តំណាងអង្គការសង្គមស៊ីវិល ថាក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍ (NAGAWorld) កំពុងរំលោភច្បាប់ការងារ ក្រោយបញ្ឈប់មេដឹកនាំសហជីពទាំងអស់ ដោយយកលេសថា ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ក្រុមហ៊ុនបាត់ស្ថិរភាពអាជីវកម្ម និងមិនអាចទុកតំណាងសហជីពបាន។ អង្គការទាំងនេះ ស្នើឲ្យភាគីពាក់ព័ន្ធ រួមទាំងរដ្ឋាភិបាលផង យកចិត្តទុកដាក់ដោះស្រាយបញ្ហានេះ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
អង្គការសង្គមស៊ីវិល ៧៣ស្ថាប័ន ស្នើឲ្យក្រុមហ៊ុនណាហ្កាវើលដ៍ចរចាជាមួយតំណាងសហជីព ដើម្បីដោះស្រាយរឿងបញ្ឈប់បុគ្គលិក និងសហជីព ១.៣២៩នាក់។
អង្គការ និងសមាគមសង្គមស៊ីវិល ដែលរួមមានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងអង្គការសង់ត្រាល់ (CENTRAL) ផង ថ្លែងក្នុងសេចក្តីថ្លែងការណ៍រួម នៅថ្ងៃទី១០ ខែមិថុនាដោយចាត់ទុកការបញ្ឈប់បុគ្គលិក និងសហជីពជាទ្រង់ទ្រាយធំបែបនេះ គឺជាការប៉ុនប៉ងរម្លាយរចនាសម្ព័ន្ធថ្នាក់ដឹកនាំសហជីព និងកាត់បន្ថយបុគ្គលិកជាលក្ខណៈប្រព័ន្ធ ដែលមិនមានហេតុផលសមស្រប និងមិនអាចទទួលយកបាន ក្នុងពេលមានវិបត្តិដោយសារជំងឺកូវីដ-១៩ នេះ។
អង្គការទាំងនេះថា ក្រុមហ៊ុនណាហ្កាវើលដ៍ នៅតែមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីរក្សាទុកកម្មករនិយោជិតទាំងអស់ឲ្យបន្តការងារដដែល ព្រោះក្រុមហ៊ុនមិនប៉ះពាល់ធ្ងន់ធ្ងរដោយសារវិបត្តិនៃជំងឺនេះទេ។ អង្គការទាំងនេះបន្តថា ក្រុមហ៊ុននេះ រកប្រាក់ចំណេញបានរហូត ទោះក្នុងពេលដែលមានវិបត្តិនេះក្ដី ពោលគឺរយៈពេល ៥ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនណាហ្កាវើលដ៍ ទទួលបានប្រាក់ចំណេញសុទ្ធជាង ១ពាន់លានដុល្លារ ហើយសូម្បីតែក្នុងឆ្នាំ២០២០ កន្លងទៅ ក៏ក្រុមហ៊ុនចំណេញ ១០២លានដុល្លារដែរ។
ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍ (NAGA World) កញ្ញា ឈឹម ស៊ីថរ យល់ស្របថា ក្រុមហ៊ុននេះ មិនស្ថិតក្នុងស្ថានភាពលំបាក រហូតត្រូវបញ្ឈប់បុគ្គលិកនោះទេ ប៉ុន្តែក្រុមហ៊ុនយកលេសវិបត្តិជំងឺកូវីដ-១៩ ដើម្បីរម្លាយសហជីពចោលទាំងស្រុង តែប៉ុណ្ណោះ៖ «យើងមើលឃើញថាស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នៅមានសុខភាពល្អ។ មែនទែនទៅ ពីការចាប់ផ្ដើមដំបូងមកហ្នឹង គឺក្រុមហ៊ុនអត់មានហេតុផលគ្រប់គ្រាន់ក្នុងការមានគម្រោងក្នុងការកាត់បុគ្គលិកនោះទេ។ ប៉ុន្តែរហូតដល់ដំណាក់កាលចេញឈ្មោះហ្នឹងមក មានសកម្មជន និងថ្នាក់ដឹកនាំសហជីពទាំងអស់ ដូច្នេះគម្រោងនៃការកាត់បុគ្គលិកហ្នឹង មិនមែនដើម្បីស្ថិរភាពការងារ មិនមែនដើម្បីរៀបចំរចនាសម្ព័ន្ធឡើងវិញ ដូចអ្វីដែលក្រុមហ៊ុនលើកឡើងនោះទេ។ ប៉ុន្តែវាជាចេតនាក្នុងការរម្លាយសហជីព។ តាំងពីបង្កើតក្នុងឆ្នាំ២០០០ សហជីពតែងតែចេញមុខការពារអត្ថប្រយោជន៍ និងសិទ្ធិកម្មករនៅកន្លែងធ្វើការ។ កន្លែងហ្នឹងហើយដែលធ្វើឲ្យក្រុមហ៊ុន តែងតែមានចេតនានៅក្នុងការលុបបំបាត់សំឡេងសហជីព»។
មន្ត្រីឃ្លាំមើលសិទ្ធិការងារសង្កេតឃើញថា នេះមិនមែនជាលើកទីមួយទេ ដែលក្រុមហ៊ុនណាហ្គាវើលដ៍ ធ្វើទុក្ខបុកម្នេញសហជីព។ អ្នកគ្រប់គ្រងកម្មវិធីសិទ្ធិការងារ នៃអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ ថា អង្គការអន្តរជាតិ និងសហភាពអឺរ៉ុបផង សុទ្ធតែធ្លាប់លើកឡើងអំពីការបំពានសិទ្ធិសេរីភាពបុគ្គលិក និងសហជីព ពីសំណាក់ក្រុមហ៊ុននេះ។ លោកថា នេះជាគំរូអាក្រក់ និងប៉ះពាល់ដល់មុខមាត់កម្ពុជា នៅលើឆាកអន្តរជាតិ៖ «ក្នុងពេលខាងមុខនេះ ករណីណាហ្កានេះ ក៏នឹងជារបៀបវារៈ និងជាករណីមួយយើងគ្រោងដាក់ប្ដឹងទៅ ខាងអង្គការពលកម្មអន្តរជាតិផ្នែកការងារ ដើម្បីត្រួតពិនិត្យឡើងវិញ ការអនុវត្តសិទ្ធិសេរីភាពផ្នែកសមាគមនៅប្រទេសកម្ពុជា។ ដោយឡែកកន្លងមកនេះករណីណាហ្កានេះ មាននៅក្នុងរបាយការណ៍របស់គណៈកម្មការអឺរ៉ុប មុននឹងដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយ។ បើសិនករណីនេះ នៅតែបន្តកើតមានឡើង ខ្ញុំគិតថា ករណីនេះវានៅតែជាដែលចាត់ទុកក្នុងរបាយការណ៍របស់សហភាពអឺរ៉ុបដដែល»។
វិទ្យុអាស៊ីសេរី បានព្យាយាមសុំការបំភ្លឺជុំវិញរឿងនេះ ពីផ្នែកព័ត៌មានរបស់ក្រុមហ៊ុន ណាហ្កាវើលដ៍ ប៉ុន្តែអ្នកទទួលទូរស័ព្ទថា លោកស្រីមិនដឹងអំពីរឿងនេះទេ។ វិទ្យុអាស៊ីសេរីនៅមិនទាន់អាចសុំការបំភ្លឺពីតំណាងក្រសួងការងារ និងក្រុមប្រឹក្សាអាជ្ញាកណ្ដាល ជុំវិញរឿងនេះ នៅឡើយដែរ។
តាមនីតិវិធីដោះស្រាយវិវាទការងារ ដំបូងតំណាងសហជីព និងនិយោជក ត្រូវចរចាផ្ទៃក្នុងទ្វេភាគី។ ប្រសិនបើភាគីទាំងពីរ មិនអាចសះជាគ្នា ភាគីអាចដាក់ពាក្យប្ដឹងទៅក្រសួងការងារ។ ក្រសួងមានសិទ្ធិត្រឹមតែផ្សះផ្សាទៀត។ បើមិនសះជាទៀត សម្រាប់វិវាទរួម រដ្ឋមន្ត្រីត្រូវធ្វើរបាយការណ៍បញ្ជូនរឿងនេះទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល។ បើក្នុងករណីវិវាទបុគ្គល ដែលមិនសះជាគ្នា ភាគីអាចប្ដឹងទៅតុលាការ។
តំណាងសហជីព សហព័ន្ធសហជីព សមាគម និងអង្គការសង្គមស៊ីវិល ដែលធ្វើការលើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិការងារថា ខ្លួននឹងបន្តតាមដានលើករណីនេះ ដោយយកចិត្តទុកដាក់ និងស្នើឲ្យរដ្ឋាភិបាលពិនិត្យ និងតាមដានរឿងនេះ ដោយយកចិត្តទុកដាក់ដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។