ពលករជាស្ត្រីម្នាក់ដែលចាញ់បោកក្រុមហ៊ុន ហ្វាទីណា មែនផៅវើ (Fatina Man Power) ទៅធ្វើការក្នុងប្រទេសអារ៉ាប៊ី សាអូឌីត (Saudi Arabia) បាត់ដំណឹង ហើយសាច់ញាតិមិនអាចទាក់ទងបានជិត២ខែមកហើយ។ ក្រុមពលករបញ្ជាក់ថា ក្រុមមន្ត្រីស្ថានទូតនៅទីនោះ មិនទាន់បញ្ជាក់ពីការបាត់ដំណឹងនេះនៅឡើយទេ។
ក្រុមពលករដែលត្រូវបានជួយសង្គ្រោះមកកម្ពុជាវិញឱ្យដឹងថា ការបាត់ដំណឹងពលការិនីឈ្មោះ ជ្រុន សុខគា កើតឡើងក្រោយពេលនាងមានជម្លោះជាមួយថៅកែរឿងទាមទារឱ្យបើកប្រាក់ឈ្នួល និងស្នើឱ្យភាគីពាក់ព័ន្ធជួយសង្គ្រោះចេញពីផ្ទះថៅកែ ក្នុងប្រទេស អារ៉ាប៊ី សាអូឌីត។
នៅមុនពេលបាត់ដំណឹង កាលពីអំឡុងខែមិថុនា លោកស្រី ជ្រុន សុខគា បានផ្ញើសារ ឬឆាត (Chat) ទាក់ទងសុំជំនួយពីអតីតពលករនៅប្រទេស អារ៉ាប៊ី សាអូឌីត ដូចគ្នាដែលបានវិលត្រឡប់មកកម្ពុជាវិញគឺលោកស្រី ពេជ្រ នេសា ថា លោកស្រី ភ័យខ្លាចក្រោយពេលមានជម្លោះជាមួយថៅកែរឿងទាមទារឱ្យបើកប្រាក់ឈ្នួល និងតវ៉ារឿងថៅកែបង្ខំឱ្យធ្វើការច្រើនម៉ោង។ លោកស្រី ជ្រុន សុខគា បញ្ជាក់ទៀតថា ថៅកែមិនព្រមដោះលែងឱ្យលោកស្រីចេញទៅខាងក្រៅនោះទេ និងបានជម្លៀសលោកស្រី ឱ្យទៅរស់នៅផ្ទះចាស់មួយដែលជាកន្លែងចិញ្ចឹមសត្វពពែក្នុងតំបន់ព្រៃភ្នំមួយកន្លែងក្នុងប្រទេស អារ៉ាប់ប៊ី សាអ៊ូឌីត។
អតីតពលករលោកស្រី ពេជ្រ នេសា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៥ ខែសីហាថា លោកស្រីព្រួយបារម្ភពីសុវត្ថិភាពលោកស្រី ជ្រុន សុខគា ហើយក្រុមគ្រួសាររបស់លោកស្រី ជ្រុន សុខភា ក៏បានទាក់ទងសួរនាំពីដំណឹងសាច់ញាតិជាបន្តបន្ទាប់។
លោកស្រី ពេជ្រ នេសា បញ្ជាក់ថា ការបាត់ខ្លួនពលកររូបនេះ ក្រុមគ្រួសារ និងពលករជាច្រើននាក់ក៏បានទាក់ទងស្នើឱ្យមន្ត្រីស្ថានទូតជួយស្វែងរក និងអន្តរាគមន៍លោកស្រី ជ្រុន សុខគា ចេញពីផ្ទះថៅកែ ប៉ុន្តែមកទល់ពេលនេះ ពុំមានការឆ្លើយតបជាវិជ្ជមានណាមួយនោះទេ។
លោកស្រី ពេជ្រ នេសា៖«គាត់ថា គាត់ពិបាកខ្លាំង គាត់បានឱ្យគេជួយអន្តរាគមន៍ ប៉ុន្តែបន្ទាប់មកក្រោយមានការអន្តរាគមន៍ ខ្ញុំអត់ដឹងមានរឿងអីទៀត គ្រួសារគាត់ប្រាប់ថា ពិបាកទាក់ទងមែនទែន គឺពិបាកគាត់ត្អូញត្អែរអ៊ីចឹង»។
លោកស្រី ជ្រុន សុខគា គឺស្ថិតក្នុងចំណោមពលករប្រមាណ ១៣៣នាក់ ដែលចោទ ក្រុមហ៊ុន ហ្វាទីណា ថា មិនបានគោរពតាមកិច្ចសន្យាការងារ និងបានលក់ពួកគេឱ្យមកបម្រើការងារក្នុងប្រទេស អារ៉ាប៊ី សាអ៊ូឌីត កាលពីដើមឆ្នាំ២០២៤។ ក្រុមពលករឱ្យដឹងថា តំបន់ដែលលោកស្រី ជ្រុន សុខគា បម្រើការងារគឺស្ថិតក្នុងផ្ទះថៅកែ នៅតំបន់អាប់ហា (Abha)។
វិទ្យុអាស៊ីសេរីបានព្យាយាមទាក់ទង ឯកអគ្គរាជទូតប្រចាំប្រទេសអេហ្ស៉ីប (Arab Republic of Egypt) និងប្រទេស អារ៉ាប៊ី សាអ៊ូឌីត លោក អ៊ុក សារុន និងអ្នកនាំពាក្យក្រសួងការងារ លោក កត្តា អ៊ន ប៉ុន្តែពុំមានការឆ្លើយតបណាមួយនៅឡើយទេនៅថ្ងៃទី៥ ខែសីហា។ វិទ្យុអាស៊ីសេរីក៏មិនទាន់អាចទាក់ទងសាច់ញាតិក្រុមគ្រួសារលោកស្រី ជ្រុន សុខគា ដើម្បីសាកសួរបន្ថែមជុំវិញរឿងនេះបាននៅឡើយដែរនៅថ្ងៃដដែលនេះ។
ទន្ទឹមនឹងការបាត់ដំណឹងពលករនេះ កាលពីថ្ងៃទី៤ ខែសីហា មានពលករចំនួន ២៥នាក់បន្ថែមទៀត បានចាកចេញពីប្រទេស អារ៉ាប៊ី សាអ៊ូឌីត និងកំពុងធ្វើដំណើរត្រឡប់មកកម្ពុជាវិញ ក្រោមការសម្របសម្រួលរបស់ឯកអគ្គរាជទូតប្រចាំប្រទេសអេហ្ស៉ីប (Arab Republic of Egypt) និងប្រទេសអារ៉ាប៊ី សាអ៊ូឌីត លោក អ៊ុក សារុន និងតំណាងក្រុមហ៊ុន ហ្វាទីណា។
រីឯពលករដែលកំពុងជាប់ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត លោកស្រី ថេង ស្រីពេជ្រ ឱ្យដឹងថា មកទល់ពេលនេះ នៅមានពលករមួយចំនួនបន្តសុំអន្តរាគមន៍ជួយសង្គ្រោះពួកគាត់ចេញពីផ្ទះថៅកែ និងចង់ត្រឡប់ទៅផ្ទះវិញ ដោយសារតែមិនអាចទ្រាំទ្រនឹងទុក្ខលំបាកត្រូវថៅកែបង្ខំឱ្យធ្វើការច្រើនម៉ោង និងមិនផ្ដល់អាហារឱ្យហូបចុកគ្រប់គ្រាន់ជាដើម។ លោកស្រីបញ្ជាក់ថា មន្ត្រីស្ថានទូតនៅតែមិនអាចបញ្ជាក់ថ្ងៃជាក់លាក់ក្នុងការបញ្ជូនលោកស្រីត្រឡប់មកកម្ពុជាវិញនោះនៅឡើយទេ។
លោកស្រី ថេង ស្រីពេជ្រ៖«ពីមុនដូចថា ពិបាកអត់មានអីហូបគ្រប់គ្រាន់ ប៉ុន្តែថ្ងៃមុនខាងក្រសួងគាត់បានផ្ដល់លុយឱ្យទុកទិញអីហូប អ៊ីចឹងធូរស្រាលច្រើន។ គ្រាន់តែពិបាករឿងរស់នៅចូលលក្ខណៈសម ហើយខាងក្រុមហ៊ុនគេថា កំពុងរៀបចំឯកសារឱ្យយើង គាត់ប្រាប់ថា នឹងបានចេញឆាប់ៗនេះហើយ ក្រុមហ៊ុននៅខាងអារ៉ាប៊ីសាអ៊ូឌីតនេះគេប្រាប់ផ្ទាល់»។
មន្ត្រីសហជីព និងមន្ត្រីអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស កន្លងទៅ បានរិះគន់ដំណើរការនីតិវិធីជួយសង្គ្រោះក្រុមពលករឱ្យត្រឡប់មកកម្ពុជាយឺតយ៉ាវនេះ ថា វានឹងធ្វើឱ្យពលករកាន់តែរងសម្ពាធបញ្ហាផ្លូវចិត្ត និងប៉ះពាល់បញ្ហាជីវភាពគ្រួសាររបស់ពួកគេ។
ក្រុមពលករនៅតែទទូចឱ្យមន្ត្រីស្ថានទូតស្វែងរកលោកស្រី ជ្រុន សុខគា ដែលបាត់ដំណឹងជាច្រើនខែមកនេះ និងស្នើឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ជួយសង្គ្រោះពលករមួយចំនួនទៀតដែលកំពុងជាប់ក្នុងផ្ទះថៅកែ ដើម្បីធានាពីសុវត្ថិភាពរបស់ពួកគាត់។ ពលករបញ្ជាក់ថា ពលករដែលកំពុងធ្វើការជាអ្នកបម្រើនៅតាមផ្ទះថៅកែ និងស្នើឱ្យជួយអន្តរាគមន៍នោះ សុទ្ធតែជួបបញ្ហាប្រហាក់ប្រហែលគ្នាដែលត្រូវថៅកែរឹតត្បិតសិទ្ធិសេរីភាព បង្ខំឱ្យធ្វើការច្រើនម៉ោងពុំផ្ដល់អាហារឱ្យហូបចុកគ្រប់គ្រាន់ និងដកហូតទូរស័ព្ទផ្ដាច់អ៊ីនធឺណិត ដើម្បីកុំឱ្យពួកគេផ្សព្វផ្សាយព័ត៌មានចេញទៅខាងក្រៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
