អ្នកសារព័ត៌មាន និង មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សបានសំដែងការខកចិត្តចំពោះសេចក្ដីសម្រេចរបស់តុលាការក្រុងភ្នំពេញលើសំណុំរឿងអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីពីរនាក់។ ប៉ុន្តែមន្ត្រីក្រសួងព័ត៌មាន និងសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ថាជាការសម្រេចដ៏ត្រឹមត្រូវរបស់តុលាការ។
អ្នកយកព័ត៌មានសំឡេងសហរដ្ឋអាមេរិក វិទ្យុវីអូអេ (VOA) លោក ស៊ុន ណារិន ឱ្យដឹងថា លោកខកចិត្ត ចំពោះការសម្រេចរបស់តុលាការ លោកថា ក្នុងនាមលោកជាអ្នកកាសែត កន្លងទៅលោកបានទាមទារឲ្យតុលាការទម្លាក់ចោលបទចោទមកលើអតីតអ្នកយកសារព័ត៌មានវិទ្យុអាស៊ីសេរីទាំងពីរនាក់នោះ។
លោកមានប្រសាសន៍បន្តថា អ្វីដែលលោករំពឹងនោះគឺ តុលាការក្រុងភ្នំពេញនឹងផ្ដល់យុត្តិធម៌ដល់អ្នកទាំងពីរនោះ តែបែរជាលទ្ធផលផ្ទុយពីការរំពឹងទុក៖ « ដោយសារយើងរំពឹងថា អ្វីដែលគាត់ដឹងថ្ងៃហ្នឹងគឺថា គាត់មានទោស ឬក៏គ្មានទោស ដើម្បីឲ្យដឹងថា តុលាការបញ្ជាក់ឲ្យហើយពីព្រោះបច្ចុប្បន្នពួកគាត់មិនមានសេរីភាពដើរហើរដូចពួកយើងទេ។ គាត់មិនអាចធ្វើការងារអ្វីដូចប្រជាជនធម្មតាទេ ហើយគាត់ចង់វិលត្រឡប់មកជាអ្នកកាសែតវិញ។ អ៊ីចឹងយើងត្រូវកំណត់ឲ្យគាត់ឱ្យហើយ បើមិនអញ្ចឹងទេគាត់នៅតែស្ទាក់ស្ទើរចំពោះសេរីភាពរបស់គាត់ជាហូរហែហ្នឹង » ។
សាលាដំបូងរាជធានីភ្នំពេញមិនបានប្រកាសសាលក្រម ចំពោះសំណុំរឿងអតីតអ្នកយកព័ត៌មានអាស៊ីសេរីពីររូបនៅថ្ងៃទី៣ តុលា ដូចការគ្រោងទុកនោះឡើយ ក្រោមហេតុផលថា រឿងក្តីនេះមានចន្លោះប្រហោង ដែលនឹងត្រូវស៊ើបអង្កេតបន្ថែមទៀត។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព មានប្រសាសន៍ថា តុលាការមកដល់ពេលនេះមិនទាន់រកឃើញភស្តុតាងណាមួយ ដើម្បីដាក់បន្ទុកទៅលើអ្នកកាសែតទាំងពីរនាក់នេះនៅឡើយទេទើបមិនហ៊ានប្រកាសសាលក្រមនៅថ្ងៃនេះ។អ្នកស្រីបញ្ជាក់ថា តាមផ្លូវច្បាប់នៅពេលដែលតុលាការមិនទាន់សម្រេចថា មិនទាន់មានទោសយ៉ាងដូច្នេះ ផលប្រយោជន៍ទាំងឡាយនៃការឃុំខ្លួនដោយអយុត្តិធម៌ត្រូវបានទៅលើជនជាប់ចោទទាំងពីរ។
លោកស្រីនៅតែទទូចទាមទារឲ្យតុលាការទម្លាក់ចោលរាល់បទចោទប្រកាន់ទាំងឡាយទៅលើអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីដើម្បីអោយពួកគេមានសេរីភាពគ្រប់គ្រាន់ឡើងវិញ៖ « ចង់ឃើញថាមានការទម្លាក់ចោលនូវបទចោទមកលើរូបអ្នកកាសែតទាំងពីរនេះ។ យើងឃើញតាមសេចក្ដីសម្រេចនៅថ្ងៃនេះបានសឲ្យឃើញថា មិនទាន់មានភស្តុតាងគ្រប់គ្រាន់ក្នុងការដាក់បន្ទុក ហើយយើងដឹងហើយថា ក្នុងការដាក់បន្ទុកនោះគួរតែស្ថិតនៅលើតុលាការ ដើម្បីបង្ហាញថា ជនណាម្នាក់មានពិរុទ្ធ។ អញ្ចឹងនៅពេលដែលតុលាការមិនអាចរកឃើញទេហើយវាយូរពេលហើយចូលជាងពីរឆ្នាំហើយ » ។
តុលាការក្រុងភ្នំពេញ បានចោទប្រកាន់អតីតអ្នកយកព័ត៌មានអាស៊ីសេរីលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ពីបទ "ផ្ដល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលនាំឱ្យអន្តរាយការការពារជាតិ" និងបទ "ផលិតវីដេអូអាសអាភាស"។ តុលាការបានឃុំខ្លួនអ្នកទាំងពីរអស់រយៈពេលជាង ៩ខែ ទើបអនុញ្ញាតឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ប៉ុន្តែតុលាការនៅតែរក្សាទុកវត្ថុចាប់យក និងលិខិតឆ្លងដែនរបស់អ្នកទាំងពីរដដែល ធ្វើឱ្យអ្នកទាំងពីរគ្មានសេរីភាពដើរហើរពេញលេញដូចពលរដ្ឋទូទៅឡើយ។
ប្រធានសហភាព សហព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ហ៊ុយ វណ្ណៈ ចាត់ទុកថា ការសម្រេចរបស់តុលាការថា ជារឿងត្រឹមត្រូវដោយសារតែតុលាការបានផ្ដល់តម្លៃកិត្តិយស និងជាភាពយុត្តិធម៌ដល់អ្នកទាំងពីរទៅវិញផងដែរ៖ « ក្នុងករណីនេះខ្ញុំនៅតែមានការឲ្យលើកទឹកចិត្តចំពោះអតីតអ្នកកាសែតទាំងពីរនាក់នោះបន្តធ្វើការសហករណ៍ជាមួយតុលាការ ពីព្រោះការសហការជាមួយតុលាការ ហើយវាគួរជួយឲ្យដំណើរការហ្នឹងវាមានស្ថានសម្រាលច្រើនណាស់ ហើយជាថ្មីម្ដងទៀត ខ្ញុំចាត់នៅក្នុងដំណើរការរឿងក្ដីនេះនៅក្នុងភាពយុត្តិធម៌ ហើយនៅក្នុងស្ថានសម្រាលដដែល » ។
ចំណែកអ្នកនាំពាក្យក្រសួងព័ត៌មានលោក មាស សុភ័ណ្ឌ លោកមិនធ្វើអត្ថាធិប្បាយទៅលើសេចក្ដីសម្រេចរបស់តុលាការទេដោយសារតែនេះជាឆន្ទានុសិទ្ធិរបស់តុលាការ៖ « ពីព្រោះថា ករណីនេះវាកំពុងស្ថិតនៅក្នុងនីតិវិធីនៅក្នុងដំណើរការរបស់តុលាការជាស្ថាប័នឯករាជ្យ។ អ៊ីចឹងហើយសំណុំរឿងនេះវាស្ថិតនៅក្នុងដៃរបស់តុលាការ។ អ៊ីចឹងវាជាសិទ្ធិរបស់តុលាការនៅក្នុងការសម្រេចទៅលើនីតិវិធី » ។
សំណុំរឿងអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីទាំងពីរនាក់នេះបានបង្កឲ្យមានការរិះគន់ជាទូទៅកន្លងមកពីក្រុមអ្នកកាសែតក្នុងស្រុក និងអង្គការសង្គមស៊ីវិល ដែលឃ្លាំមើលការរំលោភសិទ្ធិមនុស្សថាករណីនេះ ពាក់ព័ន្ធក្នុងរឿងនយោបាយជាងដំណើរការផ្លូវច្បាប់ ហើយពួកគេទាមទារឲ្យទម្លាក់ចោលរាល់បទចោទប្រកាន់ទាំងឡាយទៅលើអ្នកកាសែតទាំងពីរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
