សង្គមស៊ីវិល ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា កែលំអប្រព័ន្ធយុត្តិធម៌សង្គមឡើងវិញ
2022.11.27
មន្ត្រីសង្គមស៊ីវិល និងអ្នកសិក្សាផ្នែកច្បាប់ សំណូមពររដ្ឋាភិបាលកែលម្អ និងលើកកម្ពស់ប្រព័ន្ធយុត្តិធម៌សង្គម ជំនួសឱ្យការដំឡើងឋានន្តរស័ក្តិមន្ត្រីតុលាការ។ ពួកគេថា រដ្ឋាភិបាលគួរផ្ដល់អំណាចដល់ស្ថាប័នតុលាការ ឱ្យមានឯករាជភាព និងលុបបំបាត់ការសូកប៉ាន់ ជាជាងមានមន្ត្រីយុត្តិធម៌ច្រើន តែដំណើរការនីតិរដ្ឋកាន់តែធ្លាក់ចុះ។
មន្ត្រីសង្គមស៊ីវិល និងអ្នកសិក្សាផ្នែកច្បាប់លើកឡើងថា ទោះបីកម្ពុជាមានមន្ត្រីក្នុងប្រព័ន្ធយុត្តិធម៌ច្រើនយ៉ាងណាក្ដី ក៏មិនអាចលើកកម្ពស់នីតិរដ្ឋនៅកម្ពុជាបាននោះឡើយ ដរាបណារដ្ឋាភិបាលជ្រៀតជ្រែកចូលកិច្ចការងារតុលាការ។
ការលើកឡើងនេះធ្វើឡើងបន្ទាប់ពី ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី បានត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ និងថ្នាក់ដល់ព្រះរាជអាជ្ញាចំនួន ១១១រូប និងចៅក្រមចំនួន ១៧០រូប កាលពីថ្ងៃទី២៥ ខែវិច្ឆិកា។ ក្នុងនោះក៏មានចៅក្រម សាលាដំបូងរាជធានីភ្នំពេញលោក រស់ ពិសិដ្ឋ ដែលមានស្នាដៃ ចោទប្រកាន់និងកាត់ទោសអតីតសកម្មជនគណបក្សសង្គ្រោះជាតិ ពីបទ“រួមគំនិតក្បត់” ជាច្រើននាក់ផងដែរ។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៦ ខែវិច្ឆិកាថា ស្របពេលដែលនីតិរដ្ឋនៅកម្ពុជាមានចំណាត់ថ្នាក់ទាបស្ទើរបាតតារាង រដ្ឋាភិបាលគួរងាកមកពង្រឹងប្រព័ន្ធយុត្តិធម៌សង្គមឡើងវិញ។ លោកបន្តថា រដ្ឋាភិបាលត្រូវផ្ដល់អំណាចដល់ប្រព័ន្ធតុលាការ ស្របទៅតាមច្បាប់ចែងក្នុងរដ្ឋធម្មនុញ្ញ ដែលថាតុលាការជាស្ថាប័នឯករាជ្យ។ ទន្ទឹមគ្នានេះ អំពើពុករលួយនៅក្នុងប្រព័ន្ធតុលាការក៏ជាមូលហេតុដែលធ្វើឱ្យមានអយុត្តិធម៌សង្គមកើតឡើងកាន់តែច្រើនឡើងផងដែរ។ លោកបន្ថែមថា រដ្ឋាភិបាលកម្ពុជាគួរតែលុបបំបាត់អំពើពុករលួយក្នុងស្ថាប័នតុលាការជាមុនសិន មុននិងតែងតាំង ឬដំឡើងឋានន្តរស័ក្តិដល់មន្ត្រី ដោយផ្អែកលើសមត្ថភាព និងស្នាដៃ ដើម្បីលើកស្ទួយប្រព័ន្ធយុត្តិធម៌ឡើងវិញ៖
«យើងឃើញថា តុលាការយើងគឺជាតុលាការមួយដែលមិនទាន់អនុវត្តបាននូវតួនាទីក្នុងជំហរឯករាជ្យទៅតាមអ្វីដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញដែលថាអំណាចឯករាជ្យដាច់ពីអំណាចនីតិប្រតិបត្តិ និងអំណាចនីតិបញ្ញត្តិហ្នឹងទេ។ ព្រោះអីតុលាការយើងស្ថិតនៅក្នុងការគ្របដណ្ដប់ទៅដោយនីតិប្រតិបត្តិជាពិសេស។ អ៊ីចឹងយើងមិនទាន់ឃើញមានភាពឯករាជ្យរបស់តុលាការ»។
របាយការណ៍ប្រចាំឆ្នាំ២០២២របស់អង្គការគម្រោងយុត្តិធម៌ពិភពលោក (WPJ) បានបង្ហាញថា កម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទី១៣៩ ក្នុងចំណោម១៤០ប្រទេសលើពិភពលោក នៃការគោរពនីតិរដ្ឋ។ នេះគឺជាចំណាត់ថ្នាក់មួយទាបបំផុត ដែលបង្ហាញឱ្យឃើញថា រដ្ឋាភិបាលកម្ពុជាគ្មានការគោរពសិទ្ធិមនុស្ស កំណើននៃអយុត្តិធម៌សង្គម អំពើពុករលួយ និងការគ្រប់គ្រងតាមរបៀបផ្ដាច់ការ។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរីពុំទាន់សុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បាននៅឡើយទេនៅថ្ងៃទី២៦ ខែវិច្ឆិកា។
អ្នកសិក្សាផ្នែកច្បាប់លោក វ៉ន ចាន់ឡូត វិញយល់ឃើញថា ការដំឡើងឋានន្តរស័ក្តិ ដល់មន្ត្រីក្នុងប្រព័ន្ធយុត្តិធម៌ជិត៣រយនាក់រូបនេះ ធ្វើឡើងគ្រាន់តែជាការប៉ះប៉ូវ ឬជាផ្តល់ផលប្រយោជន៍នយោបាយ។ លោកថា មន្ត្រីដែលទើបដំឡើងឋានន្តរស័ក្តិនោះ ខ្លះធ្លាប់ចោទប្រកាន់លើសកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន និងអ្នកទោសមនសិការ។ លោកស្នើឲ្យ រដ្ឋាភិបាលគួរកែលម្អប្រព័ន្ធយុត្តិធម៌ឱ្យក្លាយជាកន្លែងមួយកក់ក្ដៅសម្រាប់ប្រជាពលរដ្ឋ៖
«ហើយដើម្បីធានថា ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ជាតិគឺដើម្បីប្រជាពលរដ្ឋទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍហ្នឹង ការធានាបាននូវប្រព័ន្ធយុត្តិធម៌មួយដែលល្អត្រឹមត្រូវ ដែលអាចស្វែងរកការពិតសម្រាប់សង្គមបាន គឺវាពិតជារួមចំណែកធានាប្រជាពលរដ្ឋទូទៅក៏ទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍ ពីការដឹកនាំរបស់រដ្ឋាភិបាលហ្នឹងប្រកបដោយសមធម៌ និងសមភាព»។
វិទ្យុអាស៊ីសេរីពុំទាន់អាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន ជុំវិញសំណើរបស់មន្រ្តីអង្គការសង្គមស៊ីវិល បាននៅឡើយទេ នៅថ្ងៃទី២៦ ខែវិច្ឆិកា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។