ក្រោយពីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កូដករណាហ្គាវើលដ៍ បន្តធ្វើកូដកម្មនៅខាងក្រុមហ៊ុន ទាមទារឱ្យរដ្ឋាភិបាលដោះស្រាយវិវាទការងារនៅក្រុមហ៊ុននេះ និងដោះលែងមេដឹកនាំសហជីពកញ្ញា ឈឹម ស៊ីថរ ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស។
ក្នុងពេលធ្វើកូដកម្មនោះ ក្រុមកូដករក៏បានបង្ហាញមោទនភាពចំពោះការតស៊ូតវ៉ា ដោយអហិង្សារបស់ពួកគេ បន្ទាប់ពីរដ្ឋាភិបាលស៊ុយអែត បានផ្ដល់រង្វាន់ដល់កញ្ញា ឈឹម ស៊ីថរ។ ពួកគេហៅពានរង្វាន់នេះ ថាជាការផ្ដល់យុត្តិធម៌ដល់ការតវ៉ាស្របច្បាប់របស់ពួកគេ ពីសំណាក់សហគមន៍អន្តរជាតិ។
កូដករណាហ្គាវើលដ៍ កញ្ញា ជឹម រដ្ឋា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២០ ខែមេសា ថា ពួកគាត់មិនបោះបង់ការធ្វើកូដកម្មនេះទេ ពីព្រោះចង់បានការងារ និងសិទ្ធិការងារ ត្រឹមត្រូវតាមច្បាប់។ កញ្ញាថា ជាង ២ ឆ្នាំមកហើយ ក្រុមកូដករមិនទាន់ទទួលបាន ដំណឹងល្អស្ដីអំពីដំណោះស្រាយដោយយុត្តិធម៌ណាមួយ ពីរដ្ឋាភិបាលនៅឡើយទេ ប៉ុន្តែមានតែដំណឹងអាក្រក់ពីខាងក្រុមហ៊ុន។
កញ្ញា ជឹម រដ្ឋា៖ «ដំណឹងថ្មីៗ ដែលល្អពីក្រុមហ៊ុន គឺអត់មានទេ មានតែដំណឹងអាក្រក់ ដែលក្រុមហ៊ុនបានបោះឆ្នោតរើតំណាងប្រតិភូថ្មីបុគ្គលិកអាណត្តិថ្មី ដែលយើងមើលឃើញថា តំណាងកម្មករពិតប្រាកដ ដែលបង្កើតសហជីពឯករាជ្យនៅក្នុងក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវបានក្រុមហ៊ុនបញ្ឈប់ ដោយការរើសអើងរហូតមកដល់ពេលនេះ ២ ឆ្នាំជាងហើយ គឺអត់ទាន់ទទួលយកចូលធ្វើការវិញទេ ហើយរហូតដល់មានការចោទចាប់ចងតំណាងសហជីពដាក់ពន្ធគារដោយអយុត្តិធម៌ទៀត»។
កូដករម្នាក់ទៀត លោក ណាំ ទីវន្ត័ បានលើកឡើងដែរថា កាលណារដ្ឋាភិបាលមិនរកដំណោះស្រាយឱ្យបានសមរម្យ ក្នុងស្ថានភាពបច្ចុប្បន្នទាំងកូដករ ក៏មិនបានការងារ រីឯបុគ្គលិក ដែលកំពុងធ្វើការឱ្យក្រុមហ៊ុនណាហ្គាវើលដ៍សព្វថ្ងៃ ក៏បាត់បង់អត្ថប្រយោជន៍ច្រើនណាស់ ពីការកេងប្រវ័ញ្ចរបស់ក្រុមហ៊ុន។
លោក ណាំ ទីវន្ត័៖ «នៅពេលក្រុមហ៊ុន ណាហ្គាវើលដ៍ រំលាយសហជីពចោល ហើយសហជីពកំពុងតវ៉ា នៅខាងក្រៅនេះ បុគ្គលិកដែលកំពុងធ្វើការនៅខាងក្នុង គឺមិនដែលទទួលប្រាក់ខែទី១៣ ឡើយ។ ចំពោះអត្ថប្រយោជន៍ផ្សេងៗទៀត ក៏អាចបាត់បង់ដែរ ដោយសារតែ ថៅកែណាហ្គាវើលដ៍ គាត់តែងតែមិនផ្ដល់អត្ថប្រយោជន៍នោះមកដល់បុគ្គលិកទេ។ អត្ថប្រយោជន៍ផ្សេងៗ គឺជាអត្ថប្រយោជន៍ ដែលដំឡើងប្រាក់ឈ្នួញប្រចាំឆ្នាំ អត់ទាន់ដែលបានដែរ នៅពេលដែលក្រុមហ៊ុនបានបញ្ឈប់រចនាសម្ព័ន្ធសហជីពនៅខាងក្រៅនេះ។ ប្រាក់លើកទឹកចិត្តសម្រាប់បុគ្គលិក ដែលមិនប្រើច្បាប់ឈឺចំនួន ២០០ ដុល្លារ ក្នុងមួយឆ្នាំក៏អត់ដែលទទួលបានដែរ បុគ្គលិកដែលកំពុងធ្វើការនៅខាងក្នុង ក៏អត់ទទួលបានដែរ។ ការដំឡើងប្រាក់ឈ្នួលប្រចាំឆ្នាំក៏អត់ដែរ»។
លោក ណាំ ទីវន្ត័ បាននិយាយថា បើរដ្ឋាភិបាលនៅតែបន្តមិនដោះស្រាយនោះកម្មករ និងប្រជាពលរដ្ឋ នឹងអស់ជំនឿលើរដ្ឋាភិបាល។ លោកបន្ថែមទៀតថា វិបត្តិនេះ បើនៅតែបន្តយូរទៀត រដ្ឋាភិបាលក៏កាន់តែអាម៉ាស់ និងបាត់បង់ភាពថ្លៃថ្នូរ។ លោកអះអាងថា ក្រុមកូដករមិនបញ្ឈប់ធ្វើកូដកម្មអហិង្សាឡើយ រហូតទាល់តែមានដំណោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
