សកម្មជនមានជម្លោះដីធ្លី និងសកម្មជនសហជីពរិះគន់រដ្ឋាភិបាលកម្ពុជាថា ការរាយការណ៍ទៅអង្គការសហប្រជាជាតិពាក់ព័ន្ធសិទ្ធិមនុស្សមិនឆ្លុះបញ្ចាំងពីការពិត។ ពួកគេស្នើសុំឱ្យរដ្ឋាភិបាលធ្វើការដោយយកចិត្តទុកដាក់ និងបង្ហាញពីតម្លាភាព ដើម្បីទប់ស្កាត់ការរំលោភសិទ្ធិមនុស្ស និងកាត់បន្ថយអំពើពុករលួយជាប្រព័ន្ធនៅក្នុងប្រទេស។
សកម្មជនសហជីព និងពលរដ្ឋមានទំនាស់ដីធ្លី មិនពេញចិត្តចំពោះអ្នករាយការណ៍កម្ពុជាថា គ្មានតម្លាភាព ក្រោយកម្ពុជាបានចូលរួមសម័យប្រជុំលើកទី៥២ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ រយៈពេល៦សប្តាហ៍ ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី៤ ខែមេសា នៅទីក្រុងហ្សឺណែវ (Geneva) ប្រទេស ស្វីស (Switzerland) ដោយបានលើកឡើងពីវឌ្ឍនភាព និងសមិទ្ធផលដែលកម្ពុជាបានយកចិត្តទុកដាក់អនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន ទាក់ទិននឹងសិទ្ធិមនុស្ស ការលើកកម្ពស់សិទ្ធិស្ត្រី និងផ្ដល់ដីឱ្យពលរដ្ឋដើម្បីធ្វើស្រែចម្ការ ព្រមទាំងការផ្ដល់សាច់ប្រាក់ឧបត្ថម្ភពលរដ្ឋងាយរងគ្រោះដោយសារជំងឺរាលត្បាលកូវីត១៩ ថែមទៀត។ មន្ត្រីសង្គមស៊ីវិលយល់ឃើញថា ការណ៍ដែលកម្ពុជាអួតសរសើរពីសមិទ្ធផលទាំងនេះហាក់មិនបានបង្ហាញពីការរំលោភបំពានសិទ្ធិធ្ងន់ធ្ងរនៅកម្ពុជាឡើយ ដែលផ្ទុយពីស្ថានភាពពិតជាក់ស្ដែង។
ពលរដ្ឋរងគ្រោះដីធ្លី១៩៧ គ្រួសារ នៅខេត្តកោះកុង លោកស្រី ដេត ហ៊ួរ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៧ មេសា ថា រដ្ឋាភិបាលគួរតែចុះមើលពលរដ្ឋនៅតាមមូលដ្ឋានជាមុនសិន ដើម្បីបញ្ជាក់ឱ្យច្បាស់ថានៅតាមសហគមន៍នីមួយៗមានការរំលោភយកដីធ្លីពលរដ្ឋ ឬមានពលរដ្ឋរងគ្រោះដោយសារដីសម្បទានសេដ្ឋកិច្ច ឬទេ ជាជាងធ្វើរបាយការណ៍ខុសពីស្ថានភាពពលរដ្ឋ។ លោកស្រីបន្តថា លោកស្រីសោកស្ដាយដែលអាជ្ញាធរលើកឡើងពីការអនុវត្តសិទ្ធិ ប៉ុន្តែលោកស្រីតែងត្រូវបាន កងកម្លាំងសមត្ថកិច្ចរុញច្រានរហូតដល់មានរបួសនៅពេលចេញតវ៉ាបញ្ហាដីធ្លី។
លោកស្រី ដេត ហ៊ួរ៖ «គាត់រាយការណ៍ដល់អង្គការសហប្រជាជាតិមិនទាន់គ្រប់គ្រាន់ទេ ពិសេសជាងគេគឺជនរងគ្រោះស្ថិតនៅខេត្តកោះកុងយើងនេះមិនទាន់បានដោះស្រាយហើយជាស្ថាពរទេហើយខ្ញុំទទួលស្គាល់ថា ដោះស្រាយបានមួយចំនួន ប៉ុន្តែមួយចំនួនទៀតមិនទាន់បានដោះស្រាយពេញលេញទេ»។
ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិជាស្ថាប័នអន្តររដ្ឋាភិបាលក្នុងប្រព័ន្ធអង្គការសហប្រជាជាតិដែលមានតួនាទីដើម្បីពង្រឹងលើកតម្កើង និងការពារសិទ្ធិមនុស្សជុំវិញពិភពលោក ដោះស្រាយការរំលោភសិទ្ធិមនុស្ស និងផ្ដល់អនុសាសន៍ស្ដីពីបញ្ហាសិទ្ធិមនុស្ស។ ក្រុមប្រឹក្សានេះ មានសមាជិក ៤៧ប្រទេសមកពីប្រទេសជាសមាជិកអង្គការសហប្រជាជាតិហើយតែងជួបប្រជុំគ្នាមួយឆ្នាំម្ដង ដើម្បីជជែកបញ្ហាសិទ្ធិមនុស្សពិភពលោក នៅការិយាល័យ អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland)។
ស្រដៀងគ្នានេះដែរប្រជាពលរដ្ឋរស់នៅភូមិប្រមេរ ស្រុកត្បែងមានជ័យ លោក ងន ហ៊ីម ថ្លែងថា លោកមិនដែលឃើញពលរដ្ឋជាជនជាតិដើមភាគតិចទទួលបានដីធ្លី មានប្លង់កាន់កាប់ មានតែពលរដ្ឋតវ៉ាទាមទារដីដែលក្រុមហ៊ុនឯកជនរំលោភមកវិញ។ លោកបន្តថា វាជារឿងដែលគួរឱ្យអស់សំណើចនៅពេលកម្ពុជាអួតអាងពីស្នាដៃខិតខំប្រឹងប្រែងជួយបណ្ដុះបណ្ដាលជនជាតិភាគតិចឱ្យចេះពីបច្ចេកទេសដាំដុះដំណាំ ទាំងដែលពួកគេគ្មានដីសម្រាប់ធ្វើស្រែចម្ការ។
ដូចគ្នានេះដែរកូដករណាហ្គាវើលដ៍ កញ្ញា ច័ន្ទ ស្រីរ័ត្ន លើកឡើងថា បើកម្ពុជាពិតជាមានការអនុវត្តសិទ្ធិសេរីភាពបានខ្ជាប់ខ្ជួនមែនម្ល៉េះរឿងវិវាទការងាររវាងថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ និងបុគ្គលិកបានដោះស្រាយរួចរាល់ហើយ មិនមែនអូសបន្លាយជាង១ឆ្នាំមកនេះគ្មានដំណោះស្រាយនោះទេ ហើយចំពោះស្ត្រីវិញកម្លាំងសមត្ថកិច្ច និងសន្តិសុខវាយជាំស្នាមពេញខ្លួន។
កញ្ញា ច័ន្ទ ស្រីរ័ត្ន៖ «ដូចជាក់ស្ដែងពួកខ្ញុំត្រូវបានអាជ្ញាធរវ៉ៃដល់កូដករម្នាក់គាត់រលូតកូន វ៉ៃដល់ថ្នាក់បែកមុខបែកមាត់ចង់និយាយថា នៅតែ លាបពណ៌ លើកកម្ពស់សិទ្ធិស្ត្រីបែបម៉េច បើពួកខ្ញុំរងភាពអយុត្តធម៌បែបហ្នឹងដូចជាថ្ងៃ៨ មីនា ពួកខ្ញុំបានទៅទីលានប្រជាធិបតេយ្យដូចថា ការលើកឡើងរបស់រាជរដ្ឋាភិបាលដូចជាអត់មានការលើកកម្ពស់ស្ត្រី មានតែការនិយាយជាក់ស្ដែងប៉ុន្តែការអនុវត្តមកលើពួកខ្ញុំដូចអត់មានទេ»។
ប្រតិកម្មនេះធ្វើឡើងបន្ទាប់ពីតំណាងរដ្ឋាភិបាលកម្ពុជាបានរួមសម័យប្រជុំលើកទី៥២ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ រយៈពេល៦សប្តាហ៍ ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី៤ ខែមេសា នៅទីក្រុងហ្សឺណែវ ប្រទេស ស្វីស បង្ហាញពីវឌ្ឍនភាព និងសមិទ្ធផលដែលកម្ពុជាបានយកចិត្តទុកដាក់អនុវត្តយ៉ាងខ្ជាប់ខ្ជួនពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ។ ក្នុងកិច្ចប្រជុំតំណាងរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា កម្ពុជាបានចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និងគ្មានការរើសអើង រួមទាំងអ្នកទោស និងជនបរទេស សម្រេចបានជាង ៩៥ភាគរយ នៃចំនួនប្រជាជនសរុប មិនត្រឹមតែប៉ុណ្ណោះកម្ពុជាបានឧបត្ថម្ភសាច់ប្រាក់ ដល់ជនងាយគ្រោះ និងពលរដ្ឋក្រីក្រអំឡុងពេលជំងឺរីករាលដាលកូវីដ១៩ ដោយមានចំនួនទឹកប្រាក់សរុប ជិត១ពាន់លានដុល្លារ (៩៦០) ផ្ដល់ដល់ប្រជាពលរដ្ឋជិត ២លាន ៣សែន នាក់។
លើសពីនេះរដ្ឋាភិបាលបានអះអាងថា ដីសង្គមកិច្ច និងដីសម្បទានសេដ្ឋកិច្ចសរុប ជាង១លានហិកតារ (១.១០៧.០០០) ហិកតារសម្រាប់សង់លំនៅឋាន និងបែងចែកទៅឱ្យគ្រួសារដែលគ្មានដី និងគ្រួសារក្រីក្រជាង ជាង៥ម៉ឺន (៥.៥០០០) ដើម្បីបង្កើតសហករណ៍កសិកម្ម និងផ្ដល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ រួមទាំងជនជាតិដើមភាគតិច ព្រមទាំងលើកកម្ពស់សន្តិសុខស្បៀង និងស្ថានភាពអាហារូបត្ថម្ភ។ ក្រៅពីនេះកម្ពុជាយកចិត្តទុកដាក់ លើកកម្ពស់សិទ្ធិអំណាចរបស់ស្ត្រី កាត់បន្ថយវិសមភាពយេនឌ័រ និងបើឱកាសឱ្យអង្គការ ជិត៦ពាន់ (៦.០០០) បានចុះបញ្ជី ដើម្បីរួមចំណែកលើកកម្ពស់ប្រព័ន្ធយុត្តិធម៌ សិទ្ធិមនុស្ស និងសេរីភាពសារព័ត៌មាន។ បន្ថែមពីនេះកម្ពុជាបានសង្កត់ធ្ងន់ថា អ្នកនយោបាយ ឬស្ថាប័នដែលតាំងខ្លួនថាឯករាជ្យ មិនមែនជាអាជ្ញាប័ណ្ណដើម្បីបំពានច្បាប់ដោយមិនត្រូវផ្ដន្ទាទោសនោះឡើយ ហើយការចាត់ទុកការអនុវត្តច្បាប់ ថា ជាការរឹតត្បិតសេរីភាពនៃក្រុមមួយចំនួន គឺជាការបន្ទាបតម្លៃនីតិរដ្ឋ និងការអនុវត្តស្មើភាពគ្នាចំពោះប្រជាពលរដ្ឋគ្រប់រូប។
បើទោះជាតំណាងមន្ត្រីរដ្ឋាភិបាលខំការពារដើម្បីបិទបាំងអំពើអាក្រក់របស់មេដឹកនាំខ្លួនបែបនេះក្ដី ប៉ុន្តែមន្ត្រីសង្គមស៊ីវិលធ្វើការងារផ្នែកការពារសិទ្ធិមនុស្សនៅតែសង្កេតឃើញថា ការអនុវត្តសិទ្ធិសេរីភាពពលរដ្ឋ សិទ្ធិអង្គការសង្គមស៊ីវិល និងសិទ្ធិនយោបាយនៅតែមានការរឹតត្បិតដដែល។
ជុំវិញរឿងនេះដែរប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក (ADHOC) លោក នី សុខា មានប្រសាសន៍ថា លោកគាំទ្រចំពោះចំណាត់ការអាជ្ញាធរពាក់ព័ន្ធការចាក់វ៉ាក់សាំងកូវីត១៩ និងប្រាក់ឧបត្ថម្ភមួយចំនួនសម្រាប់ប្រជាពលរដ្ឋក្រីក្រ ប៉ុន្តែអំឡុងពេលកូវីដអាជ្ញាធរក៏បានចេញច្បាប់មួយចំនួនប៉ះពាល់ដល់ការអនុវត្តសិទ្ធិសេរីភាពផងដែរ។ ម្យ៉ាងលោកថា បញ្ហាអយុត្តិធម៌សង្គមដូចជារឿងវិវាទដីធ្លី បញ្ហារំលោភសិទ្ធិមនុស្ស បញ្ហាធនធានធម្មជាតិ និងបញ្ហាមួយចំនួនទៀត រដ្ឋាភិបាលហាក់មិនបានយកចិត្តទុកដាក់ដោះស្រាយនោះទេ។
លោក នី សុខា៖ «ការលើកឡើងដែលមិនបានឆ្លុះបញ្ចាំងទិដ្ឋភាពជាក់ស្ដែងខ្ញុំគិតថា ផ្ទុយវិញស្ថានភាពដែលយើងមិនអាចកែប្រែបានស្ថានភាពហ្នឹងនៅតែដដែលពីព្រោះយើងអត់ទទួលស្គាល់អ្វីដែលជាការពិតរបស់អង្គការសហប្រជាជាតិមានជំនាញលើសិទ្ធិមនុស្សហ្នឹងហើយមិនបានទទួលស្គាល់អ្វីដែលគេបានលើកឡើងហើយនៅតែពោលអះអាងដដែល អ៊ីចឹងខ្ញុំគិតថាស្ថានភាពដដែលមិនអាចស្ដារឡើងវិញបាននៅស្ថានភាពសិទ្ធិមនុស្ស»។
គិតមកទល់ពេលនេះក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិមិនទាន់ចេញរបាយការណ៍សម័យប្រជុំលើកទី៥២ នៅឡើយទេ ក៏ប៉ុន្តែកាលពីសម័យប្រជុំលើកទី៤៨ ថ្ងៃទី១៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្ស នៃ អ.ស.ប ប្រចាំកម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) បានលើកឡើងពីទិដ្ឋភាពសំខាន់ៗមួយចំនួននៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា រួមមានផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ១៩ បញ្ហាធ្លាក់ចុះនៃលំហប្រជាធិបតេយ្យ សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ព្រមទាំងបញ្ហាមួយចំនួនទៀតទាក់ទងនឹងសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ បញ្ហាដីធ្លី និងបរិស្ថាន សង្គមស៊ីវិល កិច្ចពិគ្រោះយោបល់ និងកិច្ចសហប្រតិបត្តិការជាដើម ដែលទាំងនេះសុទ្ធតែឆ្លុះបញ្ចាំងពីការរំលោភសិទ្ធិមនុស្សកម្ពុជា។
ទោះបីជាយ៉ាងណារដ្ឋាភិបាលដឹកនាំដោយ លោក ហ៊ុន សែន នៅតែបន្តធ្វើទុក្ខបុកម្នេញលើសកម្មជនសហជីព កញ្ញា ឈឹម ស៊ីថរ សកម្មជនសិទ្ធិមនុស្ស កញ្ញា សេង ធារី អ្នកសារព័ត៌មាន សកម្មជនដីធ្លី ព្រមទាំង សកម្មជន នយោបាយបក្សប្រឆាំងទាំងប្រុសនិងស្រី ជាង៧០នាក់ កំពុងជាប់ឃុំក្នុងពន្ធនាគារដោយសារតែការអនុវត្តសិទ្ធិសេរីភាពរបស់ពួកគេ។
មន្ត្រីសង្គមស៊ីវិល សកម្មជនសហជីព និងពលរដ្ឋមានជម្លោះដីធ្លីទទូចឱ្យរដ្ឋាភិបាល បញ្ឈប់ការគំរាមកំហែងសកម្មជនភាគច្រើនជាស្ត្រី និងអនុវត្តន៍ច្បាប់ឱ្យបានត្រឹមត្រូវដើម្បីស្ដារមុខមាត់កម្ពុជាឡើងវិញ។ ពួកគេចង់ឃើញការអនុវត្តច្បាប់នៅកម្ពុជាប្រកបដោយតម្លាភាព និងយុត្តិធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
