បទសម្ភាសន៍​អំពី​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស ស្ថានការណ៍​នយោបាយ និង​ដំណើរ​ការ​បោះ​ឆ្នោត (វគ្គ​១)

ដោយ មួង ណារ៉េត
2016.12.29
ប្រ៊ែដ អាដាម ២០១៥ ៨៥៥ នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​រាជធានី​វ៉ាស៊ីនតុន កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
Photo: RFA

លោក ប៊្រែដ អាដាម (Brad Adams) នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ទទួល​បន្ទុក​ផ្នែក​អាស៊ី អះអាង​ថា ប្រទេស​កម្ពុជា នៅ​តែ​គ្មាន​ប្រជាធិបតេយ្យ និង​ជា​ប្រទេស​ផ្ដាច់ការ ដែល​ដឹកនាំ​ដោយ​មនុស្ស​តែ​ម្នាក់ និង​បក្ស​តែ​មួយ។

លោក មួង ណារ៉េត៖ លោក​អ្នក​នាង​កញ្ញា​ជា​ទី​មេត្រី! ថ្ងៃ​នេះ​លោក ប៊្រែដ អាដាម នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ឥឡូវ​លោក​នៅ​ទីនេះ​ជាមួយ​ខ្ញុំ​ក្នុង​បន្ទប់​ផ្សាយ​របស់​អាស៊ីសេរី នា​រដ្ឋធានី​វ៉ាស៊ីនតុន សហរដ្ឋ​អាមេរិក។ ខ្ញុំ​នឹង​សាកសួរ​សំណួរ​ខ្លះ​ទៅ​គាត់ ជុំវិញ​ស្ថានការណ៍​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ បាទ! ជម្រាប​សួរ​លោក ប៊្រែដ អាដាម ជា​ដំបូង​នេះ តើ​លោក​យល់​ឃើញ​យ៉ាង​ម៉េច​ដែរ​ចំពោះ​ស្ថានការណ៍​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា?

លោក ប៊្រែដ អាដាម៖ កម្ពុជា អត់​មាន​ប្រជាធិបតេយ្យ​ទេ! សូម​កុំ​សង្ស័យ។ លោក ហ៊ុន សែន ច្បាម​យក​អំណាច​មក​ក្តាប់​ក្នុង​ដៃ​តែ​ម្នាក់​ឯង។ គាត់​ដឹកនាំ​ប្រទេស​តាម​បែប​ឯក​បក្ស​ជា​យូរ​មក​ហើយ។ បើ​និយាយ​ពី​ការ​បោះឆ្នោត​វិញ គ្មាន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ទេ។ មិន​បាច់​ទៅ​មើល​ឯណា​ឆ្ងាយ កាល​ពី​បោះឆ្នោត​ឆ្នាំ​២០១៣ គណបក្ស​ប្រជាជន លួច​បន្លំ​លទ្ធផល​បោះឆ្នោត​ដើម្បី​បន្ត​កាន់​អំណាច។

និយាយ​រួម តាំង​ពី​ក្រោយ​ឆ្នាំ​១៩៩៣ រហូត​មក មិន​មាន​ការ​បោះឆ្នោត​ណា​មួយ​នៅ​កម្ពុជា ប្រព្រឹត្ត​ទៅ​ស្រប​តាម​ឆន្ទៈ​ប្រជាពលរដ្ឋ​ខ្មែរ​ពិត​ប្រាកដ​ទាល់​តែ​សោះ។ បើ​ថា​ការ​បោះឆ្នោត​មុនៗ​ទៅ​វា​មាន​បញ្ហា យើង​សង្ឃឹម​ថា​ការ​បោះឆ្នោត ២០១៨ នឹង​អាច​គ្រាន់​បើ។

តែ​ឥឡូវ មើល​ទៅ​ដូចជា​អត់​ផ្លូវ​សង្ឃឹម​សោះ ព្រោះ​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន នៅ​តែ​បន្ត​យាយី​វាយ​ប្រហារ និង​ធ្វើ​ទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង​ឥត​ស្រាកស្រាន្ត។ សកម្មជន​គណបក្ស​ប្រឆាំង រួម​ទាំង​តំណាង​រាស្ត្រ និង​សមាជិក​ព្រឹទ្ធសភា​ផង កំពុង​ជាប់​ឃុំឃាំង។ មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស ក៏​គេ​ចាប់​ដាក់​គុក។ លោក សម រង្ស៊ី ត្រូវ​រស់នៅ​និរទេស​ខ្លួន​ឯ​ក្រៅ​ប្រទេស។ លោក កឹម សុខា រង​ការ​គំរាម​កំហែង​តាម​ផ្លូវ​តុលាការ​មិន​ទាន់​ចប់។

ទោះ​បី​ថ្មីៗ​នេះ​មាន​ការ​ត្រូវរ៉ូវ​គ្នា​ខ្លះៗ​ផ្នែក​នយោបាយ​ក៏ដោយ ក៏​គណបក្ស​ប្រឆាំង​នៅ​តែ​បន្ត​រង​ការ​គាប​សង្កត់​រាល់​ថ្ងៃ មិន​ទាន់​ស្បើយ​នៅ​ឡើយ​ទេ។ ការ​ធ្វើ​បាប​គណបក្ស​ប្រឆាំង​ពី​គណបក្ស​កាន់​អំណាច នឹង​មិន​ថយ​ចុះ​ឆាប់​ទេ បើ​សហគមន៍​អន្តរជាតិ​មិន​ដាក់​សម្ពាធ​ខ្លាំង​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន។

លោក មួង ណារ៉េត៖ ជុំវិញ​រឿង​អន្តរាគមន៍ និង​ការ​ដាក់​សម្ពាធ​របស់​សហគមន៍​អន្តរជាតិ​នេះ លោក ហ៊ុន សែន ថា​ហើយ​ថា​កុំ​ចង់​ល​ដាក់​សម្ពាធ​គាត់ បើ​ហ៊ាន​ដាក់​សម្ពាធ​គាត់ គាត់​ដេក​ធ្វើ​មិន​ដឹង ចរិត​គាត់​គឺ​ខុស​គេ​អ៊ីចឹង។ តើ​លោក​គិត​ថា​ការ​ដាក់​សម្ពាធ​លើ​លោក ហ៊ុន សែន មាន​ប្រសិទ្ធភាព​ដែរ​ឬ​ទេ?

លោក ប៊្រែដ អាដាម៖ ធម្មតា​សារជាតិ​អ្នក​ដែល​រង​សម្ពាធ​គេ ច្រើន​តែ​និយាយ​ថា គាត់​អត់​ខ្វល់ គាត់​ដេក​ធ្វើ​មិន​ដឹង។ ប៉ុន្តែ​តាម​ការពិត ដោយសារ​តែ​គាត់​កំពុង​រង​សម្ពាធ​ខ្លាំង​មែនទែន​ហើយ ទើប​គាត់​និយាយ​អ៊ីចឹង។ លោក ហ៊ុន សែន និយាយ​នេះ គឺ​គ្រាន់​តែ​ជា​ការ​លួង​ចិត្ត​ខ្លួន​ឯង និង​កម្លា​ប្រាប់​គេ​ឯង​ថា គាត់​ជា​បុរស​ខ្លាំង គាត់​មិន​ចុះ​ញ៉ម​នរណា​ទាំងអស់។ ប៉ុន្តែ​អ្នក​ដឹង​បាន​ដឹង!

ខ្ញុំ​តាមដាន​ស្ថានការណ៍​ស្រុក​ខ្មែរ​តាំង​ពី​ឆ្នាំ​១៩៩៣។ ខ្ញុំ​ធ្លាប់​រស់នៅ​ស្រុក​ខ្មែរ​ច្រើន​ឆ្នាំ។ ខ្ញុំ​ឃើញ​ច្បាស់​ថា លោក ហ៊ុន សែន ព្រម​ចុះ​ចាញ់​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ មិន​មែន​ម្តង​ទេ គឺ​ច្រើន​ដង​មក​ហើយ។ ខ្ញុំ​ជឿ​ថា ការ​ដាក់​សម្ពាធ​របស់​សហគមន៍​អន្តរជាតិ នៅ​តែ​មាន​ប្រសិទ្ធភាព។ សូម​កុំ​ភ្លេច​ថា បើ​កុំ​តែ​មាន​ជំនួយ​របស់​សហគមន៍​អន្តរជាតិ​ដ៏​សន្ធឹកសន្ធាប់ ម្ល៉េះ​សម​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា មិន​ដឹង​មាន​អី​ជា​ទីពឹង​នោះ​ទេ។

សព្វថ្ងៃ ប្រទេស​កម្ពុជា ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​ការ​វិនិយោគ​ក្រៅ​ប្រទេស ដើម្បី​ដង្ហើម​សេដ្ឋកិច្ច។ ចំណែក​លោក ហ៊ុន សែន ផ្ទាល់ គាត់​ក៏​ត្រូវ​ការ​លុយ​ចិញ្ចឹម​ក្រុម​ទាហាន​កង​អង្គរក្ស​គាត់​រាប់​ពាន់​នាក់។ ដូច្នេះ​លោក ហ៊ុន សែន ច្បាស់​ជា​មិន​ហ៊ាន​ប្រថុយប្រថាន​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​អន់​ចិត្ត​ទេ។ បើ​សហគមន៍​អន្តរជាតិ​មិន​ពេញ​ចិត្ត ពួក​គេ​នឹង​ផ្តាច់​ទំនាក់ទំនង​សេដ្ឋកិច្ច​ចេញ​ពី​ប្រទេស​កម្ពុជា។ លោក ហ៊ុន សែន យល់​ច្បាស់​អំពី​ឥទ្ធិពល​នៃ​សម្ពាធ​អន្តរជាតិ​នេះ។ ប៉ុន្តែ​គាត់​ធ្វើ​ពើ​ជា​មិន​យល់។ សព្វថ្ងៃ​នេះ គាត់​កំពុង​លេង​ល្បែង​នយោបាយ​មួយ​ដោយ​ប្រយ័ត្ន​ប្រយែង​បំផុត។

ថ្មីៗ​នេះ ការណ៍​ដែល​គាត់​ស្នើសុំ​ព្រះមហាក្សត្រ​ព្រះរាជ​ទាន​លើកលែង​ទោស​លោក កឹម សុខា គឺ​គ្រាន់​តែ​ជា​ល្បែង​នយោបាយ ដែល​គាត់​លេង​ដើម្បី​បំបែក​គណបក្ស​សង្គ្រោះ​ជាតិ តែ​ប៉ុណ្ណោះ។ គាត់​ដឹង​ច្បាស់​ខ្លួន​ឯង​ថា បើ​គាត់​ហ៊ាន​បន្ត​ធ្វើ​បាប​លោក កឹម សុខា ឬ​ចាប់​លោក កឹម សុខា ដាក់​គុក ច្បាស់​ណាស់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ក្រោក​តវ៉ា​កក្រើក​ពេញ​ផ្ទៃ​ប្រទេស។ បើ​មាន​មហា​បាតុកម្ម​បែប​នេះ សហគមន៍​អន្តរជាតិ​ច្បាស់​ជា​មិន​ឈរ​ឱប​ដៃ​មើល​ទេ។

សរុប​សេចក្តី​មក៍ លោក ហ៊ុន សែន រង​សម្ពាធ​អន្តរជាតិ​មិន​ខុស​ពី​មេ​ដឹកនាំ​នយោបាយ​ឯ​ទៀត​នោះ​ទេ។ គ្រាន់​តែ​លោក ហ៊ុន សែន ប្រឹង​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​សម្ពាធ​នេះ វា​មាន​លក្ខណៈ​ធ្ងន់​ពេក​ប៉ុណ្ណោះ។

លោក មួង ណារ៉េត៖ បើ​លោក ហ៊ុន សែន កំពុង​ប្រឹង​ទប់​កុំ​ឲ្យ​រង​សម្ពាធ​អន្តរជាតិ ហេតុ​អ្វី​បាន​ជា​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​កម្ពុជា ហ៊ាន​គំរាម​បិទ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា?

លោក ប៊្រែដ អាដាម៖ នេះ​គ្រាន់​តែ​ជា​ល្បែង​ចាស់​ដដែលៗ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន។ គ្មាន​អ្វី​គួរ​ឲ្យ​ចម្លែក​ទេ។ ខ្ញុំ​ធ្លាប់​ធ្វើ​ការ​នៅ​ការិយាល័យ​សិទ្ធិ​មនុស្ស​ពី​ឆ្នាំ​១៩៩៥ ដល់​ឆ្នាំ​១៩៩៨។ សូម​កុំ​ភ្លេច​ថា ផ្នែក​មួយ​នៃ​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស គឺ​តម្រូវ​ឲ្យ​មាន​ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា។

ការិយាល័យ​សិទ្ធិ​មនុស្ស​មាន​វត្តមាន​នៅ​កម្ពុជា ដើម្បី​តាមដាន​ស្ថានការណ៍​រំលោភ​សិទ្ធិ​មនុស្ស និង​ការពារ​អង្គការ​សិទ្ធិ​មនុស្ស​ដទៃ​ទៀត ដូចជា​អង្គការ​អាដហុក (ADHOC) ជាដើម ដែល​ត្រូវ​រដ្ឋាភិបាល​ធ្វើ​ទុក្ខបុកម្នេញ និង​ដើម្បី​ធានា​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ សិទ្ធិ​សេរីភាព​ក្នុង​ការ​បង្កើត​អង្គការ និង​សិទ្ធិ​ធ្វើ​បាតុកម្ម។

លោក ហ៊ុន សែន ធ្លាប់​រៀន​សូត្រ​ពី​បទពិសោធន៍​ជូរ​ចត់​កាល​ពី​អតីតកាល​រួច​ហើយ។ កាលណា​គាត់​ហ៊ាន​បិទ​ការិយាល័យ​សិទ្ធិ​មនុស្ស សហគមន៍​អន្តរជាតិ​ចាត់​ទុក​រដ្ឋាភិបាល​កម្ពុជា ក្នុង​បញ្ជី​ខ្មៅ។ បើ​បិទ​ការិយាល័យ​សិទ្ធិ​មនុស្ស គឺ​ដូច​ជា​ការ​ប្រឹង​កាយ​កប់ និង​លាក់​បាំង​ការ​រំលោភ​សិទ្ធិ​មនុស្ស​មិន​ឲ្យ​គេ​ដឹង។ បើ​រដ្ឋាភិបាល​កម្ពុជា នៅ​តែ​មានះ​ចង់​បិទ​ការិយាល័យ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នោះ​លោក ហ៊ុន សែន កំពុង​លេង​ល្បែង​នយោបាយ​ដ៏​គ្រោះថ្នាក់​បំផុត​មួយ។ បើ​ការិយាល័យ​នេះ​ដក​ខ្លួន​ចេញ បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នឹង​កាន់​តែ​អាក្រក់។ ប៉ុន្តែ​តាម​ពិត បើ​លោក ហ៊ុន សែន លេង​ល្បែង​នេះ គឺ​គាត់​ធ្វើ​បាប​ខ្លួន​ឯង​ទៅ​វិញ​ទេ។ នរណា​ក៏​ដឹង​ដែរ​ថា គាត់​មិន​ចង់​ឲ្យ​មាន​ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា។ ប៉ុន្តែ​ចង់​មិន​ចង់ គាត់​ច្បាស់​ជា​ធ្វើ​ពើ​ជា​ចង់​ឲ្យ​ការិយាល័យ​នេះ​បើក​បន្ត ដើម្បី​កុំ​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធ​គាត់​ខ្លាំង​ពេក។

លោក មួង ណារ៉េត៖ អ្នក​ដែល​អំពាវនាវ​ឲ្យ​អន្តរជាតិ​ដាក់​សម្ពាធ​កម្ពុជា ដូចជា​ការ​កាត់​ជំនួយ ច្រើន​តែ​ត្រូវ​គេ​ចោទ​ថា​ជា​អ្នក​អំពាវនាវ​ឲ្យ​អន្តរជាតិ​ធ្វើ​បាប​រាស្ត្រ​ឯង។ គណបក្ស​ប្រឆាំង​ធ្លាប់​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន រឿង​រំលោភ​សិទ្ធិ​មនុស្ស។ ចំពោះ​ការ​ដាក់​សម្ពាធ​របស់​អន្តរជាតិ និង​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស​នេះ​ដដែល ពេល​លោក កឹម សុខា ត្រូវ​បាន​ព្រះមហាក្សត្រ​ព្រះរាជ​ទាន​លើកលែង​ទោស ស្រាប់​តែ​ទីលាន​ប្រជាធិបតេយ្យ​ដែល​ជា​កន្លែង​សម្រាប់​បញ្ចេញ​មតិ និង​តវ៉ា​ទាមទារ​រក​យុត្តិធម៌ និង​ដំណោះស្រាយ​ផ្សេងៗ ឥឡូវ​ត្រូវ​លោក ហ៊ុន សែន បញ្ជា​ឲ្យ​រើ​ទៅ​ជាយក្រុង។ តើ​លោក​យល់​យ៉ាង​ម៉េច​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល ក្នុង​ការ​ប្ដូរ​ទីតាំង​ថ្មី​នេះ?

លោក ប៊្រែដ អាដាម៖ រដ្ឋាភិបាល​ណា​ក៏ដោយ ឲ្យ​តែ​និយាយ​ថា​កន្លែង​ធ្វើ​បាតុកម្ម មាន​តែ​កន្លែង​ប៉ុណ្ណោះ រដ្ឋាភិបាល​នោះ គឺ​អត់​យល់​អ្វី​ទៅ​ដែល​ថា​សេរីភាព​នោះ​ទេ។ ប្រសិន​បើ​ប្រជាពលរដ្ឋ​ខ្មែរ​ចង់​ធ្វើ​បាតុកម្ម ឬ​តវ៉ា​នៅ​ទីណា​ក៏ដោយ រដ្ឋាភិបាល​ត្រូវ​អនុញ្ញាត​ឲ្យ​ពួក​គាត់​ធ្វើ ឲ្យ​តែ​ធ្វើ​ដោយ​សន្តិវិធី។ រដ្ឋាភិបាល​មាន​ករណីយកិច្ច​បម្រើ​រាស្ត្រ គឺ​ត្រូវ​ជួយ​សម្រួល និង​ការពារ​អ្នក​ធ្វើ​បាតុកម្ម ឬ​អ្នក​តវ៉ា​ដោយ​អហិង្សា​ទាំងនោះ។ រដ្ឋាភិបាល​មិន​មែន​មាន​ភារកិច្ច​ហាមឃាត់​មិន​ឲ្យ​គេ​ធ្វើ​បាតុកម្ម ឬ​តវ៉ា​នោះ​ទេ។ រដ្ឋាភិបាល​ប្រជាធិបតេយ្យ​មិន​ហាមឃាត់​បាតុកម្ម គេ​មាន​តែ​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​ដែល​មាន​បញ្ហា ចេញ​តវ៉ា ឬ​ធ្វើ​បាតុកម្ម ឲ្យ​តែ​ការ​តវ៉ា ឬ​បាតុកម្ម​នោះ​មិន​ប៉ះពាល់​ដល់​បញ្ហា​សន្តិសុខ​សង្គម ឬ​មិន​គ្រោះថ្នាក់​ដល់​សាធារណជន​ទូទៅ។ ដូច្នេះ រដ្ឋាភិបាល​ត្រូវ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​តវ៉ា​នៅ​ទីណា​ក៏​បាន អាស្រ័យ​លើ​បញ្ហា​ធំ ឬ​តូច​ដែល​ត្រូវ​តវ៉ា។

ខ្ញុំ​នៅ​ចាំ​បាន​ថា កាល​ពី​ពេល​ប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ​២០០៨ នៅ​ប្រទេស​ចិន រដ្ឋាភិបាល​ចិន បង្ខំ​ឲ្យ​អ្នក​តវ៉ា​ឲ្យ​ទៅ​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅ​កន្លែង​ស្ងាត់​មួយ​ក្នុង​ក្រុង​ប៉េកាំង។ ប៉ុន្តែ​អ្នក​តវ៉ា​មិន​ព្រម​ទៅ ព្រោះ​បើ​ពួក​គាត់​ទៅ​តវ៉ា​កន្លែង​នោះ ប៉ូលិស​នឹង​ថត​រូប​ពួក​គាត់ រួច​ហើយ​ធ្វើ​បាប ដោយ​តាម​ទៅ​ដល់​ផ្ទះ និង​ក្រោយ​មក​ក៏​ចាប់​ខ្លួន​ពួក​គាត់។ និយាយ​រួម អ្នក​ដែល​មាន​គំនិត​ចង់​ឲ្យ​ធ្វើ​បាតុកម្ម​នៅ​កន្លែង​តែ​មួយ គឺ​ជា​មនុស្ស​ចម្លែក។ បើ​និយាយ​ពី​ទីលាន​ប្រជាធិបតេយ្យ​វិញ កន្លែង​ណា​ក៏​គួរ​តែ​ធ្វើ​បាន ឲ្យ​តែ​ពលរដ្ឋ​ចង់​បញ្ចេញ​មតិ។ បើ​សង្គម​មួយ​ពិត​ជា​ផ្តល់​សិទ្ធិ​សេរីភាព​ពេញលេញ​ដល់​ពលរដ្ឋ​ខ្លួន ចង់​ពួក​គេ​បញ្ចេញ​មតិ​ត្រង់​ណា​ក៏​បាន ឲ្យ​តែ​មិន​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ ឬ​មិន​បំផ្លាញ​ទ្រព្យ​សម្បត្តិ​រដ្ឋ ឬ​ទ្រព្យ​សម្បត្តិ​ឯកជន។

ការណ៍​ដែល​លោក ហ៊ុន សែន ប្ដូរ​ទីលាន​ប្រជាធិបតេយ្យ​ទៅ​នៅ​ជាយក្រុង គឺ​ដោយសារ​គាត់​ដឹង​ថា បើ​ឆ្ងាយ​ពី​ក្រុង​ដូច្នេះ គ្មាន​នរណា​ចង់​ទៅ​នោះ​ទេ។ អ្នក​យក​ព័ត៌មាន​ក៏​មិន​ចង់​ទៅ​ឆ្ងាយ។ បើ​អត់​មាន​អ្នក​សារព័ត៌មាន​ទៅ​យក​ព័ត៌មាន​អំពី​បាតុកម្ម លោក ហ៊ុន សែន សប្បាយ​ចិត្ត ព្រោះ​គាត់​មិន​ចង់​ឃើញ​ហ្វូង​អ្នក​តវ៉ា​ដែល​ចុះ​ផ្សាយ​តាម​សារព័ត៌​ផ្សេងៗ រួម​មាន​តាម​បណ្ដាញ​ហ្វេសប៊ុក ឬ​តាម​វិទ្យុ និង​ទូរទស្សន៍​អាស៊ីសេរី។ រឿង​ប្ដូរ​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ​នេះ គឺ​ជា​រឿង​គួរ​ឲ្យ​អស់​សំណើច ព្រោះ​លោក ហ៊ុន សែន អត់​យល់​អំពី​តម្លៃ​នៃ​សេរីភាព និង​សិទ្ធិ​ក្នុង​ការ​តវ៉ា។ ចំពោះ​លោក ហ៊ុន សែន ស្អី​ក៏​ជា​រឿង​នយោបាយ​ដែរ។ គាត់​ចង់​បង្ហាញ​ឲ្យ​គេ​ឯង​កោត​ខ្លាច​អំណាច​របស់​គាត់។ គាត់​ចង់​ប្រាប់​ថា អំណាច​គាត់​ខ្លាំង​ជាង​អំណាច​ពលរដ្ឋ ដែល​មិន​ពេញ​ចិត្ត​នឹង​គាត់៕

ចុច​ត្រង់​នេះ ដើម្បី​អាន ឬ​ស្ដាប់​បទសម្ភាសន៍​វគ្គ​បញ្ចប់!

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សិទ្ធិ​មនុស្ស
តើ​លោក កើត សារ៉ាយ ជា​អ្នកណា?
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។