សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ថ្កោល​ទោស​អាជ្ញាធរ​វៀតណាម ដែល​បន្ត​ធ្វើទុក្ខ​បុក​ម្នេញ​ពលរដ្ឋ និង​យុវជន​ខ្មែរ​កម្ពុជា​ក្រោម

ដោយ យន់ សាមៀន
2022.09.29
សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ថ្កោល​ទោស​អាជ្ញាធរ​វៀតណាម ដែល​បន្ត​ធ្វើទុក្ខ​បុក​ម្នេញ​ពលរដ្ឋ និង​យុវជន​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ ផែន ពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលត្រូវអាជ្ញាធរវៀតណាមកោះហៅ។
រូប៖ សហព័ន្ធខ្មែរកម្ពុជាក្រោម

សហព័ន្ធខ្មែរ​កម្ពុជា​ក្រោម​ថ្កោល​ទោស​អាជ្ញាធរ​វៀតណាម ដែល​បន្ត​ធ្វើ​ទុក្ខបុក​ម្នេញ​ពលរដ្ឋ និង​យុវជន​ខ្មែរ​កម្ពុជា​ក្រោម ដែល​ហ៊ាន​ងើប​ឡើង​តវ៉ា​ទាមទារ​សិទ្ធិ​ជា​ជនជាតិ​ដើម។ ប្រតិកម្ម​របស់​សហព័ន្ធ​នេះ ធ្វើឡើង​បន្ទាប់​ពី​អាជ្ញាធរ​វៀតណាម បាន​ព្យាយាម​បំបែកការ​ជួប​ជុំ​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​បាន​ប្រមូល​ផ្តុំគ្នា​ធ្វើ​ពិធី​ខួប ​១៥​ ឆ្នាំ​ នៃ​ថ្ងៃ​ដែល​អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​សេចក្តីប្រកាស​ស្តីពី​សិទ្ធិ​ជនជាតិដើម (UNDRIP) កាលពីឆ្នាំ ២០០៧។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ធ្វើ​លិខិត​សុំ​កិច្ចអន្តរាគមន៍​ពី​អង្គការ​សហប្រជាជាតិ ដើម្បី​ស្នើ​ឲ្យ​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​វៀតណាម បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​លើ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ដែល​កំពុង​ប្រើ​ប្រាស់​សិទ្ធិ​ជា​ជនជាតិ​ដើម។ អនុប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​លោក ម៉ៅ មុន្នី ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា សហព័ន្ធ​ស្នើ​ឲ្យ​អង្គការ​សហប្រជាជាតិ​ជំរុញ​ឲ្យ​វៀតណាម អនុវត្ត​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​គោរព​សិទ្ធិ​ជនជាតិ​ដើម ដោយ​សារ​តែ​ប្រទេស​កុម្មុយនីស្ត​មួយ​នេះ បាន​បោះឆ្នោត​គាំទ្រ​សេចក្តី​ប្រកាស​នេះ កាល​ពី​ឆ្នាំ២០០៧«យើង​ចង់​ឲ្យ​អង្គការ​សហប្រជាជាតិ​ផ្ញើ​សំបុត្រ​ឲ្យ​រដ្ឋាភិបាល​យួន​ឲ្យ​ទទួល​ស្គាល់​ស្អីដែល​ខ្លួន​បាន​ចុះហត្ថលេខា​នៅ​អង្គការ​សហប្រជាជាតិ​ថា​បើ​យើង​ចុះហត្ថលេខា​ហើយ ត្រូវ​តែ​គោរព មិន​អាច​ហាម​ឃាត់​ខ្មែរ​ក្រោម​គ្រាន់​តែ​ធ្វើ​បុណ្យ​អបអរសាទរ​ប៉ុណ្ណឹង​ រដ្ឋាភិបាល​យួន​មក​រារាំង​ឬ​ហៅ​យើង​ទៅ​សំឡុត»

កាលពីថ្ងៃទី១៣ ខែកញ្ញា យុវជនខ្មែរកម្ពុជា​ក្រោម​នៃ​សមាគម​កូន​ខ្មែរ​ដើម្បី​អភិវឌ្ឍន៍​បាន​ប្រមូល​ផ្តុំ​គ្នា​ប្រមាណ ​ប្រមាណ​១០០​នាក់ ធ្វើ​ពិធី អបអរសាទរខួប​១៥​ឆ្នាំ​នៃ​ថ្ងៃ ដែល​អង្គការ​សហប្រជាជាតិ​ដាក់​ចេញ​អនុម័ត សេចក្តីប្រកាស​ស្តីពី​សិទ្ធិជនជាតិដើម​ (UNDRIP) នៅ​ខេត្ត​ព្រះត្រពាំង។ ​ប៉ុន្តែ​ពេល​ខ្មែរ​ក្រោម ពេល​កំពុង​តែ​ប្រារព្ធ​ពិធី​នេះ អាជ្ញាធរ​វៀតណាម​ជា​ច្រើន​នាក់ បាន​មក​រំខាន​និង​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ផ្អាក​ពិធី​នេះ ដោយ​សំអាង​ថា ពលរដ្ឋ​ធ្វើ​ពិធី​នេះ ដោយ​ខុស​ច្បាប់។ ទោះបី​ជា​យ៉ាង​ណា យុវជន​ខ្មែរ​ក្រោម​បាន​បន្ត​ធ្វើ​ពិធី​នោះ រហូត​ដល់​ចប់ ទើប​រំសាយ​គ្នា។

យុវជនខ្មែរ​កម្ពុជា​ក្រោម​លោក យឿង ខាយ ប្រាប់​វិទ្យុអាស៊ីសេរី​ថា ការ​ប្រារព្ធទិវា​នេះ ដើម្បី​ជា​ប្រយោជន៍​ខ្មែរ​ក្រោម​ជា​ជន​ជាតិ​ដើមក្នុង​ទិវា​នេះ យុវជន​ខ្មែរ​ក្រោម បាន​ចែក​អំណោយ​ដល់ ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​មាន​វ័យ​ចំណាស់ និង​អាន​ខ្លឹមសារ​នៃ​សេចក្តី​ប្រកាស​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម របស់​អង្គការ​សហប្រជាជាតិ។ លោក យឿង ខាយចាត់ ទុក​ទង្វើ​របស់​វៀតណាម ជា​ការ​រំលោភ​សិទ្ធិ​ប្រមូល​ផ្តុំ ជា​ពិសេស​សិទ្ធិជន​ជាតិ​ដើម៖ «ប្អូន​យល់ថា​វៀតណាម​ធ្វើ​នេះ​វា​ខុស​ច្បាប់​ហើយ​សេចក្តី ប្រកាស​ស្តីពី​សិទ្ធិជន​ជាតិ​ដើម​របស់​អង្គការ​សហប្រជាជាតិ​វៀតណាម​មិន​ដែល​បាន​អនុវត្ត​ទេពេល​ពួក​ប្អូន​អនុវត្ត​គាត់​រារាំង​គាត់​ថា​ខុស​ច្បាប់​គាត់​មិន​ចង់​ឲ្យ​ជនជាតិ​ប្រារព្ធ​ពិធី​ជន​ជាតិ​ដើម​ទេ»

ពលរដ្ឋ​ខ្មែរ​ក្រោម​ថា អាជ្ញាធរ​វៀតណាម​មិន​ទុក​ឲ្យ​ខ្មែរ​ក្រោម​បាន​សុខ​នោះ​ទេ។ កាលពី​ថ្ងៃទី១៥ ខែកញ្ញា ក្រោយ​ពលរដ្ឋ​ខ្មែរ​ក្រោម​ធ្វើ​ពិធីនោះ​រួច​មក អាជ្ញាធរ​វៀតណាម​នៅ​ខេត្តឃ្លាំង បាន​កោះ​ហៅ យុវជន​ខ្មែរ​ក្រោម​ម្នាក់​ឈ្មោះ យ៉ាញ់ មិញក្វាង ទៅ​សាកសួរ​រឿង​លោក ​ពាក់​អាវ​យឺត​ដាក់​អក្សរ​ថា  ​ពិធី​អបអរសាទរខួប១៥ឆ្នាំ ថ្ងៃ​អង្គការ​សហប្រជាជាតិ​អនុម័ត​សេចក្ដីប្រកាស ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ (UNDRIP)អាជ្ញាធរ​វៀតណាម​បានឲ្យ​លោក​ត្រឡប់​ទៅ​ផ្ទះ​វិញ បន្ទាប់​ពី​បាន​សាកសួរ​លោក​អស់​ជា​ច្រើន​ម៉ោង​រួច​មក។ អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​សេចក្តី ប្រកាស​ស្តីពី​សិទ្ធិជនជាតិ​ដើម​កាល​ពី​ឆ្នាំ២០០៧។ សេចក្តីប្រកាស​នេះ ជា​ឧបករណ៍​ដ៏​សំខាន់​មួយ​ដើម្បី​ការពារ​សិទ្ធិ​ជន​ជាតិ​ដើម។ សេចក្តី​ប្រកាស​នេះ បាន​ដាក់​ចេញ​នូវ​លក្ខខណ្ឌ​ស្តង់ដា​អប្បបរមា​ធានា​ការ​រស់​រាន​មាន​ជីវីត កិត្តិយស សុខុមាលភាព​នៃ​ជនជាតិ​ដើម​ជុំវិញ​ពិភពលោក និង​ការ​បញ្ជាក់​ឡើង​វិញ​នូវ​សិទ្ធិ​ជា​មូល​ដ្ឋាន និង​សិទ្ធិមនុស្ស ដែលមាន​ស្រាប់​ឲ្យ​ស្រប​ទៅ​តាម​ស្ថានភាព​នៃ​ជនជាតិទោះបី​វៀតណាម​បាន​ព្រម​ទទួល​យក​អនុវត្តនូវ​សេចក្តី​ប្រកាស​ស្តីពី​សិទ្ធិជនជាតិ​ដើម​ក៏​ដោយ​ ក៏វៀតណាម​បន្ត​ធ្វើទុក្ខ​បុកម្នេញ​ពលរដ្ឋ​ខ្មែរ​ក្រោម និង​ជនជាតិ​ដើម​ផ្សេង​ទៀត​ដែរ

ជុំវិញការ​ប្រារព្ធ​ពិធី អបអរសាទរខួប​១៥​ឆ្នាំ​នៃ​ថ្ងៃ ដែល​អង្គការ​សហប្រជាជាតិ​ដាក់​ចេញ​អនុម័ត​ សេចក្តី​ប្រកាស​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម (UNDRIP) នេះ​ដែរ ប្រធាន​សហព័ន្ធខ្មែរ​កម្ពុជា​ក្រោម​លោក ប្រាក់ សេរីវុឌ្ឍ បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​ថា សហព័ន្ធខ្មែរ​កម្ពុជា​ក្រោម ធ្វើការ​តស៊ូ​ដោយ​សន្តិវិធី​ និង​អហិង្សា​នៅលើ​ឆាក​អន្តរជាតិ ដើម្បីស្វែង រក «សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួន​ឯង» ​ជូន​ប្រជាជាតិ​ខ្មែរ​ក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម ស្រប​តាម​ច្បាប់​អន្តរជាតិ និង​សេចក្ដីប្រកាស​ស្ដីពី​សិទ្ធិ​ជន​ជាតិ​ដើម ដែល​បាន​ចែង​នៅក្នុង​មាត្រា៣ ថា៖ "ជន​ជាតិដើម​មាន​សិទ្ធិ​ស្វ័យ​សម្រេច"។ ​លោក​បន្តថា  តាម​ស្មារតីនៃ​សិទ្ធិ​នេះ ជនជាតិ​ដើម​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​អំពី​ស្ថានភាព​ នយោបាយ​របស់​ខ្លួន​ដោយ​សេរី និង​ធ្វើការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ សង្គមកិច្ច និង​វប្បធម៌​របស់​ខ្លួន​ដោយ​សេរី និងមាត្រា៤ បាន​ចែង​ថា៖ "ជនជាតិ​ដើម ក្នុងការ​អនុវត្ត​សិទ្ធិស្វ័យ​សម្រេច​របស់​ខ្លួន មាន​សិទ្ធិ​គ្រប់គ្រង​ ដោយ​ខ្លួន​ឯង​ ឬ​ដោយ​ស្វ័យភាព​លើ​បញ្ហា​ទាំង​ឡាយ ដែល​ទាក់ទង​ដល់​កិច្ចការ​ផ្ទៃ​ក្នុង និង​កិច្ចការ​នៅ មូលដ្ឋាន​របស់​ខ្លួន ព្រម​ទាំង​វិធីសាស្ត្រ មធ្យោបាយ ផ្សេងៗ​សម្រាប់​ផ្តល់​ហិរញ្ញវត្ថុ​ដល់​ដំណើរ​ការ​ស្វ័យភាព​របស់​ខ្លួន"

លោក ប្រាក់ សេរីវុឌ្ឍ បន្តថា  ពលរដ្ឋខ្មែរក្រោម​រាប់​លាន​នាក់​នៅ​ដែនដី​កម្ពុជា​ក្រោម​ គួរ​ណាស់​តែ​ទទួល​បាន​នូវ​សិទ្ធិ​ជា​ជនជាតិ​ដើម តែផ្ទុយ​ទៅ​វិញ​ ពួកគាត់​នៅ​តែ​ត្រូវ​ប្រឈម​នឹង​ការ​រើសអើង​ពូជសាសន៍, ​រំលោភបំពាន​សិទ្ធិ​មនុស្សធ្វើទុក្ខបុកម្នេញ, និងជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​ព្រះពុទ្ធ​សាសនា។ លោកប្តេជ្ញា​ថា សហព័ន្ធ​កំពុង​ផ្សព្ធផ្សាយឲ្យ ពលរដ្ឋខ្មែរក្រោម​គ្រប់​រូប​ បាន​សិក្សា​ឈ្វេងយល់​ឲ្យ​បាន​ច្បាស់​លាស់​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​ពួកគាត់​មាន​សេចក្ដី​ក្លាហាន​ក្នុង​ការ​ប្រើប្រាស់​នូវ​សិទ្ធិ​ទាំង​នោះ ហើយ​ហ៊ាន ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​លើ​ជោគ​វាសនា​ជាតិ​របស់​ខ្លួន​ក្នុង​ការ​ «សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួន​ឯង» នៅលើ​ទឹក​ដី​កម្ពុជា​ក្រោម ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។