ក្រសួងការបរទេសមិនពេញចិត្តដែលអាមេរិកផ្ដល់ពានរង្វាន់ដល់កញ្ញា ឈឹម ស៊ីថរ
2023.02.03

ក្រសួងការបរទេសកម្ពុជា ចេញលិខិតប្រតិកម្មនឹងសហរដ្ឋអាមេរិក ដែលផ្តល់ពានរង្វាន់អ្នកការពារសិទ្ធិមនុស្សដល់មេដឹកនាំសហជីពក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ (Naga World) កញ្ញា ឈឹម ស៊ីថរ ដែលកំពុងជាប់ក្នុងពន្ធនាគារព្រៃស។ សង្គមស៊ីវិលមើលឃើញថា រដ្ឋាភិបាលនៅតែប្រកាន់ជំហរមិនលើកកម្ពស់សិទ្ធិសេរីភាពជាមូលដ្ឋាន និងកាន់តែបង្ហាញពីភាពអាម៉ាស់។
ក្រសួងការបរទេសកម្ពុជាលើកឡើងក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី៣ កុម្ភៈថា ការប្រកាសរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក មិនតំណាងឲ្យបំណងប្រាថ្នាពិតប្រាកដនៃពលរដ្ឋកម្ពុជាភាគច្រើននោះទេ។ ក្រសួងចោទថា ទង្វើបែបនេះ ជាសារជំរុញផ្តល់កម្លាំងដល់ក្រុម ដែលក្រសួងចោទថា កេងប្រយោជន៍ពីស្ថានការណ៍ ដើម្បីបម្រើរបៀបវារៈរបស់ខ្លួន ជ្រកក្រោមស្លាកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។
ប្រតិកម្មរបស់ក្រសួងការបទេសកម្ពុជានេះ ធ្វើឡើងមួយថ្ងៃក្រោយពីក្រសួងការបរទេសអាមេរិក បានប្រកាសផ្ដល់ពានរង្វាន់អ្នកការពារសិទ្ធិមនុស្ស ឆ្នាំ២០២២ ដល់កញ្ញា ឈឹម ស៊ីថរ ក្នុងចំណោមអ្នកការពារសិទ្ធិមនុស្ស ៩នាក់ផ្សេងទៀត មកពីប្រទេសផ្សេងៗ សរុប ១០ប្រទេស។ ក្រសួងការបរទេសអាមេរិក បញ្ជាក់ថា ម្ចាស់ពានរង្វាន់ទាំងនេះ បានបង្ហាញពីភាពជាអ្នកដឹកនាំ និងមានក្ដីក្លាហានក្នុងការជំរុញ កិច្ចការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន។ អ្នកទាំងនោះក៏ចូលរួមបង្ហាញអំពីការរំលោភសិទ្ធិមនុស្សរបស់រដ្ឋាភិបាល និងក្រុមហ៊ុន និងបានរួមគ្នាបង្កើតសកម្មភាពការពារបរិស្ថាន កែប្រែអភិបាលកិច្ចឲ្យបានល្អ និងប្រកបដោយការទទួលខុសត្រូវ និងបំបាត់អំពើនិទ្ទណ្ឌភាព។
ចំពោះការផ្តល់ពានរង្វាន់ពីសហរដ្ឋអាមេរិកនេះ មន្ត្រីសង្គមស៊ីវិលក្នុងស្រុក និងប្រជាពលរដ្ឋប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook) មួយចំនួន ផ្ញើសារអបអរ និងគាំទ្រដល់កញ្ញា ឈឹម ស៊ីថរ។ ជាមួយគ្នានេះ ពួកគេបានចាត់ទុកសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាថា គ្រាន់តែជាការបិទបាំងទង្វើរំលោភសិទ្ធិមនុស្សដ៏គួរឲ្យអាម៉ាស់របស់រដ្ឋាភិបាល។
ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា ថ្លែងថា ការផ្ដល់ពានរង្វាន់អ្នកការពារសិទ្ធិមនុស្សរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដល់កញ្ញា ឈឹម ស៊ីថរ នេះ គឺដោយសារសហរដ្ឋអាមេរិកមើលឃើញ និងផ្ដល់តម្លៃដល់ការតស៊ូបែបអហិង្សារបស់នាង ដើម្បីលើកកម្ពស់សិទ្ធិការងារ។ លោកបន្តថា កញ្ញា ឈឹម ស៊ីថរ និងក្រុមកូដករណាហ្គវើលដ៍ បានប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួនស្របតាមច្បាប់ក្នុងការទាមទារស្វែងរកដំណោះស្រាយការងារជាមួយក្រុមហ៊ុនដ៏មានឥទ្ធិពល ប៉ុន្តែពួកគាត់ មិនត្រឹមតែមិនទទួលបានដំណោះស្រាយទេ ថែមទាំងទទួលរងនូវការគំរាមកំហែង ការរារាំង ការប្រើអំពើហិង្សា ការចោទប្រកាន់តាមផ្លូវតុលាការ និងការចាប់ឃុំខ្លួនជាបន្តបន្ទាប់ពីសំណាក់អាជ្ញាធររដ្ឋាភិបាលទៅវិញ។
លោក រស់ សុដ្ឋា៖ «បាទក្នុងនាមខ្ញុំជាអង្គការអព្យាក្រឹត កែសម្រួលនូវ គេហៅថាការអនុវត្តច្បាប់ អនុវត្តសិទ្ធិ ហ្នឹងឲ្យបានល្អប្រសើរទៅថ្ងៃមុខបាទ ហើយប្រសិនបើយើងធ្វើមិនបានល្អ នៅក្នុងវិស័យណាមួយ វាជះឥទ្ធិពលកេរ្តិ៍ឈ្មោះរដ្ឋាភិបាលទៅក្នុងវិស័យផ្សេងៗ ទៀត ក៏ដូចជាមួយមាត់រដ្ឋាភិបាល ក្នុងចំណោមប្រជាពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិ ជាពិសេសគឺថា ការបោះឆ្នោតជិតមកដល់ហើយណា គណបក្សមួយៗ ខ្ញុំគិតថា តិច ឬច្រើន ក៏ត្រូវការប្រជាប្រិយភាព ក៏មានរូបការគាំទ្រពីប្រជាពលរដ្ឋដែរ បើសិនមានបញ្ហាអ៊ីចឹងច្រើនឡើងៗ គឺការខូចខាត ការបាត់បង់ គឺជារដ្ឋាភិបាលខ្លួនឯងទេ»។
តុលាការក្រុងភ្នំពេញបានចោទប្រកាន់កញ្ញា ឈឹម ស៊ីថរ ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ពាក់ព័ន្ធនឹងការធ្វើកូដកម្មអហិង្សារបស់ក្រុមកូដករណាហ្គាវើលដ៍។ អាជ្ញាធរបានចាប់មេសហជីពរូបនេះដាក់ពន្ធនាគារលើកទីមួយ កាលពីខែមករា ឆ្នាំ២០២២ ហើយក៏បានដោះលែងឱ្យនៅក្រៅឃុំនៅខែមីនា មុននឹងចាប់ខ្លួនកញ្ញាជាថ្មីម្ដងទៀត នៅថ្ងៃទី២៦ វិច្ឆិកា ២០២២។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃតស៍ វ៉ច្ឆ (Human Rights Watch) និងអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) វាយតម្លៃថា ក្រៅពីករណីរំលោភសិទ្ធិការងារហើយនោះ ការចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ ក៏បានឆ្លុះបញ្ចាំងពីគំរូនៃការរើសអើង និងការសងសឹក ដែលមានចរិតនយោបាយប្រឆាំងនឹងមេដឹកនាំសហជីពទាំងឡាយ ដែលព្យាយាមជំរុញរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនឱ្យទទួលខុសត្រូវ ចំពោះភាពបរាជ័យនៃការគោរពសិទ្ធិកម្មករផងដែរ។
ក្រុមអង្គការសិទ្ធិមនុស្ស និងសហជីពជាតិ-អន្តរជាតិ ព្រមទាំងសហរដ្ឋអាមេរិក និងប្រទេសអូស្ត្រាលីជាដើម បានទាមទារឲ្យរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ដោះលែង កញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់ ព្រោះនាងពុំបានប្រព្រឹត្តកំហុសឡើយ ហើយរដ្ឋាភិបាល ត្រូវចាត់វិធានការច្បាប់ទៅលើថៅកែណាហ្គាវើលដ៍ ដើម្បីលើកកម្ពស់ការគោរពសិទ្ធិការងារវិញ។
ទាក់ទងនឹងការផ្ដល់ពានរង្វាន់ដល់កញ្ញា ឈឹម ស៊ីថរ នេះ ក្រៅពីពានរង្វាន់អ្នកការពារសិទ្ធិមនុស្សផ្តល់ដោយក្រសួងការបរទេសសហរដ្ឋអាមេរិកនេះ ក្រុមអង្គការសង្គមស៊ីវិលនៅក្នុងស្រុក ក៏ធ្លាប់បានផ្ដល់ពានរង្វាន់អ្នកការពារសិទ្ធិមនុស្សឆ្នើមដល់ស្ត្រីមេសហជីពរូបនេះផងដែរ កាលពីថ្ងៃប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិថ្ងៃទី១០ ធ្នូ ឆ្នាំ២០២២ កន្លងទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។