សកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីសគ្រោងដាក់បណ្ដឹងទៅអង្គការសហប្រជាជាតិ អំពីការរំលោភសិទ្ធិមនុស្សពីសំណាកអាជ្ញាធរវៀតណាម ដែលបានហាមឃាត់ដំណើររបស់សកម្មជនសិទ្ធិមនុស្ស និងពលរដ្ឋខ្មែរទៅឲ្យធ្វើបុណ្យនៅទឹកដីកម្ពុជាក្រោម។
ពាក់ព័ន្ធនឹងរឿងនេះ មន្ត្រីសមាគមខ្មែរកម្ពុជាក្រោមលើកឡើងថា អាជ្ញាធរវៀតណាមគួរតែបង្កភាពងាយស្រួលដល់ពលរដ្ឋខ្មែរ បានទៅធ្វើបុណ្យនៅទឹកដីកម្ពុជាក្រោម។
អាជ្ញាធរវៀតណាម បានឃាត់រថយន្តក្រុង៣គ្រឿង របស់ពុទ្ធបរិស័ទ និងព្រះសង្ឃខ្មែរ ដែលមានបំណងប្រារព្ធពិធីកាន់បិណ្ឌនៅវត្តផ្នោកំបុត ក្នុងខេត្តព្រះត្រពាំង។
សកម្មជនសន្ធិសញ្ញាទីក្រុងប៉ារីសលោក ស្រ៊ុន ស្រ៊ន ថ្លែងក្នុងវីដេអូមួយនៅថ្ងៃទី៧ តុលាថា គោលបំណង នៃការចូលទៅក្នុងវត្តនៅខេត្តព្រះត្រពាំង ដើម្បីផ្លាស់ប្ដូរគំនិតយោបល់ នៃពិធីសែនដូនតា ឬបុណ្យកាន់បិណ្ឌរបស់ខ្មែរកម្ពុជាក្រោម។
លោក ស្រ៊ុន ស្រ៊ន៖ «យួនកាន់តែធ្វើ យួនកំពុងតែរុញឲ្យពួកខ្ញុំនេះ ទៅប្ដឹងតុលាការអន្តរជាតិ កំពុងតែជំរុញឲ្យពួកខ្ញុំនេះទៅប្ដឹងម្ចាស់ហត្ថលេខី ឥឡូវនេះឯកសារ ដែលយួនចេញឲ្យខ្ញុំនេះ ឯកសារនេះខ្ញុំប្ដឹងទៅស្ថានទូតយួន នៅភ្នំពេញ ហើយនឹងប្ដឹងទៅអង្គការសហប្រជាជាតិនៅកម្ពុជា ហើយនិងចាប់ផ្ដើមយកឯកសារនេះ ទៅប្ដឹងបណ្ដាស្ថានទូតនានា អំពីអ្វី ដែលពួកខ្ញុំធ្វើហើយយួនមិនសុខចិត្ត។ តើអាមេរិករកស៊ីជាមួយយួនយ៉ាងម៉េច អឺរ៉ុបរកស៊ីជាមួយយួនយ៉ាងម៉េច បើសូម្បីតែពួកយើងផ្សាយច្បាប់ ពួកយើងផ្សព្វផ្សាយច្បាប់ក៏យួនមិនឲ្យផ្សព្វផ្សាយផង»។
ពុទ្ធបរិស័ទ ប្រមាណ១៣០នាក់ និងព្រះសង្ឃបីអង្គកាលពីថ្ងៃទី៦ តុលា គ្រោងធ្វើដំណើរទៅវត្តផ្នោកំបុត ប៉ុន្តែអាជ្ញាធរវៀតណាមបានហាមឃាត់លោក ស្រ៊ុន ស្រ៊ន និងសកម្មជនម្នាក់ទៀត គឺ កញ្ញា ភឹង សោភា មិនឲ្យចូលទឹកដីខ្មែរកម្ពុជាក្រោម។ លោក ស្រ៊ុន ស្រ៊ន ត្រូវបានអាជ្ញាធរវៀតណាម ប្រចាំនៅច្រកទ្វារព្រំដែន ក្រុងបាវិត ខេត្តស្វាយរៀង ហាមឃាត់មិនឲ្យចូលទឹកដីវៀតណាម ដោយអះអាងថា មានបម្រាមពីក្រសួងមហាផ្ទៃវៀតណាម។
លោក ស្រ៊ុន ស្រ៊ន៖ «ពួកយើងជួបគ្នា ផ្លាស់ប្ដូរបទពិសោធន៍អំពីរបៀបរៀបចំប្រពៃណីទំនៀមទម្លាប់ខ្មែរក្រោមគេធ្វើយ៉ាងម៉េច ខ្មែរកណ្ដាលគេធ្វើយ៉ាងម៉េចយើងគ្រាន់តែផ្លាស់ប្ដូរបទពិសោធន៍ការរៀបចំបុណ្យសែនដូនតា បុណ្យភ្ជុំតែប៉ុណ្ណោះ ហើយលោកអ្នកឯងក៏ចង្អៀតចង្អល់ម្ល៉េះហើយជាយួននឹងគេដែរ ជាគិញយួន អ្នកឯងរាយការណ៍ខុសប្រយ័ត្នងាប់ ប្រយ័ត្នពួកយើងប្ដឹងដល់តុលាការអន្តរជាតិ ប្ដឹងដល់បណ្ដាលហត្ថលេខី អាគិញហ្នឹងងាប់មុនគេ»។
ទោះបីអាជ្ញាធរវៀតណាមឲ្យពលរដ្ឋខ្មែរផ្សេងទៀតបន្តដំណើរក្តី ប៉ុន្តែអាជ្ញាធរវៀតណាមបន្តស្ទាក់ និងផ្អាកដំណើរពលរដ្ឋខ្មែររហូតដល់ពីរលើក បណ្ដាលឲ្យខាតបង់ពេលវេលាច្រើនម៉ោង។
វិទ្យុអាស៊ីសេរីនៅពុំទាន់អាចទាក់ទងមន្ត្រីស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ដើម្បីសាកសួរពីបញ្ហានេះ បាននៅឡើយទេ កាលពីថ្ងៃទី៧ តុលា។
អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោកបណ្ឌិត សឺន ជុំជួន មានប្រសាសន៍ថា លោកសង្កេតឃើញថា ពលរដ្ឋខ្មែរសុទ្ធតែមានលិខិត និងឯកសារផ្សេងៗ ស្របតាមច្បាប់។
លោក សឺន ជុំជួន៖ «រដ្ឋអំណាចវៀតណាមគួរតែមានការការពារសុវត្ថិភាពសម្រាប់សន្តិសុខ សម្រាប់ពួកគាត់ជាអ្នកទេសចរណ៍ អាហ្នឹងគឺជារឿងល្អទៅវិញ។ ប៉ុន្តែដល់គាត់ហាមឃាត់ រារាំងដំណើរ ហើយសួរនាំអ្វីផ្សេងៗ អាហ្នឹងវាគឺជាការផ្ទុយហើយ អត់មានច្បាប់ណាគេអនុវត្តន៍ធ្វើបែបហ្នឹងទេ វាជាការយល់ឃើញរបស់ខ្ញុំណា»។
សមាគមចាត់ទុកសកម្មភាពរារាំងរបស់វៀតណាម ជាអំពើផ្ទុយពីច្បាប់ និងស្នើដល់អាជ្ញាធរវៀតណាម សម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋខ្មែរនៅលើទឹកដីកម្ពុជាក្រោម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។