ពលរដ្ឋ​ថា ប្រទេស​ជិត​ខាង​រំលោភ​លើ​ព្រំដែន​ខ្មែរ​នោះ​ថា ជា​រឿង​បំពុល​បរិយាកាស​នៅ​តាម​ព្រំដែន និង​ផ្ទុយ​ពី​ការ​ពិត។

ប្រតិកម្ម​ខ្លាំងៗ និង​ការ​គំរាម​ប្ដឹង​នោះ គឺ​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​រាយការណ៍​របស់​វិទ្យុ​អាស៊ីសេរី ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី២៧ ខែ​មីនា កន្លង​ទៅ​នេះ​ថា ប្រជាពលរដ្ឋ​នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង សម្ដែង​ការ​ព្រួយ​បារម្ភ​ដូច​គ្នា​នឹង​ប្រជាពលរដ្ឋ​នៅ​ជាប់​ព្រំដែន​កម្ពុជា-ថៃ នៅ​ខេត្ត​ឧត្តរមានជ័យ ព្រះវិហារ ប៉ៃលិន និង​ខេត្ត​បន្ទាយមានជ័យ ដែរ។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្ដា​ខេត្ត​ក្បែរ​ខ្សែ​បន្ទាត់​ព្រំដែន​នោះ បាន​អះអាង​ពី​ការ​បាត់បង់​ដី​នៅ​តាម​ព្រំដែន ទៅ​ភាគី​ថៃ ក្រោយ​ពី​អតីត​កងទ័ព​ខ្មែរ​ក្រហម​ធ្វើ​សមាហរណកម្ម​ជាមួយ​រដ្ឋាភិបាល។

លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ថា ការ​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី ពី​បញ្ហា​ព្រំដែន គឺ​ជា​ការ​បំពុល​បរិយាកាស ដែល​ក្រសួង​ការពារ​ជាតិ​កម្ពុជា និង​ថៃ បាន​ចុះ​ហត្ថលេខា​កន្លង​មក៖ «យើង​នឹង​អាច​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​រក្សា​នូវ​អ្វី​ជា​សន្តិសុខ​ជាតិ។ យើង​ធ្វើ​នេះ មិន​មែន​ចម្លែក​ជាង​សហរដ្ឋ​អាមេរិក ឬ​មិន​មែន​ចម្លែក​ជាង​ប្រទេស​នានា​ជា​ប្រទេស​លោក​សេរី​ទេ គឺ​សន្តិសុខ​ជាតិ​ជា​កត្តា​អាទិភាព​មួយ ដែល​ត្រូវ​តែ​ប្រយ័ត្ន គឺ​យើង​សុំ​អំពាវនាវ​បញ្ឈប់​ការ​ប្រើប្រាស់​រូបភាព​អតីត​ខ្មែរ​ក្រហម ដើម្បី​យក​មក​នៅ​ក្នុង​ព័ត៌មាន​របស់​ខ្លួន។ តើ​ខ្លួន​មាន​គំនិត​យ៉ាង​ដូចម្តេច ក្នុង​ការ​ប្រើប្រាស់​អតីតភាព​របស់​ខ្មែរ​ក្រហម»

២៣-មីនា-២០១៣៖ ពលរដ្ឋ​រស់នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង ជា​អតីត​កងទ័ព​ខ្មែរ​ក្រហម ចង្អុល​បង្ហាញ​ទីតាំង​ដី​ខ្មែរ​ដែល​ថៃ រំកិល​ព្រំដែន​យក​ជាង ១០​គីឡូម៉ែត្រ​ពី​ព្រំដែន​បច្ចុប្បន្ន។
២៣-មីនា-២០១៣៖ ពលរដ្ឋ​រស់នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង ជា​អតីត​កងទ័ព​ខ្មែរ​ក្រហម ចង្អុល​បង្ហាញ​ទីតាំង​ដី​ខ្មែរ​ដែល​ថៃ រំកិល​ព្រំដែន​យក​ជាង ១០​គីឡូម៉ែត្រ​ពី​ព្រំដែន​បច្ចុប្បន្ន។
RFA/Den Ayuthea

ជាមួយ​គ្នា​នេះ អនុប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ​អាជ្ញាធរ​ជាតិ​កិច្ច​ការងារ​ព្រំដែន អ្នកស្រី កុយ ពិសី បាន​មាន​ប្រសាសន៍​ពន្យល់​ថា កិច្ច​ការងារ​ព្រំដែន​នេះ គឺ​ធ្វើ​តាម​ឯកសារ​អនុសញ្ញា​បារាំង សៀម ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា​ឆ្នាំ​១៩០៧។ កម្ពុជា និង​ថៃ បាន​ចុះ​ហត្ថលេខា​លើ​អនុសារណៈ​យោគយល់​គ្នា​ឆ្នាំ​២០០០ កន្លង​ទៅ និង​មាន​ឯកសារ​បែបបទ​បច្ចេកទេស​ឆ្នាំ​២០០៣ ដើម្បី​អនុវត្តន៍​លើ​ដី​ជាក់ស្តែង៖ «ប៉ុន្តែ ការ​ពិត​ទៅ បង្គោល​ព្រំដែន​លេខ​៦៩ និង​លេខ​៧០ នេះ ត្រូវ​បាន​គណៈកម្មការ​ចម្រុះ ក្រុម​ចម្រុះ​នៃ​ភាគី​ទាំង​ពីរ ឯកភាព​លើ​ទីតាំង​នេះ​រួច​ទៅ​ហើយ គឺ​ទីតាំង​នេះ​ត្រូវ​នឹង​ទីតាំង​ដែល​ឯកសារ​បាន​បង្ហាញ​ជូន​នៅ​ក្នុង​អនុសញ្ញា​ឆ្នាំ​១៩០៤ និង​ឆ្នាំ​១៩០៧។ អីចឹង​ទេ ទីតាំង​បង្គោល​លេខ​៦៩ និង ៧០ គឺ​អត់​មាន​អ្វី​ប្រែប្រួល​ពី​ឯកសារ​ប្រវត្តិសាស្ត្រ​ដែល​អាណានិគម​បារាំង បាន​បន្សល់​ទុក​ឲ្យ​នោះ​ទេ»

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក​ឧត្តមសេនីយ៍ឯក ឈុំ សុជាតិ បាន​មាន​ប្រសាសន៍​ថា កងទ័ព​កម្ពុជា កំពុង​តែ​ឈរ​ជើង​ការពារ​ព្រំដែន​យ៉ាង​រឹងមាំ មិន​ឲ្យ​បាត់បង់​ទឹកដី​មួយ​មិល្លីម៉ែត្រ​ណា​មួយ​ទេ៖ «ឃើញ​ថា​ជា​ពាក្យ​មួយ​មិន​អាច​ទទួល​យក​បាន ក្រសួង​ការពារ​ប្រទេស សូម​ធ្វើ​ការ​បដិសេធ​ទាំង​ស្រុង​នូវ​អ្វី​ដែល​សារព័ត៌មាន​ទាំងអស់​នេះ​លើក​ឡើង ឬ​ក៏​អ្នក​មាន​បំណង​អាក្រក់​លើក​ឡើង​ពី​បញ្ហា​ព្រំដែន​នេះ ដើម្បី​កេង​ផល​ប្រយោជន៍​អ្វី​មួយ»

អ្នក​វិភាគ​សង្គម​ឯករាជ្យ លោក កែម ឡី បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ត្រូវ​ការ​ទទួល​ព័ត៌មាន​ឯករាជ្យ ដូច្នេះ​ការ​គំរាម​ប្ដឹង​វិទ្យុ​អាស៊ីសេរី មិន​មែន​ជា​ជម្រើស​ល្អ​ទេ៖ «ជា​រឿង​មួយ​ដែល​មាន​ការ​ឆ្លងឆ្លើយ​គ្នា​ជា​ទ្វេភាគី​អីចឹង​ណា ដើម្បី​បញ្ជាក់​ឲ្យ​សាធារណជន​ដឹង​ថា តើ​បញ្ហា​ហ្នឹង​ពិត​ប្រាកដ​ត្រឹម​ណា? យើង​អាច​ថ្លឹង​ព័ត៌មាន​បាន នៅ​ពេល​ដែល​មាន​ប្រតិកម្ម​ពី​រដ្ឋាភិបាល​អីចឹង។ ហើយ​ការ​យក​ព័ត៌មាន​មក​ផ្សព្វផ្សាយ សួរ​ប្រជាជន​នៅ​តាម​ព្រំដែន​ហ្នឹង ជា​បណ្ណាល័យ​មួយ បាន​ន័យ​ថា ជា​មេ​រៀន​មួយ​ដ៏​វិសេសវិសាល​សម្រាប់​និស្សិត បញ្ញវ័ន្ត​ខ្មែរ​ឲ្យ​ដឹង​អំពី​ភូមិសាស្ត្រ​របស់​ខ្លួន»

មេ​ប៉ុស្តិ៍​បរថ្មី ច្រក​អូរអែម សង្កាត់​បរយ៉ាខា ខេត្ត​ប៉ៃលិន ដែល​ត្រូវ​បញ្ឈប់​ពី​តួនាទី លោក មួន ទឹម ហៅ ញ៉ន (ស្ដាំ) អង្គុយ​ក្បែរ​បង្គោល​ឡាក់​លេខ ៦៤ កាល​ពី​ថ្ងៃ​ទី​១៩ មីនា ឆ្នាំ​២០១៣។
មេ​ប៉ុស្តិ៍​បរថ្មី ច្រក​អូរអែម សង្កាត់​បរយ៉ាខា ខេត្ត​ប៉ៃលិន ដែល​ត្រូវ​បញ្ឈប់​ពី​តួនាទី លោក មួន ទឹម ហៅ ញ៉ន (ស្ដាំ) អង្គុយ​ក្បែរ​បង្គោល​ឡាក់​លេខ ៦៤ កាល​ពី​ថ្ងៃ​ទី​១៩ មីនា ឆ្នាំ​២០១៣។
RFA/Morm Moniroth

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ធ្លាប់​បាន​កោះ​ហៅ​តំណាង​វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) ទៅ​ព្រមាន​រួច​ម្តង​ហើយ នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាល​ពី​ខែ​តុលា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ ដោយ​លោក​រិះគន់​ថា បាន​ផ្សាយ​ខ្វះ​វិជ្ជាជីវៈ និង​ខ្វះ​តុល្យភាព។

វិទ្យុ​អាស៊ីសេរី ធ្លាប់​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថា រដ្ឋាភិបាល​មិន​យល់​អំពី​គោលការណ៍​នៃ​សេរីភាព​សារព័ត៌មាន និង​តួនាទី​សំខាន់​របស់​អ្នក​សារព័ត៌មាន​ឯករាជ្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល