សង្គម​ស៊ីវិល​ក្នុង​ស្រុក ស្នើ​រដ្ឋាភិបាល​បើក​ចិត្ត​ធ្វើការ​ជាមួយ​​អ្នក​រាយការណ៍​ពិសេស​ថ្មី​របស់ UN

0:00 / 0:00

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុងស្រុក​ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ​បើក​ចិត្ត​បើក​បេះ​ដូង​ធ្វើការ​ជាមួយ​អ្នករាយការណ៍​ពិសេស​ថ្មី​របស់​អង្គការ​សហប្រជាជាតិ​ដោយ​ស្មោះ​ត្រង់ ដើម្បី​ផល​ប្រយោជន៍​ប្រទេសជាតិ។ ការ​ស្នើសុំ​នេះ​ គឺ​បន្ទាប់ពី​ពួកគេ ​មើល​ឃើញ​ថា ​រដ្ឋាភិបាល លោក ​ហ៊ុន សែន ​តែងតែ​មាន​ជំហរ​ផ្ទុយ​ និង​បង្ក​ភាព​តានតឹង​ជាមួយ​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ជាច្រើន​អាណត្តិ​មក​ហើយ។ មន្ត្រី​រដ្ឋាភិបាល ​ចោទ​ថា ភាព​មិន​ចុះសម្រុង​គ្នា​កន្លងមក​ដោយសារ​អ្នក​ជំនាញ​របស់​អង្គការ​សហប្រជាជាតិ ធ្វើ​របាយការណ៍​មិន​គ្រប់​ជ្រុង​ជ្រោយ និង​ហាក់​មាន​ចេតនា​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា។

រដ្ឋាភិបាល ​លោក ហ៊ុន សែន តែងតែ​បង្ក​ភាព​តានតឹង​ជាមួយ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ដោយសារ​តែ​អ្នក​ជំនាញ​របស់​អង្គការ​សហប្រជាជាតិ​ទាំង​នោះ​ ផ្តល់​អនុសាសន៍​ឲ្យ​រដ្ឋាភិបាល ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ថ្មីៗ នេះ របប​លោក ហ៊ុន សែន មិន​ត្រឹមតែ​មិន​បង្ហាញ​ឆន្ទៈ​ស្ដារ​ស្ថានភាព​សិទ្ធិមនុស្ស​នោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ចេញ​សេចក្ដី​ណែនាំ​រួច​ជា​ស្រេច​ដល់​អ្នក​រាយ​ការណ៍​ពិសេស​ថ្មី​របស់​អង្គ​ការ​ស​ហ​ប្រជាជាតិ​ អំពី​របៀប​ធ្វើការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្រោម​ដឹក​នាំ​បែប​ផ្ដាច់ការ​របស់​លោក​ ហ៊ុន សែន។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​ លោក ប៉ិច ពិសី​ ថ្លែង​ថា ភាគី​រដ្ឋាភិបាល​កម្ពុជា គួរ​តែ​បើក​ចិត្ត​បើក​បេះដូង​ផ្តល់​កិច្ចសហការ​ដោយ​ស្មោះត្រង់​ជាមួយ​អ្នក​រាយការណ៍​ពិសេស​ថ្មី​របស់​អង្គការ​សហប្រជាជាតិ​ និង​ទទួលយក​អនុសាសន៍​របស់​គាត់ ដើម្បី​ធ្វើ​ឲ្យ​ស្ថានភាព​សិទ្ធិមនុស្ស ឬ​ការ​ដឹកនាំ​បែប​ប្រជាធិបតេយ្យ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ។ លោក​បន្ត​ថា អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​គ្រប់​រូប ​សុទ្ធតែ​ធ្វើ​ការ​ដោយ​ឯករាជ្យ ឥត​លម្អៀង និង​មាន​វិជ្ជាជីវៈ​ច្បាស់លាស់ ដូច្នេះ​រដ្ឋាភិបាល មិន​គួរ​ព្រួយបារម្ភ និង​មិន​ចាំបាច់​ណែនាំ​ពួកគាត់​អំពី​របៀប​ធ្វើការ​នោះ​ទេ៖«គេ ( អ្នក​រាយការណ៍​ពិសេស ) ផ្តល់​ការ​សិក្សា​ក្តី ផ្តល់​របាយការណ៍​ក្តី​គេ​ប្រយ័ត្ន​ណាស់ ​គេ​ត្រួត​ពិនិត្យ​គ្រប់ជ្រុងជ្រោយ​ជាមួយ​អ្នក​ពាក់ព័ន្ធ​ផង​ ជា​មួយ​នឹង​ព័ត៌មាន​ដែលគេ​ទទួល​បាន​ផង មុន​នឹង​គេ​សន្និដ្ឋាន​ ដូច្នេះ​ភាព​ជឿជាក់​នៃ​របាយការណ៍​គេ​ខ្ពស់​មែនទែន។ គេ​លើក​ឡើង​គេ​មាន​គោល​ដៅ​កែ​លម្អ ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​មាន​គោលដៅ​ជួយ​ដល់​រដ្ឋាភិបាល​ឲ្យ​ត្រួត​ពិនិត្យ​ទៅ​លើ​ចំណុច​ខ្វះខាត​ដូច្នេះ​របាយការណ៍​គេ​មាន​វិជ្ជាជីវៈ ហើយ​រឿង​យើង​យក​មក​ប្រើ​ដើម្បី ចំណេញ​សម្រាប់​ស្រុកទេស​យើង គឺជា​រឿង​របស់​យើង »

ស្រដៀង​គ្នា​នេះ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែន​ករុណា ​លើក​ឡើង​ថា អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មុនៗ សុទ្ធតែ​បាន​បំពេញ​ការងារ​របស់​ខ្លួន​យ៉ាង​ត្រឹមត្រូវ។លោក​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា​ទៅវិញ​ទេ ដែល​មិន​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​ការ​កែ​លម្អ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​តាម​អនុសាសន៍​របស់​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​ ប៉ុន្តែ​ថែមទាំង​ប្រឹង​ធ្វើ​ទុក្ខ​បុក​ម្នេញ​គណបក្ស​ប្រឆាំង ​និង​ក្រុម​សង្គម​ស៊ីវិល​កាន់តែ​ខ្លាំង៖ «របាយការណ៍​របស់​អ្នក​រាយការណ៍​ពិសេស​កន្លង​មក​នេះ គឺ​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​រដ្ឋាភិបាល​ទៅ​វិញ​ទេ ដែល​អត់​ទទួល​ស្គាល់​ការ​ពិត ហើយ​អត់​រក​ដំណោះ​ស្រាយ​ដូច្នេះ​ហើយ​ទើប​បញ្ហា​ទាំង​អស់​នេះ បន្ត​ពី​អ្នករាយការណ៍​មួយ​ទៅ​អ្នក​រាយការណ៍​ម្នាក់​ទៀត ​នៅ​តែ​មើល​ឃើញ​ថា បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដដែលៗ »

ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​តំណាង​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ​(Geneva) លោក អាន សុខខឿន បាន​ណែនាំ​បន្ត​បន្ទាប់​ដល់​អ្នក​រាយការណ៍​ពិសេស​ថ្មី​របស់​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ​គឺ ​លោក​សាស្ត្រាចារ្យ វិធិត ម៉ាន់តាផន (Vitit Muntarbhorn) អំពី​របៀប​ធ្វើ​ការងារ​របស់​គាត់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក អាន សុខខឿន ណែនាំ​អ្នក​រាយ​ការណ៍​ពិសេស​ថ្មី ត្រូវ​បំពេញ​ការងារ​ស្រប​តាម​ក្រម​សីលធម៌​ និង​សៀវភៅ​ណែនាំ​ប្រតិបត្តិការ​សម្រាប់​នីតិវិធី​ពិសេស ​ត្រូវ​គោរព​តាម​ច្បាប់​កម្ពុជា និង​ធម្មនុញ្ញ​របស់​អង្គការ​សហ​ប្រជា​ជាតិ។ មន្ត្រី​តំណាង​កម្ពុជា​រូប​នេះ ក៏​ព្រមាន​ទុក​ជា​មុន​ទៅ​អ្នក​រាយការណ៍​ពិសេស​ថ្មី​ឲ្យ​បំពេញ​ការ​ងារ​មិន​លម្អៀង មិន​ជ្រើស​តែ​មួយ​ជ្រុង និង​មិន​ធ្វើ​នយោបាយ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ជា​ដើម​ ដើម្បី​ទទួល​បាន​ទំនុក​ចិត្ត​ពី​រដ្ឋាភិបាល​កម្ពុជា។

ការ​ណែនាំ​នេះ ធ្វើ​ឡើង​ស្រប​ពេល​អ្នក​រាយការណ៍​ពិសេស​ថ្មី លោក​សាស្ត្រាចារ្យ វិធិត ម៉ាន់តាផន (Vitit Muntarbhorn) នឹង​ចាប់​ផ្ដើម​បំពេ​ញ​ការងារ​ផ្លូវការ​បន្ត​ពី​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ចាប់​ពី​ថ្ងៃ​ទី១ ខែ​ឧសភា​ខាង​មុខ។ លោក វិធិត ម៉ាន់តាផន គឺ​ជា​ជន​ជាតិ​ថៃ ​ហើយ​ជា​សាស្ត្រាចារ្យ​ផ្នែក​ច្បាប់​អន្តរ​ជាតិ និង​មាន​បទ​ពិសោធន៍​ការងារ​ជាច្រើន​ផ្នែក​សិទ្ធិមនុស្ស​នៅ​ក្នុង​អង្គការ​សហ​ប្រជា​ជាតិ។

ជា​ការ​កត់​សម្គាល់​ភាព​តានតឹង និង​ជំហរ​ផ្ទុយ​គ្នា​រវាង​រដ្ឋាភិបាល​កម្ពុជា និង​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ បាន​កើត​ឡើង​សឹងតែ​គ្រប់​ជំនាន់។ ទោះ​ជា​យ៉ាង​ណា ក្នុង​អាណត្តិ​ការងារ​របស់​អ្នក​ស្រី​រ៉ូណា ស្មីត ​(Rhona Smith) ភាព​តានតឹង​បាន​កើត​ឡើង​ជា​ញឹក​ញាប់ ​ជាពិសេស​ចាប់តាំង​ពី​របប​ក្រុង​ភ្នំពេញ ចាប់​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ដោយ​ចោទ​ពី​បទ​ក្បត់​ជាតិ និង​រំលាយ​គណ​បក្ស​ដ៏​ធំ​មួយ​នេះ កាល​ពី​ចុង​ឆ្នាំ២០១៧ មក។ ចំណាត់​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កើត​ឡើង​ក្រោយ​របប​លោក ហ៊ុន សែន បើក​យុទ្ធនា​ការ​បង្ក្រាប​អ្នក​នយោបាយ​ប្រឆាំង​ អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដែល​បាន​ត្រួសត្រាយ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​កំពុង​បាត់​បង់​សំឡេង​ឆ្នោត​គាំទ្រ​យ៉ាង​គំហុក​នោះ​ មាន​ឱកាស​ឈ្នះ​ឆ្នោត​ដឹក​នាំ​រដ្ឋាភិបាល​បែប​ឯក​បក្ស តាម​រយៈ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ២០១៨ ដែល​រង​ការ​រិះគន់​ថា ជា​ការ​រៀបចំ​បែប​បង្គ្រប់​កិច្ច។

ក្នុង​តួនាទី​ជា​អ្នក​រាយការណ៍​ពិសេស​អ្នកស្រី រ៉ូណា ស្មីត បាន​ចេញ​របាយការណ៍​ជា​បន្តបន្ទាប់​ស្ដីពី​ការ​ធ្លាក់​ចុះ​ដុនដាប​នៃ​លទ្ធិប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិមនុស្ស ហើយ​អ្នកស្រី តែង​ផ្តល់​អនុសាសន៍​ផ្លូវការ​ដល់​រដ្ឋាភិបាល​ឲ្យ​កែ​លម្អ​ឡើង​វិញ។ ប៉ុន្តែ​រដ្ឋាភិបាល​លោក​ ហ៊ុន សែន ​តែង​បដិសេធ​ ហើយ​នៅ​តែ​បន្ត​យុទ្ធនាការ​​ធ្វើ​ទុក្ខ​បុក​ម្នេញ​គណបក្ស​ប្រ​ឆាំង ​និង​ក្រុម​អ្នក​រិះគន់​កាន់​តែ​ខ្លាំង​រហូត​មក​ទល់​ពេលនេះ។ ជាក់​ស្ដែង​តុលាការ​ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​បក្ស​កាន់​អំណាច បាន​សវនាការ​កាត់​ក្ដី​ថ្នាក់​ដឹកនាំ ​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទ្រង់​ទ្រាយ​ធំ​ជា​បន្តបន្ទាប់​ចាប់​តាំង​ពី​ចុង​ឆ្នាំ២០២០ មក​ដោយ​ចោទ​ពី​បទ ''រួម​គំនិត​ក្បត់ និង​ញុះញង់'' ដែល​ប្រឈម​ជាប់​ពន្ធនាគារ​រាប់​សិប​ឆ្នាំ។ ក្រៅ​ពី​នេះ មាន​សកម្មជន​នយោបាយ និង​សកម្មជន​សង្គម យ៉ាង​ហោច​ណាស់ ៨០នាក់​ហើយ ​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​ការ​អនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ខ្លួន។ ជុំវិញ​ដំណើរ​ការ​ជំនុំ​ជម្រះ​ក្ដី​ទ្រង់ទ្រាយ​ធំ​នេះ បាន​ជំរុញ​ឲ្យ​អ្នកស្រី រ៉ូណា ស្មីត ចេញ​សេចក្ដី​ថ្លែង​ការណ៍​ព្រួយបារម្ភ​កាន់​តែ​ខ្លាំង និង​លើក​ឡើង​ថា ​ចំណាត់​ការ​នេះ ​ធ្វើឡើង​ក្រោម​ហេតុផល​នយោបាយ ​ខ្វះ​មូលដ្ឋាន​ច្បាប់​ច្បាស់​លាស់ និង​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​សិទ្ធិ​ទទួល​បាន​នីតិវិធី​ត្រឹមត្រូវ ​ដែល​បាន​បង្កើត​ឡើង​យ៉ាង​រឹងមាំ​ដោយ​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ។

កន្លងមក ​អ្នក​រាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត ធ្លាប់​លើ​ក​ឡើង​ក្នុង​របាយការណ៍​របស់​ខ្លួន​ដែរ​ថា សូម្បី​តែ​អ្នកស្រី ក៏​ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល បំភិត​បំភ័យ និង​រារាំង​ការ​បំពេញ​ការងារ​របស់​អ្នកស្រី​ជា​ច្រើន​លើក​ផង​ដែរ ​ដូចជា​រារាំង​មិន​ឲ្យ​អ្នកស្រី​ជួប​ជាមួយ​លោក កឹម សុខា ​ជាដើម។ ធ្ងន់ធ្ងរ​ជាង​នេះ រដ្ឋាភិបាល​លោក ហ៊ុន សែន ​កាល​ពី​ឆ្នាំ២០១៦ ថែមទាំង​ព្រមាន​បិទ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ទៀត​ផង ដោយ​ចោទ​ថា ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា ពាក់ព័ន្ធ​នឹង​ការ​ចោទសួរ​មូលហេតុ​នៃ​ការ​រារាំង​លោក សម រង្ស៊ី មិន​ឲ្យ​ចូល​មក​ប្រទេស​កម្ពុជា។

ដោយឡែក ​ក្នុង​អាណត្តិ​ការងារ​ជា​អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការសហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) វិញ​ លោក ​បាន​ទទួល​រង​នូវ​ការ​ប្រមាថ​ធ្ងន់ៗ ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ផ្ទាល់​តែ​ម្តង។ ប្រតិកម្ម​ពេល​នោះ គឺ​បន្ទាប់​ពី​លោក ​ សុរិយា ស៊ូប៊ែឌី ចេញ​របាយការណ៍ និង​ផ្តល់​អនុសាសន៍​ឲ្យ​រដ្ឋាភិបាល​ធ្វើ​កំណែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដើម្បី​ធានា​ការ​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​២០១៣ ​ប្រកប​ដោយ​សេរី​ និង​យុត្តិធម៌​ត្រឹមត្រូវ និង​ការ​គោរព​សិទ្ធិ​មនុស្ស រួម​ទាំង​ការ​រៀបចំ​ដី​សម្បទាន​សេដ្ឋកិច្ច​ឡើង​វិញ ដើម្បី​កុំ​ឲ្យ​ពលរដ្ឋ​បន្ត​រង​គ្រោះ​បាត់​បង់​ដីធ្លី​និង​ផ្ទះ​សម្បែង៖ «អា​នេះ​អនុសាសន៍​របស់​អង្គការ​សហប្រជាជាតិ មនុស្ស​ម្នាក់​ហ្នឹង អា​ហ្នឹង​អង្គការ​សហប្រជាជាតិ​នឹង​គេ​ដែរ ហើយ​ដើរ​តឹកឡិកៗ មក​អ៊ីចឹង​ទៅ​ជួប​នេះ​ជួប​ ណោះ ហើយ​ទៅ​ធ្វើ​របាយការណ៍ រួច​ហើយ​ឲ្យ​គេ​មក​ទទួល​យក។ រដ្ឋ​អធិបតេយ្យ​មួយ​មិន​អាច​ទទួល​យក​នូវ​អ្វី​ដែល​ជា​របស់​អ្នក​ដទៃ​បាន​ទេ ត្រូវ​សួរ​ប្រជាពលរដ្ឋ​សិន ឥឡូវ​ឆ្នាំ​២០១៣ សួរ​ប្រជាពលរដ្ឋ​ទៅ​បើ​ប្រជាពលរដ្ឋ​លែង​ត្រូវ​ការ​គណបក្ស​ប្រជាជន​ហើយ​គេ​បោះឆ្នោត​ទម្លាក់​ហើយ។ បើ​បោះ​ឆ្នោត​ទម្លាក់​ហើយ​អ្នក​ឯង​ធ្វើ​ទៅ​តាម​លោក​ឯង​ហ្នឹង​ទៅ អា​ហ្នឹង​ខ្ញុំ​គ្រាន់​តែ​ថា និយាយ​ឲ្យ​សិស្ស​ចេះ​ទេ ប៉ុន្តែ​ក៏​វា​មាន​ចំណែក​មួយ​ឲ្យ​អ្នក​ដទៃ​ចេះ​ដែរ កុំ​ល្ងង់​ពេក​តែ​ខ្ញុំ​សូម​ប្រាប់​សុំ​ប្រដៅ​សូម​ពន្យល់ »

មិនតែប៉ុណ្ណោះ ​មាន​បាតុកម្ម​ពីរ​លើក​បាន​កើត​ឡើង​ប្រឆាំង​នឹង​វត្តមាន​របស់​លោក លោក ​សុរិយា ស៊ូប៊ែឌី នៅ​កម្ពុជា ដែល​មតិ​សាធារណៈ​លើក​ឡើង​ថា ជា​ការ​រៀបចំ​របស់​គណបក្ស​កាន់​អំណាច។

កាលពីឆ្នាំ២០០៨ ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់​វាយ​ប្រហារ​ដោយ​ពាក្យ​សម្ដី​ធ្ងន់ៗ ទៅ​លើ​តំណាង​ពិសេស​របស់​​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា គឺ​លោក យ៉ាស ហ្កាយ (Yash Ghai) ផង​ដែរ។ លោក ហ៊ុន សែន បាន​ហៅ​លោក យ៉ាស ហ្កាយ ដែល​កើត​នៅ​ប្រទេស​ខេនយ៉ា (Kenya) ថា ជា​ប្រភេទ​អ្នក​ទេសចរ​រយៈពេល​យូរ បន្ទាប់​ពី​លោក យ៉ាស ហ្កាយ បាន​សរសេរ​របាយការណ៍​លាត​ត្រដាង​អំពី​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា និង​ស្នើ​អោយ​ធ្វើ​កំណែ​ទម្រង់ ​ដើម្បី​លើក​កម្ពស់​ការ​គោរព​សិទ្ធិ​មនុស្ស។

ទាក់ទង​ករណី​នេះ សមាជិក​ និង​ជា​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល លោក កត្តា អ៊ន មាន​ប្រសាសន៍​ថា ភាព​មិន​ចុះ​សម្រុងគ្នា​រវាង​រដ្ឋាភិបាល និង​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​កន្លង​មក គឺ​ភាគ​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​របាយការណ៍។ លោក​ចោទ​ថា របាយការណ៍​របស់​អ្នករាយការណ៍​ពិសេស​មុនៗ គឺ​ហាក់​ដូច​ជា​ធ្វើ​ឡើង ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា មិន​មែន​ធ្វើ​ឡើង​ដោយ​ឯករាជ្យ ​និង​មាន​គោលដៅ​លើក​កម្ពស់​សិទ្ធិមនុស្ស​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​នៅតែ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អ្នក​រាយ​ការណ៍​ពិសេស​ថ្មី​របស់​អង្គការ​សហប្រជាជាតិ៖ « បញ្ហា​ដែល​កើត​ឡើង​នៅ​ក្នុង​បរិបទ​នៃ​ប្រទេស​កម្ពុជា រវាង​អ្នក​រាយការណ៍​ពិសេស​ពី​ទី១ ដល់​ទី៦ យើង​ឃើញ​ថា​ ជំហរ​របស់​អ្នករាយការណ៍​ពិសេស គឺ​ភាគ​ច្រើន​នៃ​របាយការណ៍​របស់​គាត់ គឺ​ពឹង​ផ្អែក​ទៅលើ​របាយការណ៍​ដែល​បណ្ដាញ​របស់​គាត់​ប្រគល់​ឲ្យ។ បណ្ដាញ​របស់​គាត់​ប្រគល់​ឲ្យ​គឺ ទី១ ​ក្រុម​អង្គការ​សង្គម​ស៊ីវិល ទី២ គណបក្ស​នយោបាយ ប៉ុន្តែ​ទំនាក់ទំនង​និង​កិច្ច​សហប្រតិបត្តិការ​រវាង​អ្នក​រាយ ការ​ពិសេស និង​រដ្ឋាភិបាល​មិន​ត្រូវ​បាន​បញ្ចូល​ក្នុង​របាយការណ៍​អ្នក​រាយការណ៍​ពិសេស​ទេ ដែល​ហាក់​បីដូច​អ្នក​រាយការណ៍​ពិសេស ​ធ្វើ​របាយការណ៍​ប្រឆាំង​រដ្ឋាភិបាល​ទៅ​វិញ »

ផ្ទុយពី​ការ​លើក​ឡើង​នេះ ​អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ស៊ឹង សែនករុណា កត់សម្គាល់​ឃើញ​ថា មុន​ចេញ​របាយការណ៍​ម្តងៗ អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ តែង​ជួប​ក្រុម​មនុស្ស​ចម្រុះ​និង​ស្រាវជ្រាវ​ព័ត៌មាន​ច្បាស់​លាស់​ពី​គ្រប់​ប្រ​ភព រាប់​តាំង​ពី​ជន​រង​គ្រោះ មន្ត្រី​សង្គម​ស៊ីវិល គណបក្ស​ប្រឆាំង និង​មន្ត្រី​រដ្ឋាភិបាល​ជា​ដើម ​។ ប៉ុន្តែ​លោក​ថា ​ជារឿយៗ មន្ត្រី​រដ្ឋាភិបាល​ទៅ​វិញ ដែល​បដិសេធ​ក្នុង​ការ​ជួប​ និង​មិន​ផ្តល់​ព័ត៌មាន​តាម​ការ​ស្នើសុំ។ លោក​យល់​ថា រដ្ឋាភិបាល​មិន​ត្រូវ​បដិសេធ​របាយការណ៍​នោះ​ទេ ​និង​គួរ​តែ​ប្រឹង​កែ​លម្អ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​តាម​អនុសាសន៍​របស់​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ ដើម្បី​បញ្ចៀស​ទណ្ឌ​កម្ម​ផ្សេងៗ ពី​សហគមន៍​អន្តរជាតិ៖ « ជា​ធម្មតា​ទេ រដ្ឋ​ដែល​មាន​ការរំលោភ​សិទ្ធិមនុស្ស ​តែងតែ ​ច្រានចោល ​និង​មិន​ទទួល​យក​អីចឹង​ហើយ ប៉ុន្តែ​មន្ត្រី​ជំនាញ​ដែល​គេ​មាន​ទំនុក​ចិត្ត​ផ្តល់ អភ័យ​ឯកសិទ្ធិ​ ឬ​តួនាទី​មក​បំពេញ​ការងារ​ក្នុង​ប្រទេស​នីមួយៗ គឺ​គេ​ឲ្យ​តម្លៃ​ណាស់​ហើយ គេ​មាន​ការ​ជឿជាក់​ដោយសារ​តែ​អ្នក​ទាំង​អស់​នោះ មាន​មន្ត្រី​ជំនាញ​និង​មន្ត្រី​របស់​ខ្លួន ប្រចាំ​ប្រទេស​អស់ហ្នឹង​ ដោយ​គេ​មាន​ការ​ប្រមូល និង​ស្រាវជ្រាវ​ព័ត៌មាន​ និង​ការ​វាស់វែង​ផ្ទៀងផ្ទាត់​ព័ត៌មាន​ច្បាស់លាស់​ណាស់​ មុនគេ​ធ្វើ​សេចក្ដី​រាយ​ការណ៍​នៅ​លើ​ឆាក​អន្តរជាតិ ​ម្តងៗ »

ចំពោះ​ការណែនាំ​របស់​តំណាង​កម្ពុជា​ដល់​អ្នក​រាយការណ៍​ពិសេស​ថ្មី​នោះ អ្នក​វិភាគ​នយោបាយ បណ្ឌិត ឡៅ ម៉ុងហៃ ចាត់​ទុក​ថា ជា​ការ​ណែនាំ​ដែល​មិន​ចាំបាច់ ​មិន​សម​ស្រប និង​អត់​ប្រយោជន៍។ បណ្ឌិត ឡៅ ម៉ុងហៃ បន្ត​ថា លោក​សាស្ត្រាចារ្យ វិធិត ម៉ាន់តាផន ដែល​ជា​អ្នករាយការណ៍​ពិសេស​ថ្មី គឺ​ជា​អ្នក​ជំនាញ​ល្បី​ឈ្មោះ​នៅ​លើ​ពិភព​លោក​ដែល​មាន​បទ​ពិសោធន៍​និង​ស្នាដៃ​ច្រើន​លើស​លុប​ក្នុង​វិស័យ​សិទ្ធិ​មនុស្ស​ ដូច្នេះ​លោក​ស្គាល់​បេសកកម្ម​របស់​លោក និង​ចេះ​បំពេញ​បេសកកម្ម​នេះ​យ៉ាង​ច្បាស់​លាស់​បំផុត។ អ្នក​វិភាគ​ចាស់​វស្សា​រូប​នេះ យល់ថា ​អ្នក​មាន​គតិ​បណ្ឌិត និង​គោរព​សិទ្ធិមនុស្ស គេ​ត្រៀម​សហការ​ជាមួយ​បេសកជន​នៃ​អង្គការ​សហប្រជាជាតិ​ថ្មី​នេះ និង​ត្រៀម​ស្វាគមន៍​អនុសាសន៍​និង​ការ​ណែនាំ​ពី​បេសកជន​នេះ ​ដើម្បី​កែប្រែ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឲ្យ​បាន​កាន់​តែ​ប្រសើរ​ឡើង៕