ក្រុមកូដករណាហ្គាវើលដ៍ (NagaWorld) ទាមទារឲ្យអ្នកពាក់ព័ន្ធឈប់បិតមាត់លែងនិយាយស្ដីអំពីរឿងថៅកែរំលោភសិទ្ធិការងារនៅក្នុងក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍។
ក្រុមកូដករ ប្រមាណជាង ២០នាក់ នៅរសៀលថ្ងៃទី២៩ ខែមិថុនា បានជួបជុំគ្នាកាន់បដា និងស្រែកទាមទារដំណោះស្រាយវិវាទការងារនៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍។
កូដកម្មនៅថ្ងៃនេះ កូដករបានយកស្គុតមកបិទមាត់ និងត្រចៀក ហើយយកហ្វឺតពណ៌ក្រហមគូសពីលើស្គុតបន្ថែម ដើម្បីបង្ហាញទៅកាន់អ្នកពាក់ព័ន្ធរួមមានរដ្ឋាភិបាល ជាពិសេសក្រសួងការងារ ឲ្យឈប់បិទមាត់លែងនិយាយពីបញ្ហាវិវាទការងារនៅក្នុងក្រុមហ៊ុនណាហ្គាវើលដ៍។
តំណាងកូដករណាហ្គាវើលដ៍ លោក ណាំ ទីវ័ន្ត ប្រាប់វិទ្យុអាស៊ីសេរី ក្រសួងការងារ ហាក់បីដូចជា រក្សាភាពស្ងប់ស្ងាត់ ដោយពុំបានស្វែងរកដំណោះស្រាយវិវាទការងារនៅក្នុងក្រុមហ៊ុនណាហ្គាវើលដ៍ឡើយ។
លោក ណាំ ទីវ័ន្ត៖ «កូដករយកស្គុតបិទមាត់ហ្នឹងចង់បង្ហាញថា ភាគីពាក់ព័ន្ធទាំងអស់ហ្នឹង ពួកគាត់ហាក់ដូចជាស្ងាត់ដូចគេបិទមាត់អីចឹង ហើយអត់ទាន់មានដំណោះស្រាយអីសម្រាប់ខ្ញុំ អត់ទាន់ផ្ដល់ជាពន្លឺអ្វីសម្រាប់ពួកខ្ញុំ ដែលជាកូដករចង់បានដំណោះស្រាយ។ បើប្រៀបធៀបដូចជាមនុស្ស ដូចជាមនុស្សគ ថ្លង់អីចឹងមិននិយាយស្ដីអ្វី ហើយមិនស្ដាប់នូវទុក្ខកង្វល់របស់កម្មករ»។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក កត្តា អ៊ន ដើម្បីសុំការឆ្លើយតបជុំវិញបញ្ហានេះ បាននៅឡើយទេ នៅថ្ងៃទី២៩ ខែមិថុនា។
កន្លងទៅក្រុមកូដករមិនត្រឹមតែមិនទទួលបានដំណោះស្រាយសមរម្យនោះទេ ប៉ុន្តែថែមទាំងទទួលរងអំពើហិង្សា ការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរ និងការចាប់ប្រធានសហជីពកញ្ញា ឈឹម ស៊ីថរ ដាក់ពន្ធនាគារថែមទៀត។
ទោះជាយ៉ាងណា កូដករនៅតែស្នើដល់រដ្ឋាភិបាល និងជាពិសេសក្រសួងការងារ ឲ្យដោះស្រាយបញ្ចប់វិវាទការងារ នៅក្នុងក្រុមហ៊ុនណាហ្គា វើលដ៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
