តំណាងក្រុមកូដករណាហ្គាវើលដ៏ ចាត់ទុកថា ការចោទប្រកាន់របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង ថាថវិកាសម្បុរសធម៌ដែលជួយឧបត្ថម្ភក្រុមកូដករ គឺជាសកម្មភាពខុសច្បាប់ គឺជាការបង្កើតភាពអយុត្តិធម៌ នៅលើភាពអយុត្តិធម៌។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញបិទបញ្ចប់សវនាការលើកទី៨ របស់ក្រុមកូដករណាហ្គាវើលដ៍ចំនួន ៩នាក់ នៅថ្ងៃទី១១ ខែមេសា ដោយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសួរតំណាងសហជីពលម្អិតអំពីប្រភពថវិកា ដែលក្រុមកូដករទទួលបាន។
អគ្គលេខាធិការសហជីពកាស៊ីណូ ណាហ្គាវើលដ៏ (Naga World) លោកស្រី ឃ្លាំង សុបិន្ត ចាត់ទុកថា ការចោទប្រកាន់ថាថវិកាដែលសហជីពទទួលបានពីសប្បុរសជន អំឡុងឆ្នាំ២០២១ គឺជាថវិកាខុសច្បាប់ ពីសំណាក់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង គឺជាការចោទប្រកាន់បំភ្លៃខុសពីការពិត និងគ្មានមូលដ្ឋានច្បាស់លាស់។ លោកស្រីបន្ថែមថា ថវិកាសប្បុរសធម៌ទាំងនោះ ត្រូវបានបែងចែកឱ្យក្រុមកូដករដែលមានជីវភាពខ្វះខាតក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ តែប៉ុណ្ណោះ ហើយសហជីពមិនបានប្រើដើម្បីអូសទាញឱ្យក្រុមកូដករ ចូលរួមធ្វើកូដកម្មនោះឡើយ ព្រោះក្រុមកូដករបានស្ម័គ្រចិត្តផ្ដិតមេដៃចូលរួមធ្វើកូដកម្មដោយខ្លួនឯងតែប៉ុណ្ណោះ។ លោកស្រី ឃ្លាំង សុបិន្ត បន្តថា ការចាត់វិធានការច្បាប់មកលើពួកគេនេះ គឺជាការបង្កើតភាពអយុត្តិធម៌មួយបន្ថែមទៀតមកលើក្រុមកូដករ ខណៈថៅកែកាស៊ីណូណាហ្គាវើលដ៏ បានរំលោភច្បាប់ស្ដីពីការងារទៅលើក្រុមសហជីព បែរជាតុលាការមិនផ្ដន្ទាទោស។
លោកស្រី ឃ្លាំង សុបិន្ត៖ « ការតស៊ូរាល់ថ្ងៃគឺដើម្បីចូលធ្វើការវិញទេ ខ្ញុំចង់សំណូមពរទៅប្រមុខរដ្ឋាភិបាល សូមលោកមេត្តាបើកចិត្ត បើកបេះដូង មើលមកឃើញទុក្ខវេទនារបស់ក្រុមកូដករ ដែលជាបុគ្គលិករបស់ណាហ្គាហ្នឹងផង ក្រុមហ៊ុនហ្នឹងធំណាស់ ចង់និយាយថា ទទួលបុគ្គលិកប៉ុណ្ណឹង មិនធ្វើឱ្យក្រុមហ៊ុនហ្នឹងរលាយនោះទេ » ។
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបន្តការងាររបស់ខ្លួនទាំងថ្ងៃជិតចូលឆ្នាំថ្មីប្រពៃណីជាតិ ដោយការសាកសួរតំណាងកូដករ និងសហជីពក្រុមហ៊ុនបនល្បែង ណាហ្គា វើលដ៍ (Naga World) ទាំង ៩នាក់ ប្រឆាំងនឹងក្រុមហ៊ុនដ៏មានឥទ្ធិពលដែលកំពុងរងការរិះគន់ថា រំលោភច្បាប់ការងារកម្ពុជា។
អង្គសវនាការនៅថ្ងៃទី១១ មេសា បន្តជជែកពីភស្តុតាងដែលសមត្ថកិច្ចបានពីស្ថាប័នជំនាញៗ ផ្សេងៗគ្នា មកដេញដោលទៅលើប្រភពថវិកាជាង ៦ម៉ឺនដុល្លារ បានពីអង្គការក្រៅប្រទេសចំនួន៤ និងអង្គការក្នុងស្រុកមួយ។

សវនាការលើកទី៨ ដែលបានបិទបញ្ចប់នៅវេលាម៉ោង ១១ និង ៣០នាទីព្រឹកនោះ ក៏មានវត្តមានតំណាងសហជីព មន្ត្រីអង្គការលីកាដូ និងមន្ត្រីអង្គការសហប្រជាជាតិ ចូលរួមតាមដានសវនាការនេះដែរ។ ដោយឡែក នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចប្រមាណ២០នាក់ ក៏ត្រូវបានដាក់ពង្រាយ ការពារសន្តិសុខ។ តុលាការនឹងបើកសវនាការបន្តទៀត នៅថ្ងៃទី១៨ ខែមេសាខាងមុខ៕
អត្ថបទរឿងនេះត្រូវបានធ្វើបច្ចុប្បន្នភាព
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។