សម្ភាស​លោក ប៊្រែដ អាដាម អំពី​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស​និង​នយោបាយ (វគ្គ​បញ្ចប់)

ដោយ មួង ណារ៉េត
2017-01-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​រាជធានី​វ៉ាស៊ីនតុន កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​រាជធានី​វ៉ាស៊ីនតុន កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
Photo: RFA

លោក ប៊្រែដ អាដាម (Brad Adams) នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ទទួល​បន្ទុក​ផ្នែក​អាស៊ី សង្កេត​ឃើញ​ថា ប្រទេស​កម្ពុជា គ្មាន​នីតិរដ្ឋ ព្រោះ​រដ្ឋាភិបាល​ប្រើប្រាស់​ច្បាប់​ជា​ឧបករណ៍​នយោបាយ ខណៈ​ដែល​លោក ហ៊ុន សែន ជា​មេ​ដឹកនាំ​មាន​ចរិត​កោងកាច។

ខាង​ក្រោម​គឺ​ជា​អត្ថបទ​សម្ភាសន៍​រវាង​លោក មួង ណារ៉េត និង លោក ប៊្រែដ អាដាម៖

លោក មួង ណារ៉េត៖ លោក​ថា ចំពោះ​លោក ហ៊ុន សែន ស្អី​ក៏​អាច​ជា​រឿង​នយោបាយ​បាន​ដែរ។ រឿង​នេះ វា​ស្រប​ទៅ​នឹង​ព្រឹត្តិការណ៍​នយោបាយ​បច្ចុប្បន្ន។ ពេល​ដែល​ចាប់​ចង​លោក កឹម សុខា និង​មន្ត្រី​សិទ្ធិមនុស្ស​ដាក់​ពន្ធនាគារ គេ​ចាត់​ទុក​រឿង​នេះ​ថា ជា​រឿង​រំលោភ​ច្បាប់​ព្រហ្មទណ្ឌ ជា​រឿង​តុលាការ មិន​ទាក់ទង​នឹង​រឿង​នយោបាយ​ទេ។ ឥឡូវ​ពេល​ដោះលែង​លោក កឹម សុខា រឿង​នេះ​ក្លាយ​ជា​រឿង​នយោបាយ​ទៅ​វិញ។ តើ​ការ​ធ្វើ​ដូច្នេះ នាំ​ឲ្យ​ប៉ះពាល់​ដល់​នីតិរដ្ឋ និង​ប្រជាធិបតេយ្យ​ដែរ​ឬ​ទេ?

លោក ប៊្រែដ អាដាម៖ ជា​ច្រើន​ឆ្នាំ​មក​នេះ ប្រទេស​កម្ពុជា គ្មាន​ទេ​នីតិរដ្ឋ គឺ​មាន​តែ​រដ្ឋ​ដែល​យក​ច្បាប់​មក​ធ្វើ​ជា​ឧបករណ៍​បម្រើ​មហិច្ឆតា​នយោបាយ។ ប្រទេស​មួយ​មាន​នីតិរដ្ឋ គឺ​ទាល់​តែ​ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​សេរីភាព​ស្មើ​គ្នា​នៅ​ចំពោះ​មុខ​ច្បាប់។ តែ​ផ្ទុយ​ទៅ​វិញ រដ្ឋាភិបាល​កម្ពុជា ប្រើ​ច្បាប់​ជា​ឧបករណ៍​ដើម្បី​គាប​សង្កត់ និង​បង្ក្រាប​ប្រជាពលរដ្ឋ។ មិន​បាច់​ទៅ​មើល​ឧទាហរណ៍​ឯ​ណា​ឆ្ងាយ​ទេ មន្ត្រី​អង្គការ​អាដហុក (ADHOC) បំពេញ​ការងារ​ជា​អលជ្ជី​របស់​ពួកគាត់ គ្មាន​ប្រព្រឹត្ត​អ្វី​ខុស​សោះ ក៏​ត្រូវ​រដ្ឋាភិបាល​យក​ជា​គោលដៅ​ដើម្បី​ធ្វើ​បាប ដាក់​ទោស​ទណ្ឌ ដោយសារ​មូលហេតុ​នយោបាយ។

តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង និង​សកម្មជន​ច្រើន​រូប​របស់​គណបក្ស​ប្រឆាំង​ក៏​រងគ្រោះ​ដោយសារ​តែ​រដ្ឋាភិបាល​យក​ច្បាប់​មក​ប្រើ​ជា​ឧបករណ៍​នេះ។ អ្នក​សារព័ត៌មាន​ក៏​ធ្លាប់​រង​គ្រោះ​ដែរ។ ដរាបណា​ប្រទេស​កម្ពុជា នៅ​តែ​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន រឿង​អកុសល​បែប​នេះ​នឹង​នៅ​បន្ត​កើត​ឡើង​គ្មាន​ទី​បញ្ចប់ និង​គ្មាន​អ្វី​ចម្លែក​ទេ។ ការ​លើកលែង​ទោស​លោក កឹម សុខា និង​មន្ត្រី​គណបក្ស​ប្រឆាំង​ថ្មីៗ​នេះ មិន​បាន​ជួយ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា មាន​នីតិរដ្ឋ​ទេ។ ទោះបីជា​អ្នក​ទោស នយោបាយ​ទាំង​អស់​ត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព​ក៏​របប​លោក ហ៊ុន សែន នៅ​តែ​មាន​ឈ្មោះ​ជា​អ្នក​ប្រើ​ច្បាប់​តាម​តែ​អំពើ​ចិត្ត ជា​អ្នក​ចាប់​មនុស្ស​ដាក់​គុក​ស្រេច​តែ​ក្បាល​ចិត្ត ជា​អ្នក​ស្នើ​សុំ​ឲ្យ​មាន​ការ​លើក​លែង​ទោស​នរណា​ម្នាក់​តាម​តែ​ចិត្ត​នឹក​ឃើញ។ អ្វី​ដែល​ប្រជាពលរដ្ឋ​កម្ពុជា និង​សហគមន៍ អន្តរជាតិ​ចង់​បាន គឺ​ប្រព័ន្ធ​តុលាការ​មួយ​ដែល​ឯករាជ្យ​ចង់​ឲ្យ​ចៅក្រម និង​ព្រះរាជអាជ្ញា​សម្រេច​សេចក្ដី ដោយ​ឈរ​លើ​ភស្តុតាង មិន​មែន​សម្រេច​តាម​ការ​បញ្ជា​ពី​គេ។ គួរ​ឲ្យ​សោកស្ដាយ ប្រទេស​កម្ពុជា កំពុង​នៅ​ឆ្ងាយ​ពី​ចំណុច​ទាំង​នេះ​ណាស់។ បញ្ហា​ច្បាប់ គឺ​ជា​បញ្ហា​ធំ​មួយ​នៅ​ប្រទេស​កម្ពុជា បច្ចុប្បន្ន។ លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​តាម​របៀប​ផ្ដាច់ការ និង​សម្រេច​អ្វី​គ្រប់​ង​តែ​ម្នាក់​ឯង។ បើ​គាត់​ចង់​ឲ្យ​នរណា​ជាប់​គុក អ្នក​នោះ​ឯង​នឹង​ជាប់​គុក ទោះ​មិន​បាន​ធ្វើ​អ្វី​ខុស​ក៏ដោយ។ បើ​គាត់​ចង់​ឲ្យ​ព្រះមហាក្សត្រ​ព្រះរាជទាន​លើកលែងទោស​នរណា​ម្នាក់ ព្រះមហាក្សត្រ​ត្រូវ​តែ​លើក​ទោស​អ្នក​នោះ។ កាល​ពី​មុន លោក ហ៊ុន សែន ហ៊ាន​រហូត​ដល់​ព្រមាន​ព្រះមហាក្សត្រ​ថា ព្រះអង្គ​មិន​អាច​ព្រះរាជទាន​លើក​លែង​ទោស​នរណា​ម្នាក់ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​គាត់​បាន​ឡើយ។ ក្នុង​ន័យ​នេះ លោក ហ៊ុន សែន បាន​លើក​ខ្លួន​ឯង​ខ្ពស់​ហួស​លើ​អង្គ​ព្រះមហាក្សត្រ​ទៅ​ទៀត។ ខ្ញុំ​ជឿ​ថា ទង្វើ​បែប​នេះ ប្រជាពលរដ្ឋ​ខ្មែរ​ក៏​គិត​ថា មិន​សមរម្យ​នោះ​ដែរ។

លោក មួង ណារ៉េត៖ ចំពោះ​ឥទ្ធិពល​ព្រះមហាក្សត្រ ដែល​អាច​ព្រះរាជទាន​លើកលែងទោស​នរណា ម្នាក់ ទាល់តែ​មាន​ការ​ស្នើ​សុំ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​ជា​សាធារណៈ​រួច​ទៅ​ហើយ​ថា គាត់​សុខចិត្ត​កាត់​ដៃ​គាត់​ក្រវាត់​ចោល បើ​គាត់​ហ៊ាន​ចុះ​ហត្ថលេខា​រឿង​លោក សម រង្ស៊ី នេះ​ម្ដង​ទៀត។ តើ​លោក​គិត​ថា លោក សម រង្ស៊ី អាច​នឹង​ទទួល​បាន​ការ​ព្រះរាជទាន​លើកលែង​ទោស​ដើម្បី​បាន​ទៅ​ចូល​រួម​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​ដែរ ឬ​ទេ?

លោក ប៊្រែដ អាដាម៖ ក្នុង​រឿង​នេះ លោក ហ៊ុន សែន កំពុង​ពិបាក​សម្រេច​ចិត្ត​ណាស់។ គាត់​ធ្លាប់​ថ្លោះធ្លោយ​ម្ដង​រួច​ទៅ​ហើយ កាល​ពី​គាត់​ព្រម​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី វិល​ត្រឡប់​ចូល​ស្រុក​វិញ​នៅ​ពីរ​បី​សប្ដាហ៍​ជិត​ពេល​បោះឆ្នោត​ឆ្នាំ​២០១៣។ កាល​ណោះ​ពេល​លោក សម រង្ស៊ី ទៅ​ដល់​ស្រុក​ខ្មែរ​មាន​មនុស្ស​រាប់​ម៉ឺន​នាក់​ទៅ​ទទួល​ដង្ហែ​គាត់។ កម្លាំង​គាំទ្រ​របស់​ពលរដ្ឋ​ដ៏​សន្ធឹក​បែប​នេះ ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ មាន​កម្លាំង​ពលំ​ក្នុង​ការ​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​នៅ​ពេល​នោះ។ យើង​ដឹង​ថា កាល​ឆ្នាំ​២០១៣ គណបក្ស​សង្គ្រោះ​ជាតិ ជា​អ្នក​ឈ្នះ​ឆ្នោត។ យើង​ដឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ច្រើន​ជាង​គណបក្ស​ប្រជាជន។ មែន​ទែន​ទៅ សព្វថ្ងៃ​នេះ​សម​តែ​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​វិញ​ទេ ដែល​ជា​អ្នកដឹកនាំ​រដ្ឋាភិបាល ព្រោះ​សំឡេង​គាំទ្រ​របស់​ពួកគេ​មាន​ច្រើន​ជាង។ ដូច្នេះ លោក ហ៊ុន សែន ច្បាស់​ជា​មិន​ចង់​ឲ្យ​ការ​ថ្លោះធ្លោយ​លើក​មុន វិល​មក​លង​បន្លាច​គាត់​សា​ជា​ថ្មី​ម្ដង​ទៀត​ទេ។ ប៉ុន្តែ​គាត់​ប្រឈម​ទ្វេ​គ្រោះ ព្រោះ​បើ​គាត់​មិន​ឲ្យ​លោក សម រង្ស៊ី ចូល​ស្រុក និង​បន្ត​ចោទ​ប្រកាន់​លោក សម រង្ស៊ី ជា​ច្រើន​ករណី​តាម​របៀប​បាយឡុកបាយឡ​ដូច​សព្វថ្ងៃ សហគមន៍​អន្តរជាតិ ច្បាស់​ជា​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ខាង​មុខ​នោះ​ទេ។

ដោយសារ​តែ​រឿង​ខ្លាច​គេ​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​នេះ​ហើយ ទើប​កាល​ពី​ឆ្នាំ​២០១៣ លោក ហ៊ុន សែន សុខ​ចិត្ត​ឲ្យ​លោក សម រង្ស៊ី ចូល​ស្រុក​វិញ។ កាល​ណោះ​រដ្ឋាភិបាល​ប្រទេស​ជា​ច្រើន​បាន​ព្រមាន​លោក ហ៊ុន សែន ជា​ស្រេច​ថា បើ​មិន​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នៅ​ពេល​មុន​បោះឆ្នោត​ទេ កុំ​សង្ឃឹម​ថា រដ្ឋាភិបាល​ទាំង​នោះ​គាំទ្រ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឲ្យ​សោះ។ ខ្ញុំ​ហ៊ាន​ទាយ​ទុក​មុន​ថា លោក ហ៊ុន សែន នឹង​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ។ ម្ដង​នេះ គាត់​នឹង​មិន​ទុក​ឲ្យ​កៀក​ជិត​ដល់​ពេល​បោះឆ្នោត​ទើប​ព្រម​ឲ្យ​លោក សម រង្ស៊ី ចូល​ស្រុក​ទេ ព្រោះ​ខ្លាច​កម្លាំង​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ពុះ​កញ្ជ្រោល​នៅ​កៀក​បោះឆ្នោត។ ខ្ញុំ​គិត​ថា លោក ហ៊ុន សែន ជា​មនុស្ស​ឆ្លាត ប្រសិនបើ​គាត់​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ក្នុង​ពេល​ឆាប់ៗ​នេះ។  ព្រោះ​បើ​លោក សម រង្ស៊ី មក​ក្នុង​ពេល​ឥឡូវ គឺ​គាត់​មាន​ឱកាស​ត្រៀម​ប្រកួត​សម្រាប់​ការ​បោះឆ្នោត​ខាង​មុខ ដែល​ធ្វើ​ឲ្យ​ការ​ប្រកួត​មាន​លក្ខណៈ​យុត្តិធម៌ និង​ស្មើ​ភាព​គ្នា។

លោក មួង ណារ៉េត៖ ប្រជាពលរដ្ឋ​ចង់​បាន​ការ​ប្រកួត​ដែល​មាន​លក្ខណៈ​យុត្តិធម៌ និង​ស្មើភាព​គ្នា​នេះ។ ប៉ុន្តែ ប្រសិនបើ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នៅ​កៀក​ពេល​បោះឆ្នោត តើ​នឹង​ប៉ះពាល់​ដល់​ឱកាស​របស់​គណបក្ស​ប្រឆាំង​ក្នុង​ការ​ត្រៀម​លក្ខណៈ​ប្រកួតប្រជែង​ដើម្បី​ឲ្យ​ការ​បោះ​ឆ្នោត​ខាង​មុខ​អាច​មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​បាន​ដែរ​ទេ?

លោក ប៊្រែដ អាដាម៖ គ្មាន​អ្វី​ដែល​ត្រូវ​មន្ទិល​ទេ គឺ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ នឹង​មិន​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ឡើយ។ លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន តាំង​ពី​ថ្នាក់​លើ​ដល់​ថ្នាក់​មូលដ្ឋាន នឹង​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​កុំ​ឲ្យ​ការ​បោះ​ឆ្នោត​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ ឧទាហរណ៍​ដ៏​ងាយ​យល់​មួយ គឺ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ គ្មាន​ភាព​ស្មើ​គ្នា​ចំពោះ​គណបក្ស​នយោបាយ​ផ្សេង ក្រៅ​ពី​គណបក្ស​ប្រជាជន​ទេ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​បេះដូង​នៃ​ការ​បោះឆ្នោត​មួយ​ដែល​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ ឧទាហរណ៍​មួយ​ទៀត មនុស្ស​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ដែល​ជា​មន្ត្រី​សាធារណៈ ជា​មនុស្ស​គ្មាន​អព្យាក្រឹតភាព។ ឧត្ដមសេនីយ៍​ក្នុង​ជួរ​កងទ័ព និង​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​ប៉ូលិស ចេញ​ឃោសនា​ដើម្បី​គណបក្ស​ប្រជាជន។ ទង្វើ​ខុស​ឆ្គង​ទាំង​នេះ ពិត​ជា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​បោះឆ្នោត។ បើ​ងាក​មក​មើល​ប្រព័ន្ធ​តុលាការ​វិញ ក៏​រឹតតែ​គ្មាន​សុចរិតភាព និង​ឯករាជភាព។

ដូច្នេះ បើ​យើង​ក្រឡេក​មើល​គ្រឿង​ផ្សំ​សំខាន់ៗ នៃ​ការ​បោះឆ្នោត​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ យើង​ឃើញ​ថា បាត់​សឹង​គ្រប់​មុខ​ទៅ​ហើយ តើ​ធ្វើ​ម្ដេច​ឡើយ​នឹង​អាច​ឲ្យ​ការ​បោះឆ្នោត​មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​បាន​នោះ។ បើ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​គណបក្ស​ប្រឆាំង​ធ្វើ​យុទ្ធនា​ដោយ​សេរី​ក្នុង​យុទ្ធនាការ​បោះឆ្នោត​នោះ​គឺ​ជា​ការ​សំខាន់​មួយ។ ប៉ុន្តែ​ការ​គ្រាន់តែ​អនុញ្ញាត​ឲ្យ​គណបក្ស​ប្រឆាំង​ចូល​រួម​ដោយ​សេរី ក្នុង​ការ​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​មិន​ទាន់​គ្រប់គ្រាន់​នោះ​ទេ។ ចំពោះ​នៅ​សហរដ្ឋ​អាមេរិក បើ​ខ្វះ​គ្រឿងផ្សំ​សំខាន់ៗ​ខាង​លើ​តែ​មួយ​មុខ​ណា​ក៏​ការ​បោះឆ្នោត​នឹង​ត្រូវ​ចាត់​ទុក​ថា មិន​បាន​ការ​ដែរ។ ដូច្នេះ យើង​ប្រាប់​សហរដ្ឋ​អាមេរិក​ថា ទោះ​ការ​បោះឆ្នោត​នៅ​ប្រទេស​កម្ពុជា ភូមា ឬ​នៅ​ទី​ណា​ផ្សេង យើង​ត្រូវ​អនុវត្ត​ស្តង់ដារ​ប្រជាធិបតេយ្យ។ ពួកគាត់​យល់​ស្រប​តាម​យើង។ សហគមន៍​អឺរ៉ុប​ក៏​យល់​ស្រប​ជប៉ុន ក៏​យល់​ស្រប​ម្ចាស់​ជំនួយ​ធំៗ​ដទៃ​ទៀត​ក៏​យល់​ស្រប​អ៊ីចឹង។ ពួកគាត់​នឹង​មិន​ទទួល​ស្គាល់​ថា ការ​បោះ​ឆ្នោត​មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​បាន​ទេ ប្រសិនបើ​ខ្វះ​ធាតុ​ផ្សំ​សំខាន់ៗ​ទាំង​អស់​នោះ។

លោក មួង ណារ៉េត៖ ខ្ញុំ​សុំ​ងាក​ទៅ​រក​ប្រធានបទ​មួយ​ថ្មី ប៉ុន្តែ​ពាក់ព័ន្ធ​នឹង​កិច្ច​ពិភាក្សា​យើង​ដែរ។ ក្នុង​ពេល​នេះ ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា។ លោក ឌូតឺតេ ល្បី​ពេញ​ពិភពលោក​ថា ជា​មនុស្ស​កោងកាច និង​សាហាវ ដោយសារ​គាត់​បញ្ជា​សម្លាប់​មនុស្ស​ជា​ច្រើន​ពាន់​នាក់​ក្នុង​យុទ្ធនាការ​កម្ចាត់​អ្នក​ជួញដូរ និង​ប្រើប្រាស់​គ្រឿង​ញៀន។ លោក ហ៊ុន សែន ថា គាត់​នឹង​លោក ឌូតឺតេ មាន​ចរិត​ដូច​គ្នា។ តើ​លោក​យល់​យ៉ាង​ណា​ដែរ​ចំពោះ​ការ​លើក​ឡើង​នេះ?

លោក ប៊្រែដ អាដាម៖ ខ្ញុំ​ភ្ញាក់​ផ្អើល​ដែរ​ដែល​លោក ហ៊ុន សែន ទទួល​ស្គាល់​ថា គាត់​មាន​ចរិត​ដូច​គ្នា​ច្រើន​ទៅ​នឹង​ប្រធានាធិបតី​ហ្វីលីពីន ព្រោះ​អី​ប្រជាជន​ខ្មែរ​ជា​ច្រើន​ចោទ​លោក ហ៊ុន សែន ថា ជា​អ្នក​នៅ​ពី​ក្រោយ​ការ​សម្លាប់​មនុស្ស​ជា​ច្រើន​ករណី។ ករណី​ទាំង​នេះ មាន​ដូចជា​ការ​បញ្ជូន​មនុស្ស​ឲ្យ​ទៅ​ស្លាប់​ក្នុង​ផែនការ "ក៥" ការ​សម្លាប់​សកម្មជន​បក្ស​ប្រឆាំង​រាប់​រយ​នាក់​នៅ​សម័យ​បោះ​ឆ្នោត​ជំនាន់​អ៊ុនតាក់ ការ​គប់​គ្រាប់​បែក​នៅ​មុខ​រដ្ឋ​សភា​ស្លាប់​មនុស្ស ១៦​នាក់ រដ្ឋ​ប្រហារ​ឆ្នាំ​១៩៩៧ និង​ការ​សម្លាប់​មនុស្ស​ក្រោយៗ​មក​ទៀត​រាប់​មិន​អស់។ ងាក​ទៅ​មើល​លោក រ៉ូឌ្រីហ្គោ ឌូតឺតេ វិញ​ក៏​មិន​ណយ​ដែរ។ គ្រាន់​តែ​ចូល​កាន់​តំណែង​ប្រធានាធិបតី​មិន​ទាន់​បាន ៦​ខែ​ស្រួលបួល​ផង គាត់​បញ្ជា​ឲ្យ​សម្លាប់​ពលរដ្ឋ​ហ្វីលីពីន ជិត ៦​ពាន់​នាក់។ ពីរ​បី​ថ្ងៃ​មុន​នេះ លោក ឌូតឺតេ សារភាព​តាម​ត្រង់​ថា គាត់​ធ្លាប់​សម្លាប់​មនុស្ស​ផ្ទាល់ដៃ​កាល​គាត់​នៅ​ជា​អភិបាល​ក្រុង​ដាវ៉ៅ។ ដូច្នេះ ការ​ដែល​លោក ហ៊ុន សែន ថា​គាត់​មាន​ចរិត​ដូច​លោក ឌូតឺតេ គឺ​មាន​ន័យ​ថា គាត់​ព្រម​ទទួល​ស្គាល់​ការពិត​ថា គាត់​ពិត​ជា​បាន​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ ដូច​ប្រធានាធិបតី​ហ្វីលីពីន ដែរ។ ចរិត​បែប​នេះ មិន​មែន​ជា​ចរិត​មេដឹកនាំ​ដែល​គួរ​ឲ្យ​គោរព កោត​សរសើរ និង​យក​ជា​គំរូ​តាម​នោះ​ទេ។ មេដឹកនាំ​ល្អ គេ​ត្រូវ​មាន​សមត្ថភាព និង​ចំណេះ​ដឹង​ខ្ពង់ខ្ពស់ ដែល​ចេះ​ដឹក​នាំ​ប្រទេស​ឲ្យ​បាន​ល្អ​ត្រឹមត្រូវ​តាម​ផ្លូវ​ល្អ។

លោក មួង ណារ៉េត៖ សូម​អរគុណ! ខ្ញុំ​នៅ​សល់​តែ​សំណួរ​មួយ​ទៀត​ទេ ខ្ញុំ​ចង់​សួរ​លោក​ពាក់ព័ន្ធ​នឹង​ការសង្កេត​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ។ តើ​លោក​មាន​សុទិដ្ឋិនិយម​ប៉ុណ្ណា​ចំពោះ​ការ​ផ្លាស់ប្ដូរ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា? តើ​លោក​គិត​ថា កម្ពុជា​គួរ​ធ្វើ​យ៉ាង​ដូច​ម្ដេច​ដើម្បី​ផ្លាស់ប្ដូរ?

លោក ប៊្រែដ អាដាម៖ ខ្ញុំ​ពិបាក​នឹង​មាន​សុទិដ្ឋិនិយម​ខ្លាំង​ណាស់​ក្នុង​ស្ថានភាព​ដែល​ប្រទេស​មួយ​ដឹកនាំ​ដោយ​មេដឹកនាំ​ដដែល​អស់​រយៈពេល ៣១​ឆ្នាំ​មក​ហើយ​នេះ។ គណបក្ស​ប្រជាជន​កម្ពុជា ក្ដោបក្ដាប់​អំណាច​អស់​រយៈពេល ៣៧​ឆ្នាំ។ ជា​រួម​ទាំង​លោក ហ៊ុន សែន ទាំង​គណបក្ស​ប្រជាជន អត់​ចង់​ឮ​សោះ​ពាក្យ​ថា ផ្លាស់ប្ដូរ​នេះ។ គាត់​នៅ​ចង់​ក្រាញ​អំណាច​ត​ទៅ​ទៀត​លុះ​អវសាន។ ប៉ុន្តែ​យុវជន​សម័យ​បច្ចុប្បន្ន មាន​ភាព​ស្វាហាប់​ចង់​ផ្លាស់ប្ដូរ​ខ្លាំង។ យើង​ឃើញ​ពួកគាត់​ចូល​រួម​យ៉ាង​សស្រាក់សស្រាំ​ក្នុង​យុទ្ធនា​ការ​បោះឆ្នោត​នៅ​ពេល​កន្លង​ទៅ។ យើង​រំពឹង​ថា ពួកគាត់​នឹង​នៅ​បន្ត​ចូលរួម​យ៉ាង​សកម្ម​ក្នុង​យុទ្ធនាការ​បោះ​ឆ្នោត​ឃុំ-​សង្កាត់ នៅ​ពេល​ខាង​មុខ និង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨។ យើង​ឃើញ​ថា ទោះ​បី​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​ប្រឹង​បង្ក្រាប​អង្គការ​សង្គម​ស៊ីវិល​ខ្លាំង​យ៉ាង​ណា​ក៏ដោយ ក៏​អង្គការ​ទាំង​នេះ​មិន​ចុះ​ញ៉ម។ ប្រជាពលរដ្ឋ​ខ្មែរ​ជា​មនុស្ស​ក្លាហាន​មោះមុត និង​ស្វាហាប់។ ពួកគាត់​មិន​ខ្លាច​ក្រោក​ឈរ​តតាំង​ជា​ជាង​ត្រូវ​ប្រឈម​នឹង​ចុង​កាណុង​កាំភ្លើង។ អ្វី​ដែល​ខ្ញុំ​តែងតែ​រម្លឹក​អ្នក​ដទៃ​ឲ្យ​ចងចាំ​គឺ​ថា គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​មិន​ដែល​ជ្រើស​រើស​យក​មធ្យោបាយ​ហិង្សា និង​មិន​ដែល​អំពាវនាវ​ឲ្យ​ប្រើ​អំពើ​ហិង្សា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ម្ដង​ណា​ទេ ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ។ ខ្ញុំ​កោត​សរសើរ​ចំពោះ​ការ​អត់ធ្មត់​នេះ។

ខ្ញុំ​ដឹង​ថា នៅ​ប្រទេស​ខ្លះ បាតុករ​មិន​អាច​អត់​ទ្រាំ​ដូច្នេះ​បាន​ទេ។ ការ​ដែល​អាច​រក្សា​ភាព​អហិង្សា​បាន​នេះ ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​ទទួល​បាន​ការ​កោត​សរសើរ និង​គាំទ្រ​យ៉ាង​ខ្លាំង។ ចំណុច​នៃ​ការ​ទប់​មិន​ច្រឡោត ឬ​ហិង្សា​តប​អាជ្ញាធរ​ដែល​វាយដំ និង​ធ្វើ​បាប​ពួកគាត់​បែប​នេះ គឺ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​សង្ឃឹម និង​ជឿជាក់​លើ​កម្លាំង​ពួកគាត់​ក្នុង​ការ​ផ្លាស់ប្ដូរ​មួយ។ បើ​មានការ​បោះឆ្នោត​មួយ​ប្រកប​ដោយ​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ហើយ​ប្រសិនបើ​គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត ខ្ញុំ​ជឿ​ថា គណបក្ស​ប្រឆាំង​ត្រៀម​ខ្លួន​ជា​ស្រេច មាន​ការ​ទទួល​ខុស​ត្រូវ និង​មាន​ធនធាន​មនុស្ស​គ្រប់គ្រាន់​ដើម្បី​ដឹកនាំ​រដ្ឋាភិបាល។ ប្រសិនបើ​គណបក្ស​ប្រជាជន​ឈ្នះ​ឆ្នោត​ពី​ការ​បោះឆ្នោត​មួយ​ប្រកប​ដោយ​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ យើង​នឹង​ទទួល​ស្គាល់​គណបក្ស​ប្រជាជន។ អ្វី​ដែល​យើង​ចង់​បាន គឺ​ការ​ដំណើរ​ការ​បោះឆ្នោត​ដោយ​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ យើង​មិន​មែន​អំពាវនាវ​ឲ្យ​ខាង​គណបក្ស​ប្រឆាំង​ឡើង​កាន់​អំណាច​នោះ​ទេ។ ប៉ុន្តែ​ខ្ញុំ​គ្រាន់​តែ​បញ្ជាក់​ថា ប្រសិនបើ​គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត យើង​ទាំង​អស់​គ្នា​ត្រៀម​ខ្លួន​ជា​ស្រេច​នឹង​ជួយ​ពួកគាត់ ដើម្បី​ឲ្យ​ស័ក្ដិសម​ទៅ​នឹង​សមត្ថភាព ភាព​ក្លាហាន និង​លទ្ធភាព​ក្នុង​ការ​ដឹកនាំ​ប្រទេស​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ផ្លូវ​ល្អ។

លោក មួង ណារ៉េត៖ សូម​អរគុណ​លោក ប្រ៊ែដ អាដាម យ៉ាង​ជ្រាលជ្រៅ​ដែល​បាន​ចំណាយ​ពេល​វេលា​ផ្ដល់​បទសម្ភាសន៍​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល