សហជីព​ឯករាជ្យ​ថា សេរីភាព​របស់​សហជីព​កម្មករ​រោងចក្រ ពិតជា​មានការ​រឹតត្បិត​ខ្លាំង

សហជីព​ឯករាជ្យ​ថា សេរីភាព​របស់​សហជីព​កម្មករ​រោងចក្រ នៅពេល​បច្ចុប្បន្ន ពិតជា​មានការ​រឹតត្បិត​ខ្លាំង ដោយសារតែ​អាជ្ញាធរ​និង​និយោជក​បាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​គំរាមកំហែង​គ្រប់​រូបភាព រហូត​ដល់​បញ្ឈប់​ថ្នាក់​ដឹកនាំ​សហជីព​ពី​ការងារ​ជា​បន្តបន្ទាប់​។ ពួកគាត់​ថា ករណី​នេះ អាជ្ញាធរ​ពាក់ព័ន្ធ គួរតែ​រក​ដំណោះស្រាយ​ដល់​សហជីព និង​កម្មករ។

ក្រុម​សហជីព​ឯករាជ្យ​ដែល​ធ្វើការ​ការពារ​សិទ្ធិ​កម្មករ​រោងចក្រ​កាត់ដេរ នៅតែ​រក្សា​ជំហរ​ការពារ​ការ​រក​ឃើញ​របស់​ខ្លួន​ដែល​ថា សេរីភាព​សហជីព​ឯករាជ្យ​ពុំ​មាន​ភាព​ល្អ​ប្រសើរ​នោះ​ទេ គឺ​បន្ត​រង​ការ​គំរាមកំហែង និង​រឹតត្បិត ពី​សំណាក់​អាជ្ញាធរ​ និង​ថៅកែ​។ ការ​អះអាង​ជាថ្មី​នេះ ធ្វើឡើង​ក្រោយ​ពេល​អង្គការ​សង់ត្រាល់ (Central) បាន​ចេញ​របាយការណ៍ ស្ដី​អំពី​ការរារាំង​សេរីភាព​របស់​សហជីព​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ត្រូវ​បាន​សហជីព ​ដែល​មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល និង​ថៅកែ ព្រួត​គ្នា​វាយប្រហារ និង​តវ៉ា​ប្រឆាំង។

ក្រុម​សហជីព​ឯករាជ្យ រួមមាន​សហព័ន្ធ​សហជីព​កម្ពុជា (CATU) សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា (CCAWDO) និង អង្គការ​សង់ត្រាល់ (Central) កាលពី​ថ្ងៃទី​២៦ មិថុនា បាន​ចេញ​សេចក្ដីថ្លែងការណ៍ រៀបរាប់​ថា របាយការណ៍​របស់​អង្គការ​សង់​ក្រាល ដែល​ចេញផ្សាយ កាល​ពីពេល​ថ្មីៗ ​នេះ ធ្វើឡើង​តាម​បែប​វិទ្យាសាស្ត្រ និង​ឆ្លង​កាត់ ការ​សម្ភាសន៍​ត្រឹមត្រូវ​ដើម្បី​ប្រមូល​បញ្ហា និង​ដាក់​អនុសាសន៍ ទៅ​កាន់​អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី​ដោះស្រាយ។

អ្នកគ្រប់គ្រង​កម្មវិធី​ការងារ​នៃ​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៧ ខែ​មិថុនា ថា ក្រុម​សហជីព​ឯករាជ្យ និង​អង្គការ​សង់ត្រាល់ នៅតែ​ប្រកាន់​ជំហរ​ថា សេរីភាព​សហជីព រង​ការ​រឹតត្បិត និង​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ និង​ថៅកែ ពិតប្រាកដ ដូចដែល​បាន​បង្ហាញ​នៅក្នុង​របាយការណ៍។

លោក​បន្ត​ថា ជា​រឿង​ដែល​គួរ​ឱ្យ​សោកស្ដាយ ចំពោះ​អ្នកមួយ​ចំនួន ដែល​ពុំបាន​អាន​របាយការណ៍​ឱ្យ​បាន​ស៊ីជម្រៅ ហើយ​មានការ​យល់​ច្រឡំ មក​លើ​អង្គការ​សង់ត្រាល់។ លោក​បញ្ជាក់​ថា នៅក្នុង​របាយការណ៍ គ្មាន​ការវាយប្រហារ​ភាគី​ណាមួយ​នោះ​ទេ គឺ​គ្រាន់តែ​ឆ្លុះបញ្ចាំង​អំពី​ស្ថានភាព​ពិត​របស់​កម្មករ ដែល​កំពុង​ជួបប្រទះ​បញ្ហា​ប្រឈម ដើម្បី​ស្នើ​ឱ្យ​ភាគី​ពាក់ព័ន្ធ​រក​ដំណោះស្រាយ។

លោក ឃុន ថារ៉ូ៖ «របាយការណ៍​នេះ​ខ្ញុំ​សូម​បញ្ជាក់​ឡើងវិញ​ថា ជា​របាយការណ៍​ស្រមោល ហើយ​របាយការណ៍​មួយ​ដែល​ពិនិត្យមើល​នឹង​ការអនុវត្ត​សិទ្ធិ​សេរីភាព​ភាព​របស់​សហជីព​។ អ៊ីចឹង បើ​យើង​មិន​ច្បាស់​អំពើ​គោលដៅ គោលបំណង និង​កម្មវត្ថុ​នៃ​របាយការណ៍​ហ្នឹង​ទេ វា​អាច​មាន​ការភាន់ច្រឡំ អ្វី​ដែល​រក​ឃើញ របកគំហើញ ដែល​បាន​រក​ឃើញ​ពាក់ព័ន្ធ​នឹង​ឧបសគ្គ​រារាំង ចំពោះ​កម្មករ​និយោជិក នៅក្នុង​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ ស្បែកជើង​និង​ផលិតផល​ធ្វើដំណើរ​នៅក្នុង​ប្រទេស​កម្ពុជា»។

ការ​ចេញ​មុខ​ការពារ​លទ្ធផល​របាយការណ៍​របស់​ខ្លួន​នេះ ក្នុងពេលដែល​សហជីព​មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល និង​ថៅកែ​រោងចក្រ បាន​ចេញ​មុខ​តវ៉ា​ជា​បន្តបន្ទាប់​ប្រឆាំង​ ចំពោះ​របាយការណ៍ និង​ចោទប្រកាន់​ទៅលើ​អង្គការ​សង់ត្រាល់​ថា ធ្វើ​របាយការណ៍​មិន​ពិត និង​មាន​ចេតនា​បំផ្លាញ​កេរ្តិ៍ឈ្មោះ​ប្រទេស​កម្ពុជា​ជាដើម។

លើស​ពី​នេះ នៅ​ថ្ងៃទី​២៧ ​ខែមិថុនា សហភាព​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា ដែល​ជា​សហជីព​គាំទ្រ​រដ្ឋាភិបាល ហើយ​មាន​លោក ហង្ស រ៉ាវី ជា​តំណាង នោះ​ ក៏​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅកាន់​តុលាការ​ប្រឆាំង​នឹង​អ្នកគ្រប់គ្រង​កម្មវិធី​ការងារ​នៃ​អង្គការ​សង់ត្រាល់ គឺ​លោក ឃុន ថា​រ៉ូ ដោយ​ចោទ​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​បទ​ញុះញង់​ឱ្យ​មាន​ការរើសអើង ពាក់ព័ន្ធ​នឹង​ការ​លើកឡើង​របស់​លោក ឃុន ថារ៉ូ ជុំវិញ​ការ​វាយប្រហារ​មក​លើ​ការងារ​របស់​ក្រុម​សហជីព​ឯករាជ្យ។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​លោក កត្តា អ៊ន ដើម្បី​ឆ្លើយតប​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២៧ ខែ​មិថុនា។

ទោះជា​យ៉ាងណា សម្ព័ន្ធ​សហជីព និង​អង្គការក្រៅរដ្ឋាភិបាល​អន្តរជាតិ​ឈ្មោះថា យុទ្ធនាការ​សំលៀកបំពាក់​ស្អាត (Clean Clothes Campaign) កាល​ពី​ពេល​ថ្មីៗ​ នេះ​ បាន​ប្រកាស​ថ្កោលទោស​សហជីព​គាំទ្រ​រដ្ឋាភិបាល ដែល​បាន​ធ្វើ​យុទ្ធនាការ​វាយប្រហារ​ប្រឆាំង​អង្គការ​សង់ត្រាល់។ យុទ្ធនាការ​សំលៀកបំពាក់​ស្អាត ចាត់ទុក​សកម្មភាព​របស់​សហជីព​ទាំង​នោះ​ថា ជា​យុទ្ធនាការ​បង្ខូច​កេរ្តិ៍​ឈ្មោះ​អង្គការ​ការពារ​សិទ្ធិ​ការងារ​ឯករាជ្យ នៅ​កម្ពុជា ហើយ​មាន​ចេតនា​ចង់​កម្ទេច​សហជីព​ឯករាជ្យ។

មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ហៅ​កាត់​ថា «សង់ត្រាល់» កាលពី​ថ្ងៃទី​៤ ខែ​មិថុនា បាន​ចេញ​របាយការណ៍​មួយ ដោយ​រក​ឃើញ​ថា ក្នុង​ចំណោម សហជីព​ចំនួន​១៤ មាន​សហជីព​ចំនួន​១០ រង​ការ​បំភិតបំភ័យ​ដោយ​ផ្ទាល់​មាត់ ការ​គំរាមកំហែង ការ​បៀតបៀន និង​ការ​ដាក់​ក្នុង​បញ្ជីខ្មៅ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​បំពេញ​ការងារ​របស់​ពួកគេ​។ អង្គការ​សង់ត្រាល់​ទាមទារ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​គួរតែ​ពិនិត្យមើល និង​ដោះស្រាយ​កុំឱ្យ​មានការ​រំលោភសិទ្ធិ​សេរីភាព​ការងារ​របស់​កម្មករ​និយោជិក និង​សហជីព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។