លោក ស សុខា ព្រមានអង្គការសង្គមស៊ីវិលមិនឱ្យភ្ជាប់ទំនាក់ទំនងជាមួយក្រុមដែលលោកចោទថាជា «ក្រុមជ្រុលនិយម»
2024.12.12
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ព្រមានអង្គការសង្គមស៊ីវិលកុំឱ្យភ្ជាប់ទំនាក់ទំនងជាមួយក្រុមដែលលោកចោទថា ជា«ក្រុមជ្រុលនិយម» ដែលចង់ផ្ដួលរំលំរដ្ឋាភិបាល។ ឆ្លើយតបការលើកឡើងនេះ មន្ត្រីសង្គមស៊ីវិលថា ពួកគេតែងតែគោរពច្បាប់ និងជំរុញទៅក្រសួងមហាផ្ទៃវិញ ឱ្យបើកលំហសេរីភាពបញ្ចេញមតិ សិទ្ធិជួបជុំ និងអនុញ្ញាតឱ្យអង្គការសង្គមស៊ីវិលបំពេញការងារដោយគ្មានការរឹតត្បិតសិទ្ធិសេរីភាព។
សារព្រមានរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា នៅពេលនេះ ធ្វើឡើងស្របពេលដែលប្រទេសផ្ដាច់ការមួយចំនួនកំពុងដួលរលំជាបន្តបន្ទាប់ ដោយសារតែការផ្ទុះការតវ៉ា និងងើបបះបោរ របស់ពលរដ្ឋ និងធ្វើឱ្យមេដឹកនាំទាំងនោះត្រូវបង្ខំចិត្តរត់ចោលស្រុកសឹងមិនទាន់។ លោក ស សុខា ណែនាំអង្គការ និងសមាគមចៀសចេញពីក្រុមដែលលោកចោទពេញៗមាត់ថា ជា «ក្រុមជ្រុលនិយម»ដែលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល ប្រឆាំងរដ្ឋធម្មនុញ្ញ និងជាវិទ្ធង្សនាលើរបបប្រជាធិបតេយ្យសេរីពហុបក្ស ដែលនាំឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អ្វីមួយដែលលោកហៅថា «សន្តិភាព និងស្ថិរភាពជាតិ»។ សាររបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុក លោក ស ខេង អតីតមន្ត្រីក្រសួងមហាផ្ទៃ និងជាឪពុករបស់លោក ស សុខា នៅថ្ងៃទី១១ ខែធ្នូ។ លោក ស សុខា ថ្លែងបែបនេះ ក្នុងវេទិកាស្ដីពីភាពជាដៃគូរវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៦ ក្រោមប្រធានបទ «សិទ្ធិសេរីភាពសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងបរិបទនីតិរដ្ឋនៅកម្ពុជា» ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។
អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លីនិងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក យិន ម៉េងលី យល់ថា ការព្រមាននេះព្រោះរដ្ឋាភិបាល ទំនងជាខ្លាចអង្គការសង្គមស៊ីវិលលួចធ្វើការងារជាមួយក្រុមអ្នករិះគន់ នៅក្រៅប្រទេស។ ទោះយ៉ាងណាលោកថា ក្រុមអង្គការសង្គមស៊ីវិល ដឹងខ្លួនឯងច្បាស់ ថា អ្វីជាសកម្មភាពខុសច្បាប់ ហើយអង្គការសង្គមស៊ីវិលតែងតែគោរពច្បាប់ ជាពិសេសគឺបំពេញការងារផ្អែកលើច្បាប់ស្ដីពីអង្គការសង្គមស៊ីវិល។ «»
មន្ត្រីសង្គមស៊ីវិលរូបនេះស្នើទៅមន្ត្រីអនុវត្តច្បាប់បំពេញការងារដោយការអនុវត្តច្បាប់ ដូចការបំពេញការងាររបស់សង្គមស៊ីវិលដែរ។ លោក យិន ម៉េងលី ទាមទារបែបនេះ ដោយលោកអះអាងថា អាជ្ញាធរមូលដ្ឋាន បានរារាំងសិទ្ធិជួបជុំរបស់អង្គការសង្គមស៊ីវិល ដោយអាជ្ញាធរតែងតែតម្រូវអង្គការសង្គមស៊ីវិលដាក់លិខិតជូនដំណឹងទៅអាជ្ញាធរ នៅពេលមាន មានការជួបជុំ ការធ្វើសិក្ខាសាលា ឬការបង្រៀនច្បាប់ដល់ពលរដ្ឋនៅតាមមូលដ្ឋាន។ លោក យិន ម៉េងលី ឱ្យដឹងទៀតថា ក្រុមអង្គការសង្គមស៊ីវិល បានជំរុញទៅក្រសួងមហាផ្ទៃ ពន្លឿនការធ្វើវិសោធនកម្មច្បាប់ស្ដីពីអង្គការសង្គមស៊ីវិល ប៉ុន្តែ ភាគីក្រសួងមហាផ្ទៃ ត្រឹមឆ្លើយតបថា ក្រសួងជំនាញរបស់ក្រសួងជាប់រវល់បំពេញការងារផ្សេងដែលមិនទាន់មានពេលគ្រប់គ្រាន់ក្នុងរៀបចំកែច្បាប់នេះនៅឡើយ។
ទាក់ទងរឿងនេះដែរ ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជាហៅកាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា ប្រាប់ថា ក្រុមអង្គការសង្គមស៊ីវិល បំពេញការងាររបស់ខ្លួនដើម្បីជួយពលរដ្ឋ និងរដ្ឋាភិបាល លើផ្នែកសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនីតិរដ្ឋជាដើម។ មន្ត្រីសង្គមសិទ្ធិមនុស្សរូបនេះ ចង់ឃើញរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរបង្កបរិយាកាសល្អអង្គការសង្គមស៊ីវិល ដែលមិនមែនជាសារព្រមានបែបនេះទេ។ លោកយល់ថា សារព្រមានរបស់លោក ស សុខា បែបនេះ ធ្វើឱ្យប៉ះពាល់សតិអារម្មណ៍ ឬស្មារតីរបស់អង្គការសង្គមស៊ីវិល ហើយប្រសិនបើក្រសួងមហាផ្ទៃរកឃើញថា អង្គការសង្គមស៊ីវិលណាមួយជាប់ពាក់ព័ន្ធជាមួយក្រុមជ្រុលនិយម ក្រសួងគួរជជែក ឬព្រមានលើអង្គការ ឬសមាគមនោះ។ «»
មិនអាចសុំការឆ្លើយតបរឿងនេះ ពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានទេនៅថ្ងៃទី១១ ខែធ្នូ។ រដ្ឋាភិបាលត្រកូលហ៊ុន រងការរិះគន់ថា កំពុងដើរចេញចាក់ឆ្ងាយពីគន្លងប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងធ្វើទុក្ខបុកម្នេញលើបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងអ្នកធ្វើការងារសង្គមជាដើម។
ចំណែកប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី កំពុងកៀរគរពលរដ្ឋក្នុងនិងក្រៅប្រទេសដោយបង្កើតចលនា តស៊ូប្រឆាំងរបបដឹកនាំគ្រួសារនិយមរបស់លោក ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។