ថៅកែ​មួយ​ចំនួន​នៅ​ខេត្ត​សៀមរាប​រង​ការ​ចោទ​ថា​រំលោភ​សិទ្ធិ​ការងារ​កម្មករ

សហព័ន្ធ​សហជីព​កម្មករ និយោជិត​វិស័យ​ទេសចរណ៍ និង​សេវាកម្ម​កម្ពុជា បាន​អះអាង​ថា នៅ​តាម​ភោជនីយដ្ឋាន ផ្ទះ​សំណាក់ និង​សណ្ឋាគារ​តូចៗ​ជាច្រើន ក្នុង​ខេត្ត​សៀមរាប កំពុង​កើត​មាន​ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ​កម្មករ​ជាច្រើន​នាក់ ដែល​បម្រើ​សេវាកម្ម​ឱ្យ​ភ្ញៀវ​ទេសចរ។

0:00 / 0:00

សហព័ន្ធ​សហជីព​ដដែល បាន​បញ្ជាក់​ថា បើ​ទោះ​បី​ជា​កម្មករ​កំពុង​បម្រើ​ការ​នៅ​តាម​សហគ្រាស​តូចៗ​ទាំង​នេះ ត្រូវ​ថៅកែ​រំលោភ​បំពាន​សិទ្ធិ​ការងារ​ក៏ដោយ ក៏​ពួក​គេ​ជាច្រើន​មិន​ហ៊ាន​តវ៉ា ឬ​ប្ដឹង​ផ្ដល់​ទេ។

តើ​មន្ត្រី​មន្ទីរ​ការងារ​របស់​រដ្ឋាភិបាល និង​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល រក​ឃើញ​យ៉ាង​ណា​ចំពោះ​ការ​អះអាង​របស់​សហជីព​កម្មករ​នេះ?

កម្មករ​មួយ​ចំនួន​ដែល​កំពុង​បម្រើ​ការ​តាម​ក្លឹប​ម៉ាស្សា និង​ភោជនីយដ្ឋាន​ជាច្រើន​កន្លែង​ក្នុង​ទី​រួម​ខេត្ត​សៀមរាប បាន​ត្អូញត្អែរ​ថា ថៅកែ​ជា​ជន​បរទេស​ខ្លះ និង​ខ្មែរ​ខ្លះ តែង​បង្ខំ​ឱ្យ​ពួក​គេ​ធ្វើ​ការ​ហួស​ម៉ោង និង​មិន​សូវ​អនុញ្ញាត​ឱ្យ​មាន​ថ្ងៃ​ឈប់​សម្រាក​ត្រឹមត្រូវ នៅ​ពេល​បុណ្យ​ទាន ដូច​ចែង​ក្នុង​ច្បាប់​ការងារ​ឡើយ។

កម្មករ​ខ្លះ បាន​ឱ្យ​ដឹង​ថា ថៅកែ​ខ្លះ​មិន​ត្រឹម​តែ​មិន​គោរព​ច្បាប់​ការងារ ដោយ​ឱ្យ​កម្មករ​បាន​ឈប់​សម្រាក​ត្រឹមត្រូវ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​កាត់​លុយ​ពី​កម្មករ​ផង នៅ​ពេល​ដែល​កម្មករ​ត្រូវ​បំពេញ​កាតព្វកិច្ច​ពលរដ្ឋ ដោយ​ឈប់​សម្រាក ដូច​ជា​ទៅ​បោះ​ឆ្នោត​ជ្រើស​រើស​មេ​ដឹក​នាំ​ប្រទេស​ជាដើម​នោះ។

ស្ត្រី​ម្នាក់​ជា​កម្មករ​បម្រើ​ការ​នៅ​ក្នុង​ក្លឹប​ម៉ាស្សា​មួយ​ឈ្មោះ អាឡាស្កា (Alaska) នា​ទី​រួម​ខេត្ត​សៀមរាប។ គាត់​បាន​មាន​ប្រសាសន៍​ថា ថៅកែ​ជនជាតិ​កូរ៉េ គឺ​តែង​បង្ខំ​រូប​គាត់ និង​កម្មករ​ជាច្រើន​ទៀត ឱ្យ​ធ្វើ​ការ​ដោយ​មិន​សូវ​គិត​ពី​ការ​ឈប់​សម្រាក​ថ្ងៃ​បុណ្យ​ទាន​បាន​ត្រឹមត្រូវ​ទេ។ ស្ត្រី​ដដែល​បាន​បញ្ជាក់​ថា បើ​ទោះ​បី​ជា​នៅ​ថ្ងៃ​បុណ្យ​ជាតិ ដូច​ជា​ចូល​ឆ្នាំ​ខ្មែរ ឬ​ក៏​ភ្ជុំបិណ្ឌ ថៅកែ​អនុញ្ញាត​ឱ្យ​កម្មករ​បាន​ឈប់​ខ្លះ​មែន ក៏ប៉ុន្តែ ថៅកែ​បាន​កាត់​លុយ​ថ្លៃ​បាយ​ដែល​បើក​ឱ្យ​កម្មករ ហើយ​បើ​កម្មករ​ស្ម័គ្រចិត្ត​ធ្វើ​ការ​នៅ​ថ្ងៃ​បុណ្យ​វិញ គឺ​ថៅកែ​គិត​លុយ​បន្ថែម​ម៉ោង​ឱ្យ តែ​មិន​ត្រឹម​ត្រូវ​តាម​ច្បាប់​ទេ៖ «បើ​ថា​យើង​ថ្ងៃ​បុណ្យ​ទាន​អ៊ីចឹង គេ​ឱ្យ​ឈប់ ប៉ុន្តែ​គេ​កាត់​លុយ ១​ថ្ងៃ ២​ពាន់​រៀល។ ហើយ​ពេល​ដែល​យើង​មក​ធ្វើ​ការ​ថ្ងៃ​បុណ្យ គឺ​គេ​ឱ្យ ១​ដុល្លារ។ ធ្វើ​ការ ៨​ម៉ោង​ក្នុង​១​ថ្ងៃ គឺ​លុយ ១៥​ដុល្លារ ថ្លៃ​បាយ​ក្នុង​១​ខែ ដែល​ថៅកែ​ធ្លាប់​ឱ្យ​នោះ គឺ​គាត់​ដក​ចេញ។ ពួក​ខ្ញុំ​សុំ​នៅ​ដដែល ប៉ុន្តែ​គាត់​អត់​ព្រម​ទេ បើ​សិន​ចង់​យក​លុយ ១៥​ដុល្លារ​ថ្លៃ​បាយ​ហ្នឹង ទាល់​តែ​ខ្ញុំ​ធ្វើ​ការ ១០​ម៉ោង​ក្នុង​១​ថ្ងៃ»

ចំណែក​ស្ត្រី​ជា​អ្នក​បម្រើ​នៅ​ក្នុង​ភោជនីយដ្ឋាន​ម្នាក់​ទៀត បាន​អះអាង​ថា រូប​គាត់ និង​អ្នក​បម្រើ​ជាច្រើន ត្រូវ​ថៅកែ​បង្ខំ​ឱ្យ​ធ្វើ​ការ ១៣​ម៉ោង​ក្នុង​១​ថ្ងៃ។ អ្នក​បម្រើ​ក្នុង​ភោជនីយដ្ឋាន​ដដែល បាន​បញ្ជាក់​ថា ថៅកែ​ស្រី​របស់​គាត់ គឺ​ជា​មនុស្ស​ដែល​តឹងតែង មិន​សូវ​អនុញ្ញាត​ឱ្យ​កម្មករ​បាន​ឈប់​សម្រាក​តាម​ច្បាប់​ការងារ​ទេ គឺ​ក្នុង​១​ខែ អនុញ្ញាត​ឱ្យ​ឈប់​សម្រាក​ពី​ការងារ​រយៈពេល​តែ​១​ព្រឹក៖ «ថៅកែ​ឱ្យ​ពួក​ខ្ញុំ​ធ្វើ​អ៊ីចឹង​ឯង! ពី​មុន​១​ខែ​ឱ្យ​ពួក​ខ្ញុំ​សម្រាក​១​ថ្ងៃ។ ដល់​ឥឡូវ អត់​ឱ្យ​សម្រាក​ទេ។ ប្រពន្ធ​គាត់​ថា ធ្វើ​ការ​មិន​ពេញ​ខែ ឱ្យ​សម្រាក​១​ព្រឹក។ មួយ​ព្រឹក​ហ្នឹង​ទាល់​តែ​យើង​យាម​វាស់​ល្ងាច​ទៀត។ ឧទាហរណ៍​ថ្ងៃ​នេះ យើង​យាម ស្អែក​ឡើង​យើង​បាន​សម្រាក​១​ព្រឹក។ ខ្លះ​គេ​សម្រាក​ទៅ មក​វិញ​គាត់​ដេញ​គេ​ថែម គាត់​មិន​ឱ្យ​ធ្វើ​ការ»

ក្រុម​កម្មករ​ខ្លះ​ធ្លាប់​អះអាង​ថា ក្រៅ​តែ​ពី​ថៅកែ​បង្ខំ​ឱ្យ​ពួក​គេ​ធ្វើ​ការ​លើស​ពី​ច្បាប់​ការងារ គឺ​ពេល​ខ្លះ​ថៅកែ​បរទេស​បាន​ជេរ​ប្រមាថ និង​វាយ​តប់​លើ​រាង​កាយ​ទៀត​ផង។

កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា កន្លង​ទៅ កម្មករ​ខ្មែរ​ប្រមាណ ៥០​នាក់ ដែល​បម្រើ​ការ​ផ្នែក​ម៉ាស្សា​ឱ្យ​ហាង​កូរ៉េ ឈ្មោះ អាយស៍ ស្ប៉ា (Ice Spa) នៅ​ក្នុង​ទី​រួម​ខេត្ត​សៀមរាប បាន​លើក​គ្នា​ទៅ​កាន់​ស្នង​ការ​នគរបាល ដើម្បី​ប្ដឹង​អ្នក​គ្រប់គ្រង​ជនជាតិ​កូរ៉េ ម្នាក់ ដោយ​ទាមទារ​ឱ្យ​សង​ជំងឺ​ចិត្ត​ជា​ទឹក​ប្រាក់​ចំនួន ៤០០០​ដុល្លារ​អាមេរិក និង​ឱ្យ​អ្នក​គ្រប់គ្រង​ជន​បរទេស​រូប​នោះ​សុំ​ទោស ដោយសារ​តែ​បាន​ប្រើ​ហិង្សា​ដោះ​ស្បែក​ជើង​គប់ និង​វាយ​ក្បាល​ពួក​គេ​ជាច្រើន​លើក​មក​ហើយ។

ចាប់​តាំង​ពី​អំឡុង​ខែ​ឧសភា ដែរ ក្រុម​សហជីព​កម្មករ​នៃ​ព្រលាន​យន្តហោះ​អន្តរជាតិ ខេត្ត​សៀមរាប បាន​ធ្វើ​កូដកម្ម​ជាច្រើន​លើក​មក​ហើយ ដើម្បី​ទាមទារ​ឱ្យ​អ្នក​គ្រប់គ្រង​បរទេស​គោរព​តាម​លក្ខខណ្ឌ​ការងារ​ឱ្យ​បាន​ប្រសើរ ក៏ប៉ុន្តែ​ការ​ទាមទារ​របស់​កម្មករ​ទាំង​នោះ​មិន​បាន​សម្រេច​នៅ​ឡើយ។

សហព័ន្ធ​សហជីព​កម្មករ និយោជិត​វិស័យ​ទេសចរណ៍ និង​សេវាកម្ម​កម្ពុជា ខេត្ត​សៀមរាប បាន​អះអាង​ថា បច្ចុប្បន្ន ក្នុង​ចំណោម​សហគ្រាស​ជាច្រើន ដូច​ជា​ភោជនីយដ្ឋាន ផ្ទះ​សំណាក់ សណ្ឋាគារ​តូចៗ ឬ​ក៏​ក្លឹប​ម៉ាស្សា​ជាដើម គឺ​អត់​គោរព​ច្បាប់​ការងារ​ទេ។

អនុប្រធាន​សហព័ន្ធ​សហជីព​កម្មករ និយោជិត​វិស័យ​ទេសចរណ៍ និង​សេវាកម្ម​កម្ពុជា លោក ម៉ម រិទ្ធី បាន​មាន​ប្រសាសន៍​ថា នៅ​តាម​ភោជនីយដ្ឋាន ហាង​ម៉ាស្សា ឬ​ក៏​សណ្ឋាគារ​តូចៗ​ស្ទើរ​តែ ៨០% គឺ​អត់​បាន​អនុវត្ត​ថ្ងៃ​ឈប់​សម្រាក ការ​ធ្វើ​ការ​ថែម​ម៉ោង ឬ​ក៏​គិត​ប្រាក់​ខែ​ត្រឹមត្រូវ​ទៅ​តាម​ច្បាប់​ការងារ​របស់​ប្រទេស​កម្ពុជា ឡើយ។ លោក ម៉ម រិទ្ធី បាន​បញ្ជាក់​ថា កម្មករ​ដែល​ធ្វើ​ការ​នៅ​តាម​ភោជនីយដ្ឋាន​ក្លឹប​ម៉ាស្សា ផ្ទះ​សំណាក់​តូចៗ គឺ​អាច​ទទួល​បាន​ប្រាក់​ពី ៦០ ទៅ​ជាង ១០០​ដុល្លារ​ក្នុង​១​ខែ ក៏ប៉ុន្តែ ពេល​ខ្លះ​ពួក​គេ​ក៏​ទទួល​រង​អំពើ​ហិង្សា​ពី​ថៅកែ​ដែរ។ ក៏ប៉ុន្តែ បើ​ទោះ​បី​ជា​មាន​ករណី​រំលោភ​សិទ្ធិ​ក៏ដោយ ក៏​ភាគ​ច្រើន​កម្មករ​មិន​សូវ​ហ៊ាន​ប្ដឹង​ផ្ដល់​រក​ខុស​ត្រូវ​ទេ៖ «យើង​ដឹង​ព័ត៌មាន​មក​ហើយ យើង​ទៅ​ជួប​គាត់ យើង​ឱ្យ​គាត់​ប្ដឹង ក៏​គាត់​មិន​ហ៊ាន​ប្ដឹង យើង​ឱ្យ​គាត់​បង្កើត​សហជីព កន្លែង​ខ្លះ​គាត់​មិន​ហ៊ាន​បង្កើត​ទេ ដោយសារ​ខ្លាច​ថៅកែ​ហ្នឹង​បញ្ឈប់​ពី​ការងារ ខ្លាច​ថៅកែ​ហ្នឹង​តាម​ធ្វើ​បាប​អី​ផ្សេងៗ​អ៊ីចឹង​ទៅ។ ហើយ​ពិសេស ពាក់ព័ន្ធ​មាន​ថៅកែ​ខ្លះ មាន​មន្ត្រី​រដ្ឋាភិបាល​នៅ​ពី​ក្រោយ​ខ្នង​ច្រើន​ណាស់ រឿង​សហគ្រាស​តូចៗ។ អ៊ីចឹង ខ្លះ​អត់​ហ៊ាន​ប្ដឹង ខ្លះ​ទៀត​ឱ្យ​បង្កើត​សហជីព អត់​ហ៊ាន​បង្កើត»

មន្ត្រី​មន្ទីរ​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បាន​ទទួល​ស្គាល់​ថា មាន​ការ​រំលោភ​លើ​សិទ្ធិ​កម្មករ​ខ្លះៗ​នៅ​តាម​កន្លែង​ការងារ​មួយ​ចំនួន ដូច​ជា​ភោជនីយដ្ឋាន និង​កន្លែង​ម៉ាស្សា​ជាដើម ក៏ប៉ុន្តែ បញ្ហា​ទាំង​នោះ គេ​មិន​ដែល​ទទួល​បាន​បណ្ដឹង​ពី​កម្មករ​ឡើយ។

ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ខេត្ត​សៀមរាប លោក ច័ន្ទ សុខុមចិត្តា បាន​មាន​ប្រសាសន៍​ថា បញ្ហា​ដែល​ថៅកែ​រំលោភ​ទៅ​លើ​ម៉ោង​ការងារ​របស់​កម្មករ​បន្តិចបន្តួច គឺ​តែង​កើត​មាន​នៅ​កន្លែង​ខ្លះ ក៏ប៉ុន្តែ ភាគ​ច្រើន​បញ្ហា​ទាំង​នោះ គឺ​កម្មករ​មិន​បាន​ប្ដឹង​ទេ ដោយ​ច្រើន​តែ​ធ្វើ​ការ​ព្រមព្រៀង​គ្នា​រវាង​ថៅកែ និង​កម្មករ។

លោក ច័ន្ទ សុខុមចិត្តា បាន​បញ្ជាក់​ថា បើ​ទោះ​បី​ជា​ពេល​ខ្លះ ថៅកែ និង​កម្មករ បាន​ព្រមព្រៀង​គ្នា​ធ្វើ​ការ​លើស​ម៉ោង​ក៏ដោយ ក៏​ច្បាប់​តម្រូវ​ឲ្យ​ធ្វើ​ការ​ត្រឹម​តែ ៨​ម៉ោង និង​អាច​ធ្វើ​បន្ថែម​បាន​តែ ២​ម៉ោង​ទេ​នៅ​ក្នុង​១​ថ្ងៃ។ ចំណែក​ឯ​ប្រាក់​បន្ថែម​ម៉ោង​ទៀត​សោត គឺ​ទូទាត់​ទៅ​តាម​ច្បាប់​ការងារ ដោយ​ពេល​ថ្ងៃ គឺ ១៥០% នៃ​ចំនួន​ប្រាក់​ធ្វើ​ការ​ធម្មតា និង​ពេល​យប់ ២០០%។ លោក ច័ន្ទ សុខុមចិត្តា បាន​អំពាវនាវ​ឱ្យ​កម្មករ​ទាំងអស់​ត្រូវ​ដាក់​ពាក្យ​ប្ដឹង​ទៅ​មន្ទីរ​ការងារ ប្រសិន​បើ​មាន​ការ​រំលោភ​សិទ្ធិ​ផ្សេងៗ៖ «បើ​មាន​បណ្ដឹង​មក​ទៅ​ភ្លាម បើ​ទៅ​រក​ឃើញ​ថា ធ្វើ​ការ​លើស​ម៉ោង​លើស​អី ចាប់​បង្ខំ​កម្មករ​មិន​អាច​ប្រកែក​បាន គឺ​យើង​មាន​វិធាន​ការ​តាម​ផ្លូវ​ច្បាប់ ណែនាំ​និយោជក​ហ្នឹង។ យើង​អត់​មាន​បណ្ដោយ​ឱ្យ​គាត់​ធ្វើ​បាប​កម្មករ​និយោជិត​ហ្នឹង​ទេ។ កន្លង​មក វា​មិន​សូវ​មាន​ទេ​ពាក់ព័ន្ធ​អា​លើស​ម៉ោង​ធ្វើ​ការ​អី​ហ្នឹង វា​តិចតួច​ណាស់»

អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​ក្នុង​ខេត្ត​សៀមរាប បាន​រក​ឃើញ​ថា ករណី​រំលោភ​សិទ្ធិ​កម្មករ​នៅ​កន្លែង​ធ្វើ​ការ គឺ​ឧស្សាហ៍​កើត​មាន ក៏ប៉ុន្តែ គេ​មិន​អាច​អន្តរាគមន៍​ផ្លូវ​ច្បាប់​បាន​ទេ ដោយសារ​តែ​ក្រុម​កម្មករ​មិន​បាន​ប្ដឹង​ផ្ដល់។

អ្នក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក ចៅល័ក្ខ វណ្ណា បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន ចំពោះ​ករណី​ថៅកែ​រំលោភ​សិទ្ធិ​កម្មករ​នេះ គឺ​អង្គការ​សិទ្ធិ​មនុស្ស​ប្រមូល​មិន​បាន​សព្វ​ជ្រុងជ្រោយ​ឡើយ ដោយសារ​តែ​កម្មករ​មិន​បាន​ប្ដឹង។ ក៏ប៉ុន្តែ នៅ​ពេល​ខ្លះ គឺ​អង្គការ​របស់​លោក​ក៏​បាន​ទទួល​បណ្ដឹង​របស់​កម្មករ ស្ដីពី​ថៅកែ​រំលោភ​បំពាន​ដែរ។ នៅ​ពេល​ដែល​អង្គការ​ទទួល​បាន​ករណី​នេះ គឺ​តែង​តែ​ធ្វើ​អន្តរាគមន៍ ហើយ​ករណី​ខ្លះ ក៏​អាច​ធ្វើ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​វិញ​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។