យុវជន​តំណាង​សហព័ន្ធខ្មែរ​កម្ពុជា​ក្រោម​ប្រាប់​អ្នក​ជំនាញ​សិទ្ធិ​ជនជាតិ​ដើម​របស់​ អ.ស.ប ឲ្យ​អន្តរាគមន៍​វៀតណាម​ឲ្យ​គោរព​សិទ្ធិ​ជនជាតិ​ដើម

0:00 / 0:00

សហព័ន្ធ​ខ្មែរ​​កម្ពុជា​ក្រោម បាន​បញ្ជូន​យុវតី​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់ ជា​តំណាង​ទៅ​ចូលរួម​ក្នុង​សនិ្នសីទ​ឧត្តម​ស្នង​ការ​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស​ នៅទីក្រុង​ហ្ស៊ឺណែវ ​(Geneva) ​ប្រទេសស្វីស​(Switzerland) ស្តីពី ​«សិទ្ធិ​ជនជាតិ​ដើម» ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ គោរព​សិទ្ធិ​ខ្មែរ​ក្រោម​ជាជន​ជាតិ​ដើម និង​ទទួល​ស្គាល់​ខ្មែរ​ក្រោម​ជា​ម្ចាស់​ទឹកដី​ ក្នុង​រដ្ឋធម្មនុញ្ញា​របស់​វៀតណាម។

តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោមកញ្ញា គឹម ពុទ្ធានី ថ្លែង​ប្រាប់អ្នក​ជំនាញ​សិទ្ធិ​ជនជាតិ​ដើម​ក្នុង​សនិ្នសីទ​វគ្គទី១៥ នៃ​យន្តការ​អ្នក​ជំនាញ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​របស់​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​ថាថ្វី​ត្បិត​តែ​វៀតណាមបាន​ចុះ​ហត្ថលេខា​ទទួល​យក​សេចក្តី​ប្រកាស​អង្គការ​ប្រជាជាតិស្តីពី​សិទ្ធិជា​ជាតិ​ដើមនិង​កត្តិសញ្ញា​ស្តីពី​សិទ្ធិស៊ីវិល នយោបាយ សេដ្ឋកិច្ច សង្គម និង​វប្បធម៌​ក្តីក៏វៀតណាម​បដិសេធ​មិន​ផ្តល់​សិទ្ធិជា​មូលដ្ឋាន​ដល់ខ្មែរ​ក្រោម​រាប់​លាន​នាក់​ដែល​កំពុង​រស់នៅ​លើទឹក​ដី​កំណើត៖ « យើង​ស្នើសុំឲ្យ​រដ្ឋាភិបាល​វៀតណាម​អនុវត្តសេចក្តី​ប្រកាស​អង្គការ​សហប្រជាជាតិ​ស្តីពី​ជនជាតិ​ដើម​ដោយ​ស្មោះ​ត្រង់ ក្នុង​ស្មារតី​ជា​ដៃ​គូ និង​ផ្សះផ្សា ជាជាង​រារាំង​មិន​ឲ្យ​ជនជាតិ​ដើម​ប្រើប្រាស់​សិទ្ធិ​ស្វ័យ​សម្រេច វៀតណាម​មិន​ត្រូវ​គិត​ថា សិទ្ធិស្វ័យ​សម្រេច​ជាការ​គំរាមកំហែង ដល់​ឯកភាព​ជាតិ ប៉ុន្តែ​ផ្ទុយ​ទៅវិញ​វៀតណាម​ត្រូវ​តែ​បង្កើត​ជា​កម្មវិធី​ជាតិ​មួយ​ដើម្បី​ទទួល​ស្គាល់​ខ្មែរ​ក្រោម ជាជនជាតិ​ដើម ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន»

សនិ្នសីទវគ្គទី១៥ នៃ​យន្តការ​អ្នក​ជំនាញ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​របស់​ឧត្តមស្នង​ការ​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស​នេះមាន​រយៈពេល​បួន​ថ្ងៃ​ចាប់​ពី​ថ្ងៃទី៤ ដល់​ថ្ងៃទី៨ ខែកក្កដា។ តំណាង​ជនជាតិ​ដើម​នៅ​ជុំវិញ​ពិភពលោក​មាន​ឱកាស​ធ្វើ​សេចក្តី​ថ្លែងការណ៍​ពី​ស្ថានភាព​របស់​ជន​ជាតិ​ដើមទាមទារ​សិទ្ធិ​ជាមូលដ្ឋាននិង​សិទ្ធិ​ស្វ័យ​សម្រេច។ យន្តការ​អ្នក​ជំនាញ​ស្តីពី​សិទ្ធិជន​ជាតិ​ដើម​ត្រូវ​បាន​បង្កើត​ឡើងដោយ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិកាល​ពី​ឆ្នាំ២០០៧។ យន្តការ​នេះនឹង​ផ្តល់​ជំនាញនិង​យោបល់​ដល់​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ជុំវិញ​ការ​អនុវត្តសេចក្តីប្រកាស​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​សិទ្ធិ​ជនជាតិដើម​ជួយជា​ជំនួយ​ដល់​ប្រទេស​ជា​សមាជិក​ប្រសិន​បើ​មាន​សំណើ​ដើម្បី​ធានា​ថាប្រទេស​ជា​សមាជិកអាច​បំពេញ​កាតព្វកិច្ចលើក​តម្លើងការពារសិទ្ធិជន​ជាតិ​ដើម។

កញ្ញា គឹម ពុទ្ធានី ថ្លែង​ប្រាប់​សន្និសីទ​បន្ត​ទៀត​ថាកសិករ​ខ្មែរក្រោម​បាន​ជួយ​ប្រទេស​វៀតណាម​ឲ្យ​ក្លាយ​ជា​ប្រទេសនាំអង្ករ​ចេញ​ទៅ​បរទេស​ក្នុង​ចំណោម​ប្រទេស​ផ្សេងទៀត​នៅ​ក្នុង​ពិភពលោក។ប៉ុន្តែ​វៀតណាម​មិន​បាន​ជួយ​ដល់​កសិករ​ខ្មែរ​ក្រោម​ឡើយ។ រដ្ឋាភិបាល​វៀតណាមបាន​អនុវត្ត​គោលនយោបាយ​រើសអើង​នឹង​កសិករ​ខ្មែរ​ក្រោម​បណ្តាល​ឲ្យ​កសិករ​ខ្មែរ​ក្រោម​បាត់បង់​ដីធ្វើស្រែ​ជា​បន្ត​បន្ទាប់។ កាលពី​ប៉ុន្មាន​ឆ្នាំថ្មីៗ​នេះ វៀតណាម បាន​ចាប់​ផ្តើម​រឹបអូស​ដីស្រែ​កសិករ​ខ្មែរ​ក្រោមដោយ​មិន​ផ្តល់​ប្រាក់​សំណងហើយ​ថែមទាំង​ចាប់​ខ្មែរ​ក្រោម​ណាដែល​ហ៊ាន​ងើប​ឡើង ទាមទា រតវ៉ា​ដីស្រែ​របស់​ពួកគេ​ថែម​ទៀត​ផង។

កញ្ញា គឹម ពុទ្ធានី បាន​សំណូមពរ​ដល់​អ្នកជំនាញ​អង្គការ​សហប្រជាជាតិ​ស្តីពី​សិទ្ធិជនជាតិ​ដើម​ឲ្យ​ចុះទៅ​ស៊ើបអង្កេត​ការ​រំលោភ​សិទ្ធិខ្មែរក្រោម ពី​សំណាក់រដ្ឋាភិបាល​វៀតណាម៖ « យើង​សំណូមពរ​ឲ្យ​វៀតណាម​ឈប់​បង្ខំ​ឲ្យ​កសិករ​ខ្មែរ​ក្រោម​ធ្វើស្រែ​បីដង​ក្នុង​មួយ​ឆ្នាំ ហើយ​ត្រូវ​អនុវត្ត គោលនយោបាយ កសិកម្ម​ប្រកប​ដោយចិរភាព​ដោយ​អនុញ្ញាត​ឲ្យ​ខ្មែរ​ក្រោម​ធ្វើ ស្រែ​តាម​លក្ខណៈ​ប្រពៃណី វៀតណាម​ត្រូវ​បញ្ឈប់​ប្រើ​ល្បិច​បន្ថោក​តម្លៃ​ស្រូវ​កសិករខ្មែរ ក្នុង​រដូវ​ប្រមូលផល​ ដែល​បណ្តាល​ឲ្យ​កសិករ​ខ្មែរ​ក្រោម​មិន​អាច​រក​ប្រាក់​ចំណេញ​ដើម្បី​ចិញ្ចឹម​ជិវិត។ វៀតណាម​ត្រូវ​តែ​អនុវត្ត សេចក្តីប្រកាស​អង្គការ​សហប្រជាជាតិ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម និង​ដោះលែង​កសិករ​ខ្មែរ​ក្រោម​បី​នាក់ ដែល​កំពុង​ជាប់​ពន្ធនាគារ​ដោយ​ អយុត្តិធម៌ និង​គ្មាន​សវនាការ​ត្រឹមត្រូវ​ដើម្បី​ការពារ​ក្តី​ខ្លួន»

កញ្ញា គឹម ពុទ្ធានី មាន​អាយុ២២ឆ្នាំ ជា​និសិ្សត​ផ្នែក​ច្បាប់​ឆ្នាំទីពីរនៅ​ប្រទេស​ហូល្លង់ដ៍។កញ្ញា​ប្រាប់​វិទ្យុអាស៊ីសេរី​ថាការលះបង់​ពេលវេលា​របស់​កញ្ញា​ធ្វើដំណើរ​មក​ឧត្តមស្នងការ​អង្គការ​សហប្រជាប្រជាជាតិ​នេះគឺ​ដើម្បី​មក​ប្រាប់​ពី​ស្ថានភាព​ខ្មែរ​កម្ពុជា​ក្រោម​នេះហើយ​កញ្ញា​ចង់​ឲ្យយុវជន​ខ្មែរ​ក្រោម​មានឱកាស​ដូច​កញ្ញា​ដែរ៖« យើង​ត្រូវ​តាំង​ចិត្ត​ខំប្រឹង​ឲ្យ​ពូតាយាយ​ឲ្យ​គាត់​មាន​សិទ្ធិ​ឲ្យ​មាន​សិទ្ធិ​ដូច​ខ្ញុំ ពីព្រោះ​ខ្ញុំ​មាន​សិទ្ធិ​និយាយ មាន​សិទ្ធិអាន មើល​ព័ត៌មាន​ពី​ខ្មែរ​ក្រោម ខ្មែរលើ និង​ខ្មែរ​កណ្តាល ខ្ញុំមាន​អារម្មណ៍​ថា បងប្អូន​នៅ​ខ្មែរ​ក្រោម​អត់​មាន​សិទ្ធិ​ដូច​ខ្ញុំ ប្អូនៗនៅ​ខ្មែរ​ក្រោម​គាត់​រៀន​អត់​បាន​ទេ គាត់​មិន​អាច​រៀន អក្សរ​ខ្មែរ​និង​ប្រវត្តិសាស្រ្ត។ ខ្ញុំ​គិត​ថា ខ្ញុំ​ត្រូវ​តែ​ខំប្រឹង»

ពាក់ព័ន្ធ​នឹង​ការ​បញ្ជូន​យុវជន​ខ្មែរ​ក្រោម​ទៅ​ចូលរួម​សន្នីសីទ​អន្តរជាតិ​នេះ​ដែរ​អនុប្រធាន​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​លោក ម៉ៅ មុន្នី ប្រាប់​វិទ្យុ​អាស៊ីសេរីថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ចាប់​ផ្តើម​បញ្ជូន​យុវជនទៅ​ចូលរួម​កិច្ចប្រជុំ​សំខាន់​របស់​អង្គការ​សហប្រជាជាតិ​ចាប់តាំង​ពី​ឆ្នាំ២០០៦​មក​ដើម្បី​បង្រៀន​ឲ្យ​ពួកគេ​មាន​បទពិសោធន៍​តស៊ូមតិ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម៖ «អង្គការ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ចង់​បណ្តុះបណ្តាល​យុវជន​ឲ្យ​ចេះ​ធ្វើ​ការងារ​ផ្លូវ​ទូត ស្រាវជ្រាវ​រឿង​ខ្មែរ​ក្រោម​ ហើយ​យក​បញ្ហា​ខ្មែរ​ក្រោម ទៅ​ប្រាប់​អង្គការ​សហប្រជាជាតិ​ដើម្បី​ជួប​បងប្អូន​នៅក្នុង​ស្រុក មិន​អាច​ចេញ​មក ក្រៅ​ស្រុក​មិន​អាច​ចេញ​ក្រៅ​ស្រុក ប្រាប់​អង្គការ​សហប្រជាជាតិ​បាន​ទេ ពឹង​លើ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ពង្រឹង​យុវជន​យើង​យក​បញ្ហា​ខ្មែរ​ក្រោម​ទៅប្រាប់ អង្គការ​សហប្រជាជាតិថា ខ្មែរ​ក្រោម​សព្វថ្ងៃ​កំពុង​ព្រឈម​មាន​បញ្ហា​អ្វីខ្លះ​បាទ»

លោក ម៉ៅ មុន្នី ថាសន្និសីទ​លើក​នេះវាមាន​សារៈសំខាន់​ដោយ​សារ​តែ​កិច្ចប្រជុំ​ពេញ​អង្គ​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នឹង​ចាប់​ផ្តើម​នៅ​ចុង​ឆ្នាំ២០២២ ដូច្នោះ​ក្តីបារម្ភ​និង​សំណូមព​របស់​ខ្មែរ​ក្រោម​នឹង​អាច​ត្រូវ​អ្នក​ជំនាញ​យក​ទៅ​ប្រាប់​កិច្ចប្រជុំ​ពេញ​អង្គ​របស់​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អន្តរជាតិ​ដើម្បី​ឲ្យ​ពិភពលោក​បាន​ដឹង​ទង្វើ​អាក្រក់​និង​ការរំលោភ​សិទ្ធិមនុស្ស​ជនជាតិ​ដើម​ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម។

លោក ម៉ៅ មុន្នី សង្ឃឹម​ថាសេចក្តីរាយការណ៍​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​វៀតណាម​នឹង​អាច​ជំរុញ​ឲ្យ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អន្តរជាតិធ្វើ​កិច្ចអន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម​និង​អាច​បដិសេធ​មិន​ឲ្យ​វៀតណាម​ក្លាយ​ជា​សមាជិក​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ។ កាល​ពី​ដើម​ឆ្នាំ២០២២នេះ វៀតណាម​ប្រកាស​ថាវៀតណាម​ចង់ក្លាយ​ជា​សមាជិក​ក្រុម​ប្រឹក្សាសិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ សម្រាប់ អាណតិ្ត​ពីរ​ឆ្នាំ​ពីឆ្នាំ២០២៣​ដល់​ឆ្នាំ២០២៥។ ​វៀតណាម​អះអាងថារដ្ឋាភិបាល​កុម្មុយនីស្ត​មួយ​នេះនឹង​ប្តេជ្ញា​ការពារ​ជនងាយរងគ្រោះបំបាត់​អំពើ​ហិង្សា​លើក​តម្កើង​សមភាព​យេនឌ័រនិង​ធ្វើការងារ​នឹង​សមាជិក​ផ្សេងៗ​ទៀត​ដើម្បី​ពង្រឹង​និង​លើក​តម្លើង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិច្បាប់​អន្តរជាតិនិង​ពង្រឹង​ស្ថាប័ន​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​តាមរយៈកិច្ចសហការ​សន្ទនានិង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក។ វៀតណាម​ធ្លាប់ក្លាយ​ជា​សមាជិក​ក្រុម​ប្រឹក្សា​នេះម្តង​រួច​ហើយកាលពី​ចន្លោះ​ឆ្នាំ២០១៤ និង២០១៦។ បច្ចុប្បន្ន ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​មាន​សមាជិក​១៥​ប្រទេស​ដែល​បាន​ចាប់​ផ្តើម​អាណត្តិ​តាំង​ពី​ដើម​ឆ្នាំ២០២១។

ពាក់ព័ន្ធ​នឹង​គំរោង​របស់​វៀតណាម​នេះសហព័ន្ធខ្មែរ​កម្ពុជា​កំពុង​ធ្វើ​យុទ្ធនាការ​លើ​ឆាក​អន្តរជាតិ​ដើម្បី​ប្រមូល​ការ​គាំទ្រ​ប្រឆាំងនឹង​វៀតណាមមិន​ឲ្យ​ក្លាយ​ជា​សមាជិក​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​លុះ​ត្រា​តែ​ វៀតណាម អនុវត្ត​ដោយ​ស្មោះត្រង់នូវ​រាល់​អនុសញ្ញាទាំង​ឡាយ ណា ដែល​ វៀតណាម ​បានចុះហត្ថលេខា​នឹង​អង្គការ​សហប្រជាជាតិ​ដើម្បី​ធានា​ថា​ពលរដ្ឋទូទៅ​រស់​នៅ​វៀតណាមទទួលបាន​សិទ្ធិ​ជា​មូលដ្ឋានដោយ​គ្មាន​ការ​ធ្វើទុក្ខបុកម្នេញប្រឈម​នឹង​ការ​ធ្វើ​ទារុណ្ឌកម្មជាប់​ពន្ធនាគារនៅពេល​ដែល​ពួកគេ​ងើបឡើង​ទាមទារសិទ្ធិជា​មូលដ្ឋាន​របស់​ពួកគេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។