សាលាក្រុង​ភ្នំពេញ​បដិសេធ​មិន​ឲ្យ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ហែ​ក្បួន​បាតុកម្ម

ដោយ ទីន ហ្សាការីយ៉ា
2024.04.18
សាលាក្រុង​ភ្នំពេញ​បដិសេធ​មិន​ឲ្យ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ហែ​ក្បួន​បាតុកម្ម (រូបឯកសារ) លោក សឺន ជុំជួន ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍។
រូប៖ ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍

សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​លិខិត​បដិសេធ​មិន​ឲ្យ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ជួបជុំ​គ្នា ហែ​ក្បួន​ធ្វើ​បាតុកម្ម នៅ​ទីក្រុង​ភ្នំពេញ នៅ​ទី​សាធារណៈ នៅ​ថ្ងៃ​ទី២៤ មេសា ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ដែល​អាជ្ញាធរ​វៀតណាម​ចាប់​ខ្លួន​ឡើយ។

ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​ លោក សឺន ជុំជួន ឲ្យ​ដឹង កាល​ពី​យប់​ថ្ងៃ​ទី១៨ មេសា​ថា សមាគម​នឹង​ជួបជុំ​គ្នា​នៅ​ចុង​សប្ដាហ៍​នេះ ដើម្បី​ពិភាក្សា​គ្នា ចំពោះ​ការ​បដិសេធ​របស់​សាលាក្រុង​ធ្វើ​បាតុកម្ម​នេះ។

ការ​លើក​ឡើង​របស់​លោក សឺន ជុំជួន នេះ នៅ​បន្ទាប់​ពី​សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​លិខិត​បដិសេធ នៅ​ថ្ងៃ​ទី១៨ មេសា ជូន​ទៅ​សមាគម​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ មិន​អនុញ្ញាត​ឲ្យ​ជួបជុំ​គ្នា​ហែ​ក្បួន​ធ្វើ​បាតុកម្ម​នៅ​តាម​ផ្លូវ​សាធារណៈ និង នៅ​មហាវិថី​ព្រះមុនីវង្ស ឆ្ពោះ​ទៅ​ស្ថានទូត​វៀតណាម ដែល​មាន​អ្នក​ចូលរួម​ប្រមាណ ២០០នាក់​ឡើយ នៅ​ថ្ងៃ​ទី២៤ មេសា។

សាលា​រាជធានី​ភ្នំពេញ​កំណត់​ឲ្យ​ជួបជុំ​គ្នា​តែ ១០០នាក់ នៅ​ក្នុង​វត្តសាមគ្គីរង្ស៊ី ខណ្ឌមានជ័យ​តែ​ប៉ុណ្ណោះ ដោយ​ត្រូវ​មាន​ការ​ឯកភាព​ពី​ព្រះចៅ​អធិការ​វត្ត។ ក្រៅ​ពី​នេះ សាលា​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​តំណាង​ខ្មែរ​កម្ពុជា​យក​ញត្តិ​ទៅ​ដាក់ នៅ​ស្ថានទូត​វៀតណាម​ដោយ​ផ្ទាល់​ឡើយ ដោយ​អនុញ្ញាត​ឲ្យ​មនុស្ស​មិន​លើស​ពី ១០នាក់ យក​ញត្តិ​ទៅ​ដាក់​នៅ​ទីស្ដីការ​ក្រសួង​ការ​បរទេស ដើម្បី​ឲ្យ​ក្រសួង​ការ​បរទេស​បញ្ជូន ញត្តិ​នោះ​ទៅ​ស្ថានទូត​វៀតណាម ជប៉ុន អូស្រ្តាលី ស្ថានទូត​អាមេរិក និង​ការិយាល័យ ឧត្តម​ស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ជំនួស​វិញ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​សុំ​សួរ​អំពី​បញ្ហា​នេះ បាន​នៅ​ឡើយ​ទេ កាល​ពី​ថ្ងៃ​ទី១៨ មេសា។

លោក សឺន ជុំជួន បន្ថែម​ថា គោលបំណង​សំខាន់​របស់​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ជួបជុំ​គ្នា​ធ្វើ​បាតុកម្ម និង​ដាក់​ញត្តិ​ទៅ​ស្ថានទូត​ទាំង​នេះ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​វៀតណាម​ដោះលែង​ពលរដ្ឋ​វៀតណាម និង​ព្រះសង្ឃ ដែល​អាជ្ញាធរ​វៀតណាម​ចាប់​ឃុំ​ខ្លួន។

ដោយ​ឡែក​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ក្រៅ​ប្រទេស​ពួក​គេ ក៏​នឹង​ធ្វើ​បាតុកម្ម​នៅ​ទីតាំង​ផ្សេងៗ គ្នា ដើម្បី​ទាមទារ​ឲ្យ​ដោះ​លែង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ដែល​អាជ្ញាធរ​វៀតណាម ចាប់​ខ្លួន​ចំនួន ១៤នាក់​នេះ​ដែរ។

បាតុកម្ម​នេះ ចាប់​ផ្ដើម​មុន​គេ​នៅ​បូរីញូវយ៉ក (New York) នៅ​ថ្ងៃសៅរ៍ ទី១៩ មេសា។ ថ្ងៃ​អង្គារ ទី៧ ឧសភា នៅ​មុខ​អង្គការ សហប្រជាជាតិ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Swiss)។ បាតុកម្ម​នៅ​មុខ ទីក្រុង​ហ្សឺណែវ​នេះ ចំ​ពេល​ដែល​តំណាង​រដ្ឋាភិបាល​វៀតណាម មក​ចូលរួម​កិច្ចប្រជុំ នៅ​អង្គការ​សហប្រជាជាតិ ស្ដីពី​ការ​ពិនិត្យ​ឡើង​វិញ តាម​កាល​កំណត់​ឆ្នាំ​ទី៤ ដើម្បី​ឆ្លើយ​បំភ្លឺ ចំពោះ​មុខ​អង្គការ​សហប្រជាជាតិ លើ​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​នានា ដែល​វៀតណាម​បាន​ចុះ​សន្ធិសញ្ញា។

បាតុកម្ម​ចុង​ក្រោយ នឹង​ធ្វើ​ឡើង​នៅ​មុខ​ស្ថានទូត​វៀតណាម នៅ​ថ្ងៃសៅរ៍ ទី១១ ឧសភា នៅ​ទីក្រុង​អន់តារីយោ ប្រទេសកាដា (Canada)

អាជ្ញាធរ​វៀតណាម​បាន​ចាប់​ខ្លួន ពលរដ្ឋ​ខ្មែរ​កម្ពុជា​ជា​បន្ត​បន្ទាប់។ មក​ទល់​ពេល​នេះ គឺ​មនុស្ស​ចំនួន ១៤នាក់​ហើយ រួម​ទាំង​ព្រះសង្ឃ​ផង ដែល​អាជ្ញាធរ​វៀតណាម ចាប់ យក​ទៅ​ដាក់​ពន្ធនាគារ។ ពួក​គេ​ទាំង​នេះ ត្រូវ​បាន​តុលាការ​វៀតណាម​ចោទ​ប្រកាន់ «កេង​ចំណេញ​លើ​សិទ្ធិ​សេរីភាព​លទ្ធិ​ប្រជាធិបតេយ្យ និង​បំពាន​លើ​ផល​ប្រយោជន៍​របស់​រដ្ឋ និង​បទ​ល្មើស​ផ្សេង​ទៀត។ ក្នុង​ចំណោម​មនុស្ស​ទាំង ១៤នាក់ អ្នកខ្លះ តុលាការ​បាន​កាត់​ទោស​ផ្ដន្ទាទោស ពី​ជាង​ពីរ​ឆ្នាំ និង​អ្នក​ខ្លះ​ទៀត​ជិត ៤ឆ្នាំ។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​ក្រៅ​ប្រទេស បាន​ហៅ​ការ​ចាប់​ខ្លួន​នេះ​ថា ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ជនជាតិ​ដើម ដែល​រំលោភ​សិទ្ធិ​ខ្មែរ​កម្ពុជា​ក្រោម។ ពួក​គេ​ទាមទារ​ឲ្យ​អាជ្ញាធរ​វៀតណាម ដោះលែង​មនុស្ស​ទាំង ១៤នាក់​នេះ​វិញ ជាបន្ទាន់ និង​ឥត​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។