របបក្រុងភ្នំពេញកំពុងរឹតត្បិតលើប្រព័ន្ធអ៊ីនធឹណិត ដោយយកតាមលំនាំប្រទេសកុម្មុយនិស្តមួយចំនួនដូចជាប្រទេសចិន តាមរយៈការបង្កើតច្រកទ្វារអ៊ីនធឺណិត។
នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ណុប វី មានប្រសាសន៍ថា នៅក្នុងខ្លឹមសារមួយចំនួននៃអនុក្រឹត្យនេះមានទំនោររឹតត្បិតសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ជាពិសេស សេរីភាពបញ្ចេញមតិ។ លោកថា ខ្លឹមសារមួយចំនួននៅក្នុងអនុក្រឹត្យនេះ បានចែងទូលំទូលាយពេកដូចជា ក្នុងករណីដែលអាជ្ញាធរចោទប្រកាន់ថា បានធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងទំនៀមទម្លាប់ដ៏ល្អរបស់ជាតិជាដើម៖ «អ៊ីចឹងទាំងអស់នេះ គឺជាការព្រួយបារម្ភរបស់យើងទៅលើរាជរដ្ឋាភិបាលធ្វើយ៉ាងណា ដើម្បីឱ្យមានការលើកនូវកង្វល់ទាំងអស់ហ្នឹង ដើម្បីពិនិត្យ និងជជែក ឬមួយក៏ផ្អាក មិនទាន់ឱ្យមានដំណើរការនូវអនុក្រឹត្យស្ដីពីការបង្កើតច្រកទ្វារអ៊ីនធឹណិតជាត់នេះ ហើយធ្វើយ៉ាងណាឱ្យមានការពិភាក្សាទូលំទូលាយ ដើម្បីធានាថា អនុក្រឹត្យនេះត្រូវបានប្រកាសឱ្យប្រើហើយវាធានាពីប្រសិទ្ធភាព និងប្រសិទ្ធិផល សម្រាប់ការប្រើប្រាស់របស់ពលរដ្ឋទូទៅ»។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃទី១៦ កុម្ភៈកន្លងទៅនេះ បានចុះហត្ថលេខាលើអនុក្រឹត្យមួយស្ដីពីការបង្កើតច្រកទ្វារអ៊ីនធឹណិតជាតិរបស់រាជរដ្ឋាភិបាល ដែលអនុក្រឹត្យនោះមានគោលបំណងគ្រប់គ្រងរាល់ការតភ្ជាប់បណ្ដាញអ៊ីនធឹណិតទាំងអស់នៅក្នុងប្រទេស ក្រោមហេតុផលថា ដើម្បីការពារសន្តិសុខជាតិ និងថែរក្សារបៀបរៀបរយសណ្ដាប់ធ្នាប់សង្គម។ អនុក្រឹត្យថ្មីនេះ បានកំណត់និយមន័យថា ច្រកទ្វារអ៊ីនធឹណិត សំដៅដល់ច្រកទ្វារដែល «សេវាអ៊ីនធឹណិតគ្រប់ប្រភេទត្រូវតភ្ជាប់បណ្ដាញទៅវិញទៅមកក្នុងប្រទេស និងអន្តរជាតិ»។
មាត្រា១២ នៃសេចក្ដីព្រាងអនុក្រឹត្យនេះ តម្រូវឲ្យក្រុមហ៊ុន ឬប្រតិបត្តិករនៃច្រកទ្វារអ៊ីនធឹណិតជាតិទាំងអស់ ត្រូវសហការជាមួយអាជ្ញាធរ ក្នុងការធានាសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ សីលធម៌ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់សង្គម ព្រមទាំងបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា។ អនុក្រឹត្យនេះ ពុំបានកំណត់និយមន័យជាក់លាក់អំពីពាក្យពេចន៍អស់ទាំងនេះឡើយ ដោយគ្រាន់តែចែងថា បុគ្គលដែលប្រព្រឹត្តិល្មើសបណ្ដាលឲ្យប៉ះពាល់ដល់សន្តិសុខជាតិ របៀបរៀបរយសណ្ដាប់ធ្នាប់សង្គម ឬចំណូលជាតិ នឹងត្រូវផ្ដន្ទាទោសដូចមានចែងក្នុងច្បាប់ជាធរមាន។
ទាក់ទិននឹងបញ្ហាដែរ ប្រធានមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក អ៊ិត សុធឿតមានប្រសាសន៍ថា អនុក្រឹត្យនេះហាក់បីដូចជារឹតបន្តឹងទៅលើសេរីភាពបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឹណិត ដោយសារតែរាល់ចរាចរណ៍អ៊ីនធឹណិតចេញ និងចូលស្រុកខ្មែរ ត្រូវឆ្លងកាត់ច្រកទ្វារមួយដែលគ្រប់គ្រងដោយរដ្ឋាភិបាល។ ហេតុដូច្នេះហើយរដ្ឋាភិបាលអាចគ្រប់គ្រងទៅលើចរាចរណ៍អ៊ីនធឹណិតទាំងអស់ហ្នឹងបាន គឺមានន័យថា រដ្ឋាភិបាលអាចច្រោះ ឬបិទព័ត៌មានណាដែលអាចប៉ះពាល់ដល់រដ្ឋាភិបាល ដូចជា ព័ត៌មានពីចំណុចខ្វះខាត និងព័ត៌មានពីចំណុចអវិជ្ជមានផ្សេងៗ របស់រដ្ឋាភិបាល៖ «អនុក្រឹត្យហ្នឹងគាត់បានចែងជាលក្ខណៈទូលាយៗ ហើយផ្ដល់សិទ្ធិអំណាចខ្លាំងពេក យើងឃើញថា លក្ខណៈអនុវត្តច្បាប់កន្លងមក វាអត់ចេះបែងចែករវាងអំណាចនីតិប្រតិបត្តិ និងអំណាចនីតិប្បញ្ញត្តិ ហើយនឹងអំណាចតុលាការ។ អ៊ីចឹង វាអាចជាការព្រួយបារម្ភមួយដែរ នៅពេលអនុក្រឹត្យហ្នឹងត្រូវបានអនុវត្តពេញលេញ វាអាចជាការគំរាមកំហែងដល់សិទ្ធិ សេរីភាពក្នុងការបញ្ចេញមតិរបស់ពលរដ្ឋបន្ថែមទៀត»។
អ្នកនាំពាក្យក្រសួងព័ត៌មានលោក មាស សោភ័ណ្ឌ មិនឆ្លើយតបទៅនឹងសំនួររបស់អាស៊ីសេរីជុំវិញអនុក្រឹត្យថ្មីនេះទេ ដោយលោកបានតម្រូវឱ្យទៅសួរអ្នកនាំពាក្យក្រសួងប្រៃសណីយ៍វិញ៖ «សូមសួរទៅក្រសួងប្រៃសណីយ៍ ពីព្រោះជាសមត្ថកិច្ចរបស់ក្រសួងប្រៃសណីយ៍មិនមែនជាសមត្ថកិច្ចរបស់ក្រសួងព័ត៌មានទេ»។
អាស៊ីសេរីបានព្យាយាមអ្នកទងលោក មាស ប៉ូ អ្នកនាំពាក្យក្រសួងប្រៃសណីយ៍តាមទូរស័ព្ទជាច្រើនដង តែលោកមិនទទួល។
ស្ថិតិរបស់និយ័តករទូរគមនាគមន៍កម្ពុជា បង្ហាញថា ចំនួនអ្នកប្រើប្រាស់សេវាអ៊ិនធឹណិត គិតត្រឹមខែសីហា ឆ្នាំ២០២០ មានជាង ១៥លាននាក់ (១៥.២៦២.៥២៦) ដែលជាតួលេខកើនឡើងយ៉ាងគំហុកក្នុងរយៈពេលប្រមាណ ១០ឆ្នាំចុងក្រោយនេះ ក្នុងនោះរដ្ឋបានផ្តល់អាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ិនធឹណិតសរុប ៣៨ក្រុមហ៊ុន។
ក្នុងរយៈពេលជាច្រើនឆ្នាំបន្តបន្ទាប់មកនេះ កម្ពុជាជាប់ក្នុងចំណាត់ថ្នាក់ជាប្រទេសមានសេរីភាពតិចតួចនៅលើបណ្ដាញអ៊ិនធឺណិត របស់អង្គការឃ្លាំមើលសេរីភាពពិភពលោក Freedom House ដោយសារតែរដ្ឋាភិបាលបានព្យាយាមប្លុកគេហទំព័រមួយចំនួន រួមទាំងគេហទំព័រអាស៊ីសេរី នៅមុនពេលបោះឆ្នោតជាតិឆ្នាំ២០១៨ ដែលត្រូវគេចាត់ទុកថា «ក្លែងក្លាយ» និងបានបង្កើនយុទ្ធនាការចាប់ខ្លួន និងបំភិតបំភ័យក្រុមអ្នករិះគន់ និងសំឡេងប្រឆាំងនៅលើបណ្តាញអ៊ិនធឺណិត
កាលពីឆ្នាំ២០២០ មានអ្នកសារព័ត៌មានយ៉ាងតិចចំនួន ១៣នាក់ បានប្រឈមនឹងបណ្ដឹងរបស់តុលាការ និងកំពុងជាប់នៅក្នុងមន្ទីរឃុំឃាំង ក្រោមបទចោទប្រកាន់ថា បានផ្សព្វផ្សាយព័ត៌មានមិនពិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។