គណបក្សនយោបាយចំនួន៦ សន្យាលើកកម្ពស់សិទ្ធិសេរីភាពបញ្ចេញមតិនៅកម្ពុជា បើសិនជាជាប់ឆ្នោត។ គណបក្សទាំងនោះ ភាគច្រើនសន្យាជំរុញឲ្យមានច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន និងការធ្វើវិសោធនកម្មច្បាប់មួយចំនួន ដែលគំរាមកំហែងដល់សេរីភាពនិយាយស្តី។
ការថ្លែងបែបនេះ ធ្វើឡើងនៅក្នុងវេទិកាពិភាក្សាគោលនយោបាយមួយស្ដីពីការលើកកម្ពស់សិទ្ធិសេរីភាពបញ្ចេញមតិនៅកម្ពុជា នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
គណបក្សនយោបាយចំនួន៦ ដែលចូលរួមវេទិកាពិភាក្សានយោបាយ គឺគណបក្សសង្គ្រោះជាតិ គណបក្ស សញ្ជាតិកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែរឈប់ក្រ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច និងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ដែលចូលប្រកួតប្រជែងក្នុងការបោះឆ្នោតសភាអាណត្តិទី៥ សុទ្ធតែបញ្ជាក់ជំហរចង់ឲ្យមានច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន ដើម្បីលើកស្ទួយការបញ្ចេញមតិ។
គណបក្សទាំងនោះកត់សម្គាល់ឃើញថា ពលរដ្ឋនៅតែរងការគំរាមកំហែង រំលោភសិទ្ធិ ការបង្ក្រាបដោយហិង្សាពេលតវ៉ាជាដើម។ ចំណែកអ្នកសារព័ត៌មានវិញ ក៏នៅប្រឈមនឹងគ្រោះថ្នាក់ ឬការគំរាមកំហែង និងមានករណីឃាតកម្មថែមទៀត។
បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ចាន់រិទ្ធិ មានប្រសាសន៍ថា គណបក្សប្រឆាំងធំជាងគេមួយនេះ នឹងជំរុញឲ្យមានច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន និងធ្វើវិសោធនកម្មមាត្រាមួយចំនួនក្នុងក្រមព្រហ្មទណ្ឌ ដែលនិយាយពីបទញុះញង់ និងបទបរិហារកេរ្តិ៍ជាដើម។ លោកបន្តថា ពលរដ្ឋកំពុងតែរងនូវការគាបសង្កត់គ្រប់បែបយ៉ាង ដូចជាការប្រើប្រាស់ហិង្សា ការបណ្ដេញចេញពីលំនៅឋានដោយបង្ខំ ចាប់ដាក់គុក និងការគំរាមកំហែងផ្នែកនយោបាយទៀតផង។ លោកចោទថា រដ្ឋាភិបាលព្យាយាមបំបិទព័ត៌មានគ្រប់បែបយ៉ាង មិនអនុញ្ញាតឲ្យសាធារណជនដឹងឮនោះទេ សូម្បីតែអ្នកតំណាងរាស្ត្រក៏ពិបាកស្វែងរកព័ត៌មានដែរ។
ទន្ទឹមនឹងនេះ ប្រធានគណបក្សខ្មែរឈប់ក្រ លោក ក្រវ៉ាញ ដារ៉ន ដែលជាអណិកជនខ្មែរមកពីអាមេរិក នោះ ក៏បានសន្យាថានឹងនាំមកនូវបច្ចេកវិទ្យាថ្មីៗ ដោយបំពាក់ប្រព័ន្ធអ៊ីនធឺណិត នៅគ្រប់ទីកន្លែងក្នុងប្រទេស។ ហើយពលរដ្ឋមិនចាំបាច់ចំណាយប្រាក់ថ្លៃទូរស័ព្ទប្រើប្រាស់នោះទេ។ ចំណែកឯប្រធានគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ អ្នកស្រី សុខ រ័ត្នសុវណ្ណបញ្ចៈសីលា បង្ហាញចេតនាចង់ឲ្យលុបបំបាត់ច្បាប់ស្ដីពីការហាមប្រាមធ្វើបាតុកម្ម។ ដោយអ្នកស្រីយល់ថា ការធ្វើបាតុកម្ម ឬកូដកម្មមិនគួរត្រូវបានបង្ក្រាប ឬកម្រិតឡើយ ហើយអាជ្ញាធរទៅវិញទេដែលជាអ្នកការពារសុវត្ថិភាពរបស់បាតុករ។ ចំពោះតំណាងគណបក្សពីរផ្សេងទៀត គឺគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច គណបក្ស សញ្ជាតិកម្ពុជា បានថ្លែងគាំទ្រសេរីភាពបញ្ចេញមតិដែរ ប៉ុន្តែមិនបានលើកឧទាហរណ៍ជាក់ស្តែងមកបង្ហាញនោះទេ។
ទោះយ៉ាងណាក្តី តំណាងគណបក្សហ៊្វុនស៊ិនប៉ិច ដែលជាសមាជិករដ្ឋាភិបាលចម្រុះជាមួយគណបក្សប្រជាជនកម្ពុជា នោះ លោក ហ៊ឹម សុធី មានប្រសាសន៍ថា សេរីភាពបញ្ចេញមតិសព្វថ្ងៃមានភាពប្រសើរឡើងដោយកន្លែង ហើយបើសិនជាកម្ពុជា មិនមានសេរីភាពបញ្ចេញមតិក៏មិនអាចមានវេទិកាពិភាក្សានយោបាយនេះដែរ។ លោកបន្តថា បើបក្សលោកឈ្នះឆ្នោតម្តងទៀត លោកនឹងជំរុញឲ្យមានការគោរពសិទ្ធិមនុស្ស ប៉ុន្តែលោកមិនបានប្រាប់ថា តើអាណត្តិកន្លងទៅដែលលោកឈរបំពេញការងារក្នុងជួររាជរដ្ឋាភិបាលនោះ គណបក្សហ៊្វុនស៊ិនប៉ិច បានលើកស្ទួយសិទ្ធិមនុស្សបែបណានោះទេ។
ផ្ទុយទៅវិញ ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា បែរជាឲ្យតម្លៃទៅលើការយល់ដឹងរបស់ប្រជាពលរដ្ឋទៅវិញ។ លោកចាត់ទុកថា ការចូលរួមរបស់ពលរដ្ឋជាការផ្លាស់ប្ដូរដ៏សំខាន់បំផុតក្នុងសង្គមប្រជាធិបតេយ្យ។ លោកបញ្ជាក់ថា បើសិនជាពលរដ្ឋមិនចូលរួមទេនោះ ពួកគេក៏មិនបានសេរីភាពដែរ។ ហើយគណបក្សរបស់លោកមិនសន្យាលើកស្ទួយសេរីភាពបញ្ចេញមតិទេ តែសុំឲ្យពលរដ្ឋចូលរួមស្វែងយល់ និងទាមទារសេរីភាពដោយខ្លួនឯង។
នៅក្នុងវេទិកានេះ គណបក្សប្រជាជនកម្ពុជា មិនបានចូលរួមនោះទេ ដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ប្រាប់ថា គណបក្សកាន់អំណាចរវល់។ ប៉ុន្តែ មន្ត្រីបក្សកាន់អំណាចតាំងពីតូចដល់ធំ សុទ្ធតែធ្លាប់បានអះអាងថា សេរីភាពបញ្ចេញមតិនៅកម្ពុជា សម្បូរបែបហើយ។ លោក ហ៊ុន សែន កាលពីខែកញ្ញា ឆ្នាំ២០១២ ក៏ធ្លាប់ថ្លែងជាសាធារណៈថា កម្ពុជា មានសេរីភាពបញ្ចេញមតិពេញលេញ មិនមានការគាបសង្កត់ទេ សូម្បីតែយុវជនគណបក្សប្រឆាំងហ៊ានដាក់ពាក្យប្ដឹងនាយករដ្ឋមន្ត្រីដែរ។
ទោះជាបែបណាក្តី លទ្ធផលសង្ខេបស្ដីពីកិច្ចពិភាក្សាតុមូលរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលរៀបចំឡើងចំនួន ៤លើក តាំងពីខែមករា ឆ្នាំ២០១៣ មក បង្ហាញថា សេរីភាពបញ្ចេញមតិនៅកម្ពុជា កំពុងតែត្រូវរងការគំរាមកំហែង។ កិច្ចពិភាក្សារកឃើញថា បុគ្គលដែលហ៊ានរិះគន់ពីបញ្ហាអសកម្មរបស់អាជ្ញាធរ ឬរិះគន់អ្នកដែលមានទំនាក់ទំនងល្អជាមួយរដ្ឋាភិបាល ទទួលការយាយី ដូចជាការចាប់ខ្លួន ការធ្វើឃាតជាដើម។ ការមិនទុកចិត្តលើប្រព័ន្ធយុត្តិធម៌ អំពើពុករលួយក្នុងប្រព័ន្ធតុលាការ ក៏ធ្វើឲ្យមនុស្សមិនហ៊ាននិយាយដែរ។ មិនតែប៉ុណ្ណោះ សកម្មជនការពារសិទ្ធិមនុស្ស មេធាវី សកម្មជនការពារដីធ្លី សុទ្ធតែត្រូវរងនូវការបំភ័យទាំងផ្លូវច្បាប់ និងការបំភ័យពីជនមិនស្គាល់មុខ។
កាលពីថ្ងៃទី១២ ខែមិថុនា ក្រុមពលរដ្ឋដែលធ្លាប់មានបញ្ហាដីធ្លីជិត ១ពាន់នាក់ បានជួបជុំគ្នាធ្វើបាតុកម្មទាមទារឲ្យតុលាការកាត់ក្តីដោយយុត្តិធម៌។ ហើយសង្គមស៊ីវិល បញ្ជាក់ថា មនុស្សចំនួនជាង ៥០០នាក់ ដែលសុទ្ធជាអ្នកការពារសិទ្ធិមនុស្ស ការពារដីធ្លី និងអ្នកហ៊ានរិះគន់រដ្ឋាភិបាល ត្រូវបានអ្នកមានលុយមានអំណាច ប្រើប្រាស់ប្រព័ន្ធតុលាការចោទប្រកាន់ និងចាប់ដាក់គុកដោយភាពអយុត្តិធម៌។ ប៉ុន្តែ មិនមានមន្ត្រី ក្រសួងយុត្តិធម៌ណាម្នាក់ចេញមុខមកឆ្លើយតបនឹងបញ្ហានេះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។