ធ្វើបច្ចុប្បន្នភាពចុងក្រោយនៅម៉ោង ០៩៖២៦ (ម៉ោងនៅឆ្នេរខាងកើតសហរដ្ឋអាមេរិក) ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣
ពលរដ្ឋខ្មែរក្រោមជាច្រើននាក់មកពីតាមបណ្តារដ្ឋផ្សេងៗជុំវិញតំបន់រដ្ឋធានីវ៉ាស៊ីនតោន (Washington) សហរដ្ឋអាមេរិក បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មតវ៉ា នៅខាងមុខស្ថានទូតវៀតណាមប្រចាំរដ្ឋធានីវ៉ាស៊ីនតោន ទាមទារឱ្យអាជ្ញាធរវៀតណាមដោះលែងសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមចំនួន៤នាក់។ ពួកគេក៏ជំរុញឱ្យអាជ្ញាធរកុម្មុយនិស្តវៀតណាមគោរពសិទ្ធិមនុស្ស ជាពិសេសសិទ្ធិជនជាតិដើមរបស់ពលរដ្ឋខ្មែរក្រោមដែលកំពុងរស់នៅកម្ពុជាក្រោមផងដែរ។
សូមស្ដាប់ និងទស្សនាសេចក្ដីរាយការណ៍ផ្ទាល់លោក មាន ឫទ្ធិ ពីបញ្ហានេះដូចតទៅ៖
ពលរដ្ឋខ្មែរក្រោមប្រមាណ១០០នាក់ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មតវ៉ានៅថ្ងៃទី២១ ខែសីហា នៅខាងមុខស្ថានទូតវៀតណាម ប្រចាំរដ្ឋធានីវ៉ាស៊ីនតុន។ ពួកគេទាំងនោះ មាន ក្មេង ចាស់ ប្រុស ស្រី ព្រះសង្ឃ យុវជន និងស្ត្រី មកពីតាមបណ្តារដ្ឋនានានៅជុំវិញតំបន់រដ្ឋធានីវ៉ាស៊ីនតុន។
ពួកគេមួយចំនួនទៀតមកពីតំបន់ឆ្ងាយៗនៃភូមិភាគឆ្នេរខាងកើត សហរដ្ឋអាមេរិក ដូចជាពីទីក្រុងឡូវែល (Lowell) នៃរដ្ឋម៉ាស្សាឈូសេត (Massachusetts) ពីទីក្រុងឈីកាហ្គោ (Chicago) នៃរដ្ឋអ៊ីលីណ័យ (Illinois) ភាគកណ្តាលនៃសហរដ្ឋអាមេរិក និងអ្នកខ្លះទៀតមកតាំងពីទីក្រុងឡាសវ៉េហ្គាស (Las Vegas) នៃរដ្ឋណេវ៉ាដា (Nevada) ស្ថិតនៅឆ្នេរខាងលិចនៃសហរដ្ឋអាមេរិក។
ពួកគេទាំងនេះថ្កោលទោសអាជ្ញាធរវៀតណាម ដែលបានចាប់ខ្លួនសកម្មជនសិទ្ធិមនុស្សខ្មែរក្រោម៤នាក់កាលពីចុងខែកក្កដាកន្លងទៅ និងអំពាវនាវឱ្យដោះលែងអ្នកទាំងនោះជាបន្ទាន់។
ប្រធានផ្នែកផែនការនៃសហព័ន្ធខ្មែរកម្ពុជាក្រោម (Khmer Kampuchea-Krom Federation) លោក ត្រាន់ ម៉ានរិន្ទ ប្រាប់វិទ្យុអាស៊ីសេរីថា គោលដៅសំខាន់នៃការធ្វើបាតុកម្មនៅថ្ងៃនេះ គឺដើម្បីទាមទារឱ្យអាជ្ញាធរវៀតណាមដោះលែងសកម្មជនខ្មែរក្រោមទាំង៤នាក់ និងទាមទារឱ្យអាជ្ញាធរវៀតណាមគោរពសិទ្ធិជនជាតិដើមរបស់ខ្មែរក្រោម។
លោក ត្រាន់ ម៉ានរិន្ទ៖«សំខាន់បំផុតគឺថាទាមទារឱ្យរដ្ឋអំណាចយួនកុម្មុយនិស្តត្រូវតែដោះលែងសកម្មជនខ្មែរកម្ពុជាក្រោម មានលោក តោ ហ្វាងចឿង[To Hoang Chuong]លោក ថាច់ កឿង[Thach Cuong]លោក យ័ញ ម៉ិញក្វាង[Danh Minh Quang]និងអ្នកស្រី ឌិន ធីហ្វិន[Dinh Thi Huynh]។ នេះជាគោលបំណងចម្បងទី១។ ទី២ ក្នុងឱកាសនេះដែរក៏ទាមទាររដ្ឋអំណាចយួនត្រូវតែទទួលស្គាល់ខ្មែរក្រោមជាជនជាតិដើម ពីព្រោះថាខ្មែរក្រោមនៅតំបន់ដីសណ្ដទន្លេមេគង្គរាប់ពាន់ឆ្នាំមុនជនជាតិយួនចូលមកដល់។ ហេតុដូច្នោះហើយ ខ្មែរក្រោមជាជនជាតិដើមនិងជាស្វ័យប្រវត្តិ។ តែរហូតដល់សព្វថ្ងៃ យួនមិនទាន់ទទួលស្គាល់ទេ»។
លោក ត្រាន់ ម៉ានរិន្ទ បន្តថា អាជ្ញាធរវៀតណាមបានចាប់ខ្លួនសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមទាំង៤នាក់នេះក្រោមបទចោទប្រឌិត ដើម្បីធ្វើទុក្ខបុកម្នេញ និងគំរាមកំហែងដល់ពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅក្នុងប្រទេសវៀតណាមសព្វថ្ងៃ។
លោក ត្រាន់ ម៉ានរិន្ទ៖«តាមសេចក្តីគេប្រកាសហ្នឹង គេថា ចាប់ខ្លួនសកម្មជនយើងហ្នឹងគឺដោយសារតែយើងហ្នឹងកេងប្រវ័ញ្ចសិទ្ធិសេរីភាពប្រជាធិបតេយ្យតាមមាត្រា៣៣១។ ក៏ប៉ុន្តែ នៅប្រទេសយួនមានប្រជាធិបតេយ្យ សិទ្ធិសេរីភាព ឯណាទៅកេងប្រវ័ញ្ច?កេងប្រវ័ញ្ចទាល់តែនៅប្រទេសនោះ វាមាន។ តែនេះអត់មានផងបានអីទៅកេងប្រវ័ញ្ច?ហេតុដូច្នោះហើយ គេចោទនោះ គឺចំណុចហ្នឹង។ តែគេមិនទាន់កាត់ក្តីនៅតុលាការទេ។ យើងមិនទាន់ដឹងថាគេនៅចោទរឿងអីទៀតទេ។ ក៏ប៉ុន្តែ តាមខ្ញុំសន្និដ្ឋានវិញ គឺគេមិនចោទរឿងយើងផ្សព្វផ្សាយច្បាប់អន្តរជាតិទេ មកពីរឿងហ្នឹងជារឿងអន្តរជាតិ។ គេអាចចោទអារឿងផ្សេងៗវិញ។ លោកដឹងស្រាប់ហើយ ប្រទេសកុម្មុយនិស្ត គឺច្បាប់នៅលើគេ»។
រីឯ អ្នកចូលរួមធ្វើបាតុកម្មមួយរូបទៀត ដែលជាតំណាងស្ត្រីខ្មែរក្រោមមកពីទីក្រុងឡូវែល (Lowell) នៃរដ្ឋម៉ាស្សាឈូសេត(Massachusetts) និងជានាយិការងផ្នែករដ្ឋបាលនៃសហព័ន្ធខ្មែរក្រោមប្រចាំតំបន់ញូវអ៊ីងគ្លេន (New England) អ្នកស្រី អ៊ុង គឹមទៀង ថ្លែងថា អ្នកស្រីមកទីនេះដើម្បីឱ្យសំឡេងរបស់ខ្មែរក្រោមត្រូវបានគេដឹងឮ និងទាមទាររកសេរីភាពដល់ពួកគេ។
អ្នកស្រី អ៊ុង គឹមទៀង៖«នាងខ្ញុំគឺជាខ្មែរមួយរូប អ៊ីចឹងហើយតំណាងឱ្យខ្មែរទាំងអស់គ្នា គឺខ្មែរនៅលើពិភពលោកនេះ ទាមទារសិទ្ធិសេរីភាពឱ្យខ្មែរកម្ពុជាក្រោម ដែលគាត់កំពុងបានអាណានិគមយួនចាប់ពួកគាត់ដាក់គុកដោយឥតមានទោស។ អ៊ីចឹងហើយ ពួកយើងចង់ឱ្យអាណានិគមយួនដោះលែងពួកគាត់។ ហើយក៏ចង់ឱ្យមួយពិភពលោក គឺកន្លែងណាឱ្យតែមានខ្មែរ សាខាណាក៏អ៊ីចឹងដែរឱ្យតែមានខ្មែរនៅលើពិភពលោកនេះ ជួយពួកយើង ហៅថាRaise the voice [ស្រែកទាមទារ]។ បើសិនណាYou don't raise the voices, they don't know; they won't hear. So we are here ask for freedom. [អ្នកមិនស្រែកទាមទារ ពួកគេនឹងមិនដឹង ហើយពួកគេក៏នឹងមិនឮឡើយ។ ដូច្នេះពួកយើងមកទីនេះដើម្បីទាមទារសេរីភាព]»។
ដោយឡែក ព្រះគ្រូចៅអធិការវត្តសូរិយារង្ស៊ីខ្មែរក្រោមក្រុងហ្វីឡាដែលហ្វីយ៉ា (Philadeliphia) ព្រះតេជគុណ ត្រឹង វឌ្ឍនា ដែលនិមន្តមកពីទីក្រុងហ្វីឡាដែលហ្វីយ៉ា អំពាវនាវដល់អាជ្ញាធរវៀតណាមឱ្យធានានូវការគោរពសិទ្ធិមនុស្ស និងសិទ្ធិជនជាតិដើមរបស់ខ្មែរក្រោម។
ព្រះតេជគុណ ត្រឹង វឌ្ឍនា៖«ថ្មីៗនេះដោយសារសកម្មជនខ្មែរកម្ពុជាក្រោម និយាយរួម គឺថា បរិស័ទ ជាអ្នកប្រជាជនស្លូតត្រង់ ខ្មែរកម្ពុជាក្រោមនៅឯដែនដីកម្ពុជាក្រោម ត្រូវរដ្ឋាភិបាលយួនកុម្មុយនិស្តវៀតណាមចាប់បង្ខាំងខ្លួន ហើយធ្វើទុក្ខបុកម្នេញលើប្រជាជន។ ខ្ញុំចង់ឱ្យរដ្ឋាភិបាលវៀតណាមគោរពសិទ្ធិជនជាតិដើម គោរពសិទ្ធិមនុស្សដើម្បីការពារឱ្យប្រជាជនខ្មែរកម្ពុជាក្រោមដែលជាម្ចាស់ទឹកដីដែលធ្លាប់រស់នៅរាប់ពាន់ឆ្នាំតាំងពីអតីតកាលរហូតមកដល់សព្វថ្ងៃ តាំងពីដែលនគរភ្នំរហូត។ ហេតុនេះ គាត់ជាប្រជាជនស្លូតត្រង់។ សូមរដ្ឋាភិបាលវៀតណាមគោរពសិទ្ធិ ហើយរក្សានៅក្នុងការរស់នៅរបស់ពួកគាត់ឱ្យបានធូរធារ»។
ពុំមានមន្ត្រីស្ថានទូតវៀតណាមណាម្នាក់ចេញមុខមកជួបក្រុមបាតុករឡើយ បើទោះបីជាក្រុមបាតុករបានស្រែកតវ៉ាប្រមាណជាងពីរម៉ោងតាមឧគ្ឃោសនស័ព្ទ និងនាំគ្នាលើកបដាច្រូងច្រាងអំពាវនាវឱ្យវៀតណាមគោរពសិទ្ធិមនុស្សរបស់ខ្មែរក្រោមយ៉ាងណាក្តី។ តំណាងក្រុមបាតុករថាពួកគេបានបញ្ជូនញត្តិ និងសាររបស់ពួកគេទៅកាន់ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលវៀតណាម និងសហគមន៍អន្តរជាតិរួចហើយ ឱ្យជួយដឹងឮអំពីបញ្ហារបស់ខ្មែរក្រោមនាពេលបច្ចុប្បន្ននេះ។
វិទ្យុអាស៊ីសេរី បានទាក់ទងស្ថានទូតវៀតណាមប្រចាំរដ្ឋធានីវ៉ាស៊ីនតុន ដើម្បីសុំអត្ថាធិប្បាយជុំវិញការធ្វើបាតុកម្មរបស់ខ្មែរក្រោមនេះ ក៏ប៉ុន្តែ នៅពុំទាន់ទទួលបានការឆ្លើយតបណាមួយនៅឡើយទេគិតត្រឹមម៉ោងផ្សាយនេះ។
អាជ្ញាធរវៀតណាម បានចាប់ឃុំខ្លួន និងគំរាមកំហែងសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមចំនួន ៩នាក់ កាលពីថ្ងៃទី៣១ ខែកក្កដា ក្រោមការចោទប្រកាន់ពីបទ «កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ បំពានលើផលប្រយោជន៍របស់រដ្ឋ និងសិទ្ធិសេរីភាពស្របច្បាប់ នៃអង្គការចាត់តាំង និងបុគ្គល» តាមមាត្រា៣៣១ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសវៀតណាម។ ទោះយ៉ាងនេះក៏ដោយក្រោយការឃាត់ខ្លួន និងសួរនាំ អាជ្ញាធរបានដោះលែងពួកគេឱ្យមានសេរីភាពវិញ ប៉ុន្តែនៅបន្តឃុំខ្លួនសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមចំនួន៤នាក់ រួមមានលោក យ័ញ ម៉ិញក្វាង (Danh Minh Quang) រស់នៅខេត្តឃ្លាំង លោក ថាច់ កឿង (Thach Cuong) និងលោក តោ ហ្វាងចឿង (To Hoang Chuong) រស់នៅខេត្តព្រះត្រពាំង។ ដោយឡែក អាជ្ញាធរវៀតណាមបានឃុំខ្លួន សកម្មជនសិទ្ធិមនុស្សខ្មែរក្រោមជាស្ត្រីម្នាក់ទៀត គឺលោកស្រី ឌិន ធីហ្វិន (Dinh Thi Huynh) រស់នៅខេត្តឃ្លាំង កាលពីថ្ងៃទី៣ ខែសីហា ក្រោមបទចោទ «មិនអនុវត្តតាមសាលក្រមរបស់តុលាការ» ដែលពាក់ព័ន្ធនឹងបញ្ហាដីធ្លី។
ក្រុមបាតុករថា ពលរដ្ឋខ្មែរក្រោមនៅទូទាំងពិភពលោកនឹងមិនបញ្ឈប់សកម្មភាពធ្វើបាតុកម្មតវ៉ារបស់ពួកគេឡើយ។ ពួកគេនឹងបន្តធ្វើបាតុកម្មដូចភ្លៀងរលឹមនៅតាមបណ្តារដ្ឋ និងប្រទេសផ្សេងៗទៀតនៅលើពិភពលោក។ ពលរដ្ឋខ្មែរក្រោមនឹងធ្វើបាតុកម្មនៅរដ្ឋធានីអូតាវ៉ា (Ottawa) ប្រទេសកាណាដា (Canada) នៅថ្ងៃទី២៥ ខែសីហា ខាងមុខ ធ្វើបាតុកម្មនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ(San Francisco) នៅឆ្នេរខាងលិចសហរដ្ឋអាមេរិក នៅថ្ងៃទី០១ ខែកញ្ញា និងនៅអឺរ៉ុប គឺនៅទីក្រុងឡាអេ (The Haguge) នៃប្រទេសហូឡង់ (Netherlands) នៅ ថ្ងៃទី០២ ខែកញ្ញា ដើម្បីបន្តការទាមទាររបស់ពួកគេជាបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។