ថ្ងៃ​ដំបូង​នៃ​ធម្មយាត្រា​លើក​កម្ពស់​សីលធម៌​សង្គម​ចាប់ផ្ដើម​​ក្រោម​ការ​ឃ្លាំមើល​ពី​សមត្ថកិច្ច

ដោយ សុជីវី
2023.02.01
Share on WhatsApp
Share on WhatsApp
ថ្ងៃ​ដំបូង​នៃ​ធម្មយាត្រា​លើក​កម្ពស់​សីលធម៌​សង្គម​ចាប់ផ្ដើម​​ក្រោម​ការ​ឃ្លាំមើល​ពី​សមត្ថកិច្ច ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី (ពីស្ដាំទី២) និង​លោក រ៉ុង ឈុន ប្រធានសហភាព​សហជីព​កម្ពុជា (ពីឆ្វេងទី២) ដឹកនាំ​ធម្មយាត្រាលើក​កម្ពស់​សីលធម៌​សង្គម ​ថ្ងៃ​ដំបូង នៅថ្ងៃទី១ កុម្ភៈ ២០២៣។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ក្បួនហែ​ធម្មយាត្រា លើកកម្ពស់​សីលធម៌​សង្គម ដែល​រៀបចំ​ឡើង​ដោយ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​ចាប់ផ្ដើម​ចេញដំណើរ​នៅ​ថ្ងៃទី១ ខែកុម្ភៈ ​ពី​រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅ​ខេត្ត​ពោធិ៍សាត់ ដោយ​មានសមត្ថកិច្ច​ស្លៀកពាក់​ស៊ីវិល​ជាច្រើន​នាក់​ឃ្លាំមើល។ សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អាជ្ញាធរ​តាម​មូលដ្ឋាន គួរ​ចូលរួម​សហការ​ជាមួយ​សមាគម​គ្រូបង្រៀន ធ្វើ​ឱ្យ​ដំណើរ​ធម្មយាត្រា​ប្រព្រឹត្តទៅ​ដោយ​រលូន ស្រប​តាមច្បាប់​ស្ដីពី​ការ​បញ្ចេញមតិ​របស់​ពលរដ្ឋ។

ការ​ហែ​ធម្មយាត្រា​ក្នុង​គោលបំណង ​«លើកកម្ពស់​សីលធម៌​សង្គម» ​ដែល​ដឹកនាំ​ដោយ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​ចាប់ផ្ដើម​នៅ​ព្រឹក​ថ្ងៃទី១ កុម្ភៈ ​ដោយមាន​ការចូលរួម​ពី​ព្រះសង្ឃ យុវជន ​សកម្មជន​បរិស្ថាន និង​ក្រុម​ស្ត្រី​ថ្ងៃសុក្រ​ប្រមាណ​៦០នាក់​និង​អង្គ ​ដោយ​មានសមត្ថកិច្ច​ស្លៀកពាក់​ស៊ីវិល​ជាច្រើន​នាក់​ឃ្លាំមើល។
សមាជិក​សហគមន៍​ព្រៃ​មេត្តា​ធម្មជាតិ ព្រះតេជព្រះគុណ សយ សាត ​មាន​សង្ឃដីកា​ថា ការចូលរួម​ដង្ហែក្បួន​ធម្ម​យាត្រា​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​ទៅកាន់​ប្រជាពលរដ្ឋ​ខ្មែរ និង​អ្នកនយោបាយ​ ឱ្យ​បញ្ឈប់​ការរើសអើង ​ជេរប្រមាថ និង​គំរាមកំហែង ហើយ​ងាក​មក​រួបរួម​គ្នា​ដើម្បី​លើកស្ទួយ​ក្រមសីលធម៌​សង្គម​ឡើងវិញ។ ទន្ទឹមគ្នា​នេះ ព្រះអង្គ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​អ្នកទោស​មនសិការ និង​សកម្មជន​ដែល​ចេញមុខ​ការពារ​យុត្តិធម៌​សង្គម​ទាំងអស់​ ឱ្យ​មាន​សេរីភាព​ឡើងវិញ។

ព្រះតេជព្រះគុណ សយ សាត៖ «ជន​រួម​ឈាម​ទាំងអស់ បើ​ឃើញ​ធម្ម​យាត្រា​ហើយ សូម​ចូលរួម​ឱ្យ​បាន​កាន់តែ​ច្រើន​ឡើង។ ច្រើន​ពេលណា​ល្អ​ពេល​ហ្នឹង។ ការ​ទទួល​បាន​ដំណោះស្រាយ​មួយ លុះត្រាតែ​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា មាន​ទាំង​ព្រះសង្ឃ​ផង មាន​ការចូលរួម​ក្នុង​ការ​ដង្ហែ​រក​សន្តិភាព​នេះ បើ​បាន​ច្រើន​ពេលណា ល្អ​ពេល​ហ្នឹង​ពរ!»

នៅមុន​ពេល​ចេញដំណើរ​ហែ​ក្បួន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​ទីប្រឹក្សា​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន ​បាន​រៀបចំ​បួងសួង​នៅមុខ​រូប​សំណាក់​លោកយាយ​ពេញ​ ដើម្បី​សុំ​សេចក្ដី​សុខ​ដល់​អ្នក​ដែល​ចូលរួម​ហែ និង​បន្ទន់ចិត្ត​អ្នកនយោបាយ​ឱ្យ​ចេះ​ជជែក​គ្នា​ដោយ​សន្តិវិធី ដោយ​ប្រកាន់​ខ្ចប់​ក្រម​សីលធម៌ និង​បើក​លំហ​សិទ្ធិ​សេរីភាព តាមរយៈ​ការ​ដោះលែង​មេដឹកនាំ​សហជីព និង​សកម្មជន​គណបក្សប្រឆាំង​ឱ្យ​មាន​សេរីភាព​ឡើងវិញ។
លោក រ៉ុង ឈុន ​ថ្លែង​ថា ការ​ធ្វើ​ធម្មយាត្រា​ថ្មើរជើង​នេះ ជា​ការ​បង្ហាញ​ពី​ការ​លះបង់​របស់​អ្នកចូលរួម ដើម្បី​ស្នើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ និង​អ្នកនយោបាយ​រួមគ្នា​គោរព​និង​លើកកម្ពស់​សីលធម៌​សង្គម​ឡើងវិញ។ លោក​អំពាវនាវ​ឱ្យ​ពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ៥ ​ចូលរួម​ការ​ហែ​ធម្ម​យាត្រា​ ​និង​ស្នើ​ឱ្យ​អាជ្ញាធរ​ចូលរួម​សហការ​ជាមួយ​សមាគម​គ្រូបង្រៀន ដើម្បី​ជួយ​សម្រួល​ទៅដល់​ការ​ហែ​ក្បួន​នេះ។

លោក រ៉ុង ឈុន៖ «ការដែល​យើង​ដើរ​ថ្មើរជើង យើង​ចង់​បង្ហាញ​ពី​ការ​លះបង់។ ចង់​បង្ហាញ​ពី​ការ​លះបង់​សេចក្ដី​សុខ​របស់​យើង​ដើម្បី​ស្វែងរក​សីលធម៌​សង្គម ដើម្បី​ស្វែងរក​សេចក្ដី​សុខ របស់​ជនរួមជាតិ​ទាំងអស់​គ្នា»

ក្បួនដង្ហែ​ធម្មយាត្រា​លើកកម្ពស់​សីលធម៌​សង្គម​នេះ ត្រូវ​ឆ្លងកាត់ រាជធានី-ខេត្ត​ចំនួន៥ ​រួម​មាន រាជធានី​ភ្នំពេញ ខេត្ត​កណ្ដាល ខេត្ត​កំពង់ស្ពឺ ខេត្ត​កំពង់ឆ្នាំង និង​បញ្ចប់​នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ ​លោក​ឧកញ៉ា ឃ្លាំង មឿង ​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ ដើម្បី​រម្លឹក​ពី​វីរភាព​របស់​លោក​ដែល​បាន​ពលីជីវិត​ដើម្បី​ជាតិ។ នៅ​តាម​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ខេត្ត​កំពង់ស្ពឺ គេ​ឃើញ​អ្នក​ចូលរួម​ដង្ហែ​នោះ​ប្រដាប់ដោយ​ ទង់ជាតិ ទង់​សាសនា ជាមួយ​នឹង​បដា​ប៉ាណូ “ធម្មយាត្រា​ស្ដីពី​ការ​លើកកម្ពស់​សីលធម៌​សង្គម” ​ខ្លះ​ចូលរួម​ខ្លះ​ទៀត កាន់​រួប​ថត​អ្នកទោស​មនសិការ ខ្លះ​កាន់​រូប​មន្ត្រី​គណបក្ស​ភ្លើង​ទៀន រំលេច​ដោយ​អក្សរ​ថា​ “ដោះលែង​ឯកឧត្ដម ​ថាច់ សេដ្ឋា ​ដោយ​ឥត​លក្ខខណ្ឌ”ជាដើម។

ធម្ម​យាត្រា​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​កំពុង​ឡើង​កម្ដៅ ​និង​សីលធម៌​សង្គម​កំពុង​ធ្លាក់​ចុះ ដោយសារ​អ្នកនយោបាយ​តែងតែ​ប្រើប្រាស់​ពាក្យ​សម្ដី​ជេរប្រមាថ​គ្នា​និង​គំរាមកំហែង​ជា​សាធារណៈ។ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ យល់ឃើញ​ថា​ការ​បណ្ដោយ​ឱ្យ​មាន​ទង្វើ​និង​ពាក្យ​សម្ដី​ទាំងនេះ​កើតឡើង គឺជា​ការ​សាបព្រោះ​វប្បធម៌​អាក្រក់ ដល់​អ្នកនយោបាយ និង​យុវជន​ជំនាន់​ក្រោយ ប្រសិនបើ​គ្មាន​ការ​ទប់​ស្កាត់ ឬ​ពញ្ញាក់​ស្មារតី​បុគ្គល​ទាំងនោះ។
ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក​ នី សុខា ​មាន​ប្រសាសន៍​ថា ​អាជ្ញាធរ​តាម​មូលដ្ឋាន​ត្រូវ​ចូលរួម​សហការ​ជាមួយ​សមាគម​គ្រូបង្រៀន ធ្វើ​ឱ្យ​ដំណើរ​ធម្មយាត្រា​ប្រព្រឹត្តទៅ​ដោយ​រលូន ស្របតាម​ការអនុញ្ញាត​ពី​ក្រសួងមហាផ្ទៃ និង​ច្បាប់​ស្ដីពី​ការ​បញ្ចេញមតិ​របស់​ពលរដ្ឋ។ លោក​បន្ត​ថា អាជ្ញាធរ​ត្រូវ​ជួយ​ថែរក្សា​សុវត្ថិភាព​អ្នកចូលរួម​តាម​ដង​ផ្លូវ និង​ត្រូវ​ធានា​ថា​គ្មាន​ការរារាំង ឬ​សកម្មភាព​គំរាមកំហែង​ផ្សេងៗ ដែល​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​ក្បួនហែ​ធម្ម​យាត្រា​នេះ។

លោក​ នី សុខា៖ «ខ្ញុំ​គិត​ថា​ជា​រឿង​មួយ​ដែល​ល្អ អាជ្ញាធរ​គួរតែ​ចូលរួម​ក្នុង​ការ​លើកទឹកចិត្ត ក៏ដូចជា​ស្មារតី ឬ​ចូលរួម​ជា​ការ​ការពារ​ដើម្បី​ឱ្យ​ធម្ម​យាត្រា​នេះ​បាន​ប្រព្រឹត្តទៅ​ដោយ​ជោគជ័យ ដោយ​រលូន»

ជាមួយគ្នា​នេះ អ្នកឃ្លាំមើល​សង្គម​យល់ឃើញ​ថា ជម្លោះ​នយោបាយ​នៅ​កម្ពុជា ពិបាក​នឹង​រួបរួម​ផ្សះផ្សា​គ្នា ដោយសារ​គណបក្ស​កាន់អំណាច​នៅតែ​រក្សា​គោលជំហរ​ប្រយោជន៍​បក្ស​ជាធំ ដោយ​ប្រើប្រាស់​គ្រប់​វិធីសាស្ត្រ​ដើម្បី​ពង្រឹង និង​រក្សា​តុល្យភាព​នៃ​អំណាច ហើយ​តែងតែ​រក​យុទ្ធសាស្ត្រ​ដើម្បី​បង្ក​ឧបសគ្គ​ដល់​គណបក្សប្រឆាំង ជាពិសេស​នៅ​មុនរដូវ​កាល​បោះឆ្នោត​ម្ដងៗ។
ទោះជា​យ៉ាងណា សម្ដី​អសុរោះ ​និង​ការ​ជេរប្រមាថ​ក្នុង​ជម្លោះ​នយោបាយ​ភាគច្រើន​ចេញពី​មាត់​លោក​ ហ៊ុន សែន ​ពិសេស​នៅ​ពេល​លោក​ទទួលរង​ការរិះគន់​ម្ដងៗ លោក​តែងតែ​និយាយ​ខ្លាំងៗ​ដាក់​ក្បាល​មេក្រូ ​បញ្ចេញ​កាយវិការ​ខាំធ្មេញ​យកដៃ​ចង្អុលមុខ និង​ងាកឆ្វេង ងាក​ស្ដាំ​ក្រឡេក​មើល​មន្ត្រី​ដែល​អង្គុយ​ចាំ​ទះដៃ​សាទរ​លោក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។