មន្ត្រីជាន់ខ្ពស់នគរបាលជាតិនិយាយថា យ៉ាងហោចណាស់មនុស្ស៣០នាក់ត្រូវបានអាជ្ញាធរចាប់ខ្លួននិងបញ្ជូនទៅតុលាការដោយប្រកាន់ពីបទញុះញង់ដែលរិះគន់រឿងចាក់វ៉ាក់សាំង។ ក្រុមមន្ត្រីសង្គមស៊ីវិលស្នើទៅអាជ្ញាធរគួរប្រើវិធានការអប់រំជាជាងវិធានការផ្លូវច្បាប់ និងត្រូវផ្សព្វផ្សាយច្បាប់កូវីដ១៩ឱ្យបានទូលំទូលាយដើម្បីពលរដ្ឋបានដឹង។
អ្នកនាំពាក្យនគរបាលជាតិលោក ឆាយ គឹមខឿន អះអាងថា ការចាប់ខ្លួននេះ ជាជម្រើសចុងក្រោយដែលសមត្ថកិច្ចត្រូវធ្វើលើអ្នកញុះញង់ការចាក់វ៉ាក់សាំង។ អ្នកនាំពាក្យនគរបាលរូបនេះប្រាប់ អាស៊ីសេរីថា ពលរដ្ឋដែលត្រូវចាប់ខ្លួននោះមិនបានយកចិត្តទុកដាក់អនុវត្តច្បាប់ និងមានចេតនារាំងស្ទះដល់ការការពារសុខភាពសាធារណៈ។ លោកបន្តថា មុនឈានដល់ការអនុវត្តច្បាប់នេះ គឺសមត្ថកិច្ចបានអប់រំវិធានការរដ្ឋបាល ឬពិន័យជាប្រាក់៖ «បើនិយាយពីអប់រំមិនដឹងជាអប់រំប៉ុន្មានម៉ឺនឆ្នាំទៀតទេ មុនរដ្ឋាភិបាលចេញច្បាប់ក៏អប់រំឱ្យអស់ចិត្តដែរ»។
សមត្ថកិច្ចបានចាប់ខ្លួនពលរដ្ឋជាបន្តបន្ទាប់បែបនេះ ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ១៦មេសានេះ ស្វាគមន៍វិធានការរបស់សមត្ថកិច្ច និងព្រមានចាប់ពលរដ្ឋញាត់គុកឱ្យតែរកឃើញថាផ្សព្វផ្សាយ ឬញុះញង់មិនឱ្យមានការចូលរួមចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩៖ «យើងមិនអាចឱ្យមានការស៊ីផឹកនាំគ្នាប្រមូលផ្ដុំហើយមិនអនុវត្តច្បាប់នោះទេ ។ ខ្ញុំរីករាយជាមួយព័ត៌មានដែលថា មានអ្នកបំពានច្បាប់ត្រូវបញ្ជូនតុលាការ ខ្ញុំលើកទឹកចិត្តឱ្យមានការអនុវត្តច្បាប់ដោយបញ្ជូនទៅតុលាការដោយគ្មានការលើកលែងសម្រាប់មនុស្សណាក៏ដោយដែលបំពានលើបម្រាម»។
ទោះយ៉ាងណា ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សលើកឡើងថា ករណីពលរដ្ឋរិះគន់រឿងចាក់វ៉ាក់សាំងព្រោះពួកគេមិនទាន់ដឹងច្បាស់ពីប្រសិទ្ធភាពនៃវ៉ាក់សាំង ដូច្នេះពលរដ្ឋមានសិទ្ធិរិះគន់។ ក្រុមឃ្លាំមើលថា អាជ្ញាធរមិនគួរប្រើវិធានការច្បាប់ ឬចាប់ចងចោទប្រកាន់ពលរដ្ឋនោះទេ។
ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា សង្កេតឃើញថា វ៉ាក់សាំងឱ្យពលរដ្ឋភាគច្រើនគឺវ៉ាក់សាំងចិន ប៉ុន្តែប្រសិទ្ធភាពនៃវ៉ាក់សាំងនេះត្រូវបានរាយការណ៍ថា ប្រសិទ្ធភាពខ្សោយជាងវ៉ាក់សាំងផ្សេងៗទៀតដូច្នេះពលរដ្ឋមានសិទ្ធិរិះគន់វ៉ាក់សាំងនេះ។ លោកបន្តទៀតថា ពលរដ្ឋមួយចំនួនមិនបានដឹងថា ការបញ្ចេញមតិរបស់ពួកគេតាមបណ្ដាញសង្គមជាទង្វើខុសច្បាប់ទេ៖ «សូម្បីតែខ្ញុំធ្វើការក៏មានកន្លែងខ្លះខ្វះចម្លោះដែរពាក់ព័ន្ធឯកទេសដែលខ្ញុំធ្វើការ ដូច្នេះហើយទម្រាំពលរដ្ឋដែលគ្នាមិនមែនជាអ្នកច្បាប់មិនមែនជាអ្នកទម្លាប់ហើយមិនមែនជាវិស័យរបស់ពួកគេ ដូច្នេះការចាប់ពួកគេដូចថា ពេលខ្លះទៅគ្នាធ្វើដោយមិនបានដឹងថា អ្វីគាត់ធ្វើដោយមិនបានដឹងជាការខុសច្បាប់»។
ស្រដៀងគ្នានេះដែរ ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា ស្នើទៅអាជ្ញាធរគួរណែនាំ ឬព្រមានមុនសិន ហើយបើពលរដ្ឋនៅតែមិនស្ដាប់ទៀតទើបប្រើវិធានការផ្លូវច្បាប់ក៏មិនទាន់ហួសពេលនោះដែរ។ លោកថា ការចាប់ពលរដ្ឋដាក់ពន្ធនាគារមិនបានចំណេញអ្វីដល់សង្គមជាតិទេ៖ «បណ្ដាញរបស់រដ្ឋាភិបាលអាចផ្សព្វផ្សាយព័ត៌មានបានទូលំទូលាយជាងបុគ្គលម្នាក់ពីរនាក់ហ្នឹងឆ្ងាយណាស់ដូច្នេះខ្ញុំគិតថា អ្វីដែលខ្ញុំលើកឡើងបុគ្គលម្នាក់ពីរនាក់មិនប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមហ្នឹងប៉ុន្មានដែរទេបាទ»។
នៅរយៈពេលចុងក្រោយនេះ គេសង្កេតឃើញរដ្ឋាភិបាលប្រើគ្រប់វិធីដើម្បីឱ្យពលរដ្ឋចូលរួមចាក់វ៉ាក់សាំងដែលវ៉ាក់សាំងភាគច្រើនជាវ៉ាក់សាំងចិនស្របពេលរដ្ឋាភិបាលកំពុងអនុវត្តផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទូទាំងប្រទេស។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលនៃសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត សង្កេតឃើញថា ការទទួលព័ត៌មានស្ដីពីការចាក់វ៉ាក់សាំង និងច្បាប់កូវីដមិនទាន់ជ្រួតជ្រាប ឬទូលំទូលាយដល់ពលរដ្ឋនោះទេ។ មន្ត្រីសិទ្ធិមនុស្សរូបនេះ ជំរុញទៅអាជ្ញាធរគួរផ្សព្វផ្សាយច្បាប់កូវីដឱ្យបានទូលំទូលាយជាងនេះដើម្បីឱ្យពលរដ្ឋបានយល់ដឹង៖ «អំឡុងពេលនេះគួរតែមានព័ត៌មានឱ្យបានច្បាស់លាស់សម្រាប់ពលរដ្ឋកុំឱ្យមានការភាន់ច្រឡំទៅលើបញ្ហាទាំងអស់ហ្នឹងហើយបង្កឱ្យមានភាពរងគ្រោះសំខាន់ការចាប់ខ្លួនដោយសារការបញ្ចេញមតិ »។
រដ្ឋាភិបាលលោក ហ៊ុន សែន បានបង្កើតច្បាប់ស្ដីអំពីការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ យ៉ាងប្រញាប់ដោយគ្មានការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ដូចជាក្រុមអង្គការសង្គមស៊ីវិលជាដើមនិងដាក់ឱ្យប្រើប្រាស់ភ្លាមៗកាលពីថ្ងៃទី១១ ខែមីនា។
ក្រុមអ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិក៏បានសម្ដែងការព្រួយបារម្ភជាថ្មីពីការប្រើប្រាស់វិធានការច្បាប់ក្នុងអំឡុងកូវីដ១៩នៅពេលនេះដែរ។ អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ៣នាក់និយាយកាលពីពេលថ្មីៗនេះថា ការប្រើច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ដែលមានទាំងការដាក់ទោសរហូត ២០ឆ្នាំ និងពិន័យជាប្រាក់ផងនោះជាការរឹតត្បិតលើសេរីភាពនិងសិទ្ធិមូលដ្ឋានពលរដ្ឋ។ អ្នកជំនាញរបស់អង្គការសហប្រជាជាតិជំរុញឱ្យរដ្ឋាភិបាលពិនិត្យនិងកែប្រែច្បាប់ស្ដីពីការទប់ស្កាត់ជំងឺកូវីដ-១៩ ឡើងវិញដើម្បីឱ្យស្របតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។