កូដករ​ណាហ្គាវើលដ៍​ទទូច​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​ក្នុង​ឆ្នាំ​ថ្មី​នេះ

ដោយ ខាន់ លក្ខិណា
2024.04.20
កូដករ​ណាហ្គាវើលដ៍​ទទូច​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​ក្នុង​ឆ្នាំ​ថ្មី​នេះ កូដករក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) តវ៉ា​នៅ​មុខ​ក្រុមហ៊ុន កាលពីថ្ងៃទី២០ មេសា ២០២៤។
រូប​៖ ពលរដ្ឋ​ផ្តល់ឱ្យ

ក្រោយពី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ កូដករ​ណាហ្គាវើលដ៍ បន្ត​ធ្វើ​កូដកម្ម​នៅ​ខាង​ក្រុមហ៊ុន ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​នេះ និង​ដោះលែង​មេដឹកនាំ​សហជីព​កញ្ញា ឈឹម ស៊ីថរ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស។

ក្នុង​ពេល​ធ្វើ​កូដកម្ម​នោះ ក្រុម​កូដករ​ក៏បាន​បង្ហាញ​មោទនភាព​ចំពោះ​ការ​តស៊ូ​តវ៉ា ដោយ​អហិង្សា​របស់​ពួកគេ បន្ទាប់ពី​រដ្ឋាភិបាល​ស៊ុយអែត បាន​ផ្ដល់​រង្វាន់​ដល់​កញ្ញា ឈឹម ស៊ីថរ។ ពួកគេ​ហៅ​ពានរង្វាន់​នេះ ថា​ជា​ការ​ផ្ដល់​យុត្តិធម៌​ដល់​ការ​តវ៉ា​ស្របច្បាប់​របស់​ពួកគេ ពី​សំណាក់​សហគមន៍​អន្តរជាតិ។

កូដករ​ណាហ្គាវើលដ៍ កញ្ញា ជឹម រដ្ឋា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២០ ខែ​មេសា ថា ពួកគាត់​មិន​បោះបង់​ការ​ធ្វើ​កូដកម្ម​នេះ​ទេ ពីព្រោះ​ចង់បាន​ការងារ និង​សិទ្ធិ​ការងារ ត្រឹមត្រូវ​តាមច្បាប់​។ កញ្ញា​ថា ជាង ២ ឆ្នាំ​មក​ហើយ ក្រុម​កូដករ​មិនទាន់​ទទួល​បាន ដំណឹង​ល្អ​ស្ដី​អំពី​ដំណោះស្រាយ​ដោយ​យុត្តិធម៌​ណាមួយ ពី​រដ្ឋាភិបាល​នៅឡើយ​ទេ ប៉ុន្តែ​មានតែ​ដំណឹង​អាក្រក់​ពី​ខាង​ក្រុមហ៊ុន។

កញ្ញា ជឹម រដ្ឋា៖ «ដំណឹង​ថ្មីៗ ដែល​ល្អ​ពី​ក្រុមហ៊ុន គឺ​អត់​មាន​ទេ មានតែ​ដំណឹង​អាក្រក់ ដែល​ក្រុមហ៊ុន​បាន​បោះឆ្នោត​រើ​តំណាង​ប្រតិភូ​ថ្មី​បុគ្គលិក​អាណត្តិ​ថ្មី ដែល​យើង​មើល​ឃើញ​ថា តំណាង​កម្មករ​ពិតប្រាកដ ដែល​បង្កើត​សហជីព​ឯករាជ្យ​នៅក្នុង​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ត្រូវ​បាន​ក្រុមហ៊ុន​បញ្ឈប់ ដោយ​ការរើសអើង​រហូត​មក​ដល់​ពេល​នេះ ២ ឆ្នាំ​ជាង​ហើយ គឺ​អត់​ទាន់​ទទួលយក​ចូល​ធ្វើ​ការ​វិញ​ទេ ហើយ​រហូតដល់​មានការ​ចោទ​ចាប់ចង​តំណាង​សហជីព​ដាក់​ពន្ធ​គារ​ដោយ​អយុត្តិធម៌​ទៀត»

កូដ​ករ​ម្នាក់ទៀត លោក ណាំ ទីវន្ត័ បាន​លើកឡើង​ដែរ​ថា កាលណា​រដ្ឋាភិបាល​មិន​រក​ដំណោះស្រាយ​ឱ្យ​បាន​សមរម្យ ក្នុង​ស្ថានភាព​បច្ចុប្បន្ន​ទាំង​កូដករ ក៏​មិន​បាន​ការងារ រីឯ​បុគ្គលិក ដែល​កំពុងធ្វើការ​ឱ្យ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​សព្វថ្ងៃ ក៏​បាត់បង់​អត្ថប្រយោជន៍​ច្រើនណាស់ ពី​ការ​កេង​ប្រវ័ញ្ច​របស់​ក្រុមហ៊ុន។

លោក ណាំ ទីវន្ត័៖ «នៅពេល​ក្រុមហ៊ុន ណាហ្គាវើលដ៍ រំលាយ​សហជីព​ចោល ហើយ​សហជីព​កំពុង​តវ៉ា នៅ​ខាងក្រៅ​នេះ បុគ្គលិក​ដែល​កំពុងធ្វើការ​នៅ​ខាងក្នុង គឺ​មិនដែល​ទទួល​ប្រាក់ខែ​ទី១៣ ឡើយ។ ចំពោះ​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត ក៏​អាច​បាត់បង់​ដែរ ដោយសារតែ ថៅកែ​ណាហ្គាវើលដ៍ គាត់​តែងតែ​មិន​ផ្ដល់​អត្ថប្រយោជន៍​នោះ​មក​ដល់​បុគ្គលិក​ទេ។ អត្ថប្រយោជន៍​ផ្សេងៗ គឺជា​អត្ថប្រយោជន៍ ដែល​ដំឡើង​ប្រាក់​ឈ្នួ​ញ​ប្រចាំឆ្នាំ អត់​ទាន់​ដែល​បាន​ដែរ នៅ​ពេល​ដែល​ក្រុមហ៊ុន​បាន​បញ្ឈប់​រចនាសម្ព័ន្ធ​សហជីព​នៅ​ខាងក្រៅ​នេះ​។ ប្រាក់​លើកទឹកចិត្ត​សម្រាប់​បុគ្គលិក ដែល​មិន​ប្រើ​ច្បាប់​ឈឺ​ចំនួន ២០០ ដុល្លារ ក្នុង​មួយឆ្នាំ​ក៏​អត់​ដែល​ទទួល​បាន​ដែរ បុគ្គលិក​ដែល​កំពុងធ្វើការ​នៅ​ខាងក្នុង ក៏​អត់​ទទួល​បាន​ដែរ។ ការដំឡើង​ប្រាក់​ឈ្នួល​ប្រចាំឆ្នាំ​ក៏​អត់​ដែរ»

លោក ណាំ ទីវន្ត័ បាន​និយាយ​ថា បើ​រដ្ឋាភិបាល​នៅតែ​បន្ត​មិន​ដោះស្រាយ​នោះ​កម្មករ និង​ប្រជាពលរដ្ឋ នឹង​អស់ជំនឿ​លើ​រដ្ឋាភិបាល​។ លោក​បន្ថែម​ទៀត​ថា វិបត្តិ​នេះ បើ​នៅតែ​បន្ត​យូរ​ទៀត រដ្ឋាភិបាល​ក៏​កាន់តែ​អាម៉ាស់ និង​បាត់បង់​ភាព​ថ្លៃថ្នូរ​។ លោក​អះអាង​ថា ក្រុម​កូដករ​មិន​បញ្ឈប់​ធ្វើ​កូដកម្ម​អហិង្សា​ឡើយ រហូត​ទាល់​តែ​មាន​ដំណោះស្រាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។