សមាគមខ្មែរកម្ពុជាក្រោមស្នើប្រទេសសមាជិកអាស៊ានឱ្យអន្តរាគមន៍ទៅវៀតណាមឱ្យដោះលែងសកម្មជនខ្មែរក្រោម
2024.09.23
សមាគមខ្មែរកម្ពុជាក្រោមស្នើប្រទេសសមាជិកអាស៊ានឱ្យអន្តរាគមន៍ទៅកាន់រដ្ឋាភិបាលវៀតណាមឱ្យដោះលែងសកម្មជនខ្មែរក្រោម ដែលកំពុងជាប់ពន្ធនាគារ និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញទៅលើជនជាតិដើមខ្មែរក្រោម។ ការដាក់ញត្តិនេះដើម្បីចូលរួមវេទិកាប្រជាពលរដ្ឋ និងសន្និសីទសង្គមស៊ីវិលអាស៊ាន ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី ១៩ ដល់ ២១ ខែកញ្ញា ២០២៤ នៅប្រទេសទីម័រ (Timor-Leste) ក្រោមប្រធានបទ «ឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ និងអធិបតេយ្យភាព ដែលដឹកនាំដោយប្រជាជននៅអាស៊ីអាគ្នេយ៍» ។
អង្គការសមាគមខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា កាលថ្ងៃទី១៩ ខែកញ្ញា បានដាក់ញត្តិទៅស្ថានទូតតាមបណ្ដាប្រទេស ដែលជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ាន (ASEAN) និង អគ្គលេខាធិការអាស៊ាន លោក កៅ គឹម ហួន (Kao Kim Hourn) ដើម្បីស្នើឱ្យប្រទេសទាំងអស់នេះ អន្តរាគមន៍ទៅកាន់រដ្ឋាភិបាលវៀតណាម ឱ្យដោះលែងព្រះសង្ឃ និងសកម្មជនខ្មែរក្រោមទាំង ១៣ អង្គ/នាក់ ដែលកំពុងជាប់ពន្ធនាគារ ឱ្យមានសេរីភាពឡើងវិញ។
ក្នុងញត្តិនោះសមាគមខ្មែរកម្ពុជាក្រោមលើកឡើងថា ការផ្សឹក ការឃុំខ្លួន និងបណ្ដេញព្រះសង្ឃ និងសកម្មជនខ្មែរក្រោមនាពេលកន្លងមក ធ្វើឡើងក្រោយសកម្មជនខ្មែរក្រោមបានធ្វើសកម្មភាពផ្សព្វផ្សាយ និងលើកកម្ពស់គោលការណ៍សិទ្ធិមនុស្ស សិទ្ធិជនជាតិដើមខ្មែរក្រោម ព្រមទាំងពាក់អាវយឺតបោះពុម្ពមានទង់ជាតិខ្មែរក្រោម ដើម្បីបង្ហាញអត្តសញ្ញាណខ្មែរក្រោមនៅនៅក្នុងពិធីបុណ្យ និងការជួបជុំផ្សេងៗ ដូចជា ទិវាសិទ្ធិមនុស្សអន្តរជាតិ ទិវាសិទ្ធិនារី និងសេចក្ដីប្រកាសអង្គការសហប្រជាជាតិស្ដីពីសិទ្ធិនៃទិវាជនជាតិដើមភាគតិចជាដើម។
ញត្តិបន្តដដែលថា ការចាប់ផ្សឹក ការឃុំខ្លួន ការបណ្ដេញព្រះសង្ឃចេញពីវត្ត និងវាយកម្ទេចវត្តខ្មែរក្រោម គឺជាអំពើរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរនៃ ជាពិសេសការរំលោភលើសេរីភាពនៃការបញ្ចេញមតិ សេរីភាពនៃការជួបប្រជុំដោយសន្តិវិធី សេរីភាពក្នុងការទទួលបាន និងចែករំលែកព័ត៌មាន និងសេរីភាពក្នុងការប្រតិបត្តិជំនឿសាសនា ដែលជាសេរីភាពជាមូលដ្ឋានរបស់ជនជាតិដើមខ្មែរក្រោម និងសិទ្ធិមនុស្សជាទូទៅ។ សមាគមខ្មែរកម្ពុជាក្រោម បន្តទៀតថា សកម្មភាពគាបសង្កត់របស់វៀតណាមមកលើខ្មែរក្រោមនៅពេលនេះ គឺជាការសងសឹករបស់រដ្ឋាភិបាលវៀតណាមមកលើព្រះសង្ឃ និងសកម្មជនខ្មែរក្រោម ដែលតស៊ូដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់គោលការណ៍សិទ្ធិមនុស្ស និងសិទ្ធិជនជាតិដើមភាគតិច។
អនុប្រធានសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោកបណ្ឌិត សឺន ជុំជួន រំពឹងថា ការដាក់ញត្តិនេះនឹងធ្វើឱ្យប្រទេសនៅក្នុងតំបន់អាស៊ានបានដឹងពីការរំលោភសិទ្ធិរបស់រដ្ឋាភិបាលវៀតណាមទៅលើជនជាតិដើមខ្មែរក្រោមដែលកំពុងតស៊ូមតិទាមទារសិទ្ធិរបស់ខ្លួន។
លោកបណ្ឌិត សឺន ជុំជួន៖«តើបច្ចុប្បន្ននេះ តើរដ្ឋាភិបាលវៀតណាមហ្នឹងកំពុងស្ថិតនៅក្នុងរដ្ឋមួយដែលត្រូវបានគេកត់សម្គាល់ថា កំពុងតែរំលោភបំពានទៅលើសិទ្ធិមនុស្សអីជាដើមនេះយើងចង់បង្ហាញឱ្យឃើញអ៊ីចឹង ទោះបីជាអ្នកខ្លះគាត់រំពឹងថា រដ្ឋដែលជាសមាជិកអាស៊ានមិនអាចអន្តរាគមន៍បានទេ មិនអាចជ្រៀតជ្រែកទៅលើបូរណភាពប្រទេសនិមួយៗបានទេ ប៉ុន្តែយ៉ាងណាក៏ដោយរដ្ឋទាំងអស់ហ្នឹងត្រូវបានដឹងច្បាស់ ជ្រាបច្បាស់បន្ថែមអំពីស្ថានភាពសិទ្ធិមនុស្សនៅវៀតណាម»។ លោកបន្ថែមថា វៀតណាមត្រូវដោះលែងព្រះសង្ឃ និងសកម្មជនខ្មែរក្រោម ទាំងជាង១០នាក់ដែលកំពុងជាប់ឃុំជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។
អាជ្ញាធរវៀតណាមក្នុងខេត្តព្រះត្រពាំងដែលវៀតណាមប្តូរទៅជាខេត្តត្រាវិញ (Tra Vinh) ត្រូវអនុញ្ញាតឲ្យព្រះតេជព្រះគុណ គឹម សំរិន ដែលត្រូវអាជ្ញាធរវៀតណាមបណ្ដេញចេញពីវត្តមានសិទ្ធិគង់នៅក្នុងវត្តដូចព្រះសង្ឃដទៃទៀត។ ហើយអាជ្ញាធរវៀតណាមក្នុងខេត្តលង់ហោរ ឬវៀតណាមហៅថា វិញឡុង (Vinh Long) ត្រូវតែសាងសង់ឡើងវិញសាលាឆទានដែលអាជ្ញាធរវាយកម្ទេច ដើម្បីឱ្យពុទ្ធសាសនិកជនខ្មែរក្រោមអនុវត្តជំនឿរបស់ពួកគេ ហើយត្រូវតែគោរពសិទ្ធិ និងសេរីភាពរបស់ខ្មែរក្រោមដូចមានចែងក្នុងសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើម និងគោលការណ៍នៃឧបករណ៍សិទ្ធិមនុស្សអន្តរជាតិដែលវៀតណាមជាភាគី។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ដើម្បីសុំការឆ្លើយតបអំពីបញ្ហានេះបាននៅឡើយទេ នៅថ្ងៃទី២២ កញ្ញា។
ព្រះសង្ឃ និងសកម្មជនខ្មែរក្រោមទាំង ១៣ អង្គ/នាក់ដែលអាជ្ញាធរវៀតណាមចាប់ឃុំខ្លួន រងការចោទប្រកាន់ពីបទ«កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ» តាមមាត្រា ៣៣១ និង «ការចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួនមនុស្សដោយខុសច្បាប់» តាមមាត្រា ១៥៧ នៃក្រមព្រហ្មទណ្ឌវៀតណាម។ ប៉ុន្តែការចោទប្រកាន់ និងការឃុំខ្លួននេះត្រូវបានអង្គការសិទ្ធិមនុស្សអន្តរជាតិនានាថ្កោលទោស។ ចំណែកអង្គការសមាគមខ្មែរកម្ពុជាក្រោមលើកឡើងថា ការចាប់ឃុំខ្លួននេះ គឺជាការសងសឹករបស់រដ្ឋាភិបាលវៀតណាមដោយសារតែព្រះសង្ឃ និងសកម្មជនទាំងនោះបានធ្វើការតស៊ូមតិដើម្បីសិទ្ធិសេរីភាពរបស់ខ្មែរក្រោមម្ចាស់ស្រុក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។