លោក ស្រ៊ុន ស្រ៊ន បន្តទាមទារឱ្យអាជ្ញាធរថៃស្វែងរកការពិតចំពោះករណីហិង្សាលើពួកគេ
2024.01.18
សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបន្តទាមទារឱ្យអាជ្ញាធរថៃស្វែងរកការពិតចំពោះករណីហិង្សាលើពួកគេ ខណៈដែលជនប្រព្រឹត្តនៅតែអះអាងទៅកាន់មន្ត្រីនគរបាលថៃថា ពួកគេបានវាយច្រឡំ។ មន្ត្រីសង្គមស៊ីវិលថា អាជ្ញាធរកម្ពុជាគួរសហការជាមួយអាជ្ញាធរថៃធ្វើការស៊ើបអង្កេតករណីនេះ ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ។
សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន ថា លោកនៅមិនទាន់ទទួលយកបានចំពោះចម្លើយសារភាពរបស់ជនដៃដល់ដែលវាយលោកឱ្យរបួសក្បាល។ លោក ស្រ៊ុន ស្រ៊ន រំពឹងថា អាជ្ញាធរថៃនឹងស៊ើបអង្កេតពីចេតនាពិតប្រាកដរបស់ជនល្មើសដើម្បីផ្ដល់យុត្តិធម៌ដល់រូបលោក។
សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន លើកឡើងថា លោកគ្រោងទៅប្រទេសថៃនៅចុងខែមករានេះ ក្រោយពីនគរបាលប្រទេសថៃបានទាក់ទងមកលោកដើម្បីផ្ដល់បច្ចុប្បន្នភាពជុំវិញការរកឃើញ និងចម្លើយសារភាពរបស់ជនដៃដល់។ បើតាមការលើកឡើងបឋមរបស់មន្ត្រីនគរបាលថៃ លោក ស្រ៊ុន ស្រ៊ន ថា លោកមិនទាន់ទទួលយកបានចំពោះចម្លើយសារភាពរបស់ជនដៃដល់ពីរនាក់ ក្នុងចំណោមបីនាក់ដែលនៅតែអះអាងថា ការប្រើអំពើហិង្សាទៅលើលោក និងសហការីរបស់លោកគឺជារឿងយល់ច្រឡំ។
លោក ស្រ៊ុន ស្រ៊ន៖ «ប្រាប់ទៅអាជ្ញាធរថៃថា គាត់ឈ្លោះគ្នាជាមួយខ្មែរដទៃទៀតដែលបានទៅប្រើប្រាស់បន្ទប់ទឹកនៅវត្ត អ៊ីចឹងខ្ញុំបានដាក់សំណួរទៅអាជ្ញាធរថៃវិញថា ហេតុអ្វីបានជាគាត់ឈ្លោះគ្នាជាមួយអ្នកដទៃ មានរឿងអីត្រូវមកវាយខ្ញុំ ហើយអាជ្ញាធរក៏អត់ឆ្លើយរឿងហ្នឹងជាមួយខ្ញុំដែរណា ព្រោះធម្មតា បើគេឈ្លោះគ្នាជាមួយនរណាត្រូវរកអ្នកហ្នឹង មិនអាចឈ្លោះគ្នាជាមួយអ្នកនោះមករករឿងខ្ញុំទេ។ ហើយទីពីរគាត់ថា នៅពេលដែលឈ្លោះគ្នាហ្នឹងគឺឈ្លោះគ្នាជាមួយអ្នកមានពុកមាត់ ចុះសោភាអត់មានពុកមាត់ ហេតុអ្វីវាយគាត់ដែរគេអត់ឆ្លើយខ្ញុំទាំងអស់។ ហើយទីបីខ្ញុំសួរទាក់ទងហ្នឹងអ្នកកាន់កាំភ្លើងមិចក៏អត់ទាន់ចាប់បាន»។
លោក ស្រ៊ុន ស្រ៊ន បន្តថា ប្រសិនបើអាជ្ញាធរថៃមិនអាចផ្ដល់យុត្តិធម៌ពិតប្រាកដលើករណីនេះទេ លោកនឹងដាក់ពាក្យបណ្ដឹងទៅអង្គការសហប្រជាជាតិ និងអង្គការសិទ្ធិមនុស្សផ្សេងទៀត។ លោក ស្រ៊ុន ស្រ៊ន អះអាងថា សកម្មភាពរបស់ជនដៃដល់ទាំងនោះគឺមានគម្រោង និងធ្វើការតាមដានលើពួកលោកមុនប្រើអំពើហិង្សា។
លោក ស្រ៊ុន ស្រ៊ន៖ «ពួកគាត់តាមខ្ញុំតាមយូរហើយ តាំងពីថ្ងៃត្រង់ថ្ងៃទី៣១ហ្នឹង ដល់ម៉ោង៥ កន្លះ នៅពេលដែលអត់មានខ្ញុំអត់មកវាយទេ គឺសោភាឈរហ្នឹងម្នាក់ឯង ពេលខ្ញុំមកគឺមកវាយតែម្ដង ហើយឡានឈរចាំពីរគ្រឿង មិនមែនមួយគ្រឿងទេ ហើយមានកាំភ្លើង ហើយមានដំបង»។
កាលពីរសៀលថ្ងៃទី៣១ ធ្នូ មានជនមិនស្គាល់មុខ ៣នាក់បានព្រួតវាយលោក ស្រ៊ុន ស្រ៊ន និងកញ្ញា ភឹង សោភា បណ្ដាលឱ្យលោក ស្រ៊ុន ស្រុន របួសហូរឈាមប៉ែកខាងក្រោយ ក្រោយពេលពួកគេបង្រៀនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣ តុលា ឆ្នាំ១៩៩១ ដល់ពលករខ្មែរនៅខេត្តសមុទ្រប្រាកាន (Samut Prakan) ជាប់ទីក្រុងបាងកក (Bangkok)។ ពេលនោះពួកគេកំពុងរៀបចំផ្សព្វផ្សាយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស តាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ក៏ស្រាប់តែក្រុមជនមិនស្គាល់មុខទាំងនោះបានយកដំបងដែកវាយក្បាលផ្នែកខាងក្រោយលោក ស្រ៊ុន ស្រ៊ន បណ្ដាលឱ្យរបួសធ្ងន់។ ក្រុមជនមិនស្គាល់មុខ ថែមទាំងបានដកកាំភ្លើងខ្លីគំរាមបាញ់ លោក ស្រ៊ុន ស្រ៊ន ទៀតផង ប៉ុន្តែដោយសារមានក្រុមពលករខ្មែរដែលបានចូលរួមនៅទីនោះស្រែកឆោឡោ ទើបជនបង្កបានរត់គេចខ្លួន។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងមន្ត្រីស្ថានទូតខ្មែរប្រចាំប្រទេសថៃ និងអគ្គស្នងការនគរបាលជាតិ លោក ស ថេត ដើម្បីសាកសួរជុំវិញអំពើហិង្សានេះបានទេ នៅថ្ងៃទី១៧ ខែមករា។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបាត់ដំបង និងខេត្តប៉ៃលិនលោក យិន ម៉េងលី មានប្រសាសន៍ថា អាជ្ញាធរថៃគួរធ្វើការស៊ើបអង្កេតដើម្បីរកឱ្យឃើញចេតនាពិតរបស់ជនប្រព្រឹត្ត និងដើម្បីបង្ហាញទៅកាន់ពិភពលោកថាអាជ្ញាធរថៃធ្វើការដោយមិនលំអៀង។ លោក យិន ម៉េងលី ថា អាជ្ញាធរខ្មែរគួរតែសហការការជាមួយអាជ្ញាធរថៃដើម្បីការពារពលរដ្ឋខ្មែរដែលកំពុងរងគ្រោះនៅលើទឹកដីបរទេស។
លោក យិន ម៉េងលី៖ «ប្រជាពលរដ្ឋខ្មែរទាំងពីរភេទត្រូវតែបានយកចិត្តទុកដាក់ ឬក៏គាំពារដោយរដ្ឋាភិបាល ទោះបីប្រជាជននោះរស់នៅប្រទេសណាក៏ដោយ អ៊ីចឹងឥឡូវមានអំពើកើតឡើងមកលើប្រជាពលរដ្ឋខ្លួនហើយ អ៊ីចឹងត្រូវធ្វើយ៉ាងម៉េចជំរុញ រដ្ឋាភិបាលយើងត្រូវតែជំរុញឱ្យអាជ្ញាធរថៃរកឱ្យឃើញ រកឱ្យច្បាស់នូវអ្នកប្រព្រឹត្តិ»។
លោក ស្រ៊ុន ស្រ៊ន និងសហការី បានចុះទៅបង្រៀនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងច្បាប់នានាដល់ពលករនិងជនភៀសខ្លួនខ្មែរនៅប្រទេសថៃពីថ្ងៃទី២៨ធ្នូ ឆ្នាំ២០២៣ដល់ថ្ងៃទី២មករាឆ្នាំ២០២៤។ កាលពីថ្ងៃទី២៩ ធ្នូ សមត្ថកិច្ចថៃបានឃាត់ខ្លួនជនភៀសខ្លួនខ្មែរចំនួន ១០នាក់ ដែលចូលរួមសិក្សាស្វែងយល់ពីច្បាប់ជាមួយលោក ស្រ៊ុន ស្រ៊ន ប៉ុន្តែក្រោយមកអាជ្ញាធរថៃបានដោះលែង ៤នាក់វិញ។ ចំណែកជនភៀសខ្លួនខ្មែរ ៦នាក់ទៀតត្រូវបានសមត្ថកិច្ចថៃឃុំខ្លួននៅមន្ទីរឃុំឃាំងនៃប៉ូលិសអន្តោប្រវេសន៍នៅទីក្រុងបាងកកនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។