សង្គមស៊ីវិលគាំទ្រការលើកឡើងរបស់អ្នកជំនាញអង្គការសហប្រជាជាតិរឿងកង្វល់ស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា
2020.11.17
ក្រុមអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សក្នុងស្រុក គាំទ្រការលើកឡើងរបស់អ្នកជំនាញអង្គការសហប្រជាជាតិដែលថា ការបង្ក្រាបលើអង្គការសង្គមស៊ីវិល និងអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជាក្នុងរយៈពេលចុងក្រោយនេះ គឺជារឿងគួរឱ្យព្រួយបារម្ភ។ ក្រុមសង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលពិចារណាលើមតិយោបល់ទាំងនោះ និងកែលម្អស្ថានភាពសិទ្ធិមនុស្ស ប៉ុន្តែតំណាងរដ្ឋាភិបាលវិញ នៅតែអះអាងថា ការចាប់ខ្លួន និងចោទប្រកាន់អ្នកការពារសិទ្ធិមនុស្ស និងសកម្មជនជាហូរហែមកនោះ គឺជាការអនុវត្តច្បាប់។
អង្គការសង្គមស៊ីវិលក្នុងស្រុកអះអាងថា ពួកគេក៏មានកង្វល់ដូចគ្នាទៅនឹងអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែរ ជុំវិញករណីអាជ្ញាធររដ្ឋាភិបាលបង្ក្រាបលើសង្គមស៊ីវិល និងអ្នកការពារសិទ្ធិមនុស្សក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ សង្គមស៊ីវិលលើកឡើងទៀតថា ទោះជារដ្ឋាភិបាលខំប្រឹងបកស្រាយថា ការធ្វើទុក្ខបុកម្នេញទាំងនោះ គឺជាការអនុវត្តច្បាប់យ៉ាងណាក៏ដោយ ក៏សហគមន៍ជាតិ និងអន្តរជាតិមិនជឿជាក់នោះដែរ។
ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) លោក នី សុខា មានប្រសាសន៍ថា ការលើកឡើងរបស់អ្នកជំនាញអង្គការសហប្រជាជាតិឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្ដែងនៅកម្ពុជា និងមានមូលដ្ឋានច្បាស់លាស់។ លោកថា ការចាប់ខ្លួនអ្នកការពារសិទ្ធិមនុស្ស សកម្មជន និងយុវជនមួយចំនួនថ្មីៗ នេះ ធ្វើឡើងដោយមិនឈរលើមូលដ្ឋានច្បាប់ត្រឹមត្រូវឡើយ។ លោកថ្លែងទៀតថា រដ្ឋាភិបាលតែងបកស្រាយបែបឯកតោភាគីថា ការចាប់ចងកន្លងមកនោះ ជាការអនុវត្តច្បាប់ ប៉ុន្តែផ្អែកតាមគោលការណ៍នីតិរដ្ឋពិតប្រាកដ រដ្ឋាភិបាលមិនអាចធ្វើបែបនេះបានទេ៖ «អ្នកដែលគ្រាន់តែប្រើប្រាស់សិទ្ធិបញ្ចេញមតិ ការទាមទារតវ៉ា ជួបប្រជុំផ្សេងៗ មិនមែនជាអំពើខុសច្បាប់ទេ ដូច្នេះពួកគាត់មិនត្រូវទទួលរងនូវការចាប់ខ្លួនហ្នឹងទេ។ អ៊ីចឹងហើយបានជាយើងយល់ថា ការចាប់ខ្លួនទាំងអស់ហ្នឹង គឺជាការចាប់ខ្លួនដោយមិនផ្អែកលើគោលការណ៍ច្បាប់ទេ។ បើទោះបីជារដ្ឋាភិបាល ឬតុលាការយល់ថា ជាអំពើខុសច្បាប់ក៏ដោយ ក៏នៅក្នុងគោលការណ៍សិទ្ធិមនុស្សគេនិយាយអំពីសេរីភាពបញ្ចេញមតិ សេរីភាពជួបជុំ សេរីភាពអ្វីដោយសន្តិវិធីហ្នឹង គឺមិនមែនជារឿងខុសច្បាប់ទេ»។
កាលពីថ្ងៃទី១៦ វិច្ឆិកា អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្ដីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស អ្នកស្រី ម៉ារី ឡល័រ (Mary Lawlor) បានចេញសេចក្ដីថ្លែងការណ៍ សម្ដែងកង្វល់ចំពោះការរឹតត្បិតសង្គមស៊ីវិលនៅកម្ពុជា និងអំពាវនាវដល់អាជ្ញាធរបញ្ឈប់ជាបន្ទាន់នូវការឃុំខ្លួនជាប្រព័ន្ធ និងការផ្ដន្ទាទោសអ្នកការពារសិទ្ធិមនុស្ស ព្រមទាំងការប្រើប្រាស់កម្លាំងច្រើនហួសហេតុប្រឆាំងនឹងពួកគេ។
អ្នកស្រី ម៉ារី ឡល័រ បានលើកយកករណីជាក់លាក់មួយចំនួនមករិះគន់ មានជាអាទិ៍ ការចាប់ខ្លួនលោក រ៉ុង ឈុន ការចាប់ខ្លួនក្រុមអ្នកតវ៉ាឱ្យដោះលែងលោក រ៉ុង ឈុន ការចាប់ព្រះកាយព្រះសង្ឃខ្មែរថាវរៈផ្សឹក រួចយកទៅឃុំខ្លួន ការចាប់ខ្លួនសកម្មជនមាតាធម្មជាតិ ៣នាក់ ព្រមទាំងការប្រើកម្លាំងសន្តិសុខច្រើនហួសប្រមាណ ដើម្បីបំបែកការប្រមូលផ្តុំ និងប្រើហិង្សាលើក្រុមស្ត្រីជាប្រពន្ធសកម្មជនបក្សប្រឆាំង ដែលកំពុងជាប់ឃុំជាដើម។
អ្នកស្រី ម៉ារី ឡល័រ រកឃើញថា ក្នុងរយៈពេល ៣ខែមកនេះ អ្នកការពារសិទ្ធិមនុស្សយ៉ាងហោចណាស់ចំនួន ២១នាក់ បានទទួលរងការគំរាមកំហែង ការចាប់ខ្លួន និងការឃុំខ្លួនដោយបំពាន។ អ្នកស្រីសង្កត់ធ្ងន់ថា ទង្វើបង្ក្រាបទាំងនេះបង្ហាញឱ្យឃើញថា អាជ្ញាធរកម្ពុជាមានចេតនាទុកជាមុនក្នុងការលុបបំបាត់សេរីភាពពលរដ្ឋ និងរារាំងការងាររបស់អ្នកការពារសិទ្ធិមនុស្ស។
សេចក្ដីថ្លែងការណ៍របស់អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិរូបនេះ ត្រូវបានទទួលស្គាល់ និងគាំទ្រដោយអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិជាច្រើនរូបទៀត ក្នុងនោះក៏រួមទាំងអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ផងដែរ។
ទោះជាយ៉ាងណា តំណាងរបបលោក ហ៊ុន សែន ប្រចាំអង្គការសហប្រជាជាតិ បានចេញមុខច្រានចោលការលើកឡើងនេះ។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិបានវាយបកទៅអ្នកស្រី ម៉ារី ឡល័រ តាមរយៈសេចក្ដីថ្លែងការណ៍នៅថ្ងៃទី១៦ វិច្ឆិកាថា ការលើកឡើងនេះ មានភាពលម្អៀង និងខ្វះព័ត៌មាន។ តំណាងរបបលោក ហ៊ុន សែន អះអាងដដែលជាដដែលថា វិធានការទាំងឡាយលើអ្នកការពារសិទ្ធិមនុស្ស និងសកម្មជនទាំងនោះ គឺជាការអនុវត្តច្បាប់ ដោយសារពួកគេបានប្រព្រឹត្តបទល្មើស។ តំណាងរបបក្រុងភ្នំពេញបញ្ជាក់ទៀតថា ការចូលរួមជាមួយគណបក្សនយោបាយ ឬអង្គការមិនមែនរដ្ឋាភិបាល ពុំមែនជាការផ្តល់សិទ្ធិឱ្យបុគ្គលណាម្នាក់ បំពានច្បាប់ដោយគ្មានទោសទណ្ឌនោះឡើយ។
ចំណែកអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន វិញ បកស្រាយលើហ្វេសប៊ុក (Facebook) ថា អាជ្ញាធរមិនបានធ្វើទុកបុកម្នេញលើអ្នកការពារសិទ្ធិមនុស្សទេ តែជាការអនុវត្តច្បាប់លើអ្នកប្រព្រឹត្តល្មើស។ លោកចោទប្រកាន់ដោយមិនបង្ហាញភស្តុតាងថា អ្នកដែលត្រូវបានចាប់ខ្លួនមួយចំនួន ជាអ្នកស៊ីឈ្នួលតវ៉ា និងអនុវត្តតាមផែនការរបស់អង្គការចាត់តាំងក្រៅច្បាប់ ដើម្បីបង្កភាពចលាចល ប៉ះពាល់សន្តិសុខសង្គម និងសណ្ដាប់ធ្នាប់សាធារណៈ។ មន្ត្រីច្បាប់ដែលពូកែខាងការពារទង្វើរំលោភសិទ្ធិមនុស្សប្រព្រឹត្តដោយអាជ្ញាធររូបនេះ អះអាងទៀតថា រដ្ឋាភិបាលនឹងបង្ក្រាបក្រុមអ្នកទាំងឡាយណាដែលមានផែនការ និងចេតនាមិនល្អ ជ្រកក្រោមរូបភាព និងលេសសិទ្ធិមនុស្សបន្តទៅទៀត។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត កត់សម្គាល់ថា តំណាងរដ្ឋាភិបាលមានទម្លាប់បដិសេធរបាយការណ៍ ឬការរកឃើញរបស់អ្នកជំនាញជាតិ និងអន្តរជាតិទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស។ លោកជឿថា ក្រុមអ្នកជំនាញសិទ្ធិមនុស្សជាតិ និងអន្តរជាតិបានពិនិត្យយ៉ាងម៉ត់ចត់ជាមួយទឡ្ហីករណ៍រឹងមាំទាំងឡាយ មុននឹងចេញសេចក្ដីថ្លែងការណ៍ណាមួយ មិនមែនដូចការចោទប្រកាន់របស់រដ្ឋាភិបាលនោះឡើយ។
លោក អំ សំអាត ថ្លែងទៀតថា ការចេះតែបដិសេធរបាយការណ៍របស់អ្នកជំនាញបែបនេះហើយ ទើបធ្វើឱ្យកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន ២០% និងកំពុងប្រឈមទណ្ឌកម្មដទៃទៀតពីសហគមន៍អន្តរជាតិ។ លោកស្នើសុំឱ្យរដ្ឋាភិបាលពិចារណាលើសំណើរបស់អ្នកជំនាញអង្គការសហប្រជាជាតិ និងសង្គមស៊ីវិលក្នុងស្រុក ទាក់ទងនឹងការលើកស្ទួយសិទ្ធិមនុស្សឡើងវិញ៖ «ការចាប់ខ្លួនលោក រ៉ុង ឈុន បន្តរហូតមកដល់ក្រុមយុវជនជាដើម ទោះបីជារដ្ឋាភិបាល និងអាជ្ញាធរអះអាងថា ជាការអនុវត្តច្បាប់នៅកម្ពុជាក៏ដោយ ក៏ក្រុមផ្នែកសិទ្ធិមនុស្សមើលឃើញថា ការចាប់ខ្លួនហ្នឹងប៉ះពាល់ដល់សេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ជាពិសេសទាក់ទងនឹងការជួបជុំ និងការប្រមូលផ្តុំដោយសន្តិវិធី»។
កាលពីខែកញ្ញាកន្លងទៅ ក្រុមសង្គមស៊ីវិលជាតិ និងអន្តរជាតិជិត ៤០ស្ថាប័ន បានចេញសេចក្ដីថ្លែងការណ៍រួមគ្នា អំពាវនាវដល់របបក្រុងភ្នំពេញ ទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងក្រុមសកម្មជន អ្នកការពារសិទ្ធិមនុស្ស ព្រះសង្ឃ និងយុវជនដែលត្រូវបានអាជ្ញាធរចាប់ខ្លួនតាមទំនើងចិត្តនោះ ឱ្យមានសេរីភាពវិញ។ ក្រុមសង្គមស៊ីវិលទទូចដល់អាជ្ញាធរបញ្ឈប់ការបង្ក្រាបលើក្រុមសកម្មជន និងយុវជនតទៅទៀត ព្រមទាំងគោរពសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋខ្មែរ។
ដោយឡែក ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាវិញ បានលើកឡើងក្នុងហ្វេសប៊ុក (Facebook) នៅថ្ងៃទី១៧ វិច្ឆិកាថា សហរដ្ឋអាមេរិកកំពុងតាមដានដោយយកចិត្តទុកដាក់ចំពោះបណ្ដឹងប្រឆាំងនឹងសកម្មជនសង្គមស៊ីវិល អ្នកសារព័ត៌មាន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលមានចំនួនកាន់តែច្រើនឡើង។ សហរដ្ឋអាមេរិកដាស់តឿនរបបក្រុងភ្នំពេញថា សេរីភាពក្នុងការប្រមូលផ្ដុំ ការជួបប្រជុំ និងការសម្ដែងមតិ ព្រមទាំងការអត់ឱនចំពោះមតិផ្ទុយ មានសារៈសំខាន់ណាស់នៅក្នុងលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។ សហរដ្ឋអាមេរិកអំពាវនាវដល់អាជ្ញាធរកម្ពុជា ការពារសេរីភាពទាំងនេះស្របតាមរដ្ឋធម្មនុញ្ញ ហើយប្រកាន់ជំហរប្រកបដោយអត្ថន័យក្នុងការបើកឡើងវិញនូវលំហនយោបាយ និងលំហសម្រាប់ពលរដ្ឋ ក្នុងអំឡុងពេលឈានទៅរកការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតជាតិ ឆ្នាំ២០២៣ ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។